ដោយ អ៊ុំ រង្សី
2015-05-29 rfa
2015-05-29 rfa
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានលើកឡើងថា វាហួសពេលហើយដែលសង្គមស៊ីវិលស្នើរដ្ឋាភិបាល ទុកពេលពិភាក្សាជុំវិញសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការសង្គមស៊ីវិល ព្រោះដំណាក់កាលនេះ រដ្ឋាភិបាលកំពុងបោះជំហានទៅមុខ នឹងអាចឈានទៅរកការអនុម័តច្បាប់នាពេលឆាប់ៗ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ស្នើឲ្យសង្គមស៊ីវិលលើកយកចំណុចខ្វះខាតជុំវិញច្បាប់នេះ ដាក់ជូនសភាដើម្បីពិភាក្សាដេញដោលបន្ថែមទៀត។
ការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទៅកាន់អង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទទូចឲ្យរដ្ឋាភិបាលទុកពេលវេលាពិគ្រោះយោបល់ ជុំវិញសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មុននឹងដាក់ជូនសភាអនុម័ត។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ កន្លងមកធ្លាប់បានពិគ្រោះយោបល់ច្រើនលើកច្រើនសាហើយពីអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ពិសេសសង្គមស៊ីវិល។ លោកបន្តថា មកដល់ពេលនេះមិនអាចបោះជំហានដើរថយក្រោយឡើយ ព្រោះវាឈានដល់ការប្រជុំពិនិត្យនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តឲ្យច្បាប់នេះលេចចេញជារូបរាង។
លោក ទិត្យ សុធា បានលើកឡើងទៀតថា ប្រសិនបើសង្គមស៊ីវិលមួយចំនួនមិនពេញចិត្តត្រង់ចំណុចណាមួយ អាចលើកយកចំណុចខ្វះខាតទាំងនោះដាក់ជូនសភា ដើម្បីពិភាក្សាដេញដោលលើច្បាប់នេះពីសេចក្តីត្រូវការរបស់ខ្លួន៖ «យើងមានសមាជិកសភាជាតំណាងប្រជាពលរដ្ឋទូទាំងប្រទេស។ ដូច្នេះ សង្គមស៊ីវិលអាចលើកយកចំណុចរបស់ខ្លួនដែលគិតថាខ្វះខាតណាមួយ អាចដាក់ទៅកាន់សភាទៅ មិនមានមករាំងស្ទះដំណើររបស់រដ្ឋាភិបាល នៅក្នុងដំណាក់កាលនេះនោះទេ»។
មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានដាក់ការសង្ស័យថា ការលើកឡើងរបស់សង្គមស៊ីវិលនៅពេលនេះ គ្រាន់តែដើម្បីកេងចំណេញផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ហើយចាត់ទុកថា ជារឿងមិនសមរម្យ៖ «អង្គការសង្គមស៊ីវិលមួយចំនួន ហាក់ដូចជាយកសេចក្តីព្រាងច្បាប់នេះដើម្បីកេងផលប្រយោជន៍របស់ខ្លួន ហើយកំពុងតែធ្វើព្យុះធ្វើភ្លៀងឲ្យទៅជាបញ្ហាធ្ងន់ធ្ងរទៅវិញ»។
ទោះជាយ៉ាងណា នៅក្នុងសន្និសីទកាសែតស្ដីពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល នៅថ្ងៃសុក្រ ទី២៩ ខែឧសភា សង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិរិះគន់ថា ច្បាប់នេះមិនមានតម្លាភាព មានការរឹតត្បិតសិទ្ធិសេរីភាព នឹងអាចឲ្យលទ្ធិប្រជាធិបតេយ្យកម្ពុជា ដើរថយក្រោយ។
សង្គមស៊ីវិលដែលមានវត្តមាននៅក្នុងសន្និសីទកាសែតនោះ ស្នើឲ្យរដ្ឋាភិបាលបើកទូលាយពិគ្រោះយោបល់ កែសម្រួលជាសាធារណៈ មុននឹងអនុម័តចេញជាច្បាប់ ព្រោះសង្គមស៊ីវិលយល់ថា មានមាត្រាមួយចំនួននៅក្នុងច្បាប់នេះ ពុំមានការពន្យល់បានច្បាស់នៅឡើយ។ តួយ៉ាងមានចំណុចសំខាន់៣ ដែលពួកគេស្នើ គឺទី១ កំណត់និយមន័យស្ដីពីការទទួល និងការបដិសេធនៃការចុះបញ្ជីរបស់សង្គមស៊ីវិលឲ្យបានច្បាស់លាស់។ ចំណុចទី២ ច្បាប់នេះបានតម្រូវឲ្យអង្គការត្រូវមានកញ្ចប់ថវិកាសម្រាប់ចំណាយថ្លៃរដ្ឋបាល រួមទាំងប្រាក់ខែបុគ្គលិកមិនឲ្យលើស ២៥% នៃកញ្ចប់ថវិកាសរុប។ រីឯចំណុចសំខាន់ទី៣ នោះ បានកំណត់ថា អង្គការសមាគមនៅមូលដ្ឋាន ត្រូវផ្ដល់ព័ត៌មានលាយលក្ខណ៍អក្សរ ដូចជាគម្រោងគោលដៅ និងកម្មវិធីរបស់ខ្លួនទៅឲ្យអាជ្ញាធរមូលដ្ឋាន ដោយធ្វើការបម្រើប្រយោជន៍ក្នុងមូលដ្ឋាន។ បញ្ហាទាំងអស់នេះ សង្គមស៊ីវិលយល់ថា ធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពការងាររបស់ពួកគេ៕
No comments:
Post a Comment