មន្ត្រីរដ្ឋាភិបាលប្រតិកម្មចំពោះការចោទថាផែនការក៥ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទី២
ដោយ តាំង សារ៉ាដា
2016-06-30
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចព្រមានថា អ្នកដែលហ៊ានរិះគន់ផែនការក៥ កាលពី ៣២ឆ្នាំមុន គឺជាក្រុមដែលមាននិន្នាការការពាររបបខ្មែរក្រហម។ ការព្រមានរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកយុទ្ធនាការក៥ ជាផែនការឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទីពីរ បន្ទាប់ពីរបបវាលពិឃាដខ្មែរក្រហម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សម្ដែងក្ដីដឹងគុណដល់រដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ថាបានការពារយ៉ាងរឹងមាំតាមរយៈផែនការក៥ ក្នុងការបង្កើតជញ្ជាំងឫស្សីតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ពីការវាយបករបស់កងទ័ពខ្មែរក្រហម។ លោកថា អ្នកដែលហ៊ានរិះគន់ផែនការក៥ គឺជាអ្នកប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងទសវត្សឆ្នាំ១៩៨៤ ដែលប្ដេជ្ញាការពារអាយុជីវិតពលរដ្ឋខ្មែរពីការកាប់សម្លាប់យ៉ាងរង្គាលពីរបបខ្មែរក្រហមជាលើកទី២។
លោកបន្តថា ប្រសិនបើគ្មានផែនការក៥ទេ នោះកម្ពុជាក៏គ្មានសេរីភាពដូចថ្ងៃនេះដែរ៖ «ក៥នេះវាមានគោលបំណងដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យវិលមកវិញ។ អ៊ីចឹងបើថ្កោលទោសអ្នកទប់ស្កាត់របបប្រល័យពូជសាសន៍មានន័យថា មានតែអ្នកថ្កោលទោសហ្នឹងត្រូវរ៉ូវជាមួយរបបប្រល័យពូជសាសន៍។ អ៊ីចឹងបើលោក ប៊្រែដ អាដាម (Brad Adams) គាត់ថ្កោលទោសរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនហ្នឹង បានសេចក្ដីថា គាត់ចូលដៃជាមួយខ្មែរក្រហម ចង់វិលមករករបបកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជា ជាថ្មីឡើងវិញ»។
កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ លោក ប៊្រែដ អាដាម បានថ្លែងនៅក្នុងវេទិកាសាធារណៈរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងមួយ ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ថា លោក ហ៊ុន សែន និងលោក ញឹម វណ្ណដា ជាអ្នកទទួលខុសត្រូវក្នុងការស្លាប់ជនស៊ីវិលរាប់ម៉ឺននាក់ពីការជាន់មីន អត់ឃ្លាន និងជំងឺគ្រុនចាញ់ ដោយសារការកេណ្ឌទៅកាប់ព្រៃ និងធ្វើជញ្ជាំងឫស្សីក្នុងផែនការក៥ នៅពេលនោះ។
លោក ប៊្រែដ អាដាម បន្តថា ផែនការក៥ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទីពីរ បន្ទាប់ពីរបបខ្មែរក្រហម ហើយតម្រូវឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតនៃជនស្លូតត្រង់ទាំងនោះ៖ «តើអ្នកទាំងអស់គ្នានៅចាំក៥ ទេ? តើអ្នកណាខ្លះដែលមានគ្រួសារធ្លាប់ត្រូវគេបង្ខំឲ្យបម្រើផែនការក៥? តើអ្នកដឹងថា មានមនុស្សប៉ុន្មាននាក់ទេដែលស្លាប់ក្នុងក៥នោះ? ក៥ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ផែនការនេះដឹកនាំដោយលោក ហ៊ុន សែន និងលោក ញឹម វណ្ណដា។ នៅពេលលោក ញឹម វណ្ណដា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទាំងនេះ តើគាត់ត្រូវបានគេយកទៅផ្ដន្ទាទោសទេ?ចម្លើយថា អត់ទេ! តែគាត់ត្រូវបានលោក ហ៊ុន សែន លើកទឹកចិត្តផ្ដល់ការងារក្នុងជួររដ្ឋាភិបាលទៅវិញ។ ឥឡូវគាត់ជាអ្នកមានស្ដុកស្ដម្ភ ហើយរស់នៅក្នុងផ្ទះវិឡាដ៏ស្រស់ស្អាត។ ដូច្នេះលោក ហ៊ុន សែន ញឹម វណ្ណដា និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវតែមានការស៊ើបអង្កេត»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីលោក ញឹម វណ្ណដា ដែលសព្វថ្ងៃជាអនុប្រធាននៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននៅឡើយទេ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។ RFA/Yun Samean
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់បានចុះផ្សាយកាលពីឆ្នាំ២០១៥ ថា មេបញ្ជាការកងទ័ពវៀតណាម ឈ្មោះ ឡេ ដឹកថូ (Le Duc Tho) ទទួលបន្ទុកកម្ពុជា ជាអ្នករចនាផែនការក៥ នេះឡើង បន្ទាប់មករដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុវត្តផែនការក៥ ដែលចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៨៤ ហើយបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៨៨។ ពាក្យថា ក៥ មានន័យថា កេណ្ឌ កម្លាំង កាប់ព្រៃ ការពារ កម្ពុជា។
ផែនការនេះគឺដើម្បីកសាងជញ្ជាំងឫស្សីដែលមានបណ្ដោយប្រវែង ៧០០គីឡូម៉ែត្រ និងទទឹង ៥០០ម៉ែត្រ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ សម្រាប់ការពារពីការវាយបករបស់កងទ័ពខ្មែរក្រហម និងកងទ័ពអ្នកតស៊ូដទៃទៀតដែលកំពុងបោះជំរំយោធារបស់ខ្លួនក្នុងទឹកដីថៃ។ នៅទីនោះពោរពេញទៅដោយចម្ការមីន និងជំងឺគ្រុនចាញ់។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សរាប់ម៉ឺននាក់ក្នុងចំណោមមនុស្សជិត ១លាននាក់ ត្រូវបានគេបង្ខំឲ្យបម្រើផែនការក៥នេះ ស្លាប់បាត់បង់ជីវិតពីការជាន់មីន ជំងឺគ្រុនចាញ់ និងការអត់អាហារ ហើយអ្នកដែលស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនជាសិស្ស និស្សិត គ្រូបង្រៀន យុវជន និងពលរដ្ឋសាមញ្ញ។
តែផ្ទុយទៅវិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយធ្លាប់ចូលរួមក្នុងផែនការក៥ ដែរនោះ អះអាងថា ផែនការក៥ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតនៅពេលនោះក្នុងកិច្ចការពារអាយុជីវិតពលរដ្ឋខ្មែរដោយខ្លួនឯងមិនចាំបាច់រង់ចាំការជំនួយរបស់កងទ័ពវៀតណាម៖ «ពេលដែលយើងធ្វើផែនការក៥នេះ គឺយើងត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ហើយប្រសិនបើយើងពឹងតែគេ គេមកវ៉ៃរំដោះឲ្យយើងហើយ ស្រាប់តែដល់ពេលការពារ ក៏យើងឲ្យគេការពារដែរ។ ចុះកម្លាំងយើងដែលយើងកសាងបាន មិនទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ឬមួយយ៉ាងម៉េច? ហើយប្រសិនបើគ្មានផែនការក៥ទេ គេចោទទៀតហើយ លោក ប៊្រែដ អាដាម ចោទទៀតហើយថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតបណ្ដោយឲ្យកងទ័ពវៀតណាម មកត្រួតត្រាប្រទេសកម្ពុជា»។
ប៉ុន្តែសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងជាអនុប្រធាននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលហៅកាត់ថា KPNLF លោក សឺន ស៊ូប៊ែរ្តិ៍ បានច្រានចោលចំពោះការអះអាងរបស់លោក សុខ ឥសាន។ លោកថា រដ្ឋាភិបាលចម្រុះនាសម័យនោះដែលដឹកនាំដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់បានថ្កោលទោសចំពោះសោកនាដកម្មនោះ៖ «ពួកយើងខ្ញុំ ហើយនឹងហ្វ៊ុនស៊ិនប៉ិច ក៏មានកងទ័ពមិនអាចបណ្ដោយឲ្យខ្មែរក្រហមទៅធ្វើផ្ដេសផ្ដាសម្ដងទៀតទេ។ នេះជាការឃោសនាបំភ័ន្តមតិអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ។ ខ្លួននិយាយរបៀបនេះ មានន័យថា ខ្លួនអត់មានសមត្ថភាព ខ្លួនអត់ខ្មេះ មានកងទ័ពធ្វើអីអ៊ីចឹង? និយាយបានតែបំភ័ន្តមតិអន្តរជាតិ តែអន្តរជាតិគេមិនជឿទេ ហើយជាពិសេសយុវជនខ្មែរបច្ចុប្បន្ន។ គួរណាស់ទទួលស្គាល់ថា ខ្លួនធ្វើខុស មិនបានគិតដល់អាហ្នឹងគេសរសើរច្រើនជាង»។
លោក សឺន ស៊ូប៊ែរ្តិ៍ បន្តថា កងទ័ពរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នាសម័យគួរមានសមត្ថភាពទទួលខុសត្រូវក្នុងការការពារប្រជាពលរដ្ឋជាជាងយកប្រជាពលរដ្ឋទៅស្លាប់ក្នុងព្រៃដូច្នេះ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែលមានចំណងជើងថា ៣០ឆ្នាំ នៃការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ចេញផ្សាយកាលពីដើមឆ្នាំ២០១៥ បានចងក្រងរឿងរ៉ាវជាច្រើនពាក់ព័ន្ធផែនការក៥ នេះ។
របាយការណ៍នោះបង្ហាញថា ដោយសារតែផែនការក៥ នោះហើយ ដែលធ្វើឲ្យពលរដ្ឋស្អប់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលក្រោយមកដូរឈ្មោះជាគណបក្សប្រជាជនកម្ពុជា នេះយ៉ាងខ្លាំង។
អ្នកដែលមានកូននិយាយថា ប្រសិនបើកូនរបស់គាត់ត្រូវបានគេបញ្ជូនទៅធ្វើការនៅផែនការក៥ នោះ គឺស្មើគ្នានឹងទោសប្រហារជីវិតអ៊ីចឹងដែរ។
អតីតអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក ស៊ិន សេន និងលោក គង់ គាំ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវនៃការស្លាប់មនុស្សរាប់ម៉ឺននាក់ពីផែនការក៥ ដោយមិនអាចប្រកែកបានឡើយ៕
No comments:
Post a Comment