ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ រស់នៅជិតតំបន់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី អះអាងថា រណ្ដៅដាំដើមកាហ្វេរាប់រយរណ្ដៅត្រូវបានពលរដ្ឋវៀតណាម ជីករួចស្រេចនៅជាប់នឹងស្រះដែលពួកគេជីកក្នុងតំបន់ព្រំដែនហាមឃាត់នៃប្រទេសទាំងពីរ។ អ្នកភូមិបារម្ភថា ប្រសិនសមត្ថកិច្ចព្រំដែនខ្មែរមិនយកចិត្តទុកដាក់ទប់ស្កាត់ទេ ពលរដ្ឋវៀតណាម នឹងបន្តដាំដើមកាហ្វេក្នុងតំបន់ប្រទាញប្រទង់គ្នានេះថែមទៀត។
ប្រជាពលរដ្ឋខ្មែររស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពាវនាវសុំឲ្យតម្រួតព្រំដែនខ្មែរឃ្លាំមើលឲ្យដិតដល់ខ្លាចក្រែងពលរដ្ឋវៀតណាម បន្តរំលោភបំពានតំបន់ព្រំដែនហាមប៉ះពាល់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតំណាងអ្នកភូមិបីនាក់នៅព្រឹកថ្ងៃទី២៨ ខែឧសភា បានធ្វើដំណើរទៅពិនិត្យមើលស្រះទឹកដែលពលរដ្ឋវៀតណាម បានជីកនៅតំបន់សតាមព្រំដែនប្រទេសទាំងពីរ ហើយបានប្រទះឃើញរណ្ដៅជម្រៅ ១ម៉ែត្របួនជ្រុងរាប់រយរណ្ដៅដែលគេជីករួចស្រេចក្នុងបំណងដាំដើមកាហ្វេនៅពេលខាងមុខនេះ។
តំណាងអ្នកភូមិ លោក សេវ ស្វាន មានប្រសាសន៍បញ្ជាក់ថា នៅតំបន់ព្រំដែនប្រទាញប្រទង់រវាងកម្ពុជា និងវៀតណាម នៅចន្លោះប៉ុស្តិ៍ការពារព្រំដែនភូមិឡំ និងប៉ុស្តិ៍ភ្នំក្រហម ពលរដ្ឋវៀតណាម កំពុងត្រៀមដាំដើមកាហ្វេក្បែរស្រះដែលពួកគេជីកក្នុងតំបន់ស ហេតុនេះអ្នកភូមិបារម្ភថា បើគ្មានការត្រួតពិនិត្យទេ យុទ្ធសាស្ត្រពង្រីកទឹកដីរបស់ពលរដ្ឋវៀតណាម នឹងធ្វើឲ្យបាត់បង់ដីខ្មែរនៅតំបន់នោះ៖ «គេពង្រីកមកដល់ច្រប់ គេកាប់ដាំកាហ្វេកន្លែងហ្នឹង គេដាំកាហ្វេហើយគេយកដីហ្នឹងសង្ស័យដីគេហើយ។ ព្រួយបារម្ភហ្នឹងហើយ យូរៗគេថាដីគេ»។
កាលពីដើមសប្ដាហ៍ តម្រួតព្រំដែនខ្មែរនៅស្រុកអូរយ៉ាដាវ មានការភ្ញាក់ផ្អើលបន្ទាប់ពីដើរល្បាតតាមបន្ទាត់ព្រំដែន ហើយប្រទះឃើញស្រះទឹកធំៗ យ៉ាងហោចណាស់ ៥ ត្រូវបានភាគីវៀតណាម ជីករួចស្រេចនៅលើចំណុចសដែលភាគីប្រទេសទាំងពីឯកភាពគ្នាចាត់ទុកជាតំបន់ហាមប៉ះពាល់។
ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែន លោក ហេង រតនា មានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីមានការរំលោភនេះតម្រួតព្រំដែនត្រូវបានចាត់ឲ្យល្បាតនៅតំបន់នោះជាប្រចាំមិនឲ្យកើតមានព្រឹត្តិការណ៍រំលោភថ្មីទៀតបានទេ។
លោកថា តម្រួតព្រំដែនខ្មែរនៅចំណុចមានទំនាស់បានជួបប្រជុំនឹងតម្រួតព្រំដែនវៀតណាម រួចហើយ ដើម្បីផ្ដល់ព័ត៌មានការរំលោភនេះ។ ចំណែកភាគីវៀតណាម អះអាងថា នឹងធ្វើរបាយការណ៍ជូនថ្នាក់លើរបស់ពួកគេដោះស្រាយ៖ «ប៉ុស្តិ៍នេះនិងប៉ុស្តិ៍ភ្នំក្រហម គឺសហការគ្នាល្បាតឃើញស្អីដកហ្នឹង អត់ឲ្យប៉ះពាល់ទៀតទេ។ ទៅប្រជុំខាងប៉ុស្តិ៍វៀតណាម ដែលគេកាន់ការនៅហ្នឹងផ្ទាល់ហើយ ឥឡូវរង់ចាំបទបញ្ជាថ្នាក់លើគាត់ឲ្យដោះស្រាយ ក៏ប៉ុន្តែធ្វើបន្ត គឺការពារដាច់ខាត»។
ដូចគ្នានេះដែរ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ និងគណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនរួចហើយ។
លោកថា ក្រុមការងារថ្នាក់ជាតិនឹងចុះមកពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ហើយទំនងកំណត់ការទូតមួយនឹងត្រូវធ្វើឡើងរួមជាមួយការទាមទារឲ្យភាគីវៀតណាម លុបស្រះនោះវិញ៖ «វរៈព្រំដែនគេបានហាមឃាត់ហើយ លោកឧបនាយករដ្ឋមន្ត្រីនៅក្រសួងមហាផ្ទៃ នឹងពិភាក្សាខាងវៀតណាម ហើយចុះត្រួតពិនិត្យទីតាំងហ្នុង ហើយមានបំណងឲ្យលុបស្រះហ្នឹងវិញ។ ទទួលដំណឹងរង់ចាំតែពេលវេលា មិនយូរទេ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឆាយ ធី ចាត់ទុកផែនការជីកស្រះ និងដាំកាហ្វេនៅតំបន់ហាមឃាត់របស់ភាគីវៀតណាម ថាជាចលនាទន្ទ្រានកាន់កាប់ដីនៅតំបន់ព្រំដែន។ លោកកត់សំគាល់ថា កន្លងទៅនេះ តំបន់សហាមឃាត់ដែលមិនទាន់មានការបោះបង្គោលព្រំដែននៅឡើយ ភាគីវៀតណាម បានរំលោភបំពានជាញឹកញាប់៖ «ជាការព្រួយបារម្ភ។ យើងគិតថា វៀតណាមមកជីកស្រះនៅពេលនេះជាយុទ្ធសាស្ត្រមួយក្នុងការរំលោភចូលមកទឹកដីខ្មែរ។ បើមិនមានវិធានការជាក់លាក់ពីរដ្ឋាភិបាល ព្រំដែនយើងប្រឈមនឹងការបាត់បង់នៅថ្ងៃអនាគត»។
ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹកសរុប ២.៥៧២គីឡូម៉ែត្រ។ ដំណើរការរុករក និងបោះបង្គោលព្រំដែន មន្ត្រីជំនាញកិច្ចព្រំដែនកម្ពុជា កន្លងមកបានអោយដឹងថា កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនរួមគ្នាបានចំនួនជាង ២៨០បង្គោលហើយ ក្នុងចំណោមបង្គោលព្រំដែនដីគោកសរុប ៣១៤បង្គោល។
នៅខេត្តរតនគិរី ប្រទេសកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាបោះបង្គោលព្រំដែនចាប់ពីព្រំប្រទល់បីប្រទេស មាន កម្ពុជា វៀតណាម និងឡាវ រួមមាន បង្គោលព្រំដែនលេខ ០ ដល់បង្គោលលេខ ២៩។ ចំណែកបង្គោលព្រំដែនលេខ ៣០ ឋិតនៅចំណុចផ្លូវជាតិលេខ ៧៨អា មុខច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ បានឯកភាពបោះតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្ន។ ចាប់ពីបង្គោលព្រំដែនលេខ ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ ៣៩ ភាគីទាំងពីរមិនទាន់ឯកភាពគ្នាបោះតម្រុយនៅឡើយ។ ដោយឡែកចាប់ពីបង្គោលព្រំដែនលេខ ៤០ ដល់បង្គោលព្រំដែនលេខ ៤១ ព្រំប្រទល់ខេត្តមណ្ឌលគិរី គឺបានបោះតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្នហើយដែរ៕
No comments:
Post a Comment