ជម្លោះដីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្លាយទៅជាមានបណ្ដឹងពីតំណាងអ្នកភូមិឡពាង ប្ដឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាសមាជិកគណៈកម្មការទី១នៃរដ្ឋសភា ថាបានផ្តល់មូលប្បទានប័ត្រ (Check) មិនអាចបើកយកប្រាក់ ដើម្បីឲ្យតំណាងតវ៉ាក្នុងភូមិឡពាង ឈប់ទាមទារដីពីក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
ចំណែកតំណាងរាស្ត្រ អ្នកស្រី ឡោក ខេង បំភ្លឺថា មូលប្បទានប័ត្រ ២ម៉ឺនដុល្លារនេះ គឺផ្តល់ឲ្យដើម្បីទិញរឿងជម្លោះដីបោះចោលបញ្ចប់ជម្លោះ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ កោះហៅ លោក រាជ សីម៉ា ជាដើមបណ្ដឹង និងជាតំណាងអ្នកភូមិឡពាង ទៅសាកសួរ បន្ទាប់ពីបុរសរូបនោះ ប្ដឹងចោទ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ពីបទចេញមូលប្បទានប័ត្រមិនអាចបើកលុយបាន។
ក្រោយពីបំភ្លឺនៅតុលាការ លោក រាជ សីមា អាយុ ៣៤ឆ្នាំ តំណាងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា គាត់បានប្រាប់ទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ថាមូលប្បទានប័ត្រដែលអ្នកស្រី ឡោក ខេង ផ្ដល់ឲ្យគាត់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ មានស្នាមលុប និងដាក់ថា លោក រាជ សីមា ជាអ្នកខ្ចីលុយ ចំនួន ១ម៉ឺនដុល្លារទៅវិញ។ ក៏ប៉ុន្តែការចរចារវាងអ្នកស្រី ឡោក ខេង តំណាងឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី គឺឲ្យលុយគាត់ ២ម៉ឺនដុល្លារ ព្រោះក្រុមហ៊ុនមិនអាចទិញដីទំហំ ៤.០០០ម៉ែត្រការ៉េ និងសង់ផ្ទះ ៥ គុណ ៦ម៉ែត្រ បញ្ចប់ការប្ដឹងទាមទារដីពីក្រុមហ៊ុន ខេ.ឌី.ស៊ី ទេ។
លោក រាជ សីមា បន្តថា ក្នុងមូលប្បទានប័ត្រដែលអ្នកស្រី ឡោក ខេង ផ្តល់ឲ្យគាត់មាន ២សន្លឹក គឺមួយសន្លឹករបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី មានទឹកប្រាក់ ១ម៉ឺនដុល្លារ និងមួយសន្លឹកទៀតជារបស់អ្នកស្រី ឡោក ខេង មានទឹកប្រាក់ ១ម៉ឺនដុល្លារ។ ក្នុងទឹកប្រាក់ ១ម៉ឺនដុល្លាររបស់អ្នកស្រី ឡោក ខេង មានស្នាមគូសលុបមិនអាចបើកពីធនាគារពាណិជ្ជទីមួយបាន។
លោកបន្តថា ប្រាក់គាត់បានទទួលបានជាក់ស្តែងពីអ្នកស្រី ឡោក ខេង ចំនួន ៣.០០០ដុល្លារ ក្នុងពេលចរចា៖ «សែកមួយគេដាក់ឈ្មោះថា ជា ខេង និងសែកមួយទៀតដាក់ឈ្មោះថា ឡោក ខេង។ ២សន្លឹកនេះស្រាប់តែខ្ញុំទៅបើក សែករបស់ ឡោក ខេង បែរជាអត់បានប្រាក់ ហើយនៅក្នុងហ្នឹង ករណីដោះ (ដោះដូរ) នៅភូមិឡពាង ខ្ញុំចាត់ទុកថា ជាករណីដែលបោកខ្ញុំ អ៊ីចឹងហើយបានជាខ្ញុំប្ដឹងអំពីលោកជំទាវ ឡោក ខេង ពីបទឆបោក និងចេញសែកស្អុយឲ្យខ្ញុំ»។
ឆ្លើយតបនឹងការប្តឹងនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អ្នកស្រី ឡោក ខេង សមាជិកាគណៈកម្មការទី១នៃរដ្ឋសភា (គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា) ថ្លែងថា អ្នកស្រីទៅបញ្ឈប់ធនាគារពាណិជ្ជទីមួយមិនឲ្យបើកប្រាក់ឲ្យមូលប្បទានប័ត្រ ដែលគាត់បានចេញឲ្យឈ្មោះ រាជ សីមា នោះទេ។
នៅពេលផ្ដល់សំណួរថា ហេតុអ្វីអ្នកស្រីជាសមាជិករដ្ឋសភាម្ដេចក៏ធ្វើការជំនួសក្រុមហ៊ុន ខេ.ឌី.ស៊ី ? អ្នកស្រីឆ្លើយថា មកពីគាត់ជំពាក់គុណអ្នកស្រី ជា ខេង តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី ទើបអ្នកស្រីផ្ដល់លុយទៅលោក រាជ សីមា។ គាត់ធ្វើនេះ ដើម្បីទិញរឿងជម្លោះដីបោះចោល បញ្ចប់ជម្លោះ។ អ្នកស្រីបន្តថា ក្រោយពីបានមូលប្បទានប័ត្រ លោក រាជ សីមា មិនព្រមគោរពតាមការសន្យា បញ្ឈប់ការតវ៉ាទេ បែរជាចូលរួមសកម្មភាពជាមួយអ្នកភូមិ ទើបអ្នកស្រីប្រាប់ទៅធនាគារពាណិជ្ជទីមួយ មិនឲ្យបើកប្រាក់តាមមូលប្បទានប័ត្រនោះ។
អ្នកស្រី ឡោក ខេង៖ «គឺថាយើង២នាក់សហការគ្នាជួយប្រជាពលរដ្ឋនៅឡពាង គាត់សម្របសម្រួលជាមួយប្រជាពលរដ្ឋ ខ្ញុំសម្របសម្រួលជាមួយក្រុមហ៊ុន។ ហើយខ្ញុំបានស៊ីញ៉េសែកឲ្យគាត់ថា បើឯងអត់ទុកចិត្តខ្ញុំ ខ្ញុំស៊ីញ៉េសែកឲ្យ តែខ្ញុំដាក់ថ្ងៃ២១ ខែ៨ ឲ្យឯងទៅបើកចុះ ហើយខ្ញុំដាក់ក្នុងសែកហ្នឹង គឺខ្ញុំឲ្យខ្ចី។ មូលហេតុអីខ្ញុំដាក់ថាខ្ញុំឲ្យខ្ចី? មកពីខ្ញុំជាម្ចាស់លុយ ខ្ញុំអត់មានពាក់ព័ន្ធជាមួយនឹងរឿងដីធ្លីទេ ក៏ប៉ុន្តែជាមនោសញ្ចេតនារបស់ខ្ញុំជាមួយគាត់ ខ្ញុំដាក់ឲ្យខ្ចី ហើយខ្ញុំបានប្រាប់គាត់»។
មន្ត្រីសមាគមអាដហុក (ADHOC) លោក ឡាត់ គី ឲ្យដឹងថា ជាអ្នកអនុម័តច្បាប់ក្នុងរដ្ឋសភា តែបានរំលោភច្បាប់ដោយផ្ដល់មូលប្បទានប័ត្រមានស្នាមលុប គ្មានទឹកប្រាក់ ទៅជនណាម្នាក់ដែលមិនចេះដឹងច្បាប់ អ្នកផ្ដល់មូលប្បទានប័ត្រនោះ បានប្រព្រឹត្តទង្វើឧក្រិដ្ឋ ដែលតុលាការអាចចោទពីបទឧក្រិដ្ឋ ហើយដាក់ទោសជននោះ អាចជាប់ពន្ធនាគារច្រើនឆ្នាំ និងពិន័យជាប្រាក់ទៀតផង។
ទោះជាយ៉ាងណា អ្នកស្រី ឡោក ខេង ឲ្យដឹងថា គាត់ជួបលោក រាជ សីមា រាល់ពេល ហើយគាត់ដឹងថា លោក រាជ សីមា ប្ដឹងគាត់ ប៉ុន្តែតុលាការមិនទាន់កោះហៅគាត់ទៅសាកសួរទេ។ អ្នកស្រីបន្តថា ប្រាក់នឹងប្រគល់ឲ្យលោក រាជ សីមា គ្រប់ចំនួន ដរាបណាអ្នកទទួលលុយគោរពតាមការសន្យាពេលចរចា គឺបញ្ឈប់ប្ដឹងក្រុមហ៊ុន ខេ.ឌី.ស៊ី ទាមទារដី៕
1 comment:
អ្នកស្រីតំណាងរាស្សបក្សប្រជាជនឆ្គួតជ្រូកបិុនខាងជិះជាន់ប្រជារាស្ស នឹង លួចសម្ប័ត្តជាតិ គ្មានបក្សប្រជាជនណាមួយល្លទេ…………..?
Post a Comment