ក្រុមតន្ត្រីជនពិការរិះគន់ចំណាត់ការរបស់សាលាក្រុងដែលរឹបអូសឧបករណ៍តន្ត្រី
ដោយ អ៊ុំ រង្សី
2016-06-30
តន្ត្រីជនពិការ ៨៥៥ ២០១៦
ក្រុមតន្ត្រីមូលនិធិជនពិការប្រគំតន្ត្រីនៅចំណុចស្តុបអាងទឹកអូឡាំពិក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
RFA/Um Raingsy
ក្រុមតន្ត្រីមូលនិធិជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈនោះ រិះគន់ចំពោះសាលារាជធានីភ្នំពេញ ដែលត្រៀមដាក់វិធានការរឹបអូសឧបករណ៍តន្ត្រីបញ្ឈប់សកម្មភាពពួកគេមិនឲ្យច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ។ ជនពិការត្អូញត្អែរថា វិធានការរបស់អាជ្ញាធរនេះ កំពុងក្លាយជាបញ្ហាប្រឈមខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ។
ក្រុមតន្ត្រីមូលនិធិជនពិការដែលតែងប្រគំសម្ដែងតាមទីសាធារណៈនោះ រិះគន់ថា ការរឹបអូសឧបករណ៍តន្ត្រី គឺជាការរំលោភសិទ្ធិ និងប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច ខណៈការសន្យាធានាជួយរកការងារធ្វើជូនជនពិការឲ្យមានជីវភាពសមរម្យរបស់អាជ្ញាធរនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
ការរិះគន់របស់ក្រុមតន្ត្រីជនពិការនៅពេលនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ ប្រកាសធ្វើយុទ្ធនាការចុះរឹបអូសតន្ត្រីជនពិការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា។
ស្ត្រីពិការភ្នែកទាំងសងខាង កញ្ញា ឈើយ ស្រីពៅ ដែលតែងច្រៀងតាមស្តុបនៅក្នុងទីក្រុងភ្នំពេញ បានប្រាប់វិទ្យុអាស៊ីសេរី ថា កញ្ញាចាប់អាជីពអ្នកចម្រៀងដើរច្រៀងតាមស្តុបអស់រយៈពេលជាង ១ឆ្នាំមកហើយ។ កញ្ញាឲ្យដឹងបន្តថា ដោយសារតែឪពុកចាស់ជរា គ្រួសារក្រីក្រ មានសមាជិកច្រើនសុទ្ធតែពិការ ហេតុនេះបានជំរុញឲ្យកញ្ញាបង្ខំចិត្តប្រកបរបរនេះ៖ «ប្រសិនបើពួកគាត់រឹបអូសយកឧបករណ៍ វាចេះតែបាន តែពួកខ្ញុំបើឈប់ប្រកបរបរនេះ តើបានលុយពីណាមកចិញ្ចឹមគ្រួសារ ហូបចុកនោះ ហើយមិនដឹងត្រូវធ្វើអីទៀតទេ»។
ចំណែកឯជនពិការភ្នែកម្នាក់ទៀត លោក ហៃ វណ្ណដា មកពីមូលនិធិតន្ត្រីជនពិការឲ្យដឹងដែរថា រូបខ្លួនមិនទទួលបានការឧបត្ថម្ភណាមួយពីរដ្ឋាភិបាល និងស្ថាប័នណាមួយនោះឡើយ។ លោកថា វិធានការឲ្យបញ្ឈប់សកម្មភាពដើរច្រៀងតាមទីសាធារណៈរបស់សាលាក្រុងនៅពេលនេះ គឺប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ជនពិការយ៉ាងធ្ងន់ធ្ងរ។ លោកចង់ឃើញរដ្ឋាភិបាលគិតគូរជនពិការ៖ «បើសិនជាអត់ចង់ឲ្យពួកខ្ញុំអ្នកពិការច្រៀងតាមស្តុប ខ្លាចខូចសណ្ដាប់ធ្នាប់ចឹង គាត់គួរតែគិតគូរឲ្យលុយឲ្យកន្លែងស្នាក់នៅ ឲ្យអង្ករពួកខ្ញុំមក ពួកខ្ញុំឈប់ច្រៀងហើយ»។
ទន្ទឹមគ្នានេះ ប្រធានអង្គការសកម្មភាពលើជនពិការដើម្បីអភិវឌ្ឍន៍ កញ្ញា នូ វ៉ានី យល់ថា វិធានការរឹបអូសឧបករណ៍តន្ត្រីរបស់ក្រុមតន្ត្រីជនពិការភ្លាមៗ ដោយមិនបានជូនដំណឹងជាមុន ខណៈការសន្យារកការងារជូនពួកគាត់មិនទាន់ច្បាស់លាស់ គឺកំពុងតែបំពានដល់សិទ្ធិជនពិការ៖ «ចឹងឲ្យសាលាក្រុងគាត់ពិចារណា និងគិតគូរម្តងទៀត គួរតែផ្តល់ឱកាសយ៉ាងម៉េចដល់ជនពិការ ហើយគួរតែហៅជនពិការដែលគាត់ធ្វើការងារហ្នឹងពិតប្រាកដមកពិភាក្សា ដើម្បីរកដំណោះស្រាយទាំងអស់គ្នា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បីសួរបន្ថែមពីវិធានការរឹបអូសឧបករណ៍តន្ត្រីជនពិការបាននៅឡើយ នៅថ្ងៃទី៣០ ខែមិថុនា។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែមិថុនា មន្ត្រីសាលារាជធានីប្រាប់សារព័ត៌មានក្នុងស្រុក សាលារាជធានីបញ្ជាក់ថា កំពុងជំរុញឱ្យក្រុមហ៊ុន ក្រសួង និងស្ថាប័ននានា ជ្រើសរើសជនពិការឲ្យចូលបម្រើការងារដើម្បីឲ្យជនពិការចិញ្ចឹមជីវិតផងដែរ។
សាលារាជធានីបញ្ជាក់ថា កន្លងបានជូនដំណឹងជាច្រើនហើយថា មិនឲ្យជនពិការទាំងអស់ប្រគំតន្ត្រីតាមផ្លូវសាធារណៈនោះទេ ព្រោះថា វាធ្វើឲ្យមានការរំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវជាងនេះ និងប៉ះពាល់សេចក្ដីថ្លៃថ្នូរសង្គម។
ចំណែកឯអ្នកដំណើរ និងតែងបរិច្ចាគថវិកាជូនជនពិការដែលច្រៀងតាមស្តុប លោក សម វិច្ឆិកា មិនគាំទ្រចំណាត់ការរបស់សាលាក្រុងដោយគ្រាន់តែយកហេតុផលប៉ះពាល់សេចក្ដីថ្លៃថ្នូរសង្គម៖ «ខ្ញុំយល់ថា ដើររឹបអូសឧបករណ៍តន្ត្រីពួកគាត់ ធ្វើចឹងអត់ត្រូវទេ អត់មានត្រូវរឹបអូសចឹងទេ ហើយឥឡូវបើសិនជាចង់រឹបអូសឧបករណ៍តន្ត្រីពួកគាត់ លុះត្រាណាមានគោលជំហរច្បាស់លាស់ អាចឲ្យគាត់រស់បាន តែបើអត់មានអ្វីដែលផ្ដោះប្ដូរជូនគាត់ តើឲ្យពួកគេរកអីបានអីជាទីពឹង»។
ក្រុមពិការប្រកបរបរច្រៀងតាមស្តុបនៅតែអះអាងថា វិធានការរបស់សាលាក្រុងរឹបអូសឧបករណ៍តន្ត្រី មិនឲ្យច្រៀងតាមទីសាធារណៈដើម្បីរៃអង្គាសថវិកា គឺមិនបានសិក្សាពីទុក្ខលំបាក និងឆ្លើយតបតម្រូវការជនពិការនោះឡើយ។
ជនពិការចង់ឃើញរដ្ឋាភិបាលដោះស្រាយផ្ដល់ឱកាសការងារដល់ពួកគេដើម្បីបម្រើការងារបានដូចមនុស្សធម្មតា ដើម្បីកុំឲ្យជនពិការមួយចំនួនធ្លាក់ខ្លួនក្លាយទៅជាអ្នកសុំទានគេម្ដងទៀត៕
No comments:
Post a Comment