ដោយ សូត សុខប្រាថ្នា
2015-05-29 rfa
2015-05-29 rfa
School of Vietnam: Don't hope or expect to have much peace having Vietnam as your neighbour ...
---
អាជ្ញាធរឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ឧសភា ស្នើឲ្យអាជ្ញាធរស្រុក ចាត់វិធានការចំពោះការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរពីសំណាក់អាជ្ញាធរវៀតណាម ជុំវិញបញ្ហាដីធ្លីនៅតំបន់ជម្លោះ។ សំណើនេះ ធ្វើឡើងតាមរយៈលិខិតរបស់អាជ្ញាធរឃុំជាំ ផ្ញើទៅអភិបាលស្រុក។
លិខិតមួយច្បាប់ដែលបញ្ជូនទៅអភិបាលស្រុកមេមត់ នៅព្រឹកថ្ងៃទី២៩ ឧសភា ហៅសកម្មភាពរបស់អាជ្ញាធរវៀតណាម ដែលចាប់ឃាត់ខ្លួនពលរដ្ឋម្នាក់ ថាជាការរំលោភបំពានលើពលរដ្ឋខ្មែរនៅភូមិជើង ឃុំជាំ។
ក្នុងលិខិតបានរៀបរាប់ថា នៅរសៀលថ្ងៃទី២៧ ឧសភា មានអាជ្ញាធរវៀតណាម ចំនួន ៨នាក់ ប្រដាប់ដោយអាវុធមួយដើម ចូលចាប់ពលរដ្ឋខ្មែរម្នាក់ឈ្មោះ ងឹត ខេង និងម៉ូតូ ១គ្រឿង ខណៈពលរដ្ឋរូបនោះបានចូលទៅធ្វើចម្ការដំឡូងមីរបស់ខ្លួនជាប្រចាំដូចសព្វដង នៅចំណុចជាំប្រាំល្វែង ស្ថិតនៅភូមិជើង។ លិខិតបន្តថា អាជ្ញាធរវៀតណាម ទាំងនោះចាប់ពលរដ្ឋខ្មែរយកទៅប៉ុស្តិ៍ព្រំដែនរបស់ពួកគេអស់រយៈពេលប្រមាណ ៣ម៉ោង ទើបបញ្ជូនមកវិញ ក្រោយពេលមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចព្រំដែនកម្ពុជា។
មេឃុំជាំ លោក ប្រាក់ វន្នី មានប្រសាសន៍ថា ក្រៅពីបញ្ជូនរបាយការណ៍មកអាជ្ញាធរស្រុកឲ្យបានដឹងឮហើយនោះ ខាងលោកចង់ឲ្យមានការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់។ លោកអះអាងថា ក្រុមគ្រួសារដែលអាជ្ញាធរវៀតណាម ឃាត់ខ្លួនដើម្បីសាកសួរ និងមិនអនុញ្ញាតឲ្យចូលធ្វើចម្ការបន្តទៀត គឺពួកគេបានធ្វើចម្ការលើដីនោះរហូតមកមិនដែលអាក់ខានទេ ត្បិតតែដីរបស់ពួកគាត់ស្ថិតនៅចំណុចដីជម្លោះក៏ដោយ។ លោកបន្ថែមថា កាលបោះបង្គោលព្រំដែនលេខ៩៣ ៩៤ និង ៩៥ គឺខាងភាគីទាំងពីរបានព្រមព្រៀងគ្នាថា ឲ្យពលរដ្ឋធ្លាប់ធ្វើស្រែចម្ការនៅចំណុចណា គឺរក្សាសភាពដើមដដែល លើកលែងតែការចូលកាន់កាប់កន្លែងថ្មីតែប៉ុណ្ណោះ ប៉ុន្តែភាគីវៀតណាម មិនបានគោរពទាល់តែសោះចំពោះកិច្ចព្រមព្រៀងមួយនេះ៖ «បាទ! និយាយឲ្យចំទៅគាត់អត់គោរពអ៊ីចឹងមែន។ បើសិនគោរពគ្នាទៅវិញទៅមកនោះ គឺវាមិនអីទេ ប៉ុន្តែមូលហេតុមកអីអត់គោរពគ្នាអ៊ីចឹង»។
តំបន់ដីជម្លោះ គឺនៅចំណុចជាំប្រាំល្វែង ចន្លោះបង្គោលព្រំដែនលេខ៩៤ និង ៩៥ ស្ថិតនៅភូមិជើង។ ដីតំបន់នោះជាង ១៦ហិកតារដែលកំពុងមានភាពចម្រូងចម្រាស ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ជាដីស្ថិតនៅក្នុងបូរណភាពប្រទេសវៀតណាម។ បើទោះបីជាមានការបញ្ជាក់ពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា យ៉ាងនេះក្តី ប៉ុន្តែវាផ្ទុយគ្នាស្រឡះទៅនឹងការកាន់កាប់ជាក់ស្តែង ព្រមទាំងការលើកឡើងរបស់ពលរដ្ឋនៅទីនោះ រួមនឹងមន្ត្រីគណបក្សប្រឆាំងផង ហើយក៏ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរស្ទើរទូទាំងនគរមានភាពងឿងឆ្ងល់។
ទាក់ទងរបាយការណ៍របស់មេឃុំជាំ ពេលនេះ អភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា មិនបានបកស្រាយបន្ថែមយ៉ាងណាទេ ដោយលោកថាជាប់ប្រជុំ។ យ៉ាងណាក៏ដោយចុះ កន្លងទៅអាជ្ញាធរខេត្តត្បូងឃ្មុំ ធ្លាប់បញ្ជាក់ថា ពួកគេបានណែនាំដល់ពលរដ្ឋខ្មែរ និងភាគីវៀតណាម ឲ្យគោរពទៅតាមលំនាំចាស់ ពោលគឺត្រូវរក្សាស្ថានភាពដើមដដែល ដោយរង់ចាំការកំណត់រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យបានច្បាស់លាស់ជាមុនសិន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា បញ្ហាកើតឡើងរវាងពលរដ្ឋខ្មែរ និងអាជ្ញាធរវៀតណាម ម្តងជាពីរដងនេះ គឺបង្ហាញពីភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា។ លើសពីនេះទៀត លោកបារម្ភខ្លាចក្រែងតែមានបញ្ហាធំកើតឡើងរវាងពលរដ្ឋខ្មែរនៅទីនោះជាមួយអាជ្ញាធរវៀតណាម ប្រសិនបើបញ្ហានេះមិនមានការដោះស្រាយឲ្យបានច្បាស់លាស់ទេ៖ «វានៅតែមានបញ្ហាអ៊ីចឹង។ យើងកុំគិតថាយើងកុំដោះសាអី យើងនាំគ្នាដោះស្រាយទៅ។ ម្តងអ៊ីចេះម្តងអ៊ីចុះ អាមួយចោទអ៊ីចេះ អាមួយចោទអ៊ីចុះ។ យូរៗទៅវាមិនទៅប្រកែកជាមួយប្រទេសវៀតណាម វាមកប្រកែកជាមួយពលរដ្ឋ យុវជន បក្សប្រឆាំង»។
បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺកើតឡើងស្ទើរគ្រប់ទីកន្លែងនៅពេលថ្មីៗនេះ រួមមានខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពត ជាដើម។ ភាពមិនច្បាស់លាស់រឿងព្រំដែន ធ្វើឲ្យពលរដ្ឋមួយចំនួន យុវជន មន្ត្រីគណបក្សប្រឆាំង ទាមទារជាច្រើនលើកច្រើនសា ឲ្យរាជរដ្ឋាភិបាលកម្ពុជា សើរើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលបានទាត់ចោលការទាមទារនេះ៕
No comments:
Post a Comment