ប៉ិច សុធារី
កុមារាម្នាក់នេះ ដើរកាត់ត្រពាំងទឹកមួយដែលរីងទឹកស្ទើរតែទាំងស្រុងនៅក្នុងខេត្តកណ្តាល នាពេលកន្លងមក។ហេង ជីវ័ន |
ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវពីការប្រែប្រួលអាកាសធាតុ បានជំរុញឲ្យកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ក្នុងការកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ខណៈនៅសតវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពកម្តៅបានកើនឡើងជាមធ្យម ១,៤ អង្សាសេ និងកើតមានគ្រោះធម្មជាតិទឹកជំនន់ជាញឹកញាប់។
ក្នុងសិក្ខាសាលាស្តីពីការប្រមូលផ្តុំវិទ្យាសាស្រ្តសម្រាប់ការប្រែប្រួលអាកាសធាតុ នៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញប្រធានកម្មវិធីនៃការប្រែប្រួលកសិកម្ម និងសន្តិសុខស្បៀងប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក លីអូ ស៊ីបាសៀន បានថ្លែងថា ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅលើពិភពលោក ពីព្រោះថា នៅសតវត្សរ៍ចុងក្រោយនេះ កម្តៅបានកើនឡើង ១,៤ អង្សាសេ កម្រិតភ្លៀងធ្លាក់ច្រើនបង្កជាទឹកជំនន់ គ្រោះរាំងស្ងួត និងការរញ្ជួយដីជាញឹកញាប់ជាដើម។
លោកថា៖ «ផលប៉ះពាល់នេះ គឺយើងទាំងអស់គ្នាបានឃើញជាក់ស្តែងហើយ ដូច្នេះអ្វីដែលត្រូវផ្តោត គឺធ្វើយ៉ាងណារកវិធីដោះស្រាយបញ្ហាប្រឈម និងត្រូវពង្រឹងសមត្ថភាពលើវិស័យកសិកម្ម ដើម្បីកាត់បន្ថយហានិភ័យនេះឲ្យបានជាអតិប្បរមា»។
បើតាមលោក ស៊ីបាសៀន ក្រុមអ្នកស្រាវជ្រាវកសិកម្មអន្តរជាតិ និងដៃគូ ក៏បាន និងកំពុងស្វែងរកវិធានការមួយចំនួនខាងផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកធ្វើយ៉ាងណា កុំឲ្យវិស័យកសិកម្ម និងសន្តិសុខស្បៀង រងគ្រោះធ្ងន់ធ្ងរខ្លាំងដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ប្រធានផ្នែកស្រាវជ្រាវ និងកសាងសមត្ថភាពនៅវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល អ្នកនាង ហេង ចិន្តា បានលើកឡើងដែរថា ការប្រែប្រួលអាកាសធាតុនៅកម្ពុជាកាន់តែមានស្ថានភាពអាក្រក់ទៅ ហើយការបន្សាំរបស់សហគមន៍មូលដ្ឋាន ឬប្រជាកសិករនៅមានកម្រិត ខណៈដែលពួកគាត់ពុំមានប្រព័ន្ធផ្តល់ព័ត៌មានជាមុនពីការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យពួកគាត់មិនអាចទប់ស្កាត់បានទាន់ពេលវេលា។
អ្នកនាងបានបន្តថា៖ «បញ្ហានេះទាមទារឲ្យមានការចូលរួមទាំងអស់គ្នា រៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយបញ្ហានេះ»។
ការប្រែប្រួលអាកាសធាតុ កើតឡើងដោយសារសកម្មភាពរបស់មនុស្ស ការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗ រួមនឹងការផ្លាស់ប្តូរស្ថានភាពដីជាដើម។
Content image - Phnom Penh Post |
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទី សុគន្ធ បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបន្សាំ និងពង្រឹងសមត្ថភាពនៃការប្រែប្រួលអាកាសធាតុទៅដល់កសិករ ជាពិសេស អភិវឌ្ឍន៍ប្រព័ន្ធកសិកម្មដែលមានភាពវ័យឆ្លាតក្នុងការសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកថា៖ «យើងធ្វើយ៉ាងណាបង្កើនផលិតកម្មកសិកម្ម បង្កើនចំណូលសម្រាប់កសិករឲ្យមានចេរភាព បង្កើនសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ជាមួយនឹងការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ឲ្យមានកម្រិតទាបក្នុងផលិតកម្មកសិកម្ម ដែលអាចកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវសន្តិសុខស្បៀង»។
យោងទៅតាមការវាយតម្លៃរបស់គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន កំហាប់នៃឧស្ម័នផ្ទាំងកញ្ចក់បានកើនឡើងជាង ៤០ ភាគរយធៀបនឹងសម័យមុនបដិវត្តឧស្សាហកម្ម។
ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាឧបសគ្គដ៏ចម្បងមួយ សម្រាប់ការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក្រ ការធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ចិញ្ចឹមមនុស្សជាង ៩ ពាន់លាននាក់នៅលើពិភពលោក៕
No comments:
Post a Comment