ដោយ ខែ សុណង
2016-07-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
ក្នុងពេលស្ថានភាពនយោបាយរវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតែតានតឹង ការប្រើប្រាស់វោហារសាស្ត្រកាន់តែប្លែកៗក៏កើតមានដែរ។ នៅរយៈពេលចុងក្រោយនេះ ដោយលោកនាយករដ្ឋមន្ត្រីបានហៅពាក្យមួយដែលសាធារណជនយល់ថា ជាពាក្យជេរទៅដៃគូប្រកួតនយោបាយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបកស្រាយវិញថា ពាក្យនេះជាពាក្យធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមពន្យល់សាធារណជនអំពីការប្រើប្រាស់ពាក្យជេរប្រមាថមួយឃ្លា ថាគ្រាន់តែលោកច្រឡោតចំពោះអ្នកចាក់ក្រឡេក និងញុះឲ្យលោកខឹងតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ កក្កដា ដោយដំណាលរឿងមកនិយាយជាឧទាហរណ៍ ហើយលោកបកស្រាយដោយឲ្យអ្នកចូលរួមក្នុងវេទិកាពន្យល់រកអ្នកត្រូវខុសរវាងអ្នកចាក់ក្រឡេក អ្នកញុះលោក និងអ្នកភ្ញាក់ជេរ។








