2015-07-29
អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣។
RFA/Sochivy
|
អាជ្ញាធរបង្ហាញការប្ដេជ្ញាជាថ្មីក្នុងការតាមចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់រះលើកម្មករឲ្យរបួសកាលពីដើមឆ្នាំ២០១២ ដើម្បីឲ្យមកទទួលទោសតាមច្បាប់។
ការប្ដេជ្ញាជាថ្មីរបស់អាជ្ញាធរពេលនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ជាទូទៅថា អាជ្ញាធរបានព្រងើយកន្តើយចំពោះករណីលោក ឈូក បណ្ឌិត។ ចំណែកមន្ត្រីការពារសិទ្ធិមនុស្សវិញ លើកឡើងថា អាជ្ញាធរមិនគួរប្ដេជ្ញាតែមាត់ទទេនោះទេ តែគួរចាប់លោក ឈូក បណ្ឌិត ឲ្យបានដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ។
ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដុតដៃដុតជើងក្នុងការស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ នេះគឺជាការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្វើឡើងនៅក្នុងវីដូអេប្រមាណជិត ៥នាទី ដែលត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា កន្លងមកក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានធ្វេសប្រហែស ឬបន្ធូរដៃក្នុងស្រាវជ្រាវស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។ ក្នុងពេលជាមួយគ្នា លោកថា អាជ្ញាធរកម្ពុជា ក៏បានបង្កើនវិធានការបន្ថែមក្នុងការស្វែងរកលោក ឈូក បណ្ឌិត។
លោកថា ក្នុងពេលចុងក្រោយនេះ កម្ពុជាបានស្នើទៅអគ្គលេខាធិការអង្គការនគរបាលអន្តរជាតិ ឬហៅថា អាំង ទែប៉ូល (Inter Pol) ដើម្បីចេញនិវេទន៍ក្រហមក្នុងការចាប់បញ្ជូនខ្លួនលោក ឈូក បណ្ឌិត។
លោកថា និវេទន៍ក្រហមនេះ ត្រូវបានកម្ពុជា ផ្ញើទៅកាន់ប្រទេសជាង ១៩០នៅលើពិភពលោក ដើម្បីឲ្យកងកម្លាំងនគរបាលក្នុងប្រទេសទាំងនោះ មានភារកិច្ចចាប់ខ្លួនលោក ឈូក បណ្ឌិត ប្រគល់ឲ្យអាជ្ញាធរកម្ពុជា វិញ៖ «រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានរំលឹកជាបន្តបន្ទាប់ ហើយឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត្រ សាវឿន ក៏បានធ្វើការក្រើនរំលឹកជាបន្តបន្ទាប់ និងបានប្រគល់ភារកិច្ចច្បាស់លាស់ឲ្យនាយកដ្ឋានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន ឈូក បណ្ឌិត មកផ្ដន្ទាទោសឲ្យបាន ដោយសារតែកន្លងមកនេះ ការចាប់ខ្លួនចេះតែឃ្វាង ហើយគេចផុត»។
ក្រោយពីបានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រកាត់ដេរក្នុងក្រុងបាវិត ចំនួន ៣នាក់ រងបួស កាលពីចុងខែកុម្ភៈ ឆ្នាំ២០១២ នៅខែមិថុនា ឆ្នាំ២០១៣ លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារចំនួន ១៨ខែ ប៉ុន្តែចាប់តាំងពីមានការកាត់ទោសនោះមក លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ។
ការយឺតយ៉ាវក្នុងការចាប់ខ្លួនលោក ឈូក បណ្ឌិត ដែលគេដឹងគ្រប់គ្នាថា បុគ្គលរូបនេះមានខ្សែរយៈធ្វើការធំក្នុងជួររដ្ឋាភិបាលនេះ បានធ្វើឲ្យពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ រិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមនុស្សមួយចំនួនចាត់ទុកថា មានឥទ្ធិពលដូចទេវតា និងជាមនុស្សខ្លាំងនៅកម្ពុជា នោះ ក៏មិនបានថ្លែងសូម្បីមួយម៉ាត់ក្នុងករណីលោក ឈូក បណ្ឌិត នេះ។
គេនៅចាំបានថា កន្លងមកឲ្យតែលោក ហ៊ុន សែន ថ្លែងឲ្យចាប់ខ្លួនជនណាម្នាក់ឲ្យបាន គេកម្រឃើញថា ជននោះរួចខ្លួនណាស់ មិនថា ពួកគេរត់ទៅដល់ទីណានោះទេ ក្នុងនោះមានដូចជាអតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ លោក ថោង សារ៉ាត់ និងលោក សុខ ប៊ុន ជាដើម។
កាលពីពេលថ្មីៗនេះ កម្មការិនីរងគ្រោះទាំង ៣នាក់ ក៏បានអំពាវនាវទៅលោក ហ៊ុន សែន ឲ្យស្រែកចាប់ខ្លួនលោក ឈូក បណ្ឌិត ដូចដែលលោកបានស្រែកឲ្យចាប់ខ្លួនលោក សុខ ប៊ុន ក្នុងករណីប្រើហិង្សាទៅលើអតីតពិធីការិនីរូបស្រស់ គឺកញ្ញា សាសា។ កម្មការិនីរងគ្រោះលើកឡើងថា ករណីរបស់ពួកគេធ្ងន់ធ្ងរជាងកញ្ញា សាសា ទៅទៀត តែបែរជាលោក ហ៊ុន សែន មិនសូវយកចិត្តទុកដាក់ទៅវិញ។ យ៉ាងណាក៏ដោយ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា អាជ្ញាធរនឹងធ្វើការរឿងលោក ឈូក បណ្ឌិត ឲ្យដល់ទីបញ្ចប់។
ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត វិញ យល់ឃើញថា ការថ្លែងប្ដេជ្ញារបស់រដ្ឋាភិបាលជាថ្មី គឺដោយសារតែមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានទទួលនូវការរិះគន់ធ្ងន់ធ្ងរពីសំណាក់មហាជនទូទៅចំពោះការចាប់ខ្លួនលោក ឈូក បណ្ឌិត បើធៀបទៅនឹងលោក សុខ ប៊ុន ឬលោក ថោង សារ៉ាត់។
យ៉ាងណាក៏ដោយ លោក អំ សំអាត ហាក់មានជំនឿតិចតួចនៅឡើយចំពោះការចាប់ខ្លួនលោក ឈូក បណ្ឌិត ព្រោះលោកថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរបានបង្ហាញការប្ដេជ្ញារបស់ខ្លួនបែបនេះ៖ «បើសិនជាឆន្ទៈពិតប្រាកដក្នុងការស្វែងចាប់ វាអាចធ្វើទៅបាន ប៉ុន្តែបើគ្រាន់តែសេចក្ដីប្រកាសដើម្បីប្រជាភិថុតិ គឺលោក ឈូក បណ្ឌិត នៅតែក្រៅច្បាប់»។
លោក អំ សំអាត ជឿជាក់ថា ករណីលោក ឈូក បណ្ឌិត នេះ ប្រសិនបើលោក ហ៊ុន សែន ចេញបទបញ្ជាឲ្យចាប់ខ្លួនមែននោះ លោក ឈូក បណ្ឌិត នឹងមិនអាចរួចខ្លួនឡើយ។ យ៉ាងណាក៏ដោយ លោកថា សមត្ថកិច្ចត្រូវអនុវត្តភារកិច្ចរបស់ខ្លួន គឺមិនមែនរង់ចាំរហូតដល់នាយករដ្ឋមន្ត្រីចេញបញ្ជាទើបធ្វើការនោះទេ៕
1 comment:
How many time this authority promise and said this ? could any one count it for Khmer media hear please .
Post a Comment