នេះជាសកម្មភាពតវ៉ារកយុត្តិធម៌របស់ប្រជាពលរដ្ឋបឹងកក់ នៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ ហេង ជីវ័ន |
ជាទូទៅយើងគ្រប់គ្នាបានឃើញហើយថា ប្រទេសរបស់យើងតែងតែកើតមានបញ្ហាមិនចេះចប់ មិនចេះហើយ ចងច្រាក់ស្រែះស្ទើរតែមើលមិនយល់ដែលបញ្ហាទាំងនោះមិនមែនកើតមានតែនៅក្នុង ប្រទេសកម្ពុជា នោះទេ ពោលគឺវាកើតមាននៅលើជុំវិញពិភពលោកទាំងអស់ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ មានប្រជាពលរដ្ឋល្ងង់ៗ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជាដើម។ តួយ៉ាង នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន យើងបានដឹងបានឃើញទាំងអស់គ្នាហើយថា មានបញ្ហាទាំងពួងរាប់មិនអស់ដែលកំពុងតែកើតឡើងក្នុងសង្គមយើងបញ្ហាទាំងនោះរួមមាន ជនអន្តោប្រវេសន៍ខុសច្បាប់ ការរំលោភយកដីធ្លីការបំពុលបរិស្ថានការបំផ្លិចបំផ្លាញព្រៃឈើការរំលោភបំពានសិទ្ធិមនុស្សសង្គមអយុត្តិធម៌អសីលធម៌អាត្មានិយមអំពើពុករលួយបញ្ហាសេដ្ឋកិច្ចភាពគ្មានការងារធ្វើប្រេងសាំងទំនិញឡើងថ្លៃគ្មានការប្រកួតប្រជែងគុណភាពផលិតផលបញ្ហានយោបាយនិងបញ្ហាសាសនាជាដើម។
បញ្ហាដែលបានរៀបរាប់ខាងលើទាំងអស់ហ្នឹងគ្រាន់តែជាមែកធាងនៃបញ្ហាតែប៉ុណ្ណោះ។ ជាទស្សនៈមុននឹងយើងដោះស្រាយបញ្ហាអ្វីមួយយើងត្រូវស្វែងរកប្រភពនៃបញ្ហានិងធ្វើការស្រាវជ្រាវរកឫសគល់នៃប្រភពនោះ។ គ្រប់បញ្ហាទាំងអស់ដែលកើតឡើងនៅក្នុងសង្គមខ្មែរគឺដោយសារប្រព័ន្ធរដ្ឋបាលមួយដែលឥតប្រសិទ្ធភាពក៏ព្រោះតែអំណាចប្រមូលផ្តុំ។
កាលណាប្រទេសមួយមានអំណាចប្រមូលផ្តុំហើយនោះគឺធ្វើឲ្យច្បាប់ធូររលុង ប្រទេសគ្មាននីតិរដ្ឋពិតប្រាកដហើយនៅពេលដែលប្រទេសមួយមានការអនុវត្តច្បាប់គ្មានប្រសិទ្ធភាពប្រទេសមួយនោះតែងបង្កើតបានតែភាពអនាធិបតេយ្យឥតសណ្ដាប់ធ្នាប់ពាសពេញប្រទេស។ ដោយឡែកច្បាប់សម្រាប់ពួកអ្នកធំអ្នកកាន់អំណាចមានតម្លៃត្រឹមតែសីលធម៌ប៉ុណ្ណោះរឿងគេមិនធ្វើឬមិនគោរពវាអាស្រ័យទៅលើឆន្ទៈរបស់គេ។ អំណាចប្រមូលផ្តុំអ្នកដឹកនាំអាចលូកដៃចូលគ្រប់ស្ថាប័នទាំងអស់ទោះជាតុលាការនិងអំណាចនីតិប្បញ្ញត្តិក៏គេអាចធ្វើបានដែរ។ អ្នកដែលរស់ស្រួលនៅក្នុងសង្គមអំណាចប្រមូលផ្តុំមានតែអ្នកមានអំណាចមានលុយមានបក្ខពួកសែខ្នង។
ជាលទ្ធផលអ្នកដែលរងគ្រោះរងទុក្ខវេទនានោះគឺគ្មានអ្នកណាក្រៅពីប្រជាពលរដ្ឋដែលជាអ្នកខ្សោយគ្មានលុយគ្មានអំណាចគ្មានសែ។ មនុស្សជាច្រើនពេញចិត្តនិងដឹងគុណអ្នកប្រមូលផ្តុំអំណាចនៅពេលអ្នកនោះធ្វើជាជួយដោះស្រាយបញ្ហាតែតាមពិតអ្នកបង្កបញ្ហាជាកូនចៅរបស់បុគ្គលនោះអីតើ។
ត្រង់ចំណុចនេះតើអ្វីទៅជាអំណាចប្រមូលផ្តុំ? ហើយថា តើអំណាចប្រមូលផ្តុំមានលក្ខណៈដូចម្តេច? អំណាចប្រមូលផ្តុំជាប្រព័ន្ធនៃការដឹកនាំរដ្ឋមួយដែលអំណាចប្រមូលផ្តុំទៅលើអំណាចកណ្តាលហើយដែលអំណាចទាំងអស់ក្នុងការចាត់ចែងកិច្ចការប្រទេសនោះស្ថិតនៅលើកណ្តាប់ដៃរបស់បុគ្គលតែម្នាក់ឬបុគ្គលតែមួយក្រុមតូច។ រដ្ឋដែលដឹកនាំដោយប្រមូលផ្តុំអំណាចទៅលើមនុស្សតែម្នាក់ឬមនុស្សមួយក្រុមនោះ មានសភាពលក្ខណៈបែបបក្ខពួកនិយមគ្រួសារនិយមពោលគឺបុគ្គលម្នាក់ឬមួយក្រុមជាអ្នកសម្រេចកិច្ចការគ្រប់ជាន់ថ្នាក់របស់ប្រទេសជាតិ។ រាល់ការសម្រេចត្រូវធ្វើទៅតាមការចង់បានរបស់ថ្នាក់លើនិងបម្រើផលប្រយោជន៍ថ្នាក់លើទាំងអស់។
ចំពោះការអនុវត្តការងារវិញគ្មានប្រសិទ្ធភាពដោយសារមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិរុញការទទួលខុសត្រូវទៅឲ្យមន្រ្តីនៅថ្នាក់លើជាបន្តបន្ទាប់ពោលគឺឃុំរុញទៅស្រុក ស្រុករុញទៅខេត្តនិង ខេត្តរុញទៅថា្នក់ជាតិដើម្បីបង្ហាញប្រជាពលរដ្ឋថា ខ្លួនមិនមែនជាអ្នកមានកំហុសនោះទេ។ ជាលទ្ធផលគឺការអនុវត្តទម្រង់នៃការដឹកនាំរដ្ឋមួយដែលប្រមូលផ្តុំអំណាចវាងាយណាស់ឈានទៅរករបបផ្តាច់ការហើយប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអាចនឹងបាត់បង់ទឹកដី ឬធ្វើឲ្យខ្ទេចខ្ទីជាតិដោយមិនចាំបាច់មានបរទេសណាមកឈ្លានពាននោះទេ។
បើតាមអំណះអំណាងខាងលើនេះតើយើងអាចសន្និដ្ឋានបានថា គ្រប់បញ្ហាទាំងអស់កើតមាននៅក្នុងសង្គមខ្មែរ ពិតជាបណ្តាលមកពីអំណាចប្រមូលផ្តុំមែនទេ? ចម្លើយគឺ ពិតប្រាកដណាស់។
ជាក់ស្តែងកាលពី ឆ្នាំ២០០៧ លោក Lee Kuan Yew អតីត នាយករដ្ឋមន្ត្រី ប្រទេសសិង្ហបុរី មួយរូបក្នុងចំណោមមេដឹកនាំនៅក្នុងតំបន់អាស៊ាន លោកបានប្រាប់ស្ថានទូតសហរដ្ឋអាមេរិកថា មិនគួរឲ្យ ប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ាននោះទេ។ ការលើកឡើងរបស់លោកបានបញ្ជាក់ហេតុផលថា ប្រទេសកម្ពុជា មិនទាន់មានតម្លៃរួមល្អប្រសើរណាស់ណាទេ ពីព្រោះប្រទេសមួយនេះកំពុងតែជាប់ផុងនៅក្នុងវិបត្តិនយោបាយមួយយ៉ាងជ្រៅដោយសារតែនយោបាយនៃការដឹកនាំរបស់ប្រទេសមួយនេះមានការជំពាក់ជំពិននៅក្នុងរឿងអំណាចប្រមូលផ្តុំក្នុងដៃបុគ្គលដែលជាអ្នកដឹកនាំប្រទេសហ្នឹងតែមួយគត់។ ចំណែកអ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក Yash Pal Ghaiក៏បានអះអាងថា បញ្ហាស្រុកខ្មែរបណ្តាលមកពីអំណាចប្រមូលផ្តុំ។ ដោយសារតែសម្តីរបស់លោកថា ស្រុកខ្មែរអំណាចប្រមូលផ្តុំនេះហើយ បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រតិកម្មនិងខឹងច្រឡោតយ៉ាងខ្លាំង។
ជារួមមកក្នុងស្ថានភាពរបស់ប្រទេសយើងបច្ចុប្បន្នគន្លឹះដែលមាំនិងសំខាន់ជាងគេដែលយើងត្រូវគាស់ឲ្យរបើកមុនគេនោះគឺគាស់អ្នកតំណាងរាស្ត្រឲ្យចេញពីក្រញាំរបស់បក្ស។ ពាក្យថា តំណាងរាស្ត្រដែលយើងគ្រប់គ្នាធ្លាប់ហៅពេញៗមាត់នោះតែតាមពិតទៅសព្វថ្ងៃពួកគេជាអ្នកតំណាងបក្សទេតើ មិនមែនតំណាងរាស្ត្រឯណា។ គេពុំបានធ្វើការដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសនោះទេ ផ្ទុយទៅវិញ គេខិតខំយ៉ាងខ្លាំងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគេ បក្ខពួករបស់គេ ហើយគេត្រូវការយើង ផ្គាប់ផ្គុន អង្វរករយើងស្ទើរសព្វបែបយ៉ាង តែនៅពេលរដូវកាលបោះឆ្នោតខិតជិតមកដល់តែប៉ុណ្ណោះ។
ដើម្បីយកអ្នកតំណាងរាស្រ្តឲ្យមកនៅខាងរាស្ត្របាន គឺត្រូវបោះឆ្នោតចំមុខដើម្បីរើសពួកគេ។ បោះចំឈ្មោះបោះចំមុខអ្នកតំណាងដែលវាមិនមែនជាការបោះឆ្នោតឲ្យរូបសញ្ញាបក្សដូចសព្វថ្ងៃនេះឡើយ។ កាលណាអ្នកតំណាងក្លាយជាអ្នកតំណាងរបស់រាស្ត្រពិតប្រាកដ ពេលនោះអ្វីៗជាបន្ទាប់នឹងរៀបរយ ព្រោះពួកគេធ្វើការបម្រើប្រយោជន៍រាស្ត្រគិតរឿងរួមហើយបក្ស ឬមេបក្សលែងមានឥទ្ធិពលលើពួកគេជាងប្រជាពលរដ្ឋទៀតហើយ។ ប្រទេសរបស់យើងទាំងអស់គ្នាសោះ តែបែរជាត្រូវបុគ្គលតែម្នាក់ ឬមនុស្សមួយក្រុមក្តោបក្តាប់តែឯង ហើយមកកៀបម្ចាស់ប្រទេសឯណេះជិតដាច់ខ្យល់។ នេះមិនមែនគ្រាន់តែជាទុក្ខវេទនារបស់ពលរដ្ឋនៃប្រទេសមួយនោះទេ តែវាជាភាពអាម៉ាស់យ៉ាងខ្លាំងក្លា ដែលពូជសាសន៍មានចំនួនរាប់លាននាក់ តែត្រូវបានមនុស្សតែ ២-៣ នាក់ដឹកមុខ បំពុល បំផ្លាញ បន្លប់បន្លំស្រេចតែនឹងក្បាលចិត្តរបស់គេទៅវិញ។ ដូច្នេះការដោះស្រាយនូវបញ្ហានេះ ក៏ដូចជាទៅលើវិស័យដទៃដែរ គឺត្រូវមានការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលមានលក្ខណៈខ្លី ខ្លឹម ភ្លឺថ្លា និងមានប្រសិទ្ធភាពជាមុនសិន។
ដំណោះស្រាយនោះ គឺមានតែប្រជាពលរដ្ឋខ្មែរទេដែលអាចដោះស្រាយរួចនោះ ពោលគឺការយល់ដឹងរបស់ប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការនយោបាយ និងមានយន្តការធ្វើឲ្យប្រព័ន្ធដឹកនាំមានប្រសិទ្ធភាព ឲ្យក្លាយទៅជាច្បាប់ដើម្បីបំបែកការប្រមូលផ្តុំអំណាចរដ្ឋ ដែលក្នុងនោះគឺអំណាចទាំងបី (អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ) ឲ្យឯករាជ្យពីគ្នាផង និងដើម្បីធានាតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចប្រជាពលរដ្ឋផង។ ការបំបែកអំណាចប្រមូលផ្តុំ ធានាឲ្យមានការផ្តល់សិទ្ធិ និងអំណាច ហើយទម្លាក់ការទទួលខុសត្រូវទៅឲ្យស្ថាប័នដែលនៅជិតប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត អំណាចនៃការសម្រេចជោគវាសនាប្រទេសជាតិសិ្ថតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ពេលតាមរយៈអ្នកតំណាងនៅថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត-រាជធានី និងជាតិ ហើយរាល់ការសម្រេចទាំងកិច្ចការដឹកនាំរដ្ឋ និងកិច្ចការអភិវឌ្ឍជាតិលើគ្រប់វិស័យត្រូវធ្វើឡើងតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស៕
ប្រុស ស្រស់ អ៊ីមែលៈ Info.soeungsros@gmail.com
No comments:
Post a Comment