A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 19 March 2016
រដ្ឋាភិបាលបង្ហាញសមាសភាពមន្ត្រីជាន់ខ្ពស់ដែលនឹងត្រូវផ្លាស់ប្ដូរនិងបញ្ចប់ការងារ
ដោយ អ៊ុង សេរីវុទ្ធ
2016-03-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
រដ្ឋាភិបាលបង្ហាញសមាសភាពមន្ត្រីជាន់ខ្ពស់ ដែលនឹងត្រូវស្នើទៅរដ្ឋសភា ដើម្បីផ្លាស់ប្ដូរ និងដំឡើងតួនាទី រួមនឹងបញ្ចប់មុខងារពីការងារផងដែរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនា ថា សំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ជូនទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី១៦ ខែមីនា។
លិខិតនោះបន្តថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ត្រូវបញ្ចប់មុខងារតាមសំណើសាមីជន តែរក្សាមុខងារឲ្យលោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រីដដែល។
ចំណែករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងប្ដូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នឹងត្រូវដំឡើងឋានៈជាទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងប្ដូរទៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ដែលនឹងប្ដូរទៅជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍វិញ។
មួយវិញទៀត រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងប្ដូរទៅជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិញម្ដង។ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសលោក មិន ឃិន ដែលនឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន នឹងប្ដូរទៅជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយដាក់រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក វេង សាខុន ជំនួសមកវិញ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត នឹងត្រូវតែងតាំងជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
រីឯអតីតអភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី និងអតីតអភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈអតីតអភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកអតីតអភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផែង សុវិជ្ជនោ នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងនេះ ខណៈអនុប្រធានក្រុមការងារចុះជួយស្រុកគងពិសី លោក ជុំ វន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លិខិតដាច់ដោយឡែកទៀតរបស់លោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ មីនា ដើម្បីតែងតាំងអភិបាលខេត្តស្វាយរៀង លោក ជៀង អំ ជារដ្ឋលេខាធិការក្រសួងការពារជាតិ ហើយជំនួសតំណែងនេះដោយអភិបាលរងខេត្តស្វាយរៀងលោក ម៉ែន វិបុល។ ស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអ៊ួន ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងត្រូវជំនួសដោយអភិបាលរងខេត្តកំពង់ស្ពឺលោក វី សំណាង។ ចំណែកអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ស្នើជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងជំនួសដោយអភិបាលរងខេត្តបន្ទាយមានជ័យ លោក សួន បវរ វិញ។ ឯអភិបាលខេត្តកំពត លោក ខូយ ឃុនហ៊ួរ ក៏ស្នើជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ហើយដាក់អភិបាលរងខេត្តនេះ គឺលោក ចាន់ ចេស្ដា ជំនួសតំណែងនេះផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment