A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 30 July 2015

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ

ដោយ ទីន ហ្សាការីយ៉ា
2015-07-29

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani)។
Photo courtesy of UN.org

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចេញ​សេចក្ដី​បំភ្លឺ​ប្រតិកម្ម​ចំពោះ​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani) ដែល​អ្នកស្រី​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ដំណើរ​ការ​កាត់​សេចក្ដី​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់ ថា​តុលាការ​មិន​ឯករាជ្យ។

សេចក្ដី​បំភ្លឺ​នេះ​អះអាង​ថា អ្នកស្រី រ៉ាវីណា ហ្សាំសាដានី បាន​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​កំពុង​បំពាន​ទាំង​កំរោល​លើ​គោលការណ៍​នីតិរដ្ឋ និង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​យល់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ជាពិសេស​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​ចូល​យ៉ាង​ជ្រៅ​រំលោភ​លើ​នីតិវិធី ពីព្រោះ​រាល់​ការ​អនុម័ត​ច្បាប់​របស់​កម្ពុជា ត្រូវ​ធ្វើ​ឡើង​ដោយ​រដ្ឋសភា ព្រឹទ្ធសភា និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះមហាក្សត្រ។



ទាក់ទង​តុលាការ​ផ្ដន្ទាទោស​សកម្មជន ១១​នាក់​វិញ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សម្ដែង​ការ​សោកស្ដាយ​បំផុត​របស់​អ្នកស្រី ដែល​បង្ហាញ​ឥរិយាបថ​គាំទ្រ​ជនល្មើស​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ព្រោះ​ថា ការ​សម្រេច​ផ្ដន្ទាទោស​នេះ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ និង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិន​មាន​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ឡើយ។

ការ​ចេញ​ប្រតិកម្ម​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នេះ គឺ​នៅ​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង ១១​នាក់ ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ឯករាជ​ភាព​នៃ​តុលាការ​កម្ពុជា។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ អ្នកស្រី​លើក​ឡើង​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ដំណើរ​ការ​កាត់​ក្ដី​សកម្មជន​ទាំង​នោះ។ អ្នកស្រី​បាន​អំពាវនាវ​ថា ប្រសិន​បើ​មាន​ការ​ប្ដឹង​ឧទ្ធរណ៍​ពី​សំណាក់​ជន​ជាប់​ចោទ​ទាំង ១១​នាក់​នោះ ដំណើរ​ការ​កាត់​ក្ដី​នោះ​ត្រូវ​តែ​មាន​ការ​កែ​តម្រូវ និង​បង្ហាញ​ពី​ឯករាជ្យ​របស់​តុលាការ។

ក្រៅ​ពី​នេះ​ទៀត អ្នកស្រី​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​ឯក​បក្ស​បាន​អនុម័ត​នោះ៕

No comments: