A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 January 2014


​វិភាគ​៖ ​បើ​មិន​មាន​ការបោះឆ្នោត​មុន​អាណត្តិ​តើ​នឹង​មាន​អ្វីខ្លះ​កើតឡើង​ក្នុង​សង្គម​ខ្មែរ​?​

  • Written by 
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក​ សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថតដោយ តាត ឧត្តម) លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក​ សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថតដោយ តាត ឧត្តម)
សញ្ញា​នៃ​វិបត្តិ​នយោបាយ​ កើត​ឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ជា​ថ្ងៃ​បោះឆ្នោត នៅពេល​ដែល​គណបក្ស​ប្រជា​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ឈ្នះ​ឆ្នោត​ដូចគ្នា​។
ក្រោយមក​សញ្ញា​នៃ​វិបត្តិ​នោះ​លេចចេញ​ជា​ រូបរាង និង​បង្ហាញ​បញ្ហា​កាន់តែច្បាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ជា​ផ្លូវកា​រមិន​ស្គាល់​លទ្ធផល ដែល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បង្ហាញ​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ ចំណែគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។​
​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ធ្វើ​ បាតុកម្ម​ជា​បន្តបន្ទាប់ ​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ រហូតដល់​ខែ​មករា​ឆ្នាំ​២០១៤​នេះ​។ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ទាមទារ ​ប្រែប្រួល​ពី​មួយ​លើក​ទៅ​មួយ​លើក​ គឺ​​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ពេល ​បោះឆ្នោត ទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់ប្រព័​ន្ធ​បោះឆ្នោត រហូតដល់​បច្ចុប្បន្ន​ទា​ម​ទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។ គណ បក្សប្រឆាំង​ព្រមាន​ថា ដំណាក់កាល​បន្ទាប់​នឹង​ដឹកនាំ​ប្រជាជន​ធ្វើ​បាតុកម្ម ​ទាមទារ​ឲ្យ​លោក​ហ៊ុន​សែន ចុះចេញ​ពី​តំណែង​តែម្តង​។​តែ​បាតុកម្ម​ចាប់​ពីក្រោយ​ការបោះឆ្នោត​រហូត​ដល់​ ដើម​ខែ​មករា មិន​មាន​ដំណោះស្រាយ​នយោបាយ​អ្វី​ទេ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រឆាំង ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​បង្កើត​សភា និងរដ្ឋាភិបាល​ដោយ​ឯក​បក្ស​។ 
​ការ​មិន​ឯកភាព​គ្នា​ផ្នែក​នយោបាយ​នេះ នាំ​ឲ្យ​បាតុ​ក​ម្មលើ​បញ្ហានយោបាយ និងបា​តុកម្ម​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ​ក្នុងសង្គម​កើតឡើង​ជា​បន្តបន្ទាប់​ដូចជា បា​តុកម្ម​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជិត​១​លាន​នាក់ បាតុកម្មរបស់កម្មករទាមទារ​ដំឡើង​ប្រាក់ឈ្នួល  បាតុកម្ម​របស់​ក្រុម​អ្នករត់​ម៉ូតូឌុប​ទាមទារ​ឲ្យ​បញ្ចុះ​តម្លៃ​សាំង បាតុកម្ម​របស់​ក្រុម​លោក​ម៉ម សូណង់ដូ ទាមទារ​ពង្រីក​ការផ្សព្វផ្សាយ និងបាតុកម្ម​របស់​សហគម​ន៍​មាន​ទំនាស់​ដីធ្លី​ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់​ជា​ដើម​។​

​បញ្ហានយោបាយ​ដែល​សហគមន៍​ជាតិ និងអន្តរជាតិ​មើលឃើញ​ថា កម្តៅ​នយោបាយ​ឡើង​ខ្លាំង​នៅ​ដើមឆ្នាំ​២០១៤​នេះ នៅពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ហ៊ុន​សែន ប្រើ​កម្លាំង​ទ័ព​បាញ់សម្លាប់​កម្មករ  និង​វាយ​បណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​។ ក្រោយ​ពី​ការបង្ក្រាប​ផ្ទួន​ៗនោះ លោក​សម រង្ស៊ី ប្រធាន លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងលោក រ៉ុង ឈុន ប្រធាន​សភាព​សហជីព​កម្ពុជា ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះ​ឲ្យចូល​បំភ្លឺ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​
​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រៀបចំ​ចងក្រង​ឯកសារ​ភស្តុតាង​ នៃ​ការបាញ់​បង្ក្រាប​លើ​បាតុករ​ប្តឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។​
សកម្មភាព​នេះ​បង្ហាញថា អ្នកនយោបាយ កំពុង​រក​ភាពចាញ់ឈ្នះ មិន​អាច​រក​ច្រកចេញ​នៃ​វិបត្តិ​នយោបាយ​ឃើញ​ទេ​។​
ជុំវិញ​វិបត្តិ​នយោបាយ​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា​អ្នក​វិភាគបញ្ហា​សង្គម ​លើកឡើង​ជា​ញឹកញាប់​ឲ្យមាន​ការបោះឆ្នោត​មុន​អាណត្តិ ​ដើម្បី​គ្រប់​ភាគី​ទទួល​យក​។​
​ក្នុង​សិក្ខាសាលា​ស្តីពី ការស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា ​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ខេមរៈ ​នៅ​ថ្ងៃ​ទី​១៣​ខែ​មករា ដែល​មាន​សាស្ត្រាចារ្យ អ្នកវិភាគ  អ្នកស្រាវជ្រាវ និងនិស្សិត​ជាង​២០០​នាក់​ចូលរួម​នោះ បាន​ផ្តល់​អនុសាសន៍​ចំនួន​៣១​ចំណុច ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ក្នុងចំណោម​៣១​ចំណុច​នោះ មាន​ចំណុច​មួយ​ដែល​វាគ្មិន និងអ្នកចូលរួម​មានការ​ចាប់អារម្មណ៍​ច្រើន​ គឺ​ការស្នើ​ឲ្យមាន​ការបោះឆ្នោ​ត​មុន​អាណត្តិ​នៅ​ឆ្នាំ​២០១៥​។​
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី លើកឡើង​ក្នុង​សិក្ខាសាលា​នោះ​ថា ការ​ដែល​គណបក្ស​គណ​បក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ ​ព្រមព្រៀង​ជជែក​គ្នា​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នោះ នឹង​អាច​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​ ដល់​ប្រជាជន​ក៏ដូចជា​សង្គមជាតិ​។
​តែ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ពេល​ទៅ​សម្ពោធ​ការសាងសង់​ស្ពាន​ឆ្លង​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ស្រុក ​កោះធំ ខេត្តកណ្តាល​នៅ​ថ្ងៃទី​១៤​ខែ​មករា​ថា ចង់​ដូរ​នាយករដ្ឋមន្ត្រី ឬរដ្ឋាភិបាល​នោះ រង់ចាំ​ការបោះឆ្នោត​នៅ​៥​ឆ្នាំ​ខាង​មុខ​ទៀត មិន​អាច​បោះឆ្នោត​មុន​បានទេ ព្រោះ​លោក​ជាប់​ជា​នាយករដ្ឋមន្ត្រី​តាម​រដ្ឋធម្មនុញ​ <<​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​ពី​សភា ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ចេញ​ពី​សភា និង​មាន​ព្រះរាជក្រឹត្យ​ត្រឹមត្រូវ​ពី​ព្រះមហាក្សត្រ ជាទី​សក្ការៈ​។ ដូច្នេះ​៥​ឆ្នាំ​ទៅ​មុខ វា​មិន​ជា​យូរ​ប៉ុន្មាន​ទេ​។ អ្នក​ដែល​គេ​ចាំ គេ​ថា​យូរ​។​អ្នក​ដែល​គេ​មិន​ចាំ គេ​ថា​រហ័ស​។ ស្អី​ចុះ​ចេញ​ទៅ​អើយ​! ចាំ​អើយ​ទៅ ទាល់តែ​យូរ ចុះ​អី​ក៏​ស្រួល​ម្ល៉េះ ឡើង​តាម​រដ្ឋធម្មនុញ្ញ ចុះ​តាម​រដ្ឋធម្មនុញ្ញ អត់​និយាយ​អ្វី​ច្រើន ធ្វើ​ខុស​ពី​នោះ​គឺ​មិនបាន​>>​។​
​ស្ថានភាព​បច្ចុប្បន្ន​មិន​មាន​សញ្ញា​នៃ​ ការបោះឆ្នោត​ឡើង​វិញ​ទេ​។ ចុះ​បើ​មិន​មាន​ការបោះឆ្នោត​ឡើង​វិញ​ តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​នយោបាយ​កម្ពុជា​?
លោក កែម ឡី លើកឡើងថា ប្រសិនបើ​គណបក្ស​ទាំង​ពីរ​មិន​ចរចា​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​នោះទេ វិបត្តិ​សង្គមនឹង​កើតឡើងហើយ​បង្ហូរឈាម​បន្ថែម​ទៀត ​មិន​អាច​ជៀសរួច​នោះទេ​ << ​ប្រសិន​ជា​មិន​រៀបចំ​បោះឆ្នោត​ណាមួយ រហូតដល់​ឆ្នាំ​២០១៨ វា​ផ្តល់​ផល​ចំនេញ​ដល់​គណបក្ស​ប្រជាជន​ច្រើន​។ ទៅ​មិន​រួច​ទេ ហើយ​បង្ហូរឈាម​ជា​បន្ត​ទៀត កុំថាឡើយ​បង្ក្រាប​ប៉ុណ្ណឹង បង្ក្រាប​លើសពីនេះ​ក៏​មិន​ទៅរួច​ដែរ​។ បង្ក្រាប​កាន់តែខ្លាំង គឺ​បះបោរ​កាន់តែខ្លាំង ព្រោះ​យើង​មិន​បាន​ដោះស្រាយ​នូវ​អ្វី ដែលជា​សេចក្តីត្រូវការ​ពិតប្រាកដ​របស់គាត់​>>​។​
​សម្រាប់​លោក​សុខ ទូច សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និងនយោបាយ លើកឡើងថា ប្រជាពលរដ្ឋ​មាន​ចំណេះដឹង​កើនឡើង ហើយ​ពួកគាត់​កំពុង​ត្រូវការ​ដំណោះស្រាយ​មួយ​សមស្រប​។ លោក​បន្តថា ប្រសិន​គណបក្ស​ណាមួយ​មិន​បង្ហាញ​ឆន្ទៈ​ស្វែងរក​ដំណោះស្រាយ គណបក្ស​នោះ​នឹងបាត់បង់​​សំឡេង​ឆ្នោត​ នៅ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ​។ លោក​បញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​មើលឃើញ​គណបក្ស​ទាំង​ពីរ​ សុទ្ធ​តែ​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដូចគ្នា​ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​បក្ខពួក​នោះ ពលរដ្ឋ​នឹង​ឈប់​គាំទ្រ​គណបក្ស​ទាំងពីរ​ហើយ​ឈាន​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ទៀត​ ៕ ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី15 ខែមករា ឆ្នាំ2014
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: