By Thmey Thmey/ Penn Bonna
ក្រុមអ្នកវិភាគបានមើលឃើញជាស្រេច
នៅចំពោះមុខវិបត្តិនយោបាយដែលបានកើតឡើង
ជាច្រើនខែកន្លងមកហើយនេះ
មានច្រកតែពីរប៉ុណ្ណោះដែលគណបក្សជាប់ឆ្នោតទាំងពីរត្រូវជ្រើសរើស៖
ច្រកទី១គឺតុចរចា។
រីឯច្រកទី២គឺការប្រឈមមុខដាក់គ្នាដោយកម្លាំងដល់ទីបញ្ចប់រហូត
រកឃើញអ្នកឈ្នះនិងអ្នកចាញ់ដោយឆ្លងកាត់អំពើហិង្សា។ ប៉ុន្តែ
មកដល់សម័យនេះ
គេគួរតែបញ្ចប់វប្បធម៌យកអំពើហិង្សាធ្វើដើមទុនក្នុងអាជីវកម្ម
នយោបាយ
អ្វីដែលបានកើតឡើងនៅពេលនេះ
មិនមែនជារឿងចម្លែកទេសម្រាប់អ្នកដែលបានស្គាល់ចរិតអ្នកនយោបាយ
ខ្មែរ។
អំពើហិង្សាប្រាកដជាមិនអាចចៀសវាងបានទេខណៈដែលតុចរចាត្រូវគេ
បោះបង់ចោលនោះ។ រយៈពេលជាច្រើនខែបានកន្លងផុតទៅ
ភាពចង់ឈ្នះចង់ចាញ់បានអូសបន្លាយរហូតទាល់តែកើតអំពើហិង្សា
បង្ហូរឈាម និងការបាត់បង់ជីវិតមនុស្ស។
ជាការពិតណាស់ ទាំងអង្គការសង្គមស៊ីវិល
ទាំងក្រុមអ្នកវិភាគឯករាជ្យសុទ្ធតែបានយល់ស្របគ្នាថា
កំណែទម្រង់ប្រព័ន្ធបោះឆ្នោតគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហានយោបាយ
នៅកម្ពុជា។
គណបក្សជាប់ឆ្នោតទាំងពីរក៏បានមើលឃើញចំណុចគន្លឹះនេះដែរដោយពួកគេចុះ
ហត្ថេលខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតយន្តការរួមគ្នាមួយដើម្បី
ធ្វើកំណែទម្រង់ការបោះឆ្នោត។
ប៉ុន្តែ
កិច្ចព្រមព្រៀងដ៏មានសារសំខាន់នេះបែរជាត្រូវគេបោះបង់ចោលហើយរុញ
បញ្ហារហូតដល់មានការបង្ហូរឈាមទើបហាក់ស្ងប់ស្ងាត់បន្តិចវិញ។
គេនៅមិនទាន់ដឹងថា
នេះជាភាពស្ងប់ស្ងាត់មួយរយៈដើម្បីសម្ងំយកពឹសឬមួយក៏ការបាត់បង់
ជីវិត
និងការហូរឈាមប៉ុណ្ណឹងគ្រប់គ្រាន់ហើយសម្រាប់ការវិលចូលតុចរចាវិញ
ដើម្បីបញ្ចប់បញ្ហានោះទេ។ ប៉ុន្តែ មើលទៅ
ប្រហែលជាពិបាកណាស់ក្នុងការវិលចូលតុចរចាវិញក្នុងស្ថានភាពបែបនេះ។
ជាការពិតណាស់
ការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតដែលនៅតែជាបច្ចុប្បន្នភាពក្តៅគគុក
មួយសម្រាប់ប្រទេសកម្ពុជាគឺជាលទ្ធផលនៃការមិនទុកចិត្តគ្នារវាង
អ្នកនយោបាយ។ ជារៀងរាល់លើកឲ្យតែបោះឆ្នោតរួច
ប្រទេសនេះមិនដែលបានស្គាល់ភាពស្ងប់ស្ងាត់ម្តងណាទេ។
អ្នកចាញ់ឆ្នោតតែងតវ៉ាប្រឆាំងស្ថាប័នរៀបចំការបោះឆ្នោតពីបទលួច
បន្លំ។
ដើមហេតុគឺបណ្តាលមកពីការមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត
នេះឯង។
ជាក់ស្តែង ពេលនេះ
គណបក្សសង្គ្រោះជាតិដែលធ្វើបាតុកម្មអស់ជាច្រើនខែគឺដើម្បីដាក់សម្ពាធទៅ
លើបក្សកាន់អំណាចឲ្យបោះឆ្នោតឡើងវិញ។
តើនេះមិនមែនជាផលវិបាកដែលកើតឡើងដោយសារការមិនទុកចិត្តលើ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេឬ? ប៉ុន្តែ
បើទោះជាគ្រប់គ្នាយល់ពីសារសំខាន់នៃកំណែទម្រង់ការបោះឆ្នោតបែបនេះ
ក៏ដោយ
ក៏គណបក្សទាំងពីរមិនបានបន្តពិភាក្សាឲ្យស៊ីជម្រៅទៅលើបញ្ហានេះទេ
តែបែរជាមកប្រឈមមុខដាក់គ្នាយ៉ាងជូរចត់ទៅវិញ។
ការសាកល្បងកម្លាំងគ្នាកាន់តែអូសបន្លាយយូរទៅៗ
រហូតដល់ផ្ទុះអំពើហិង្សា។ ក៏ដូចជាលើកមុនៗដែរ
អ្នកស្លាប់និងរបួសគឺជាជនសាមញ្ញដែលអ្នកខ្លះមិនទាំងដឹងរឿងអ្វី
ផង។
តើនេះមិនមែនជាការធ្វើនយោបាយដោយយកឈាននិងទឹកភ្នែកធ្វើដើមទុន
ទេឬ?
អ្នកដែលស្លាប់ក្នុងហេតុការណ៍បែបនេះច្រើនតែមិនអាចរកយុត្តិធម៌បាន
ទេដោយសារតែអ្នកប្រឈមមុខដាក់គ្នាតែងស្តីបន្ទោសនិងទម្លាក់កំហុស
ដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែ អ្វីដែលច្បាស់លាស់មួយនោះគឺ
គេមិនអាចយកកាំភ្លើងទៅបាញ់សម្លាប់មនុស្សក្នុងស្ថានភាពបែបនេះបាន
ទេ។
តាមរយៈឈុតឆាកនានាដែលបានកើតឡើង
និងដែលត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនោះនៅតាមបណ្តាញសង្គមនោះ
ប្រទេសកម្ពុជាហាក់កំពុងចោលរូបភាពនៃស្រមោលអតីតកាលសារជាថ្មី។
នោះគឺអំពើហិង្សានៅតែជាមធ្យោបាយបញ្ចប់បញ្ហាដដែល។ ក្នុងនោះ
ការប្រើអាវុធរបស់សមត្ថកិច្ចទៅលើក្រុមបាតុករគឺជារូបភាពដែលពិបាក
លាងជម្រះជាងគេ។ ឥឡូវនេះ គេត្រូវតែច្បាស់លាស់ថា
តើអ្នកណាជាក្រុមមនុស្សទី៣ដែលបង្កការអុកឡុកឲ្យមានអំពើហិង្សា?
តើពួកគេគ្រាន់តែជាជនឆ្លៀតឱកាសមែនឬក៏ជាក្រុមដែលមានការរៀបចំ
ទុក? នេះជាសំណួរដែលត្រូវការចម្លើយ។
បន្ទាប់មកទៀតគេក៏ត្រូវរកចម្លើយដែរថា
តើអ្នកណាបញ្ជាឲ្យប្រើអាវុធក្នុងហ្វូងបាតុកម្ម?
អ្វីដែលគួរឲ្យសោកស្តាយនោះគឺ
អំពើហិង្សាដែលគេបានមើលឃើញជាមុននិងបានប្រកាសប្រាប់យ៉ាងក្តែងៗ
តែបែរជាអ្នកនយោបាយមិនយកត្រចៀកស្តាប់ហើយនៅតែមានៈធ្វើដំណើរតាម
ផ្លូវទៅរកអំពើហិង្សាឲ្យទាល់តែបាន។
នេះគឺជាទម្លាប់ចាស់គំរឹលនិងហួសសម័យ ប៉ុន្តែ
វានៅតែពេញនិយមនៅស្រុកខ្មែរ។
យ៉ាងណាក៏ដោយចុះ
គេនៅមិនទាន់ឃើញសញ្ញាណាមួយដែលនាំដល់ភាពធូរស្រាលនៅឡើយទេ។
ការដកថយមួយជំហានរបស់បក្សសង្គ្រោះជាតិដោយសុខចិត្តផ្អាកបាតុកម្ម
ដើម្បីភាពស្ងប់ស្ងាត់នៅពេលនេះគឺជាសញ្ញាល្អមួយដើម្បីបន្ធូរបន្ថយ
ភាពតានតឹង។ ប៉ុន្តែ គេមិនជឿថា
គណបក្សនេះបន្ទន់ឥរិយាបថចូលតុចរចាហើយទទួលយកសំណើរអ្វីផ្សេងខុស
ពីការទាមទារកាលពីមុននោះទេពីព្រោះវានឹងក្លាយជាស្ថានភាពបាក់
ស្បាត។
ចំណែកគណបក្សប្រជាជនកម្ពុជាវិញ
មកដល់ដំណាក់កាលនេះក៏ទំនងជាមិនអាចធ្វើសម្បទានអ្វីជាដុំកំភួនដល់
គូបដិបក្ខរបស់ខ្លួនដែរពីព្រោះអ្វីដែលបានកើតឡើងនេះគឺជាការ
បង្ហាញសាច់ដុំថា ខ្លួនមានអំណាចពេញដៃ ទាំងប៉ូលិស ទាហាន
កងរាជអាវុធហត្ថនៅក្នុងដៃដែលជាសញ្ញាប្រាប់បក្សប្រឆាំងថា
មិនអាចទាមទារអ្វីតាមចិត្តបានឡើយ។
នេះជាអំនួតរៀងៗខ្លួនដែលអ្នកនយោបាយទាំងសងខាងកំពុងប្រកាន់យក។
យ៉ាងណាក៏ដោយ នេះមិនមែនជាស្ថានភាពទាល់ច្រកទេ។
ដំណោះស្រាយអាចងាយនឹងរកឃើញទៅវិញក៏ថាបានប្រសិនបើភាគីទាំងពីរចង់
សម្រួលស្ថានការណ៍ទៅវិញហើយយកបញ្ហាដែលបានកើតឡើងមកធ្វើជាមេរៀន
បទពិសោធន៍។ការសាកល្បងកម្លាំងគ្នាត្រឹមនេះក៏ប្រហែលជាអាចដឹងបានហើយ
ថាវាមានលទ្ធផលយ៉ាងណា? ប្រសិនបើគ្រប់គ្នាជាពុទ្ធសាសនិកជន
គេប្រាដកជាយល់ច្បាស់ណាស់ថា
ផ្លូវកណ្តាលគឺជាធម៌ដ៏ប្រពៃសម្រាប់ឈានទៅរកសេចក្តីសុខនិងជាធម៌
ដែលអាចដោះស្រាយបានគ្រប់បញ្ហាដោយសន្តិវិធី។ ផ្ទុយទៅវិញ
ការប្រមាថគឺជាប្រភពនៃក្តីវិនាស!

1 comment:
mok ah chor CHEAM YEAP ah pouk keathkar nis pomdel totol komhos midang na te
Post a Comment