អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា លោកទ្រាំលែងបាននឹង លោក ហ៊ុន សែន ទៀតហើយ។ នៅក្នុងបទនិពន្ធរបស់លោកមួយ ដែលចុះផ្សាយលើទំព័រទស្សនៈពិភពលោក កាលពីថ្ងៃទី២៦ កុម្ភៈ នេះ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ប្រើសម្ដីធ្ងន់ៗចោទ លោក ហ៊ុន សែន ថាជាមេដឹកនាំផ្តាច់ការ មេដឹកនាំពុករលួយស្ទើរផុតលេខ ហើយលោកអំពាវនាវអោយសហគមន៍អន្តរជាតិ បកអាក្រាតអំពើទាំងនោះដោយចេញមុខ និងអោយបើកការស៊ើបអង្កេតទៅលើអំពើរំលោភបំពានទាំងអំបាលម៉ានពីសំណាក់ លោក ហ៊ុន សែន និងដៃជើងរបស់ លោក ហ៊ុន សែន។
លោក ជុន ច័ន្ទបុត្រ សូមប្រែសម្រួលអត្ថបទនេះទាំងស្រុងជូនលោកអ្នកនាងដូចតទៅ៖
រដ្ឋាភិបាលកម្ពុជា បានគេចខ្លួនរួចទៀតហើយពីការសម្លាប់មនុស្ស។ នោះមិនមែនជាអំពើប្រល័យពូជសាសន៍ដូចដែលបានបង្កឡើងដោយពួកខ្មែរក្រហម នៅទសវត្ស៧០ នោះទេ។ ហើយក៏មិនមែនដូចការសម្លាប់មនុស្សដែលកំពុងតែកើតមានដូចនៅប្រទេសស៊ីរី ឬក៏ដូចអ្វីដែលកើតឡើងនៅប្រទេសអ៊ុយក្រែន វេណេហ្ស៊ុយអេឡា ថៃ បង់ក្លាដេស ដែលយើងឃើញលើទំព័រសារព័ត៌មាននាពេលថ្មីៗនោះទេ។ តែទោះជាទម្រង់ណាក៏ដោយ ការសម្លាប់មនុស្ស គឺជាការសម្លាប់មនុស្ស ពលរដ្ឋកម្ពុជា ត្រូវក្រុមប្រដាប់អាវុធតម្រង់ចុងកាណុងបាញ់សម្លាប់តែម្តង។
កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ កម្មកររោងចក្រកាត់ដេរ ៥នាក់ ត្រូវគេបាញ់សម្លាប់នៅពេលដែលពួកគាត់ធ្វើបាតុកម្មទាមទារប្រាក់ខែ ដែលអាចអោយពួកគាត់អាចរស់នៅសមរម្យបាន។ មនុស្សជាច្រើនទៀតរងរបួស ដោយសារគ្រាប់កាំភ្លើង និងដោយសារការវាយដំ។ ជាង ២០នាក់ទៀត ត្រូវគេចាប់ដាក់គុកដោយមិនមានការកាត់ក្តី។ ហើយអំពើនេះ កើតឡើងបន្ទាប់ពីមានការបង្ក្រាបបង្ហូរឈាមទៅលើអ្នកធ្វើបាតុកម្មចំពោះការបោះឆ្នោត ដែលពោរពេញទៅដោយភាពមិនប្រក្រតី ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីខាងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកបានគ្របដណ្ដប់ជីវភាពនយោបាយកម្ពុជា អស់ជាង ៣០ឆ្នាំមកហើយនោះ ឈ្នះជាថ្មីម្តងទៀត។
ការសម្លាប់មនុស្សនាពេលថ្មីៗនេះ ធ្វើអោយគេនឹកឃើញឡើងវិញនូវបែបផែនសម្លាប់មនុស្សពាក់ព័ន្ធនឹងអំពើហិង្សានយោបាយ ដែលកើតឡើងញឹកញាប់ពេកណាស់នៅកម្ពុជា នៅរាល់ដំណាក់កាលសំខាន់ៗមួយចំនួន ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ទោះបីជាក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមិនគ្រាន់តែមានគោលបំណងនាំសន្តិភាពដល់កម្ពុជា ទេ តែនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជូនប្រជាជាតិមួយ ដែលរងទុក្ខវេទនាជាយូរមកហើយនោះផងដែរ។ គ្មានប្រទេសណាមួយនៅលើពិភពលោកយើងនេះ សមនឹងទទួលបានចំណុចទាំងបីនេះដូចជាប្រទេសកម្ពុជា ដែលធ្លាប់ហែកហួរអស់រយៈពេលពីរទសវត្ស ដោយសារការទម្លាក់គ្រប់បែកអាមេរិកាំង ដោយសារសង្គ្រាមស៊ីវិល ដោយសារការប្រល័យពូជសាសន៍នៃរបបដ៏ព្រៃផ្សៃនៃពួកខ្មែរក្រហម ដោយសារការឈ្លានពានរបស់វៀតណាម ហើយនិងដោយសារសង្គ្រាមស៊ីវិលជាថ្មីម្តងទៀត ដែលជាលទ្ធផលបានសម្លាប់មនុស្សប្រមាណ ២លាននាក់នោះទេ។