ដោយ ម៉ម មុនីរតន៍
2015-07-29 rfa
ប្រធានផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្ដាយចំពោះប្រតិកម្មរបស់គណៈមេធាវី ដែលចាត់ទុកថា សមាគមអាដហុក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានធ្វើឲ្យមេធាវីត្រូវបាត់បង់ភាពឯករាជ្យ ក្នុងការបំពេញកិច្ចការរបស់ខ្លួន។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍មួយក្រោយពីទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលបម្រើការឲ្យសមាគមអាដហុក នេះ។
ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមអាដហុក ច្រានចោលបទអន្តរាគមន៍របស់គណៈមេធាវីនេះ ដោយចាត់ទុកថា ជាការអនុវត្តដែលនាំឲ្យមានបញ្ហាទៅវិញទេ ជាពិសេសសមាគមអាដហុក យល់យ៉ាងច្បាស់ពីប្រព័ន្ធច្បាប់ ហើយថែមទាំងពុំអាចទៅបំពានក្នុងតួនាទីរបស់ស្ថាប័នដែលបានបណ្ដុះបណ្ដាលច្បាប់នេះថែមទៀតផង។
ការបង្ហាញជំហររបស់មន្ត្រីនៃសមាគមអាដហុក នៅពេលនេះ ធ្វើឡើងក្រោយពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅនេះ។ លិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន គណៈមេធាវីចាត់ទុកថា ជាការបង្គាប់បញ្ជារបស់ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក នៅពេលនេះ ដែលតម្រូវឲ្យមេធាវីប្រគល់សំណុំរឿងដើម្បីយកទៅពិនិត្យ គឺជាការរំលោភបំពានលើឯករាជ្យនៃវិជ្ជាជីវៈ និងជាការបង្ខំឲ្យមេធាវីបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។ មូលហេតុដែលជំរុញឲ្យគណៈមេធាវីចេញលិខិតអន្តរាគមន៍នៅពេលនេះ បន្ទាប់ពីស្ថាប័នមួយនេះទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលកំពុងបម្រើការនៅក្នុងសមាគមអាដហុក បានប្ដឹងពីសមាគមនេះ ថាបានរំលោភលើវិជ្ជាជីវៈមេធាវីទៅគណៈមេធាវី កាលពីថ្ងៃទី៦ កក្កដា កន្លងទៅ។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានបំភ្លឺនៅថ្ងៃទី២៩ កក្កដា ថា សមាគមអាដហុក បានបំពេញកិច្ចការលើប្រព័ន្ធច្បាប់នេះអស់ពេលជាង ២០ឆ្នាំមកហើយ។ ហេតុនេះ លោកអះអាងថា សមាគមអាដហុក ពុំដែលបានប្រើប្រាស់សិទ្ធិណាមួយរំលោភទៅលើសិទ្ធិរបស់មេធាវី ទោះក្នុងពេលបំពេញវិជ្ជាជីវៈក្រៅពីកិច្ចការគ្រប់គ្រងដោយរដ្ឋាភិបាលឡើយ។ បន្ថែមពីលើនេះទៀត អ្វីដែលសមាគមអាដហុក ស្នើសុំឯកសារ ឬលិខិតស្នាមពីមេធាវីនោះ គឺជារបាយការណ៍នៃបេសកកម្មក្នុងពេលចុះបំពេញកិច្ចការ ដើម្បីទុកទូទាត់ការចំណាយវិញប៉ុណ្ណោះ។ លោកបន្តថា «សមាគមអាដហុក ត្រូវតែតម្រូវឲ្យមេធាវីទាំងអស់ហ្នឹង យកឯកសារដែលខ្លួនការពារហ្នឹងយកមករក្សាទុកនៅស្នាក់ការកណ្ដាលសមាគមអាដហុក បើសិនជាមេធាវីនៅស្នាក់ការកណ្ដាលអាដហុក។ បើមេធាវីនៅខេត្ត ត្រូវតែរក្សានៅក្នុងស្នាក់ការខេត្តរបស់សមាគមអាដហុក។ ការដែលយើងឲ្យយកឯកសាររក្សាទុកបែបបទរដ្ឋាភិបាល មិនមែនជាការជ្រៀតជ្រែកទៅនឹងវិជ្ជាជីវៈមេធាវីទេ»។
លោក នី ចរិយា បន្ថែមថា មូលហេតុដែលនាំឲ្យមានវិវាទនេះឡើង ប្រហែលជាកើតចេញពីការមិនសប្បាយចិត្តរបស់មេធាវីណាមួយ ដែលកំពុងបម្រើការឲ្យសមាគមអាដហុក ហើយប្ដឹងទៅគណៈមេធាវីតែម្ដងហើយមើលទៅ។ បើទោះជាបែបណា លោក នី ចរិយា បញ្ជាក់ថា សមាគមអាដហុក នឹងចេញលិខិតបំភ្លឺមួយជុំវិញរឿងនេះ ទៅគណៈមេធាវីវិញក្នុងពេលឆាប់ៗនេះ។ យ៉ាងណា លោកបង្ហាញការសោកស្ដាយដែលគណៈមេធាវី ធ្វើលិខិតអន្តរាគមន៍បែបនេះដោយប្រញាប់ប្រញាល់ ពុំបានពិគ្រោះយោបល់ជាមុនជាមួយសមាគមអាដហុក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ប៊ុន ហុន ប្រធានគណៈមេធាវីដើម្បីសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃទី២៩ កក្កដា។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) ថ្លែងថា ប្រសិនបើសមាគមអាដហុក បានប្រើប្រាស់សិទ្ធិបំពានលើការបំពេញកិច្ចការរបស់មេធាវីនោះ ចាត់ទុកថា គឺជាការរំលោភលើវិជ្ជាជីវៈ និងកិច្ចការសម្ងាត់របស់មេធាវី ក៏ប៉ុន្តែប្រសិនបើសមាគមអាដហុក គ្រាន់តែត្រួតពិនិត្យទៅលើកិច្ចការរដ្ឋបាល បានន័យថា គណៈមេធាវីកំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងនៃស្ថាប័នមួយនេះហើយ។ លោកបន្តថា «បើសិនជាគាត់និយាយទៅដល់វិធានការគ្រប់គ្រងផ្នែករដ្ឋបាលរបស់ស្ថាប័នមួយ ទៅលើមេធាវីខុសពីវិជ្ជាជីវៈមេធាវី អាហ្នឹងគឺជារំលោភទៅលើសមត្ថកិច្ចស្ថាប័នគេហើយ»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលកត់សម្គាល់ថា ក្រុមអ្នកតស៊ូមតិក្នុងដំណាក់កាលចុងក្រោយនេះ កំពុងត្រូវបានរឹតត្បិតសិទ្ធិសេរីភាពតាមរយៈប្រព័ន្ធច្បាប់ដ៏ចង្អៀត។ អ្នកនយោបាយបក្សប្រឆាំង ត្រូវបានគេប្រើប្រាស់ប្រព័ន្ធតុលាការចាប់កំហុស។ ដោយឡែកអង្គការ សមាគម និងសហជីពវិញ ត្រូវបានរារាំងដោយលក្ខខណ្ឌនៃច្បាប់មួយចំនួនក្នុងការសម្ដែងមតិ៕
No comments:
Post a Comment