A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 19 March 2016
ពលរដ្ឋខ្មែរ-អាមេរិកាំងត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
ដោយ ជុន ច័ន្ទបុត្រ
2016-03-18
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
RFA/Brach Chev
ដំណឹងពីការចូលរួមក្នុងពិធីដង្ហែក្បួនវប្បធម៌ និងប្រពៃណីខ្មែរនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក របស់កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមុខអ្នកការដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា កំពុងធ្វើអោយមានការខ្វែងគំនិតគ្នាក្នុងចំណោមពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក។
មនុស្សមួយចំនួនគាំទ្រ តែភាគច្រើនប្រឆាំង។ អ្នកខ្លះទៀត ថែមទាំងប្រកាសថា ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងនឹងវត្តមានប្រតិភូនៃគណបក្សប្រជាជនកម្ពុជានេះ ដែលគ្រោងនឹងទៅដល់សហរដ្ឋអាមេរិក នៅពាក់កណ្ដាលខែមេសា ខាងមុខនេះផង។
បន្ទាប់ពីធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ កន្លងទៅ លើកនេះពលរដ្ឋខ្មែរអាមេរិកាំង ត្រៀមរៀបចំខ្លួនធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន វិញម្ដង។ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត និងក្រុមរបស់លោក មិនស័ក្ដិសមនឹងទទួលកិត្តិយសចូលរួមក្នុងពិធីដង្ហែក្បួនបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
អតីតគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ អ្នកស្រី ផាន់ ស៊ី ចាត់ទុកប្រតិភូរបស់គណបក្សប្រជាជននេះ ថាជាក្រុមបំផ្លាញជាតិ៖ «បំផ្លាញ... សំខាន់បំផ្លាញអត្តសញ្ញាណខ្មែរតែម្ដង។ គាត់ជាកូននាយករដ្ឋមន្ត្រី គាត់ជាមហាសេដ្ឋី តើគាត់បានឋានៈហ្នឹងបានមកពីណា? គឺគាត់បានមកពីហុតឈាមរាស្ត្រ ហុតឈាមរាស្ត្រខ្មែរដោយអំណាច ដោយអំណាចពាល មិនមែនអំណាចសុចរិតទេ។ អំណាចសម្លាប់ប្រជាជន ដែលអត់មានខុសអី គ្មានទោសអី សម្លាប់បាន ជាប់គុកបាន»។
ការប្រើអំណាចគាបសង្កត់ រំលោភបំពាន បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់សមត្ថកិច្ចនៃរដ្ឋាភិបាលដឹកនាំដោយឪពុករបស់លោក ហ៊ុន ម៉ាណែត ក៏ជាកត្តាសំខាន់មួយដែលអ្នកស្រី ផាន់ ស៊ី ពិបាកទទួលយកណាស់៖ «អ្នកតស៊ូខ្លាំងធ្វើបាតុកម្ម កម្មករធ្វើបាតុកម្មនៅវ៉េងស្រេង អ៊ីចឹងសម្លាប់ សម្លាប់ប្រជាជនត្រង់ហ្នឹង សម្លាប់អ្នកការពារព្រៃឈើដូចលោក ឈុត វុទ្ធី ដូចអីអ៊ីចឹង។ ប្រជាជនដែលតវ៉ាសុំទាមទារសិទ្ធិសេរីភាព ក៏ជាប់គុកដែរ ប្រជាជនរងទុក្ខវេទនាស្រែកយំនោះយំ រកម៉ែរកឪជួយ អត់មាននរណាជួយ»។
គណៈកម្មាធិការបុរីកម្ពុជា នៅក្រុងឡុងប៊ិច បានអញ្ជើញលោក ហ៊ុន ម៉ាណែត និងអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា គឺលោក គិត ម៉េង ព្រមទាំងអ្នកមានមុខមានមាត់មួយចំនួនទៀត អោយទៅចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅក្រុងឡុងប៊ិច។ ក្នុងពិធីនោះក៏នឹងមានការហែក្បួនព្យុហយាត្រាបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរផង។
ពលរដ្ឋខ្មែរមួយចំនួននៃក្រុងឡុងប៊ិច អះអាងថា ការអញ្ជើញនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់មនុស្សភាគច្រើននៃបុរីកម្ពុជា នៅក្រុងឡុងប៊ិចនេះទេ។ ពួកគាត់លើកឡើងថា នេះគឺជាការអែបអបយកមុខយកមាត់ពីសំណាក់អ្នកដែលបានប្រយោជន៍ ឬក៏ចង់បានប្រយោជន៍ពីទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ផ្ទុយពីការចង់បានរបស់មនុស្សភាគច្រើននៅក្រុងឡុងប៊ិច។
បុរសជាវិស្វករម្នាក់នៃក្រុងឡុងប៊ិច លោក សួន កុមារ ចោទថា អ្នកដែលផ្ដួចផ្ដើមអញ្ជើញលោក ហ៊ុន ម៉ាណែត នេះ គឺគ្មាននរណាក្រៅពីជនជាប់ចោទពីបទឆបោកប្រាក់ម្នាក់ ដែលត្រូវការបង្អែកពីអ្នកធំដើម្បីអោយបានជួយសម្រួលរឿងក្ដីនៅតុលាការស្រុកខ្មែរនោះតែប៉ុណ្ណោះ៖ «ក្នុងគម្រោងអញ្ជើញមកនេះ ខ្ញុំគិតថា បង្កើតដោយសារលោក រីច្ឆឺ សាន គាត់យកមនុស្សពីរនាក់ជាឈ្នាន់ ដើម្បីនឹងលាងមុខមាត់គាត់។ ពីព្រោះលោក រីច្ឆឺ សាន ឥឡូវកំពុងមានក្ដីនៅតុលាការស្រុកខ្មែរ ដូច្នេះគាត់ត្រូវការពឹងអ្នកអំណាចស្រុកខ្មែរ ដើម្បីនឹងជួយសម្រួលរឿងបញ្ហាដែលគាត់មាន។ ដូច្នេះគាត់ត្រូវតែតោងយកអ្នកណាមានអំណាចដែលធំ ដូច្នេះហើយអំណាចគឺកូនលោក ហ៊ុន សែន និង គិត ម៉េង ដូច្នេះគាត់នាំមកនេះ ដើម្បីនឹងនាំអោយមានមុខមាត់»។
កាលពីឆ្នាំ២០១២ លោក រីច្ឆឺ សាន ត្រូវបានស្ត្រីម្នាក់ដែលជាម្ចាស់គ្លីនិកព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ (Master Care Dental) អ្នកស្រី អេង លីគង់ ប្ដឹងពីបទឆបោកប្រាក់រាប់សែនដុល្លារសហរដ្ឋអាមេរិក។
លោក រីច្ឆឺ សាន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៤ តែក្រោយមក ដោយមានការជួយរត់ការពីសំណាក់គូកនរបស់គាត់ គឺលោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក រីច្ឆឺ សាន ក៏បាននៅក្រៅឃុំ ហើយបានចាកចេញពីកម្ពុជា តែក្រោយមក លោកបានត្រឡប់មកកម្ពុជាវិញ។ ទោះបីតុលាការបានដោះលែងលោក រីច្ឆឺ សាន ពីពន្ធនាគារក៏ដោយ ក៏លោកកំពុងឋិតនៅក្រោមការតាមដានរបស់តុលាការនៅឡើយ។
អ្នកស្រី អេង លីគង់ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការដែលលោក រីច្ឆឺ សាន មានទំនាក់ទំនងជាមួយកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ វាអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរក្តីនៅតុលាការរបស់អ្នកស្រី។ អ្នកស្រីថា ដោយសារលោក រីច្ឆឺ សាន ក៏បានបឹ្តងអ្នកស្រីពីរឿងបរិហារកេរ្តិ៍ដែរនោះ តុលាការអាចកាត់ក្តីឲ្យអ្នកស្រីចាញ់ ដោយសារតែចំហាយអំណាចដែលលោកទទួលបានពីទំនាក់ទំនងនេះ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក រីច្ឆឺ សាន តាមសារអេឡិចត្រូនិក និងតាមសារក្នុងគណនីហ្វេសប៊ុក របស់លោកជាច្រើនដង តែនៅមិនទាន់បានការឆ្លើយតបពីលោកនៅឡើយ។
អ្នកក្រុងឡុងប៊ិច ម្នាក់ទៀត គឺលោកចំណាប់ រិះគន់ថា ទាំងអ្នកអញ្ជើញ និងទាំងអ្នកដែលត្រូវគេអញ្ជើញ សុទ្ធតែធ្វើឡើងដើម្បីកេងចំណេញយកប្រយោជន៍តែរៀងខ្លួន មិនមែនធ្វើឡើងដោយសុទ្ធចិត្តក្នុងទិសដៅជួយលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរទេ៖ «នេះគឺជាការបង្ហាញនូវការរាតត្បាតនៅភាពនយោបាយរបស់គណបក្សខ្លួនឯង ដូច្នេះខ្ញុំឃើញទង្វើដែលត្រីងៀតឆ្លៀតពងនៅពេលបុណ្យចូលឆ្នាំខ្មែរ ហើយមានទាំងលោក រីច្ឆឺ សាន ដែលជាអ្នកបង្វិលនៅខេមស៊ីស៊ី និងខេមបូឌា ថោន (Cam CC and Cambodia Town) នេះគឺថា គាត់ធ្វើនេះគឺខុស ខុសនឹងអ្វីដែលជាគោលបំណងរបស់ខ្មែរទូទាំងឡុងប៊ិច គឺមានការពុះកញ្ជ្រោល ឈឺចាប់ត្រង់អ្វីដែលគាត់ធ្វើនេះ គឺធ្វើដើម្បីដែលបម្រើនូវកិច្ចការចំណេញផ្ទាល់ខ្លួនឯង»។
លោក ហ៊ុន ម៉ាណែត មិនទទួលយកការចោទប្រកាន់នេះទេ។ លោកមានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានថា ការចូលរួមរបស់លោកនេះ បង្ហាញពីការរួបរួមជនជាតិខ្មែរគ្រប់និន្នាការនយោបាយដើម្បីលើកតម្កើងវប្បធម៌ខ្មែរតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រឆាំងនឹងគម្រោងចូលរួមរបស់លោក ហ៊ុន ម៉ាណែត មិនជឿសម្ដីលោក ហ៊ុន ម៉ាណែត ឡើយ។ ពលរដ្ឋខ្មែរនៅក្រុងឡុងប៊ិច ម្នាក់ទៀត អ្នកស្រី ម៉ម សាឡែន មានប្រសាសន៍ថា កន្លងមកអ្នកស្រីធ្លាប់ឃើញក្រុមនេះតែងតែឆក់ឱកាសក្នុងការឃោសនានយោបាយអូសទាញ និងបំបែកបំបាក់សហគមន៍ខ្មែរទៅវិញទេ។
អ្នកស្រី ម៉ម សាឡែន៖ «ពួកគេហ្នឹងធ្លាប់មកភូតកុហក ទៅនិយាយនៅស្រុកបារាំង។ យើងឃើញហើយ ខ្ញុំក៏បានធ្លាប់លឺដែរគេថា គេយកប្រើកលល្បិចដើម្បីពង្រីកអំណាចផ្ដាច់ការរបស់គេ។ ឥឡូវហ្នឹងគេចង់មកស្រុកអាមេរិកនេះទៀត នៅក្នុងពិធីដែលយើងធ្វើនៅពេលចូលឆ្នាំហ្នឹង គឺគេចង់ឆក់យកឆ្លៀតឱកាស ដែលខ្មែរជួបជុំគ្នាហ្នឹង គេមកពង្រីកគោលនយោបាយរបស់គេនៅស្រុកយើងនេះ។ យើងមិនចូលចិត្ត មិនចង់ដឹង ចង់ឮរឿងនយោបាយអី ពួកបក្សកុម្មុយនិស្តដែលមករាតត្បាតនៅស្រុកនេះទេ»។
គឺដោយយល់បែបនេះហើយ បានជាពួកគាត់តាំងចិត្តថា នឹងបាតុកម្មជាប្រចាំចាប់ពីពេលនេះតទៅ នៅមុខសាលាក្រុងឡុងប៊ិច ដើម្បីទាមទារកុំអោយលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីនេះ។ ពួកគាត់ក៏ថា នឹងធ្វើ ហើយថានឹងធ្វើបាតុកម្មទ្រង់ទ្រាយធំតែម្ដងប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំនោះ។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ លោក ហ៊ុន ម៉ាណែត នៅរក្សាភាពប្រុងប្រយ័ត្នក្នុងការមានប្រតិកម្មតបតទៅអ្នកក្រុងឡុងប៊ិច និងពលរដ្ឋខ្មែរ-អាមេរិកាំង ដទៃទៀតដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក។ ខុសពីឪពុករបស់លោកដែលតែងប្រើប្រាស់ល្បិច "យកបន្លាជោះបន្លា" ដើម្បីគំរាមកំហែងតបទៅវិញ ដូចជាពន្យុះក្រុមយុវជនស៊ីឈ្នួលអោយធ្វើបាតុកម្មប្រឆាំងនឹងអ្នកនយោបាយនៅឯក្នុងស្រុកខ្មែរឯណេះ ពេលមានបាតុកម្មប្រឆាំងនឹងលោកនៅក្រៅប្រទេសម្តងៗនោះ លោក ហ៊ុន ម៉ាណែត ប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ជាង។
លោកបានអំពាវនាវដល់អ្នករៀបចំកម្មវិធីព្យុហយាត្រាវប្បធម៌ប្រពៃណីខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ អោយអញ្ជើញតំណាងពីខាងគណបក្សសង្គ្រោះជាតិ ចូលរួមផង ដើម្បីជាការបង្ហាញសាមគ្គីភាពរវាងខ្មែរនឹងខ្មែរ ទោះបីជាប្រកាន់និន្នាការនយោបាយណាក៏ដោយ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៧ ខែមីនា ថា គណបក្សមិនទាន់ទទួលបានលិខិតអញ្ជើញជាផ្លូវការណាមួយនៅឡើយទេ គឺដឹងពីគម្រោងអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត តាមតែព័ត៌មានចុះផ្សាយ។ លោកបញ្ជាក់ថា ការអញ្ជើញចូលរួមពិធីចូលឆ្នាំរួមគ្នានេះ ជាកាយវិការល្អមួយ ដើម្បីបង្ហាញពីការរូបរួមគ្នាពីគ្រប់ភាគី ពិសេសលោកចង់ឲ្យស្ថានការណ៍វិលដូចឆ្នាំ២០១៥ វិញ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានចូលរួមពិធីចូលឆ្នាំ និងចូលរួមពិធីអង្គរសង្ក្រាន្តរួមគ្នានៅខេត្តសៀមរាប នោះ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា ប្រសិនបើមានការអញ្ជើញមែននោះ គណៈកម្មការអចិន្ត្រៃយ៍គណបក្សនឹងពិចារណាពីករណីនេះ។ ប៉ុន្តែលោកលើកឡើងថា បើសិនជាសមាជិកគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន ម៉ាណែត ទៅចូលឆ្នាំខ្មែររួមគ្នានៅទីក្រុងឡុងប៊ិច មែន ក៏វាគ្មានន័យអ្វីទេ នៅពេលដែលមេដឹកនាំគណបក្សទាំងពីរនៅក្នុងស្រុកនៅមិនទាន់រូបរួមគ្នាដដែលនោះ។ លោកចង់ឲ្យតំណាងគណបក្សទាំងពីររូបរួមគ្នាទាំងនៅក្នុងស្រុក និងក្រៅស្រុក៕
Subscribe to:
Post Comments (Atom)
2 comments:
យើងនឺងធ្វើបាតុកម្មយា៉ងធំ ដេញក្បាលពួកព្រាយបក្សប្រជាជន កូនផ្ដាច់ការនឺអជាមេឃាដកណ៏ហុ៊នសែន មិនអោយជាន់ដីអាមេរិកពួកខ្មែរក្រហម នឺងជាកញ្ជះយួន ។
This clown carries the stars that don't belong to him.
Post a Comment