ខ្សែភាពយន្តឯកសារនេះបង្ហាញពីការតស៊ូរបស់អ្នករស់នៅតំបន់បឹងកក់មួយក្រុម រួមគ្នាតតាំងជាមួយអាជ្ញាធរដែលរឹបអូសយកដី និងផ្ទះសំបែងរបស់ពួកគាត់យកទៅជួលអោយឈ្មួញបរទេស។ រឿងនេះបានទទួលពានរង្វាន់អន្តរជាតិមួយចំនួននៅទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណា ខ្សែភាពយន្តឯកសារនេះ ពិបាករកកន្លែងបញ្ជាំងណាស់នៅកម្ពុជា។
បណ្ឌិត សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ទន្ទឹមនឹងលោកមានសេចក្ដីក្លាហានក្នុងការផ្តល់ទីតាំងអោយបញ្ចាំងខ្សែភាពយន្តនេះ លោកបែរជាស្រក់ទឹកភ្នែកអួលដើមកនិយាយលែងចេញពេលទស្សនាខ្សែភាពយន្តនេះចប់។
ខ្សែភាពយន្តនេះចាប់ផ្ដើមឈុតទីមួយដោយបង្ហាញអោយឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយនៅលើកៅអីភ្នាក់ដៃពណ៌ទឹកមាសដ៏ភ្លឺផ្លេក។ នៅពីក្រោយខ្នងលោកនាយករដ្ឋមន្ត្រី មានទូរកញ្ចក់ធំៗ ដែលមានតាំងរូបចម្លាក់សាងពីលោហធាតុមានតម្លៃផង។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងអំពីស្នាដៃក្នុងកិច្ចការនយោបាយ និងការកសាងមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃដំណាក់កាលកាន់អំណាចរបស់លោក៖ «ខ្ញុំមានជំនឿថា ដំណាក់កាល ហ៊ុន សែន ជាដំណាក់កាលស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ និងការចាប់ផ្ដើមនៃការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ សង្គម តែប៉ុណ្ណោះ...»។
គ្រាន់តែចប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីភ្លាម រូបភាពនៃឈុតថ្មីបង្ហាញការខុសគ្នាស្រឡះពីឈុតមុន។ ទីនេះ យើងឃើញឡានត្រាក់ធំៗ មានប្រមោយវែងៗ ប្រកបដោយអនុភាពក្រៃលែង កំពុងខ្វារទាញកម្ទេចផ្ទះប្រជាពលរដ្ឋ។ ម្ចាស់ផ្ទះទាំងចាស់ទាំងក្មេង នាំគ្នារត់ប្រសេចប្រសាច។ ខ្លះរើសដុំថ្មគប់តដៃទៅអាជ្ញាធរវិញ ដែលកំពុងដេញវាយបណ្ដេញពួកគេដោយដំបង និងដោយបាញ់កាំភ្លើងផង។ (ស្នូរកាំភ្លើងនិងស្នូរគ្រឿងយន្ត...)
ខ្សែភាពយន្តនេះបង្ហាញពីសកម្មភាពរបស់អ្នកបឹងកក់ ក្នុងការទាមទារអោយអាជ្ញាធរផ្ដល់សំណងអោយសមរម្យដល់ពួកគាត់ចំពោះដីធ្លី និងផ្ទះសំបែងដែលអាជ្ញាធររឹបអូសទៅអោយឈ្មួញឯកជន។ ក្នុងចំណោមអ្នកទាំងនោះ មានជាអាទិ លោកយាយ ង៉ែត ឃុន លោក ឌួង គា និងអ្នកស្រី ទេព វន្នី។
អ្នកស្រី ទេព វន្នី៖ «គាត់មិនខ្លាចស្លាប់ ដោយសារតែគាត់ខ្លាចបាត់បង់ជម្រករបស់គាត់ជាសំខាន់។ ព្រោះអីមនុស្សយើងមិនអាចអត់មានលំនៅឋានបានទេ សូម្បីតែសត្វក៏ត្រូវការសំបុកដែរ សូម្បីមនុស្សដែលស្លាប់ក៏គេត្រូវការមឈូស ត្រូវការដីសម្រាប់កប់ដែរ»។
ផលិតករបានសម្ភាសជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការជួលដីអោយក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍន៍នេះ។ នៅពេលដែលឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ពួកអ្នកបណ្តាក់ទុនចូលចិត្តមករកដីក្នុងក្រុង ត្បិតគេឆ្លាត គេចង់បានចំណេញនោះ អ្នកមើលទាំងអស់នាំគ្នាខ្សឹបខ្សៀវ និយាយបញ្ជោះអោយលោកវិញ។
លោក ហ៊ុន សែន៖ «ក៏ប៉ុន្តែវាមានការលំបាកណាស់នៅក្នុងការទាញពួកគេអោយទៅវិនិយោគក្នុងវិស័យកសិកម្មនៅទីជនបទ។ ពួកគេបែរជាដាក់ទុនយ៉ាងគំហុកនៅទីក្រុងភ្នំពេញទៅវិញ។ គេចាក់ទុនយ៉ាងច្រើន។ អ្វីដែលយើងចង់បាននោះ គឺចង់បានវិនិយោគក្នុងវិស័យកសិកម្មសម្រាប់ជនបទ។ ប៉ុន្តែយើងមិនអាចនឹងនិយាយគេបានទេ ព្រោះអ្នកវិនិយោគគេឆ្លាតជាងយើង គេចេះ គេគិតគូរអំពីបញ្ហាទីផ្សារ ដូច្នេះគេដាក់ទុនមកដើម្បីផលចំណេញ»។
គឺដើម្បីផលចំណេញរបស់ក្រុមហ៊ុនគេនេះហើយ បានជានៅពេលដែលចរចាមិនទាន់ត្រូវគ្នាផង ក្រុមហ៊ុនក៏ចាប់ផ្ដើមបូមខ្សាច់ចាក់បំពេញបឹង ដែលធ្វើអោយទឹកចាល់លិចផ្ទះអ្នកភូមិ។ (សំឡេងគ្រឿងយន្ត)
ការបណ្ដេញប្រជាពលរដ្ឋចេញពីដីលំនៅឋានដោយបង្ខំនៅកម្ពុជា កើតមានឡើងស្ទើរគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា មិនថានៅទីក្រុង ឬទីជនបទទេ។ ចំណុចកំពូលនៃទំនាស់មួយក្នុងខ្សែភាពយន្តឯកសារនេះ គឺជាឈុតដែលកសិករនៅខេត្តកំពង់ស្ពឺ នាំគ្នាកាន់ដំបងដេញវាយកងកម្លាំងប្រដាប់អាវុធដែលចុះមកអនុវត្តសាលដីកាតុលាការបណ្ដេញម្ចាស់ផ្ទះដើម្បីយកដីអោយអ្នកវិនិយោគទុនបរទេស។ (សំឡេងដេញវាយរបស់អ្នកស្រុកនិងស្នូរកាំភ្លើង)
ទីណាដែលមានការបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ ទីនោះមានអំពើហិង្សា។ នៅឯបឹងកក់ ឯណេះវិញ ស្ថានការណ៍កាន់តែតឹងតែងទៅៗ។ ឈុតបន្ទាប់នេះបង្ហាញអោយឃើញស្ត្រីអ្នកបឹងកក់ម្នាក់ គឺលោកយាយ ង៉ែត ឃុន បែកក្បាលហូរឈាម កំពុងអង្គុយទ្រហោយំ ហើយឃើញកងកម្លាំងប្រដាប់អាវុធវាយយុវជនម្នាក់ឈ្មោះ សួង សុភ័ណ្ឌ អោយសន្លប់ហូរឈាមពេញខ្លួននៅនឹងកន្លែង។ (សំឡេងដេញវាយ សំឡេងយំរបស់អ្នកស្រុក និងស្នូរកាំភ្លើង)
ខុសពីខ្សែភាពយន្តរឿងធម្មតាដែលភាគច្រើនបញ្ចប់ទៅដោយតួឯកតួអង្គបានទទួលជ័យជម្នះ ឬសុភមង្គលរឿង «សូម្បីតែសត្វក៏ត្រូវការសំបុកនេះ» មិនបានបញ្ចប់ទៅដោយអ្នកតស៊ូទាមទារសិទ្ធិលំនៅឋានបានទទួលយុត្តិធម៌ទេ។ អ្នកតស៊ូខ្លះ មានអ្នកស្រី យោម បុប្ផា ជាដើម កំពុងជាប់ក្នុងពន្ធនាគារនៅឡើយ។
ពេលទស្សនាខ្សែភាពយន្តនេះចប់ បណ្ឌិត សុខ ទូច ឡើងបញ្ចេញយោបល់នៅចំពោះមុខទស្សនិកជនដែលជាអ្នកបឹងកក់ អ្នកបុរីកីឡា និស្សិត និងព្រះសង្ឃផងដែរនោះ ថាលោករំភើបណាស់ពេលដែលឃើញតួអង្គនៃរឿងនេះ បង្ហាញការពិតនៅក្នុងជីវិតពិតដ៏ឈឺចាប់របស់ពួកគេ៖ «តួកុនទាំងអស់កើតចេញមកពីតួកុនធម្មជាតិដែលមិនប្រឌិត។ បើយំ គឺយំចេញពីដួងចិត្ត ឥតធ្វើទេ។ គឺបង្ហាញអំពីតំណក់ទឹកភ្នែកដែលចេញមកពីកំហឹងការឈឺចាប់ដែលដុះចេញពីបេះដូង»។
ប្រហែលជារឿងនេះប៉ះពាល់ដល់បេះដូងបណ្ឌិត សុខ ទូច ហើយបានជាពោលដល់ត្រឹមនេះ លោកក៏អួលដើមកនិយាយទៀតលែងរួច។
ផលិតករនៃខ្សែភាពយន្តឯកសារនេះ គឺអ្នកស្រី គ្រីស្ទីន ចាន់ស៊ូ (Christine Chansou) បានថ្លែងបញ្ចប់កម្មវិធីបញ្ចាំងខ្សែភាពយន្តនេះថា អ្នកស្រីសូមឧទ្ទិសរឿងនេះដល់អ្នកបឹងកក់ ដែលកំពុងជាប់ពន្ធនាគារម្នាក់ គឺអ្នកស្រី យ៉ោម បុប្ផា។
ខ្សែភាពយន្តឯកសារនេះមានរយៈពេល ៧០នាទី និយាយភាសាខ្មែរ និងផលិតដោយប្តីប្រពន្ធជាជនជាតិបារាំង មួយគូ គឺលោក វ៉ាំងសង់ ត្រាំងទីងនង់-គ័រណូ (Vincent Trintignant-Corneau) និងអ្នកស្រី គ្រីស្ទីន ចាន់ស៊ូ៕
No comments:
Post a Comment