A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 September 2014

A representative of Lorpeang villagers sue and MP from the CPP for issuing him with a bounced check [She should be charged with fraud] តំណាង​អ្នក​ឡពាង​ប្ដឹង​តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ថា​ចេញ​មូលប្បទានប័ត្រ​មិន​អាច​បើក​លុយ

ឡោក ខេង ៦២០
អ្នកស្រី ឡោក ខេង តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទសម្ភាសន៍​រឿង​តំណាង​អ្នក​ភូមិ​ឡពាង ប្ដឹង​ពី​បទ​ចេញ​មូលប្បទានប័ត្រ​មិន​អាច​បើក​លុយ នា​បន្ទប់​គណៈកម្មការ​ទី​១​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Ouk Savborey
ជម្លោះ​ដី​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្លាយ​ទៅ​ជា​មាន​បណ្ដឹង​ពី​តំណាង​អ្នក​ភូមិ​ឡពាង ប្ដឹង​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ អ្នកស្រី ឡោក ខេង តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សមាជិក​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ថា​បាន​ផ្តល់​មូលប្បទានប័ត្រ (Check) មិន​អាច​បើក​យក​ប្រាក់ ដើម្បី​ឲ្យ​តំណាង​តវ៉ា​ក្នុង​ភូមិ​ឡពាង ឈប់​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
ចំណែក​តំណាង​រាស្ត្រ អ្នកស្រី ឡោក ខេង បំភ្លឺ​ថា មូលប្បទានប័ត្រ ២​ម៉ឺន​ដុល្លារ​នេះ គឺ​ផ្តល់​ឲ្យ​ដើម្បី​ទិញ​រឿង​ជម្លោះ​ដី​បោះ​ចោល​បញ្ចប់​ជម្លោះ។
តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ កោះ​ហៅ លោក រាជ សីម៉ា ជា​ដើម​បណ្ដឹង និង​ជា​តំណាង​អ្នក​ភូមិ​ឡពាង ទៅ​សាកសួរ បន្ទាប់​ពី​បុរស​រូប​នោះ ប្ដឹង​ចោទ អ្នកស្រី ឡោក ខេង តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ចេញ​មូលប្បទានប័ត្រ​មិន​អាច​បើក​លុយ​បាន។
ក្រោយ​ពី​បំភ្លឺ​នៅ​តុលាការ លោក រាជ សីមា អាយុ ៣៤​ឆ្នាំ តំណាង​អ្នកភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា គាត់​បាន​ប្រាប់​ទៅ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​មូលប្បទានប័ត្រ​ដែល​អ្នកស្រី ឡោក ខេង ផ្ដល់​ឲ្យ​គាត់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៤ មាន​ស្នាម​លុប និង​ដាក់​ថា លោក រាជ សីមា ជា​អ្នក​ខ្ចី​លុយ ចំនួន ១​ម៉ឺន​ដុល្លារ​ទៅ​វិញ។ ក៏ប៉ុន្តែ​ការ​ចរចា​រវាង​អ្នកស្រី ឡោក ខេង តំណាង​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី គឺ​ឲ្យ​លុយ​គាត់ ២​ម៉ឺន​ដុល្លារ ព្រោះ​​ក្រុមហ៊ុន​មិន​អាច​ទិញ​ដី​ទំហំ ៤.០០០​ម៉ែត្រការ៉េ និង​សង់​ផ្ទះ ៥ គុណ ៦​ម៉ែត្រ បញ្ចប់​ការ​ប្ដឹង​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទេ។
លោក រាជ សីមា បន្ត​ថា ក្នុង​មូលប្បទានប័ត្រ​ដែល​អ្នកស្រី ឡោក ខេង ផ្តល់​ឲ្យ​គាត់​មាន ២​សន្លឹក គឺ​មួយ​សន្លឹក​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី មាន​ទឹក​ប្រាក់ ១​ម៉ឺន​ដុល្លារ និង​​មួយ​សន្លឹក​ទៀត​ជា​របស់​អ្នកស្រី ឡោក ខេង មាន​ទឹក​ប្រាក់ ១​ម៉ឺន​ដុល្លារ។ ក្នុង​ទឹក​ប្រាក់ ១​ម៉ឺន​ដុល្លារ​របស់​អ្នកស្រី ឡោក ខេង មាន​ស្នាម​គូស​លុប​មិន​អាច​បើក​ពី​ធនាគារ​ពាណិជ្ជ​ទី​មួយ​បាន។
លោក​បន្ត​ថា ប្រាក់​គាត់​បាន​ទទួល​បាន​ជាក់​ស្តែង​ពី​អ្នកស្រី ឡោក ខេង ចំនួន ៣.០០០​ដុល្លារ ក្នុង​ពេល​ចរចា៖ «សែក​មួយ​គេ​ដាក់​ឈ្មោះ​ថា ជា ខេង និង​សែក​មួយ​ទៀត​ដាក់​ឈ្មោះ​ថា ឡោក ខេង។ ២​សន្លឹក​នេះ​ស្រាប់តែ​ខ្ញុំ​ទៅ​បើក សែក​របស់ ឡោក ខេង បែរ​ជា​អត់​បាន​ប្រាក់ ហើយ​នៅ​ក្នុង​ហ្នឹង ករណី​ដោះ (ដោះដូរ) នៅ​ភូមិ​ឡពាង ខ្ញុំ​ចាត់​ទុក​ថា ជា​ករណី​ដែល​បោក​ខ្ញុំ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ប្ដឹង​អំពី​លោក​ជំទាវ ឡោក ខេង ពី​បទ​ឆបោក និង​ចេញ​សែក​ស្អុយ​ឲ្យ​ខ្ញុំ»

ឆ្លើយ​តប​នឹង​ការ​ប្តឹង​នោះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង សមាជិកា​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា (គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា) ថ្លែង​ថា អ្នកស្រី​ទៅ​បញ្ឈប់​ធនាគារ​ពាណិជ្ជ​ទី​មួយ​មិន​ឲ្យ​បើក​ប្រាក់​ឲ្យ​មូលប្បទានប័ត្រ ដែល​គាត់​បាន​ចេញ​ឲ្យ​ឈ្មោះ រាជ សីមា នោះ​ទេ។
នៅ​ពេល​ផ្ដល់​សំណួរ​ថា ហេតុអ្វី​អ្នកស្រី​ជា​សមាជិក​រដ្ឋ​សភា​ម្ដេច​ក៏​ធ្វើការ​ជំនួស​ក្រុមហ៊ុន ខេ.ឌី.ស៊ី ? អ្នកស្រី​ឆ្លើយ​ថា មកពី​គាត់​​ជំពាក់​គុណ​អ្នកស្រី ជា ខេង តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទើប​អ្នកស្រី​ផ្ដល់​លុយ​ទៅ​លោក រាជ សីមា។ គាត់​ធ្វើ​នេះ ដើម្បី​ទិញ​រឿង​ជម្លោះ​ដី​បោះ​ចោល បញ្ចប់​ជម្លោះ។ អ្នកស្រី​បន្ត​ថា ក្រោយ​ពី​បាន​មូលប្បទានប័ត្រ លោក រាជ សីមា មិន​ព្រម​គោរព​តាម​ការ​សន្យា បញ្ឈប់​ការ​តវ៉ា​ទេ បែរ​ជា​ចូល​រួម​សកម្មភាព​ជាមួយ​អ្នក​ភូមិ ទើប​អ្នកស្រី​ប្រាប់​ទៅ​ធនាគារ​ពាណិជ្ជ​ទី​មួយ មិន​ឲ្យ​បើក​ប្រាក់​តាម​​មូលប្បទានប័ត្រ​នោះ។
អ្នកស្រី ឡោក ខេង៖ «គឺ​ថា​យើង​២​នាក់​សហការ​គ្នា​ជួយ​ប្រជាពលរដ្ឋ​នៅ​ឡពាង គាត់​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ ខ្ញុំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន។ ហើយ​ខ្ញុំ​បាន​ស៊ីញ៉េ​សែក​ឲ្យ​គាត់​ថា បើ​ឯង​អត់​ទុក​ចិត្ត​ខ្ញុំ ខ្ញុំ​ស៊ីញ៉េ​សែក​ឲ្យ តែ​ខ្ញុំ​ដាក់​ថ្ងៃ​២១ ខែ​៨ ឲ្យ​ឯង​ទៅ​បើក​ចុះ ហើយ​ខ្ញុំ​ដាក់​ក្នុង​សែក​ហ្នឹង គឺ​ខ្ញុំ​ឲ្យ​ខ្ចី។ មូលហេតុ​អី​ខ្ញុំ​ដាក់​ថា​ខ្ញុំ​ឲ្យ​ខ្ចី? មក​ពី​ខ្ញុំ​ជា​ម្ចាស់​លុយ ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​ដីធ្លី​ទេ ក៏ប៉ុន្តែ​ជា​មនោសញ្ចេតនា​របស់​ខ្ញុំ​ជាមួយ​គាត់ ខ្ញុំ​ដាក់​ឲ្យ​ខ្ចី ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់»
​មន្ត្រី​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី ឲ្យ​ដឹង​ថា ជា​អ្នក​អនុម័ត​ច្បាប់​ក្នុង​រដ្ឋសភា តែ​បាន​រំលោភ​ច្បាប់​ដោយ​ផ្ដល់​មូលប្បទានប័ត្រ​មាន​ស្នាម​លុប គ្មាន​ទឹក​ប្រាក់ ទៅ​ជន​ណា​ម្នាក់​ដែល​មិន​ចេះ​​ដឹង​ច្បាប់ អ្នក​ផ្ដល់​មូលប្បទានប័ត្រ​នោះ បាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ ដែល​តុលាការ​អាច​ចោទ​ពី​បទ​ឧក្រិដ្ឋ ហើយ​ដាក់​ទោស​ជន​នោះ អាច​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៀត​ផង។
​ទោះ​ជា​យ៉ាង​ណា អ្នកស្រី ឡោក ខេង ឲ្យ​ដឹង​ថា គាត់​ជួប​លោក រាជ សីមា រាល់​ពេល ហើយ​គាត់​ដឹង​ថា លោក រាជ សីមា ប្ដឹង​គាត់ ប៉ុន្តែ​តុលាការ​មិន​ទាន់​កោះ​ហៅ​គាត់​ទៅ​សាកសួរ​ទេ។ អ្នកស្រី​បន្ត​ថា ប្រាក់​នឹង​ប្រគល់​ឲ្យ​លោក រាជ សីមា គ្រប់​ចំនួន ដរាប​ណា​អ្នក​ទទួល​លុយ​គោរព​តាម​ការ​សន្យា​ពេល​ចរចា គឺ​បញ្ឈប់​ប្ដឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទាមទារ​ដី៕​

1 comment:

Anonymous said...

អ្នកស្រីតំណាងរាស្សបក្សប្រជាជនឆ្គួតជ្រូកបិុនខាងជិះជាន់ប្រជារាស្ស នឹង លួចសម្ប័ត្តជាតិ គ្មានបក្សប្រជាជនណាមួយល្លទេ…………..?