A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 19 March 2016

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​​លោក ហ៊ុន ម៉ាណែត


ដោយ ជុន ច័ន្ទបុត្រ
2016-03-18

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


ដំណឹង​ពី​ការ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋអាមេរិក របស់​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​មុខ​អ្នកការ​ដទៃ​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​អោយ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក។

មនុស្ស​មួយ​ចំនួន​គាំទ្រ តែ​ភាគ​ច្រើន​ប្រឆាំង។ អ្នក​ខ្លះ​ទៀត ថែម​ទាំង​ប្រកាស​ថា ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​ប្រតិភូ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ដែល​គ្រោង​នឹង​ទៅ​ដល់​សហរដ្ឋអាមេរិក នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ​ផង។

បន្ទាប់ពី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ លើក​នេះ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ត្រៀម​រៀបចំ​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន វិញ​ម្ដង។ ពួក​គាត់​ថា លោក ហ៊ុន ម៉ាណែត និង​ក្រុម​របស់​លោក មិន​ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។



អតីត​គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់ អ្នកស្រី ផាន់ ស៊ី ចាត់​ទុក​ប្រតិភូ​របស់​គណបក្ស​ប្រជាជន​នេះ ថា​ជា​ក្រុម​បំផ្លាញ​ជាតិ៖ «​បំផ្លាញ... សំខាន់​បំផ្លាញ​អត្តសញ្ញាណ​ខ្មែរ​តែម្ដង។ គាត់​ជា​កូន​នាយករដ្ឋមន្ត្រី គាត់​ជា​មហាសេដ្ឋី តើ​គាត់​បាន​ឋានៈ​ហ្នឹង​បាន​មក​ពី​ណា? គឺ​គាត់​បាន​មក​ពី​ហុត​ឈាម​រាស្ត្រ ហុត​ឈាម​រាស្ត្រ​ខ្មែរ​ដោយ​អំណាច ដោយ​អំណាច​ពាល មិន​មែន​អំណាច​សុចរិត​ទេ។ អំណាច​សម្លាប់​ប្រជាជន ដែល​អត់​មាន​ខុស​អី គ្មាន​ទោស​អី សម្លាប់​បាន ជាប់​គុក​បាន»។

ការ​ប្រើ​អំណាច​គាបសង្កត់ រំលោភ​បំពាន បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​របស់​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​អ្នកស្រី ផាន់ ស៊ី ពិបាក​ទទួល​យក​ណាស់៖ «អ្នក​តស៊ូ​ខ្លាំង​ធ្វើ​បាតុកម្ម កម្មករ​ធ្វើ​បាតុកម្ម​នៅ​វ៉េងស្រេង អ៊ីចឹង​សម្លាប់ សម្លាប់​ប្រជាជន​ត្រង់​ហ្នឹង សម្លាប់​អ្នក​ការពារ​ព្រៃឈើ​ដូច​លោក ឈុត វុទ្ធី ដូច​អី​អ៊ីចឹង។ ប្រជាជន​ដែល​តវ៉ា​សុំ​ទាមទារ​សិទ្ធិ​សេរីភាព ក៏​ជាប់​គុក​ដែរ ប្រជាជន​រង​ទុក្ខ​វេទនា​ស្រែក​យំ​នោះ​យំ រក​ម៉ែ​រក​ឪ​ជួយ អត់​មាន​នរណា​ជួយ»។

គណៈកម្មាធិការ​បុរី​កម្ពុជា នៅ​ក្រុង​ឡុងប៊ិច បាន​អញ្ជើញ​លោក ហ៊ុន ម៉ាណែត និង​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា គឺ​លោក គិត ម៉េង ព្រម​ទាំង​អ្នក​មាន​មុខ​មាន​មាត់​មួយ​ចំនួន​ទៀត អោយ​ទៅ​ចូល​រួម​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច។ ក្នុង​ពិធី​នោះ​ក៏​នឹង​មាន​ការ​ហែ​ក្បួន​ព្យុហយាត្រា​បង្ហាញ​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ផង។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៃ​ក្រុង​ឡុងប៊ិច អះអាង​ថា ការ​អញ្ជើញ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​មនុស្ស​ភាគ​ច្រើន​នៃ​បុរី​កម្ពុជា នៅ​ក្រុង​ឡុងប៊ិច​នេះ​ទេ។ ពួកគាត់​លើក​ឡើង​ថា នេះ​គឺ​ជា​ការ​អែបអប​យក​មុខ​យក​មាត់​ពី​សំណាក់​អ្នក​ដែល​បាន​ប្រយោជន៍ ឬ​ក៏​ចង់​បាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​ការ​ចង់​បាន​របស់​មនុស្ស​ភាគ​ច្រើន​នៅ​ក្រុង​ឡុងប៊ិច។

បុរស​ជា​វិស្វករ​ម្នាក់​នៃ​ក្រុង​ឡុងប៊ិច លោក សួន កុមារ ចោទ​ថា អ្នក​ដែល​ផ្ដួចផ្ដើម​អញ្ជើញ​លោក ហ៊ុន ម៉ាណែត នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ជនជាប់ចោទ​ពី​បទ​ឆបោក​ប្រាក់​ម្នាក់ ដែល​ត្រូវ​ការ​បង្អែក​ពី​អ្នក​ធំ​ដើម្បី​អោយ​បាន​ជួយ​សម្រួល​រឿង​ក្ដី​នៅ​តុលាការ​ស្រុក​ខ្មែរ​នោះ​តែប៉ុណ្ណោះ៖ «ក្នុង​គម្រោង​អញ្ជើញ​មក​នេះ ខ្ញុំ​គិត​ថា បង្កើត​ដោយសារ​លោក  រីច្ឆឺ សាន គាត់​យក​មនុស្ស​ពីរ​នាក់​ជា​ឈ្នាន់ ដើម្បី​នឹង​លាង​មុខ​មាត់​គាត់។ ពីព្រោះ​លោក រីច្ឆឺ សាន ឥឡូវ​កំពុង​មាន​ក្ដី​នៅ​តុលាការ​ស្រុក​ខ្មែរ ដូច្នេះ​គាត់​ត្រូវ​ការ​ពឹង​អ្នក​អំណាច​ស្រុក​ខ្មែរ ដើម្បី​នឹង​ជួយ​សម្រួល​រឿង​បញ្ហា​ដែល​គាត់​មាន។ ដូច្នេះ​គាត់​ត្រូវតែ​តោង​យក​អ្នក​ណា​មាន​អំណាច​ដែល​ធំ ដូច្នេះ​ហើយ​អំណាច​គឺ​កូន​លោក ហ៊ុន សែន និង គិត ម៉េង ដូច្នេះ​គាត់​នាំ​មក​នេះ ដើម្បី​នឹង​នាំ​អោយ​មាន​មុខ​មាត់»។

កាល​ពី​ឆ្នាំ​២០១២ លោក រីច្ឆឺ សាន ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ ឃែរ (Master Care Dental) អ្នកស្រី អេង លីគង់ ប្ដឹង​ពី​បទ​ឆបោក​ប្រាក់​រាប់​សែន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក រីច្ឆឺ សាន ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៤ តែ​ក្រោយ​មក ដោយ​មាន​ការ​ជួយ​រត់​ការ​ពី​សំណាក់​គូកន​របស់​គាត់ គឺ​លោក ផៃ ស៊ីផាន ដែល​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក រីច្ឆឺ សាន ក៏​បាន​នៅ​ក្រៅ​ឃុំ ហើយ​បាន​ចាក​ចេញ​ពី​កម្ពុជា តែ​ក្រោយ​មក លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ទោះ​បី​​តុលាការ​បាន​ដោះលែង​លោក រីច្ឆឺ សាន ពី​ពន្ធនាគារ​ក៏ដោយ ក៏​លោក​កំពុង​ឋិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​នៅ​ឡើយ។

អ្នកស្រី អេង លីគង់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដែល​លោក រីច្ឆឺ សាន មាន​ទំនាក់ទំនង​ជាមួយ​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ វា​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ក្តី​នៅ​តុលាការ​របស់​អ្នកស្រី។ អ្នកស្រី​ថា ដោយសារ​លោក រីច្ឆឺ សាន ក៏​បាន​បឹ្តង​អ្នកស្រី​ពី​រឿង​បរិហារកេរ្តិ៍​ដែរ​នោះ តុលាការ​អាច​កាត់​ក្តី​ឲ្យ​អ្នកស្រី​ចាញ់ ដោយសារ​តែ​ចំហាយ​អំណាច​ដែល​លោក​ទទួល​បាន​ពី​ទំនាក់ទំនង​នេះ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក រីច្ឆឺ សាន តាម​សារ​អេឡិចត្រូនិក និង​តាម​សារ​ក្នុង​គណនី​ហ្វេសប៊ុក របស់​លោក​ជា​ច្រើន​ដង តែ​នៅ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​ពី​លោក​នៅ​ឡើយ។

អ្នក​ក្រុង​ឡុងប៊ិច ម្នាក់​ទៀត គឺ​លោក​ចំណាប់ រិះគន់​ថា ទាំង​អ្នក​អញ្ជើញ និង​ទាំង​អ្នក​ដែល​ត្រូវ​គេ​អញ្ជើញ សុទ្ធតែ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​យក​ប្រយោជន៍​តែ​រៀង​ខ្លួន មិន​មែន​ធ្វើ​ឡើង​ដោយ​សុទ្ធចិត្ត​ក្នុង​ទិសដៅ​ជួយ​លើក​តម្កើង​វប្បធម៌​ប្រពៃណី​ខ្មែរ​ទេ៖ «នេះ​គឺជា​ការ​បង្ហាញ​នូវ​ការ​រាតត្បាត​នៅ​ភាព​នយោបាយ​របស់​គណបក្ស​ខ្លួន​ឯង ដូច្នេះ​ខ្ញុំ​ឃើញ​ទង្វើ​ដែល​ត្រីងៀត​ឆ្លៀត​ពង​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយ​មាន​ទាំង​លោក រីច្ឆឺ សាន ដែល​ជា​អ្នក​បង្វិល​នៅ​ខេមស៊ីស៊ី និង​ខេមបូឌា ថោន (Cam CC and Cambodia Town) នេះ​​គឺ​ថា គាត់​ធ្វើ​នេះ​គឺ​ខុស ខុស​នឹង​អ្វី​ដែល​ជា​គោលបំណង​របស់​ខ្មែរ​ទូទាំង​ឡុងប៊ិច គឺ​មាន​ការ​ពុះកញ្ជ្រោល ឈឺ​ចាប់​ត្រង់​អ្វី​ដែល​គាត់​ធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​ដែល​បម្រើ​នូវ​កិច្ចការ​ចំណេញ​ផ្ទាល់​ខ្លួន​ឯង»។

លោក ហ៊ុន ម៉ាណែត មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​ទេ។ លោក​មាន​ប្រសាសន៍​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា ការ​ចូលរួម​របស់​លោក​នេះ បង្ហាញ​ពី​ការ​រួបរួម​ជនជាតិ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ដើម្បី​លើក​តម្កើង​វប្បធម៌​ខ្មែរ​តែប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ដែល​ប្រឆាំង​នឹង​គម្រោង​ចូល​រួម​របស់​លោក ហ៊ុន ម៉ាណែត មិន​ជឿ​សម្ដី​លោក ហ៊ុន ម៉ាណែត ឡើយ។ ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច ម្នាក់​ទៀត អ្នកស្រី ម៉ម សាឡែន មាន​ប្រសាសន៍​ថា កន្លង​មក​អ្នកស្រី​ធ្លាប់​ឃើញ​ក្រុម​នេះ​តែងតែ​ឆក់​ឱកាស​ក្នុង​ការ​ឃោសនា​នយោបាយ​អូសទាញ និង​បំបែក​បំបាក់​សហគមន៍​ខ្មែរ​ទៅ​វិញ​ទេ។

​អ្នកស្រី ម៉ម សាឡែន៖ «ពួកគេ​ហ្នឹង​ធ្លាប់​មក​​ភូត​កុហក ទៅ​និយាយ​នៅ​ស្រុក​បារាំង។ យើង​ឃើញ​ហើយ ខ្ញុំ​ក៏​បាន​ធ្លាប់​លឺ​ដែរ​គេ​ថា គេ​យក​ប្រើ​កលល្បិច​ដើម្បី​ពង្រីក​អំណាច​ផ្ដាច់ការ​របស់​គេ។ ឥឡូវ​ហ្នឹង​គេ​ចង់​មក​ស្រុក​អាមេរិក​នេះ​ទៀត នៅ​ក្នុង​ពិធី​ដែល​យើង​ធ្វើ​នៅ​ពេល​ចូល​ឆ្នាំ​ហ្នឹង គឺ​គេ​ចង់​ឆក់​យក​ឆ្លៀត​ឱកាស ដែល​ខ្មែរ​ជួបជុំ​គ្នា​ហ្នឹង គេ​មក​ពង្រីក​គោលនយោបាយ​របស់​គេ​នៅ​ស្រុក​យើង​នេះ។ យើង​មិន​ចូល​ចិត្ត មិន​ចង់​ដឹង ចង់​ឮ​រឿង​នយោបាយ​អី ពួក​បក្ស​កុម្មុយនិស្ត​ដែល​មក​រាតត្បាត​នៅ​ស្រុក​នេះ​ទេ»។

​គឺ​ដោយ​យល់​បែប​នេះ​ហើយ បាន​ជា​ពួកគាត់​តាំង​ចិត្ត​ថា នឹង​បាតុកម្ម​ជា​ប្រចាំ​ចាប់​ពី​ពេល​នេះ​ត​ទៅ នៅ​មុខ​សាលាក្រុង​ឡុងប៊ិច ដើម្បី​ទាមទារ​កុំ​អោយ​លោក ហ៊ុន ម៉ាណែត ចូល​រួម​ក្នុង​ពិធី​នេះ។ ពួក​គាត់​ក៏​ថា នឹង​ធ្វើ ហើយ​ថា​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​តែម្ដង​ប្រសិនបើ​លោក ហ៊ុន ម៉ាណែត នៅ​តែ​មក​ចូល​រួម​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​នោះ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ មក​ទល់​នឹង​ពេល​នេះ លោក ហ៊ុន ម៉ាណែត នៅ​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​មាន​ប្រតិកម្ម​តបត​ទៅ​អ្នក​ក្រុង​ឡុងប៊ិច និង​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដទៃ​ទៀត​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក។ ខុស​ពី​ឪពុក​របស់​លោក​ដែល​តែង​ប្រើប្រាស់​ល្បិច "យក​បន្លា​ជោះ​បន្លា" ដើម្បី​គំរាមកំហែង​តប​ទៅ​វិញ ដូចជា​ពន្យុះ​ក្រុម​យុវជន​ស៊ី​ឈ្នួល​អោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្នក​នយោបាយ​នៅ​ឯ​ក្នុង​ស្រុក​ខ្មែរ​ឯ​ណេះ ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​លោក​នៅ​ក្រៅ​ប្រទេស​ម្តងៗ​នោះ លោក ហ៊ុន ម៉ាណែត ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់​ជាង។

លោក​បាន​អំពាវនាវ​ដល់​អ្នក​រៀបចំ​កម្មវិធី​ព្យុហយាត្រា​វប្បធម៌​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ អោយ​អញ្ជើញ​តំណាង​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ផង ដើម្បី​ជា​ការ​បង្ហាញ​សាមគ្គីភាព​រវាង​ខ្មែរ​នឹង​ខ្មែរ ទោះបីជា​ប្រកាន់​និន្នាការ​នយោបាយ​ណា​ក៏ដោយ។

​លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ថា គណបក្ស​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ គឺ​ដឹង​ពី​គម្រោង​អញ្ជើញ​របស់​លោក ហ៊ុន ម៉ាណែត តាម​តែ​ព័ត៌មាន​ចុះ​ផ្សាយ។ លោក​បញ្ជាក់​ថា ការ​អញ្ជើញ​ចូល​រួម​ពិធី​ចូល​ឆ្នាំ​រួម​គ្នា​នេះ ជា​កាយវិការ​ល្អ​មួយ ដើម្បី​បង្ហាញ​ពី​ការ​រូប​រួមគ្នា​ពី​គ្រប់​ភាគី ពិសេស​លោក​ចង់​ឲ្យ​ស្ថានការណ៍​វិល​ដូច​ឆ្នាំ​២០១៥ វិញ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ចូលរួម​ពិធី​ចូល​ឆ្នាំ និង​ចូលរួម​ពិធី​អង្គរ​សង្ក្រាន្ត​រួម​គ្នា​នៅ​ខេត្ត​សៀមរាប នោះ។

​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​អញ្ជើញ​មែន​នោះ គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​នឹង​ពិចារណា​ពី​ករណី​នេះ។ ប៉ុន្តែ​លោក​លើក​ឡើង​ថា បើសិនជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន ម៉ាណែត ទៅ​ចូល​ឆ្នាំ​ខ្មែរ​រួម​គ្នា​នៅ​ទីក្រុង​ឡុងប៊ិច មែន ក៏​វា​គ្មាន​ន័យ​អ្វី​ទេ នៅ​ពេល​ដែល​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ស្រុក​នៅ​មិន​ទាន់​រូប​រួម​គ្នា​ដដែល​នោះ។ លោក​ចង់​ឲ្យ​តំណាង​គណបក្ស​ទាំង​ពីរ​រូប​រួម​គ្នា​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក៕

2 comments:

Anonymous said...

យើងនឺងធ្វើបាតុកម្មយា៉ងធំ ដេញក្បាលពួកព្រាយបក្សប្រជាជន កូនផ្ដាច់ការនឺអជាមេឃាដកណ៏ហុ៊នសែន មិនអោយជាន់ដីអាមេរិកពួកខ្មែរក្រហម នឺងជាកញ្ជះយួន ។

Anonymous said...

This clown carries the stars that don't belong to him.