2015-07-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទពាណិជ្ជកម្ម នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ តុលា ២០១៤។
RFA
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា នេះ បានផ្ញើលិខិតជូនប្រធានរដ្ឋសភា ជាការឆ្លើយតបនឹងសំណើរបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ កន្លងមក ដែលស្នើសុំរដ្ឋាភិបាលលើកយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសវៀតណាម ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លិខិតចុះហត្ថលេខាកាលពីថ្ងៃ២៤ ខែកក្កដា របស់លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាព្រំដែនត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជាប្រចាំ ក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុម និងគណបក្សរបស់ពួកគេ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីឆ្លើយតបនឹងសំណើរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យដឹងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយម្ដងណាឡើយចំពោះរាល់បញ្ហាព្រំដែនដែលកើតមានឡើងតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលបានធ្វើលិខិតផ្លូវការ និងបានចេញកំណត់ការទូតតវ៉ាទៅភាគីវៀតណាម ជាច្រើនលើក។
លើសពីនេះទៀត នៅថ្ងៃទី៦ ខែកក្កដា និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្នើទៅអង្គការសហប្រជាជាតិ និងទៅប្រទេសមហាអំណាច បារាំង អាមេរិក និងអង់គ្លេស សុំខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជា ប្រគល់ឲ្យអន្តរជាតិទទួលស្គាល់ព្រំដែនរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ១៩៦៤ ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយផែនទីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់។
តបទៅនឹងលិខិតនោះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសកម្មក្នុងការតវ៉ាអំពីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ថ្លែងថា រដ្ឋាភិបាលហាក់បន្ទន់ឥរិយាបថខ្លាំងក្នុងបញ្ហាព្រំដែនជាមួយវៀតណាម ជាងបញ្ហាព្រំដែនជាមួយថៃ។ លោកបន្តថា អស់រយៈពេល ៣៦ឆ្នាំហើយ បញ្ហាព្រំដែនមិនគួរនៅតែជាកម្មវត្ថុដែលត្រូវគោរពដឹងគុណវៀតណាម ដោយសារការចូលឈ្លានពានប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហមទៀតនោះទេ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា និងវៀតណាម បានបោះបង្គោល និងកំណត់ខ្សែព្រំដែន បានប្រមាណ ៨៣% ហើយ៕
1 comment:
Did this stern face traitor dare to embarrass his patron Yuon ? he will be roast for a party soon, if he act in the demand of Khmer people period.
Post a Comment