បុរសប្រកបរបរធាក់ស៊ីក្លូសម្រាកលង់លក់ក្រោមដំបូលយានជំនិះកង់បីរបស់ខ្លួន។ ផា លីណា |
Fri, 29 May 2015
ភ្នំពេញៈ ជាមួយអីវ៉ាន់គ្រឿងជ័រសំពីងសំពោង ស្ត្រីអាជីវករសម្បុរសអង្គុយលើយានជំនិះកង់បី បញ្ជាដោយបុរសចំណាស់ស្បែកស្រគាំផ្សើមដោយដំណក់ញើសក្រោមកម្ដៅសូរ្យសែងក្ដៅហែង។ខណៈដែលម៉ូតូឌុប និងរ៉ឺម៉កកង់បីចតត្រៀបត្រាមុខផ្សារ អ្នកស្រី កែ គីមលៀប បែរជាជ្រើសរើសយានជំនិះដ៏ចំណាស់ជិតផុតពូជសម្រាប់ដំណើរដឹកអីវ៉ាន់ពីផ្សារមកផ្ទះដោយសារតែល្បឿនយឺតរបស់ស៊ីក្លូ និងទឹកចិត្តអាណិតអាសូរម្ចាស់វា។
ចំនួនស៊ីក្លូចូលសមាគមមានច្រើនជាងអ្នកមិនចូលសមាគម។ ផា លីណា |
អ្នកលក់ទំនិញជ័ររូបនេះនិយាយថា៖ «ជិះស៊ីក្លូយឺត អត់សូវគ្រោះថ្នាក់ ហើយស្រួលដាក់អីវ៉ាន់ ម៉្យាងអាណិតពូអ្នកធាក់ផង ចេះតែជួយជិះស៊ីក្លូគាត់ទៅ យើងអត់មានប្រញាប់អីផង»។
ក្ដីអាណិតអាសូរនេះហើយដែលអនុគ្រោះដល់វត្តមានស៊ីក្លូនៅតាមដងផ្លូវដល់សព្វថ្ងៃ បើទោះជាជីវិតដ៏សង្វេគរបស់អ្នកធាក់ បានធ្វើឲ្យមុខរបរនេះសាបរលាប ខ្សត់ទាំងចំនួនអ្នកធាក់ និងអ្នកជិះសន្សឹមៗ។
យោងតាមប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ លោក អ៊ឹម សម្បត្តិ បានលើកនូវស្ថិតិត្រឹមឆ្នាំ ២០១៤ ដែលបង្ហាញថាស៊ីក្លូនៅទូទាំងរាជធានីភ្នំពេញមានចំនួនសរុប ៤៧២ គ្រឿង តែមានអ្នកធាក់ស៊ីក្លូប្រហែល ១៦០ នាក់ ទៅ ២០០ នាក់ប៉ុណ្ណោះ។
អ្នកធាក់ស៊ីក្លូជាមធ្យមមានវ័យចន្លោះពីជាង ៣០ ឆ្នាំទៅជាង ៦០ ព្រោះពួកគាត់គ្មានជំនាញអ្វីសម្រាប់ជាមុខរបរចិញ្ចឹមជីវិត។ អ្នកធាក់ស៊ីក្លូមកពីខេត្តព្រៃវែង ៤៥ ភាគរយ តាកែវ ១០ ភាគរយ ស្វាយរៀង ១០ ភាគរយ កំពង់ចាម ១០ ភាគរយ និងតិចតួចមកពីខេត្តកណ្តាល និងភ្នំពេញ។
ពេលព្រឹកព្រលឹមអ្នកធាក់ស៊ីក្លូលុបមុខដុសធ្មេញកណ្ដាលវាល។ ផា លីណា |
លំហូរនៃគ្រឿងយន្តជាយានជំនិះដ៏សម្បូរបែប ធ្វើឲ្យអ្នកដំណើរជ្រើសយកមធ្យោបាយទៅកាន់ទីគោលដៅនីមួយៗបានឆាប់រហ័ស ចំណេញពេលវេលា មិនរងផ្សែងធូលី ឬផ្សែងអាប់អួ។ នេះជាហេតុផលនាំឲ្យចំនួនស៊ីក្លូមានការធ្លាក់ចុះយ៉ាងខ្លាំង។
លោក តែម សយ វ័យ ៦២ ឆ្នាំមកពីខេត្តព្រៃវែង មានកូនក្នុងបន្ទុកបីនាក់ ដែលបានប្រកបរបរធាក់ស៊ីក្លូជាង ១០ ឆ្នាំមកហើយ និងបានចូលជាសមាជិកនៃសមាគមស៊ីក្លូ បានរៀបរាប់ពីផលលំបាកនៃការរកប្រាក់ចំណូលចិញ្ចឹមជីវិតសម្រាប់របរប្រើកម្លាំងបាយសុទ្ធសាធនេះថា៖ «ក្មួយអើយ! សព្វថ្ងៃស៊ីក្លូ សឹងតែគ្មានអ្នកជិះទៅហើយ ព្រោះវាយឺត ហើយគេថា ខាតពេលវេលាគេពេលជិះទៅណាមកណា។ តែពូបានចូលសមាគមស៊ីក្លូ ព្រោះអាចមានឱកាសរកប្រាក់ចំណូលបានពីរផ្នែក។ មួយបានប្រាក់ខែពីការដឹកភ្ញៀវរបស់សមាគម និងមួយទៀតពីការដឹកម៉ូយប្រចាំថ្ងៃដែលជាមនុស្សស្រីវ័យកណ្តាល ឬចាស់ៗ ពេលពួកគាត់ទៅផ្សារ និងមកវិញ»។
ប៉ុន្តែលោក សោម ភន វ័យ ៥៥ ឆ្នាំមកពីខេត្តស្វាយរៀងមានកូន ៦ នាក់ក្នុងបន្ទុក ដែលបានប្រកបរបរធាក់ស៊ីក្លូជាង ២០ ឆ្នាំ និងមិនបានចូលសមាជិកសមាគមស៊ីក្លូថា៖ «ខ្ញុំមិនចូលជាសមាជិកសមាគមអីនឹងគេទេព្រោះយល់ថា ខ្ញុំមានម៉ូយជិះស៊ីក្លូប្រចាំថ្ងៃ ហើយខ្ញុំក៏អាចឆ្លៀតទៅដឹកភ្ញៀវនៅកន្លែងផ្សេងៗទៀតបាន។ ប្រាក់ចំណូលមិនសូវទៀងទាត់ទេមានថ្ងៃខ្លះបានជាងមួយម៉ឺនរៀល និងថ្ងៃខ្លះបានពីរម៉ឺនរៀល ដោយបូករួមទាំងការដឹកម៉ូយប្រចាំថ្ងៃ និងដឹកអីវ៉ាន់ឲ្យគេ។ តែបើគ្រាន់តែដឹកម៉ូយប្រចាំវិញមួយថ្ងៃបាន ៥ ពាន់ ឬ ៦ ពាន់រៀលប៉ុណ្ណោះ ដោយអ្នកជិះឥឡូវខ្សត់ទៅៗចាប់ពីមានម៉ូតូឌុបមក»។
បើតាមសម្តីរៀបរាប់របស់ពូ សោម ភន ដដែលបង្ហើបថា៖ «អ្នកជិះស៊ីក្លូជាម៉ូយខ្ញុំ គាត់ថា អាណិតពូៗធាក់ស៊ីក្លូណាស់ទើបនៅតែជិះទៅផ្សាររាល់ថ្ងៃនោះ ហើយពួកគាត់ក៏មិនចូលចិត្តម៉ូតូឌុបដែរ ព្រោះវាលឿនពេក ហើយក៏ខ្លាចមានគ្រោះថ្នាក់ដែរ»។
យោងតាម លោក អ៊ឹម សម្បត្តិ អ្នកធាក់ស៊ីក្លូក្នុងសមាគមមានចំនួនច្រើនជាងអ្នកមិនចូលសមាគម។
លោកបានបញ្ជាក់ថា៖ «ពួកគាត់ក៏អាចយកស៊ីក្លូនេះទៅរកដឹកម៉ូយក្រៅបានដែរ។ យើងមិនបានប្រកាន់ថា ស៊ីក្លូរបស់សមាគម ហើយរឹតបន្តឹងពួកគេមិនឲ្យទៅរកក្រៅនោះឡើយ ហើយយើងមានតែជួយជំរុញឲ្យពួកគាត់ទៅរកប្រាក់ចំណូលបន្ថែម ដើម្បីចិញ្ចឹមជីវិតក្រុមគ្រួសារ»។
ប៉ុន្តែចំនួនយានកង់បីនៅតែបន្តធ្លាក់ចុះ ដោយឡែកលោកបង្ហើបឲ្យដឹងដែរថា៖ «មានអ្នកធាក់ស៊ីក្លូខ្លះក៏គាត់អាចមានកំណើនប្រាក់ចំណូលសម្រាប់គ្រួសារដែរ ដោយសារគាត់ចេះច្នៃពេលវេលា និងអភិវឌ្ឍមុខរបរខ្លួន ដោយការធាក់ស៊ីក្លូពេលថ្ងៃ និងរត់ម៉ូតូឌុបពេលយប់ព្រោះពួកគាត់បានសន្សំលុយទិញម៉ូតូ»៕
No comments:
Post a Comment