ដោយ ហង្ស សាវយុត
2014-05-31
រយៈពេល ៣ថ្ងៃកន្លងមកហើយ ទាហានថៃ បានដាក់រាយលួសបន្លាប្រហែលជាង ១០០ម៉ែត្រ នៅតំបន់ស្រះត្រាវ ភាគខាងលិចឆៀងខាងត្បូង មិនឆ្ងាយប៉ុន្មានពីប្រាសាទព្រះវិហារ។ យោធាខ្មែរ ចាត់ទុកសកម្មភាពរបស់ទាហានថៃ នេះថា ជាការដែលអាចបង្កឱ្យមានបញ្ហាព្រំដែនជាថ្មី បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងកងទ័ពបានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ។
មេបញ្ជាការយោធាខ្មែរដែលគ្រប់គ្រងកងកម្លាំងការពារព្រំដែន ជុំវិញតំបន់ប្រាសាទព្រះវិហារ បានស្នើឱ្យទាហានថៃ នៅខ្សែត្រៀមជួរមុខ ធ្វើការរុះរើលួសបន្លាប្រវែង ១៥០ម៉ែត្រ ដែលទើបតែដាក់រាយកាលពីពេលថ្មីៗនោះចេញវិញ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទ នៃកងពលធំអន្តរាគមន៍លេខ៣ គឺលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ថា កងទ័ពថៃ ដែលដាក់រាយលួសបន្លានៅតាមតំបន់ជម្លោះព្រំដែន ជិតប្រាសាទព្រះវិហារនោះ គឺមិនត្រឹមត្រូវទេ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បញ្ជាក់ទៀតថា លោកកំពុងព្យាយាមប្រាប់ទៅទាហានថៃ ឱ្យរុះរើលួសបន្លានោះចេញ ពីព្រោះយោងតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ គឺបានហាមឃាត់ភាគីជម្លោះកម្ពុជាថៃ មិនឱ្យធ្វើអ្វីនៅតំបន់ទាំងនោះទេ ត្រូវរង់ចាំការដោះស្រាយរឿងព្រំដែនឱ្យច្បាស់លាស់ជាមុនសិន។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក៖ «យើងសម្រួលជាមួយគាត់ ឱ្យគាត់ដកចេញទៅ កុំឱ្យដាក់អ៊ីចឹង វានាំតែមានបញ្ហា។ យើងបានជូនដំណឹងឱ្យគាត់ហើយ ធ្វើលិខិតផ្ញើទៅ ហើយក៏បានជួប ក៏បានជួបគ្នា និងបានជជែកគ្នាហើយ ណាមួយទៀត មេៗរបស់គាត់រវល់ទៅទីក្រុងបាងកក ឯណោះ។ អ៊ីចឹងមិនទាន់មានចម្លើយអីដែលថា តើយើងត្រូវដោះស្រាយយ៉ាងម៉េច?»។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ មួយក្រុមនៅខ្សែត្រៀមជួរមុខ បានយកលួសបន្លាមកដាក់រាយនៅតំបន់ស្រះបុរាណឈ្មោះស្រះត្រាវ នៅភាគខាងលិចឆៀងខាងត្បូង មិនឆ្ងាយពីប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។
ទោះយ៉ាងណា នៅថ្ងៃសៅរ៍ នេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីមន្ត្រីក្រសួងការបរទេសខ្មែរ ជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកថា សកម្មភាពរបស់ទាហានថៃ នេះមិនបាច់និយាយអំពីច្បាប់ផ្សេងៗទេ គ្រាន់តែនិយាយអំពីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិតែមួយ គឺភាគីថៃ ខុសទាំងស្រុង៖ «យើងនិយាយអំពីដីកាបង្គាប់ អំពីការសម្រេចចិត្តរបស់តុលាការអន្តរជាតិ ដែលបានដាក់ជាធរមាន កាលពីឆ្នាំកន្លងមកនោះ គឺហាមមិនឱ្យមានចលនាសកម្មភាពយោធាណាមួយនៅក្នុងតំបន់នោះទេ។ នេះ ជាការរំលោភលើដីកាបង្គាប់ហើយ»។