Fri, 29 May 2015 ppp
ព្រះសង្ឃគង់នៅវត្តឧណ្ណាលោម និមន្តចែកអំណោយដល់ពលរដ្ឋក្រីក្រ កាលពីឆ្នាំ ២០១២ ។ ហេង ជីវ័ន |
ឱ! ជាតិសាសន៍ខ្មែរអើយ! ពេលអ្នកឮពួកយើងនិយាយថាពួកយើងស្រឡាញ់អំពើល្អ ពួកយើងកំពុងនាំគ្នាដាំពង្រីកអំពើល្អ ពួកយើងនាំគ្នាការពារអំពើល្អ គេថាពួកយើងរស់មិនចុះចំណោមគេ! មិនចូលស្ទឹងតាមបត់ជាដើម។ ពេលអ្នកឮពួកយើងនិយាយថា ពួកយើងស្អប់អំពើអាក្រក់ ពួកយើងរួមគ្នាកម្ទេចអំពើអាក្រក់ គេចោលភ្នែកមើលមកយើងប្រៀបដូចជាយើងនេះជាសត្វចម្លែកដែលមានក្បាលពីរជើងបី។
មនុស្សខ្មែរឥឡូវធ្វើអាក្រក់លែងខ្មាសលែងស្គាល់ពាក្យថាខ្ពើមបាប តែវាទៅជាខុសគេមិនច្រឡំគេពេលយើងហៅគេឲ្យនាំគ្នាបែរមកធ្វើអំពើល្អ។ ពេលយើងថាអ្វីៗត្រូវផ្ដើមចេញពីការមានសម្មាទិដ្ឋិ គួរនាំគ្នារៀននាំគ្នាធ្វើបុណ្យទីភ្លឺ នោះគឺការធ្វើបុណ្យជួយជាតិដោយគ្មានរំពឹងផលតបស្នងមកខ្លួនវិញ។ គេថាអីគេ វាមិនដែលមានមនុស្សជួយគេដោយមិនគិតរកផលប្រយោជន៍មកខ្លួនវិញ! វាមិនដែលមានអ្នកណាធ្វើនយោបាយមិនចង់បានអី! តើត្រូវពន្យល់ខ្មែរឲ្យយល់ត្រង់ចំណុចនេះដូចម្ដេចទៅ បើសូម្បីតែពួកទស្សនវិទូលោកខាងលិចខ្លះក៏យល់មិនបានត្រង់នេះដែរ។
គេបានលើកឡើងថា ការជួយអ្នកដទៃ គឺជាការចុះទុនរយៈពេលវែងដែលនឹងទទួលបានកម្រៃច្រើនពេលក្រោយ។ ការគិតបែបនេះស្ថិតក្នុងព្រំដែននៃភាពអាត្មានិយមមិនមែនជាការជួយសង្គ្រោះទេ តែវាជាការដាក់នុយស្ទូចត្រី។ ការជួយពិតប្រាកដប្រៀបដូចជាទឹកហូរដែលហូរទៅមិនត្រឡប់ គឺដឹងត្រឹមហូរពីទីខ្ពស់ទៅទីដែលជម្រាលជាង អត់មានហូរយកមុខមាត់អីទេ។ កំណួចចិត្តដំបូងដែលគិតចង់ជួយ គឺត្រឹមតែជួយឲ្យអ្នកដែលយើងយល់ថា ត្រូវការជំនួយត្រូវបានជួយតែប៉ុណ្ណោះ មិនមែនកំណួចចិត្តថា ជួយគេថ្ងៃនេះ ស្អែកចាំគេជួយវិញនោះទេ។ ផ្នែកមួយនៃការជួយគឺប្រៀបដូចជាការបម្រើដែលមិនគិតកម្រៃតបស្នង តែគឺជាទឹកចិត្តដែលគិតត្រឹមតែឲ្យដោយគ្មានបង្កនូវស្លាកស្នាមអកុសលណាមួយត្រឡប់មកខ្លួនវិញសោះឡើយដែលទឹកចិត្តបែបនេះបន្ដិចម្ដងៗវាប្រែក្លាយជាការងារប្រចាំជីវិតរបស់យើង។ យើងពេញចិត្តរស់ដើម្បីបានធ្វើការបែបនេះ គឺរស់ជាប្រយោជន៍ដល់មនុស្សជុំវិញ។
ផ្កាឈូករ័ត្នត្រូវបានហៅជាភាសាអង់គ្លេសដែលបកប្រែជាខ្មែរថាផ្កាព្រះអាទិត្យ។ ផ្កានេះមិនត្រឹមតែមានឈ្មោះជាផ្កាព្រះអាទិត្យ និងមានរូបរាងដូចព្រះអាទិត្យកំពុងពេញពន្លឺប៉ុណ្ណោះទេ តែអ្វីដែលគួរស្បើមគឺផ្កាឈូករ័ត្នតែងតែរីកបែរទៅរកទិសថ្ងៃរះ។ មិនថាយើងដាក់វាដាំនៅឯណា ក៏ផ្កាឈូករ័ត្នតែងតែនាំគ្នាបែរទៅរកទិសថ្ងៃរះជាដរាប។ នេះហើយជាចំណុចដែលមនុស្សគួរយកមកគិត។ សួរថាហេតុអ្វីទើបផ្កាឈូករ័ត្នអាចបែរទៅរកទិសថ្ងៃរះបានដូចៗគ្នាម្ល៉េះ?
វាជាធម្មជាតិរបស់ផ្កាប្រភេទនេះដែលមានគោលរួមសកលមួយរបស់វាសម្រាប់ផ្ទៀងនោះគឺទិសថ្ងៃរះ។ មិនថាវាដុះតែឯងមួយដើម ឬមួយចម្ការឡើយ ផ្កាដែលដុះមួយដើមតែឯង វាមិនដែលយំឈឺចិត្តខ្លាចផ្កាប្រភេទដទៃសើចចំអកដែលវាខំងាកបែរផ្ការបស់ខ្លួនឲ្យរីកបែរទៅរកថ្ងៃរះសោះឡើយ។ នេះហើយជាឥស្សរៈជាសេរីភាពរួចផុតពីការគាបសង្កត់ ដែលវាផ្ទុយស្រឡះពីផ្កាជ័រដែលមិនអាចងាកក្បាលទៅរកទិសថ្ងៃរះបាន ផ្ទុយទៅវិញវាតែងត្រូវបានគេកាច់កវាបង្វិល។ គ្មានឥស្សរៈភាពក្នុងការរស់ទេ។
ត្រឡប់ទៅពាក្យឧទានពីខាងដើមដែលគេថា អីគេវាមិនដែលមានមនុស្សជួយគេដោយមិនចង់បានប្រយោជន៍មកខ្លួនវិញ! មនុស្សស្មោកគ្រោកទាំងឡាយមិនសំដៅទៅមនុស្សដែលមិនបានមុជទឹកសម្អាតខ្លួនទេ តែគឺមនុស្សដែលស្មោកគ្រោកក្នុងការគិត គឺមនុស្សដែលគ្មានអនាម័យក្នុងការគិត គឺមនុស្សដែលមានចិត្តគគ្រិចដែលមនុស្សនោះតែងតែយកចិត្តដ៏កខ្វក់របស់គេទៅគិតជំនួសអ្នកដទៃថា ថោកទាបដូចខ្លួនដែរ។
គេថាវាមិនដែលមាននោះគឺគេចង់ប្រាប់ថា បើជាគេវិញគេមិនទៅឆ្កួតធ្វើអ្វីដែលជាប្រយោជន៍អ្នកដទៃដោយមិនបានមកខ្លួនអ៊ីចឹងទេ។ គេថាវាមិនដែលអ្នកណាធ្វើនយោបាយមិនចង់បានអី! បកប្រែមកថាបើអញទៅធ្វើនយោបាយក៏អញទៅដើម្បីតែបានបុណ្យស័ក្ដិលាភសក្ការៈដែរ។ មនុស្សដែលជួយគេពិតប្រាកដ មានគោលសកលមួយសម្រាប់ផ្ទៀង គឺឈរតែលើភាពត្រឹមត្រូវប្រកបដោយដួងចិត្តសប្បុរសបេះដូងសង្គ្រោះ។ ការសើចយំរបស់មនុស្សជុំវិញលែងមានឥទ្ធិពលលើទង្វើរបស់គេហើយ។ ជីវិតនេះមិនមែនរស់ព្រោះតែមិនទាន់ស្លាប់ទេ តែគឺជីវិតដែលរស់ដើម្បីធ្វើប្រយោជន៍។
ឈរលើគោលការណ៍នេះហើយធ្វើឲ្យយើងអាចមើលឃើញយ៉ាងច្បាស់នូវភាពខុសស្រឡះពីគ្នារវាងអ្នកដឹកនាំប្រទេសជាតិដែលមួយជាប្រភេទមនុស្សអាត្មានិយម ដែលក្នុងការគិតរបស់គេមានត្រឹមធ្វើម៉េចឲ្យតែរក្សាអំណាចអញឲ្យបាន។ ឯអ្នកដឹកនាំមួយប្រភេទទៀតដែលមានលក្ខណៈជាផ្កាឈូករ័ត្ន គឺគិតតែរំពៃធ្វើដូចម្ដេចដើម្បីស្រោចស្រង់ជាតិឲ្យបាន។ គោលផ្ទៀងរបស់គេគឺជួយដោយបេះដូងសង្គ្រោះ។
ទាំងអ្នកដឹកនាំបក្សកាន់អំណាចទាំងអ្នកដឹកនាំបក្សប្រឆាំង ក្នុងបេះដូងរបស់គេសរសេរមិនចេញអក្សរជួយជាតិ អាណិតពលរដ្ឋសោះឡើយ គេរិះរកតែវិធីណាដែលអាចឲ្យខ្លួនគេឈរជើងជាប់លើទីលាននយោបាយ ដោយមិនខ្វល់សោះឡើយពីទុក្ខវេទនារបស់ពលរដ្ឋ។
ឱ! ពលរដ្ឋខ្មែរដែលជាអ្នកនិយមធ្វើបុណ្យដាក់ទានទាំងឡាយអើយ! ការធ្វើបុណ្យពិតប្រាកដក្នុងខណៈដែលប្រទេសកំពុងតែមានបញ្ហាបែបនេះគឺធ្វើបុណ្យជួយជាតិ! ធ្វើបុណ្យទីភ្លឺដែលអាចយល់បាននោះទើបជាការជួយខ្មែរពិតប្រាកដ។
ពលរដ្ឋកំពុងតែស្រេកឃ្លាន កំពុងតែត្រូវការជំនួយកោតតែចិត្តបងប្អូនមិនជួយ។ មើលទៅខ្លោងទ្វារវត្តមើលខឿនព្រះវិហារភ្លឺចែងចាំង តែកុំមើលផ្ទះស្លឹករខេករខាកជុំវិញរបងវត្ត។ តើស្នាដៃទាំងនោះវាអស្ចារ្យជាងពលរដ្ឋនៅក្បែររបងវត្ដដាច់ពោះនឹងអត់បាយប៉ុនណាទៅ?ខ្លះជិះយន្ដហោះយកមាសទៅបូជាធ្មេញព្រះសម្មាសម្ពុទ្ធនៅប្រទេសឥណ្ឌា។ គឺនាំគ្នាធ្វើតែបុណ្យប្រាថ្នាតែឋានសួគ៌ដើម្បីតែអញទៅវិញ។
តើវារីកចម្រើនលឿនប៉ុនណាទៅបើខ្មែរចេះធ្វើបុណ្យទីភ្លឺជួយជាតិ? ចេះធ្វើបុណ្យអភិវឌ្ឍជាតិ? យើងត្រូវចូលរួមគ្នាលើកស្ទួយមនុស្សល្អប្រកបដោយធម៌ឲ្យមកកាន់ការងារប្រទេសជាតិ ហើយកិច្ចការនេះអាចសម្រេចទៅបានគឺត្រូវអាស្រ័យលើពលរដ្ឋ។ គេច្រើនតែយល់ថា អ្នកដឹកនាំល្អនាំឲ្យពលរដ្ឋល្អ។ ពិតជាបែបនេះមែន! តែសូមក្រឡេកមកមើលសកម្មភាពជាក់ស្ដែងរបស់ខ្មែរយើងវិញ។
តើយើងត្រូវនៅដេករង់ចាំព្រះបាទធម្មិកជិះសេះសកាន់លំពែងជ័យមកជួយជប់ឲ្យខ្មែរមានគុណភាពទៅឬ? ប្រាកដណាស់ថាអ្នកដឹកនាំល្អនឹងជួយឲ្យពលរដ្ឋល្អមានគុណភាព។ តែយើងក៏ច្បាស់ណាស់ថាបើដេកចាំឲ្យអ្នកដឹកនាំល្អណានោះផុសមកជួយខ្មែរ ក្រែងតែខ្មែរដាច់ពូជអស់ ឬក៏ក្លាយទៅជាជនជាតិភាគតិចលើដីកំណើតរបស់ខ្លួនបាត់ហើយ។ យើងសម្លឹងមើលទៅឃើញមានតែច្រកមួយគត់ដែលស្ថិតក្នុងរង្វង់ដែលយើងលូកដៃទៅផ្ដាច់បាន គឺកាត់ផ្ដាច់ត្រង់ថាគឺពួកយើងគ្រប់ៗគ្នាដែលជាពលរដ្ឋនេះ ត្រូវតែក្រោកឡើងមកចូលរួមជួយរុញច្រានបង្កើតឲ្យបានអ្នកដឹកនាំល្អ ហើយបុគ្គលនោះគឺរើសចេញពីចំណោមពួកយើងទាំងអស់គ្នាដែលជាជនរងគ្រោះនេះ។ ធ្វើបែបនេះទើបអ្នកដឹកនាំម្នាក់នោះជាតំណាងពិតប្រាកដរបស់ពួកយើង។
គុណភាពរបស់បុគ្គលដែលយើងរើសបាន វាត្រូវអាស្រ័យលើគុណភាពរបស់ពួកយើងដែលជាអ្នករើសដែរ ហើយខណៈដែលទៅរើសបានអ្នកដឹកនាំដែលមានគុណភាពបែបនោះរួចហើយ អ្នកដឹកនាំនោះនឹងជំរុញឲ្យពលរដ្ឋដែលមានគុណភាពខ្លះស្រាប់ហើយនោះកាន់តែមានគុណភាព។ ខណៈនោះទាំងពលរដ្ឋទាំងអ្នកដឹកនាំសុទ្ធតែដឹង និងបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួនប្រកបដោយទំនួលខុសត្រូវ។នៅពេលដែលមានមនុស្សគិតថា អាល់បឺត អាញស្ដាញឆ្កួត គាត់បាននិយាយថាមនុស្សដែលឆ្កួតបំផុត គឺប្រភេទមនុស្សដែលធ្វើតែរឿងដដែលៗដូចមុន តែបែរជាដេករំពឹងចាំទទួលលទ្ធផលផ្សេងដែលប្រសើរជាងមុន! តើគតិនេះវាឆ្លុះបញ្ចាំងបែបណាមកលើសកម្មភាពរបស់ពលរដ្ឋខ្មែរនាពេលនេះ? ដើម្បីបានផ្លែផ្កាលុះត្រាតែយើងធ្វើការដាំដុះជាមុនសិន។ បើយើងមិនព្រមដាំទេហើយដេកចាំទទួលផល លុះត្រាតែយើងទៅសុំគេ ទៅលួចគេ ឬទៅរើសសំណល់ពីគេ។
ខ្មែរប្រាថ្នាចង់បានណាស់ផលពីប្រជាធិបតេយ្យតែក្រឡេកមកមើលខ្មែរវិញខណៈពេលដែលចង់បានសិទ្ធិ ឥតមានគិតរឿងបំពេញកាតព្វកិច្ចសោះ តែបែរជាដេកយំបន់ស្រន់សុំប្រជាធិបតេយ្យមិនឈប់ទៅវិញ។ សួរថាតើយើងមានបានធ្វើឲ្យត្រូវគ្រប់ហេតុដើម្បីទៅទទួលផលដែលយើងចង់បានដែរទេ? ពលរដ្ឋគេដែលនៅក្នុងប្រទេសរីកចម្រើន គេមិនមែននៅស្ងៀមៗទទួលបានផលទេ តែគឺដូនតាគេរួមទាំងរូបគេគ្រប់ៗគ្នាផងបានបំពេញកាតព្វកិច្ចក្នុងនាមជាម្ចាស់ប្រទេស ដើម្បីទទួលបានមកវិញនូវអំណាចជាម្ចាស់ប្រទេសនោះ។
មានតែការបែរមកពន្យល់ពង្រីកគុណភាពរបស់ពលរដ្ឋប៉ុណ្ណោះ ទើបវាអាចកាត់ផ្ដាច់ និងដោះស្រាយវិបត្តិខ្មែរបាន។ សួរថាតើគុណភាពពលរដ្ឋបែបណាដែលយើងត្រូវការ? ក្រៅពីចំណេះជំនាញបច្ចេកទេស គឺត្រូវបណ្ដុះពលរដ្ឋឲ្យមានមូលដ្ឋានក្នុងការពិចារណាតាមបែបហេតុផល ដែលឈរលើមេរៀនព្រះធម៌។ ព្រះធម៌មានតម្លៃណាស់ក្នុងការបណ្ដុះនូវការយល់ដឹងបណ្ដុះនូវការពិចារណាដល់ពលរដ្ឋ។
ការសិក្សាព្រះធម៌នឹងជួយឲ្យពលរដ្ឋរួចផុតពីជំនឿចាក់ស្រែះតាមបែបសាសនា ដែលដឹកនាំឲ្យបរិស័ទផ្ដេកផ្ដួលពឹងលើគេដោយមិនប្រើក្បាលខ្លួនឯង។ តាំងតែពីដូនតាយើងមកតាមរយៈជំនឿស៊ប់ ជាហេតុមួយដែលនាំឲ្យពលរដ្ឋពឹងតែលើកម្លាំងក្រៅខ្លួន រាប់តាំងពីរឿងផ្ទាល់ខ្លួនក្នុងផ្ទះដូចជាការអុជធូបសុំក្ដីសុខសុំរកស៊ីមានបាន ហើយឫសចង្រៃនេះធំធាត់រហូតដល់ពេលពលរដ្ឋចង់បានប្រជាធិបតេយ្យ ក៏អុជធូបសំពះសុំពីគេដែរ។បន្ថែមពីលើនេះត្រូវបណ្ដុះសីលធម៌ដល់ពលរដ្ឋ។
ព្រះធម៌បង្រៀនមនុស្សឲ្យមានគោលដៅជីវិតត្រឹមត្រូវ ចេះកសាងខ្លួនទៅជាចំណែកនៃបង្គុំនៃប្រទេសដែលសមគួរដល់ការរស់នៅ ឲ្យរស់ដោយឥស្សរភាពមិនរស់បែបកញ្ជះ ឲ្យរស់សមតម្លៃក្នុងភាពជាមនុស្ស ឲ្យរស់ចម្រើនដល់ផែនដី ឲ្យរស់ពេញតម្លៃដែលបានកើតជាមនុស្ស។ ពលរដ្ឋដែលមានគុណភាពជាមនុស្សសុចរិតស្មោះត្រង់ តែមិនស្លូតស្លាប់។ឈរលើគោលការណ៍ខាងលើនេះយើងបណ្ដុះបានពលរដ្ឋដែលមានទាំងបេះដូងមានទាំងទស្សនវិស័យប្រកបដោយទំនួលខុសត្រូវ ដឹងពីកាតព្វកិច្ចរបស់ខ្លួនហើយចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាម្ចាស់ប្រទេសនោះដោយការទទួលខុសត្រូវ។
ការរួមចំណែករបស់ពួកយើងម្នាក់ៗនេះវាតូចខ្លាំងណាស់ ប្រៀបបានថាយើងមានតំណក់ទឹកស្អាតម្នាក់មួយតំណក់ៗបណ្ដក់ចូលទៅក្នុងសង្គម ខណៈពេលដែលមនុស្សទុច្ចរិតគេមានទុយោទឹកធំៗ បាញ់បញ្ចូលទឹកកខ្វក់មកបំពុលសង្គមខ្មែរ តែពួកយើងមានសុទិដ្ឋិថា គង់មានថ្ងៃដែលទឹកស្អាតគ្រប់តំណក់របស់ពួកយើង សាយភាយកាន់តែច្រើនទៅៗលុបលើតំណក់ទឹកកខ្វក់មិនខាន។ បើយើងមានគោលដៅត្រឹមត្រូវអាចសម្រេចបាន បើទោះជាត្រូវចំណាយពេលយូរដើម្បីទៅដល់ ក៏វាត្រឹមតែជារឿងពេលវេលាទេ តែយើងនៅតែស្ថិតនៅលើទីតាំងត្រឹមត្រូវ ដែលនឹងនាំទៅដល់គោលដៅរួមដែលដៅទុកជាមិនខាន៕
ប៉ាង វ៉ាន់ថោន, អ៊ីមែលៈ vanthownpang@yahoo.com
No comments:
Post a Comment