ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2013 | 3 ម៉ោង មុន
លោក Ugo Astuto តំណាងសហភាពអឺរ៉ុប ប្រចាំតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ជំរុញឲ្យអ្នកនយោបាយកម្ពុជា គឺមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នា ហើយដោះស្រាយការជាប់គាំងនយោបាយ ដោយសង្កត់ធ្ងន់ការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលជាដើមចមបណ្ដាលឲ្យមានវិបត្តិនយោបាយ ។
នៅក្នុងលិខិតឆ្លើយតបមកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលVOD ទើបទទួលបាននៅថ្ងៃទី៣១ខែតុលានេះ បានសរសេរថា សហភាពអឺរ៉ុបពិតជាមានកង្វល់ ករណីជម្លោះនយោបាយនៅកម្ពុជា។ លិខិតរបស់លោក Ugo Astuto បន្តថា សហភាពអឺរ៉ុបបានតាមដានជាប់ជានិច្ច ស្ថានការនយោបាយនៅកម្ពុជា ជាពិសេស មុននិងក្រោយការបោះឆ្នោតសភាថ្ងៃ២៨កក្កដា កន្លងទៅនេះ។
លោក Ugo Astuto បានសរសេរក្នុងលិខិតរបស់ថា សហភាពអឺរ៉ុប ទទូចឲ្យមេដឹកនាំប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ក្នុងសភានិតិកាលទី៥ បន្តជួបចរចារគ្នាឡើងវិញ ហើយស្នើឲ្យពិនិត្យអនុសាសន៍របស់សហភាពអឺរ៉ុបឆ្នាំ២០០៨ ដែលទាក់ទិននឹងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ហើយគោលបំណងរបស់អនុសាសន៍នេះ គឺជំរុញកម្ពុជាឲ្យមានយន្តការបោះឆ្នោតមួយ ដែលមានទំនុកចិត្តពីម្ចាស់ឆ្នោតកម្ពុជា សំដៅជួយពង្រឹង និងអភិបាលកិច្ចកម្ពុជា ឲ្យបានរឹងមាំនិងយូរអង្វែង។
លិខិតរបស់លោក Ugo Astuto បានបញ្ចប់ដោយសន្យាថា សហភាពអឺរ៉ុប នឹងនៅតែបន្តជួយគាំទ្រការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា៕
សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
No comments:
Post a Comment