ភ្នំពេញៈ មេដឹកនាំបក្សប្រឆាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តភាគឦសាន រួបរួមគ្នាការពារដីធ្លីរបស់ខ្លួន និងព្រៃឈើ ដើម្បីទប់ទល់កុំឲ្យខេត្តទាំងនេះក្លាយទៅជាអាណាខេត្តរបស់ វៀតណាម ដូចកម្ពុជាក្រោម តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនរាប់សែនហិកតាក្នុងរយៈពេល ៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុន វៀតណាម ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងដំណើរចុះទៅ ខេត្តមណ្ឌលគិរី និង រតនគិរី មេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងទៅកាន់មនុស្សរាប់រយនាក់កាលពីថ្ងៃអង្គារថា រដ្ឋាភិបាល របស់លោក ហ៊ុន សែន បានផ្តល់ដីសម្បទានរាប់ម៉ឺនរាប់សែនហិកតាទៅឲ្យក្រុមហ៊ុនដែលដាក់ឈ្មោះខ្មែរ តែតាមពិតក្រុមហ៊ុនទាំងនោះជារបស់ វៀតណាម។ ដោយលើកពីឧទាហរណ៍ដែលជនជាតិ រុស្ស៊ី បានចូលទៅតាំងទីលំនៅនៅតំបន់ គ្រីមា នៃ ប្រទេសអ៊ុយក្រែន ហើយនៅទីបំផុតកាលពីពេលថ្មីៗនេះ មានការបោះឆ្នោតធ្វើប្រជាមតិដោយបានផ្តាច់តំបន់ គ្រីមា ឲ្យទៅស្ថិតនៅក្រោម ប្រទេសរុស្ស៊ី នោះលោក សម រង្ស៊ី បានថ្លែងថា ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ក៏អាចមានវាសនាដូចគ្នានេះដែរ។
លោកបញ្ជាក់ថា៖ «ខេត្តរតនគិរី និងមណ្ឌលគិរី កំពុងក្លាយទៅជាអាណានិគម យួន តាមរយៈក្រុមហ៊ុនដីសម្បទាន...គេបង្កើតភូមិ គេនាំគ្នាចូលមកបង្កើតកូនបង្កើតចៅ យកកម្មករយកមេការ ចូលមក ដណ្តើមការងារពីយើងយកដីយើង កាប់ព្រៃឈើយើង ...ខ្មែរវេទនា ខ្មែរស្លាប់បន្តិចម្តងៗ ហើយរត់ចេញទៅស៊ីឈ្នួលគេទៅប្រទេសក្រៅទៅ ថៃ ពេលនោះបរទេសចូលមកកាន់តែច្រើន...ពួកគេអាចភ្ជាប់ ខេត្តរតនគិរី មណ្ឌលគិរី ទៅ ប្រទេសវៀតណាម នៅថ្ងៃណាមួយដូច កម្ពុជាក្រោម»។
លោក សម រង្ស៊ី បានគូសបញ្ជាក់ទៀតថា ជនជាតិ វៀតណាម ដែលកំពុងតែបន្តចូលមករស់នៅក្នុង ខេត្តរតនគិរី តាមរយៈក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះ មិនមែនជាជនអន្តោប្រវេសន៍ទេ ប៉ុន្តែជានិគមជន ដែលចូលមកមានផែនការគ្រោងទុក ដើម្បីត្រៀមរៀបចំភ្ជាប់ ខេត្តរតនគិរី និង មណ្ឌលគិរី ទៅ ប្រទេសវៀតណាម នៅថ្ងៃណាមួយ។
ដោយសារតែហេតុផល ដូចអ្វីដែលលោកបានអះអាងនេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ ដែលកំពុងស្តាប់ការថ្លែងរបស់លោកនោះថា៖ «អីចឹងហើយបានជាបងប្អូន ដែលការពារដីធ្លី ការពារដីស្រែចម្ការ ការពារព្រៃឈើ នៅ ខេត្តរតនគិរី និង មណ្ឌលគិរី បងប្អូនមិនមែនការពារតែអាយុជីវិតរបស់បងប្អូននោះទេ គឺបងប្អូនការពារអាយុជីវិតរបស់ប្រទេសជាតិយើង។ ដូច្នេះខ្មែរទាំងអស់នៅទូទាំងប្រទេសមានកាតព្វកិច្ចជួយបងប្អូននៅ រតនគិរី កុំឲ្យបងប្អូនខ្លាច ឲ្យបងប្អូនអាចរស់ ពីព្រោះបងប្អូនរស់នេះគឺការពារទឹកដីកម្ពុជា កុំឲ្យ យួន លេបទឹកដី ខេត្តរតនគិរី បានឲ្យសោះ ត្រូវការពារឲ្យបានគង់វង្សណាបងប្អូន»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានហៅការថ្លែងរបស់លោក សម រង្ស៊ី ថា «ជាការយល់ខុស» ចំពោះការវិនិយោគ ហើយថា កម្ពុជា មិនរើសអើងប្រទេសណាមួយ ដែលចង់វិនិយោគក្នុង ប្រទេសកម្ពុជា ទេ។
លោកបញ្ជាក់ថា៖ «យើងមិនអនុញ្ញាតឲ្យប្រទេសរបស់យើង ក្លាយជាខ្ញុំកញ្ជះរបស់ប្រទេសណាមួយទេ ហើយយើងមិនបានលក់ដីនៅតាមបណ្តោយព្រំដែនទៅឲ្យនរណាម្នាក់ទេ ប៉ុន្តែនេះគ្រាន់តែជាការជួលតែប៉ុណ្ណោះ។ ភាសារបស់ឯកឧត្តម សម រង្ស៊ី គឺគ្រាន់តែជាការចោទប្រកាន់ដើម្បីប្រជាប្រិយភាពនយោបាយតែប៉ុណ្ណោះ»។
អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំ កម្ពុជា លោក Tran Van Thong ក៏បានច្រានចោលការថ្លែងរបស់លោក សម រង្ស៊ី ផងដែរដោយលោកនិយាយថា អ្វីដែលលោក សម រង្ស៊ី បានចោទប្រកាន់ វាគ្រាន់តែជាទស្សនៈរបស់គាត់ ហើយជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាន។
លោក Tran Van Thong ថ្លែងថា៖ «ក្រុមហ៊ុនវៀតណាម ដែលបានវិនិយោគនៅ កម្ពុជា ពួកគេគោរពច្បាប់កម្ពុជាច្បាប់អន្តរជាតិ និងច្បាប់ វៀតណាម។ ដូច្នេះការចោទប្រកាន់របស់លោក សម រង្ស៊ី ខ្ញុំមិនដឹងពីគំនិតរបស់គាត់ទេ។ វៀតណាម មិនមានគំនិតបែបនេះទេ វៀតណាម មានគំនិតចងមិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
លោក Tran Van Thong បានឲ្យដឹងថា នាពេលបច្ចុប្បន្នមានពលរដ្ឋ វៀតណាម ជាង ៤ លាននាក់កំពុងរស់នៅក្នុងប្រទេសចំនួន ១២០ ក្នុងពិភពលោកនិងមានជាង ១០ ម៉ឺននាក់កំពុងតែរស់នៅក្នុង ប្រទេសកម្ពុជា។
ប៉ុន្តែ លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម និងក៏សិក្សាស្រាវជ្រាវ ពីបញ្ហាដីធ្លីផងដែរនោះ ក៏មានក្តីបារម្ភដូចលោក សម រង្ស៊ី ដែរ ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតាមបណ្តោយព្រំដែនទៅឲ្យក្រុមហ៊ុន វៀតណាម មានរយៈពេលរហូតដល់ ៩៩ ឆ្នាំ ខណៈដែល វៀតណាម ធ្លាប់មានប្រវត្តិឈ្លានពានទឹកដីខ្មែរឥតឈប់ឈរ កាលពីអតីតកាល។
លោក កែម ឡី បញ្ជាក់ថា៖ «សម្បទានដីនៅតាមបណ្តោយព្រំដែន មានហានិភ័យខ្ពស់ណាស់។ ដូច្នេះជោគវាសនា នៃសម្បទានដីសេដ្ឋកិច្ចទាំងនោះ មិនយូរមិនឆាប់ វានឹងស្ថិតក្នុងដៃរបស់យួនហើយ»៕ NR
1 comment:
I support and agree with CNRP message .Yuon force and implant this idea of this land concession to this blind , incompetent ,inept , power lover administration to hid their long time colonize plan . Khmer people not stupid like before, we see this bastard friend trick before the same as now . Khmer is not fool like those Khmer but Yuon head traitors in this administration who just drunk of money and power . wake up Khmer it is time to stand up again this colonization Khmer land from our thousand friendship Yuon now .
Post a Comment