សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលោក អ៊ុក ពេជ្រសំណាង នៅថ្ងៃទី២០កក្កដា
ដោយ សន ចាន់រដ្ឋា
2016-06-30
សកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវបានបញ្ជូនទៅឃុំវិញ បន្ទាប់សាលាឧទ្ធរណ៍ជំនុំជម្រះក្ដី កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha
សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង នៅថ្ងៃទី២០ កក្កដា។ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ បើកសវនាការជំនុំជម្រះក្តីលោក អ៊ុក ពេជ្រសំណាង ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ជុំវិញបទចោទថាបានបើកម៉ូតូកង់បីបុករបាំងដែករបស់សន្តិសុខខណ្ឌដូនពេញ។
មេធាវីការពារក្តីឲ្យលោក អ៊ុក ពេជ្រសំណាង គឺលោក លី សុចិត្រា មិនទាន់អាចអះអាងអ្វីបាននៅឡើយទេ ជុំវិញការជំនុំជម្រះនៅព្រឹកថ្ងៃទី៣០ មិថុនា នេះ។ លោកថាមានតែរង់ចាំមើលលទ្ធផលនៅថ្ងៃប្រកាសសាលដីកាប៉ុណ្ណោះ៖ «»។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវបានកងសន្តិសុខខណ្ឌដូនពេញ ចោទប្រកាន់ពីបទបើកម៉ូតូកង់បីបុកទម្លុះរនាំងដែករបស់ពួកគេ នៅក្នុងការតវ៉ាបញ្ហាដីធ្លីមួយរបស់ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ កាលពីខែតុលា ឆ្នាំ២០១៤ កន្លងទៅ។
ភាគីដើមបណ្ដឹង ក្រុមសន្តិសុខខណ្ឌដូនពេញ ស្នើឲ្យចៅក្រមរក្សាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយតម្រូវឲ្យលោក អ៊ុក ពេជ្រសំណាង ផ្តល់ប្រាក់សំណងសរុប ១០លានរៀលទៅដល់ជនរងគ្រោះ និងដើមបណ្ដឹង។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បានកាត់ឲ្យលោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងសំណង ១០លានរៀលពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទប្រឆាំងអ្នករាជការសាធារណៈ។
ភរិយារបស់លោក អ៊ុក ពេជ្រសំណាង គឺលោកស្រី ទិត្យ ណារិន្ទ ថ្លែងបន្ទាប់ពីស្តាប់សវនាការនេះថា គ្រួសារលោកស្រីកំពុងជួបផលវិបាកខ្លាំង ដោយសារតែលោក អ៊ុក ពេជ្រសំណាង ដែលជាជំហររបស់គ្រួសារ ត្រូវបានតុលាការសម្រេចឲ្យជាប់គុក។ លោកស្រីអំពាវនាវឲ្យរាជរដ្ឋាភិបាល ដោះលែងស្វាមីលោកស្រីឲ្យមានសេរីភាពឡើងវិញ ព្រោះពេលនេះគ្រួសារលោកស្រីកំពុងជួបការលំបាកខ្លាំង៖ «»។
ទោះបីជាយ៉ាងណា មេធាវីការពារក្តីរបស់លោក អ៊ុក ពេជ្រសំណាង បញ្ជាក់ថា ប្រសិនបើការប្រកាសសាលដីកានៅថ្ងៃទី២០ កក្កដា ខាងមុខនេះ សាលាឧទ្ធរណ៍នៅតែរក្សាការសម្រេចរបស់សាលាដំបូង ទុកជាបានការនោះ លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោក ដើម្បីរៀបចំឯកសារប្ដឹងទៅតុលាការកំពូល ជាបន្តទៀត៕
No comments:
Post a Comment