ដោយ ប្រាជ្ញ ចេវ
2015-05-29 rfa
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បង្ហាញផែនទីប្រទេសកម្ពុជា។
RFA/Uon Chhin
|
លិខិតមួយច្បាប់របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដល់ដៃប្រធានរដ្ឋសភាហើយ ដើម្បីស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បង្ហាញផែនទីប្រើប្រាស់សព្វថ្ងៃ និងនីតិវិធីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ទោះបែបនេះក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដែលក្រុមតំណាងរាស្ត្របក្សប្រឆាំងស្នើសុំឲ្យឆ្លើយបំភ្លឺ ពុំទាន់ប្រតិកម្មយ៉ាងណានៅឡើយទេ ដោយលោកបញ្ជាក់ថា រង់ចាំមើលសំណើលិខិតជាមុនសិន។
តំណាងរាស្ត្រមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែឧសភា នេះថា តាមបទបញ្ជាផ្ទៃក្នុងសភា លិខិតស្នើសុំរបស់តំណាងរាស្ត្រ គឺប្រធានរដ្ឋសភា គឺតែងតែចុះហត្ថលេខាអនុញ្ញាតតាមសំណើ។ លោក ម៉ៅ មុនីវណ្ណ ឲ្យដឹងទៀតថា ជាគោលការណ៍ នៅពេលលិខិតនោះផ្ញើចេញបានមួយសប្ដាហ៍ មន្ត្រីរដ្ឋាភិបាលត្រូវតែឆ្លើយតប៖ «ច្បាប់ឲ្យតែស្នើទៅប្រធានរដ្ឋសភា មិនជំទាស់ទេ។ បើគាត់ (លោក វ៉ា គឹមហុង) មិនបង្ហាញផែនទី មិនបង្ហាញការបោះបង្គោលព្រំដែនទេ មានន័យថា គាត់កុហកប្រជាពលរដ្ឋខ្មែរ»។
លិខិតនោះសុំឲ្យ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ផ្តល់ផែនទីប្រើប្រាស់សព្វថ្ងៃដែលមន្ត្រីរដ្ឋាភិបាលរូបនេះបានអះអាងថា ជាផែនទីតម្កល់នៅអង្គការសហប្រជាជាតិ មានមាត្រដ្ឋាន ១/១០០០០០ នោះ និងពន្យល់ពីនីតិវិធីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។
យ៉ាងណាក៏ដោយចុះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ពុំទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ព្រោះលោករង់ចាំមើលសំណើលិខិតជាមុនសិន។
លោក ម៉ៅ មុនីវណ្ណ អះអាងម្តងហើយម្តងទៀតថា ប្រសិនបើ លោក វ៉ា គឹមហុង មិនឆ្លើយតបនឹងសំណើ លោកនឹងរកតំណាងរាស្ត្រចំនួន ១៣រូប ដើម្បីកោះហៅមកឆ្លើយបំភ្លឺនៅរដ្ឋសភា ហើយបើ លោក វ៉ា គឹមហុង នៅតែមិនព្រមមកទៀត ក្រុមតំណាងរាស្ត្រនឹងធ្វើញត្តិបន្ទោស៕
1 comment:
Don't you dare to summon me to answer you Question. I am not work under Khmer congress of to day, i work direct from Vietnam government out of your jurisdiction . Oh ! by the way you are not in my political party too.
Post a Comment