ដោយ ជិន ជេដ្ឋា
2014-05-30
គ្រួសារនាយទាហានឈរជើងនៅព្រំដែនខ្មែរថៃ ត្រង់ច្រកច១ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា ទាហានថៃ បានចូលមកបាញ់ថ្នាំក្រហម និងហាមឃាត់មិនឲ្យពលរដ្ឋខ្មែរដាំដំណាំនៅចំណុចច១ ដែលខ្លួនធ្លាប់ធ្វើជាច្រើនឆ្នាំមកហើយនោះ។
ពួកគាត់យល់ថា ចេតនាបំពារបំពានរបស់ភាគីថៃ នេះ គឺអាចបណ្ដាលមកពីមេបញ្ជាការកងទ័ពការពារព្រំដែនលេខ១៤៥ ឈ្មោះ សួន សារ៉ុម ប្រកាសដល់ក្រុមគ្រួសារនាយទាហានខ្មែរទាំងអស់ ឲ្យបញ្ឈប់សកម្មភាពដាំដុះនៅលើទីតាំងនោះទៀត ដោយបញ្ជាក់ថា គឺជាទឹកដីរបស់ថៃ។
ពលរដ្ឋរស់នៅភូមិឯកភាព នៃឃុំថ្មដា ឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ថា អ្នកភូមិរស់នៅចំណុចច១ ប្រមាណជា ៣០គ្រួសារ កំពុងតែរស់នៅក្រោមការគាបសង្កត់ និងហាមឃាត់មិនឲ្យបង្កបង្កើនផលជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់លោកឧកញ៉ា ទ្រី ភាព និងទាហានថៃ។
ភរិយានាយទាហានប្រចាំការព្រំដែនច្រកច១ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា កាលពីសប្ដាហ៍មុន ក្រុមទាហានថៃ បានលួចយកថ្នាំគីមីមកចាក់លើដើមកៅស៊ូពលរដ្ឋជាច្រើនដើម បណ្ដាលឲ្យងាប់ និងនៅថ្ងៃទី២៨ ខែឧសភា ក្រុមនេះបានចូលមកថតសកម្មភាពអ្នកស្រីកំពុងឆ្ការព្រៃរបោះទៀត។
អ្នកស្រីបន្តថា លោក សួន សារ៉ុម បានព្រមានប្រជាពលរដ្ឋថា ប្រសិនបើហ៊ានតវ៉ា ឬនៅតែចចេសដាំដុះទៀតនោះ គឺត្រូវបង្ខំឲ្យធ្វើកិច្ចសន្យា និងផ្ដិតមេដៃបញ្ឈប់សកម្មភាពដាំដុះនៅលើដីដែលលោកចាត់ទុកថាជាដីរបស់ថៃ នោះ ប៉ុន្តែដីនេះត្រូវបានមេទាហានមុនចែកជូនក្រុមគ្រួសារនាយទាហានរួចអស់ហើយ៖ «ប៉ែន ប៉ាន់ គាត់ធ្វើមេដីអស់ហ្នឹង គាត់មើលគាត់គ្រប់គ្រង គាត់ចែកកងទ័ពក៏មិនដែលនរណាមកហាមឃាត់ ហើយសូម្បីតែថៃ ក៏គេមិនដែលដើរបាញ់ថ្នាំបាញ់អីអ៊ីចឹងដែរ។ ខ្ញុំធ្វើធ្លាយដល់អូរឯណោះ។ ដាំស្រូវដាំអីមិនដែលឃើញមានថៃ ណាមកទេ ឥឡូវវាឡើងមកដល់ក្រោយផ្ទះខ្ញុំហើយ ប្រហែល ៣០ម៉ែត្រចុះពីផ្ទះខ្ញុំទៅហ្នឹង។ នៅខាងចំណុចដីខ្មែរគេបានមករុករានទន្ទ្រាន គេមកព្រមានយើងព្រមានប្រជាជនមិនឲ្យយើងទៅកាប់ទៅឆ្ការ មិនឲ្យដាំបន្តទៅទៀត»។
វិទ្យុអាស៊ីសេរី បានទាក់ទងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ លោក សួន សារ៉ុម នៅយប់ថ្ងៃទី២៩ ខែឧសភា។ លោកពន្យល់ចំពោះការចោទប្រកាន់នេះថា សម្រាប់លោកផ្ទាល់មិនដែលទៅហាមឃាត់ប្រជាពលរដ្ឋមិនឲ្យដាំកៅស៊ូ ឬព្រមានឲ្យធ្វើកិច្ចសន្យាអ្វីទាក់ទងនឹងបញ្ហានេះទេ។ ប៉ុន្តែលោកទទួលស្គាល់ថា ពិតជាមានកងទាហានថៃ ចូលមកហាមឃាត់ពិតមែន ពីព្រោះដំណាំកៅស៊ូរបស់ពលរដ្ឋ ដាំចូលក្នុងតំបន់មិនច្បាស់លាស់ ដែលគេទុកជាតំបន់ស មានចម្ងាយពីព្រំដែន ៥០០ម៉ែត្រ។
ចំណែកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ថ្លែងបញ្ជាក់យ៉ាងខ្លីថា លោកទើបតែត្រឡប់មកពីប្រជុំនៅប្រទេសវៀតណាម។ ដូច្នេះ ការងារនេះលោកមិនបានដឹងនោះទេ ប៉ុន្តែលោកថាការបាញ់ថ្នាំ ឬហាមឃាត់ប្រជាពលរដ្ឋមិនឲ្យបង្កបង្កើនផលអ្វីនោះ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី និងប៉ុស្តិ៍ប៉ូលិស ឈរជើងនៅតំបន់ទាំងនោះ៖ «ខ្ញុំទើបមកពីប្រជុំនៅវៀតណាម ទេ ខ្ញុំបាទទើបចុះពីកប៉ាល់ហោះ (យន្តហោះ) មិនទាន់ដឹងផង។ ការដែលហាមឃាត់ ឬអី មានតែអាជ្ញាធរ មិនមែនមកនៅខាងគណៈកម្មការព្រំដែនត្រូវដោះស្រាយទេ»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ លោក ចេង ឡៃ មានប្រសាសន៍ទីតាំងដែលពលរដ្ឋរស់នៅ និងបង្កបង្កើនផលនោះ គឺជាតំបន់សរវាងប្រទេសកម្ពុជា និងថៃ។ លោកបន្តថា អ្នករស់នៅលើដីតំបន់នោះ គឺគ្មានគ្រួសារណាមួយមានប្លង់កម្មសិទ្ធិស្របច្បាប់នោះទេ៖ «អ៊ីចេះនែកកន្លែងច១ហ្នឹង វាមានតំបន់ ៥០០ម៉ែត្រពីព្រំដែននោះណា តំបន់ស នៅក្នុងអន្តរក្រសួង ឯកឧត្ដម វ៉ា គឹមហុង និយាយរួម គឺមិនអនុញ្ញាតចេញប្លង់កម្មសិទ្ធិជូនអ្នកណាទាំងអស់»។
លោកបញ្ជាក់ថា បញ្ហានេះ គឺទាក់ទងនឹងមន្ត្រីព្រំដែន និងទាហានប្រចាំការនៅតំបន់នោះ ប៉ុន្តែជាទូទៅ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នោះអាចបង្កបង្កើនផលតាមធម្មតា ប៉ុន្តែមិនអាចកាប់រានដីថ្មីបាននោះទេ។ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅភូមិឯកភាព ភូមិសង្គមថ្មី និងភូមិកណ្ដាល នៃឃុំថ្មដា មួយចំនួន កំពុងតែមានបញ្ហាដីធ្លីយ៉ាងចម្រូងចម្រាសជាមួយដីរបស់ក្រុមហ៊ុន អិម.ឌី.អែស ដីស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងដីតំបន់ស នៃព្រំដែនខ្មែរថៃ៕
No comments:
Post a Comment