ប្រទេសចំនួន៣៦បង្ហាញក្តីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ប្រទេសចំនួន៣៦ ដែលជាសមាជិកនៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅថ្ងៃទី១៤ ខែកញ្ញា បានចេញសេចក្តីប្រកាសរួមគ្នាមួយបង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីប្រកាសនេះ លើកឡើងថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើបក្សប្រឆាំង និងការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋ សិទ្ធិធ្វើការប្រមូលផ្តុំគ្នាដោយសន្តិភាពនៅក្នុងឆ្នាំនេះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរ។
សេចក្តីប្រកាសបានបង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់ប្រទេសចំនួន៣៦ ដែលមានប្រទេសអាល់បានី (Albania) អូស្ត្រាលី(Australia) ជប៉ុន (Japan) កាណាដា (Canada) ម៉ាសេដូនី (Macedonia) ន័រវេសន៍ (Norway) ស្វីស (Switzerland) អ៊ុយក្រែន (Ukraine) និងប្រទេសចំនួន ២៨ទៀតដែលជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
សេចក្តីប្រកាសនេះ ត្រូវបានប្រកាសឡើងតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។
សេចក្តីប្រកាសរបស់ក្រុមប្រទេសទាំង៣៦ នេះ បានបង្ហាញក្តីកង្វល់ចំពោះការកើនឡើងនៃភាពតានតឹងនយោបាយនៅកម្ពុជា កំពុងគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។
ជាងនេះទៀត សេចក្តីប្រកាសដដែលមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយសារមានការប្ដឹងទៅតុលាការដោយមិនទំនង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល ព្រមទាំងបានបង្ហាញកង្វល់ដូចគ្នានេះផងដែរពីស្ថានភាពនៃ “វប្បធម៌សន្ទនា” រវាងគណបក្សនយោបាយធំជាងគេទាំងពីរដែលឈប់មានដំណើរទៅមុខ។
ក្រៅពីបង្ហាញកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយ បណ្ដាប្រទេសទាំងអស់នេះក៏បង្ហាញការសោកស្ដាយចំពោះការធ្វើឃាតលោកបណ្ឌិត កែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយ និងជាអ្នកវិភាគម្នាក់។ បន្ថែមពីនេះ សេចក្តីប្រកាសនេះបានកត់សម្គាល់ឃើញដែរថា បទឧក្រិដ្ឋនេះនាំឲ្យសង្គមស៊ីវិល និងសំឡេងឯករាជ្យនៅកម្ពុជា មានការភ័យព្រួយ។
ឆ្លើយតបនឹងសេចក្តីប្រកាសរបស់បណ្ដាប្រទេសទាំង៣៦ ដែលបង្ហាញក្តីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រាល់ការព្រួយបារម្ភពីសភាពការណ៍កម្ពុជា គឺជាសិទ្ធិរបស់បណ្ដាប្រទេសទាំងនោះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ វាយតម្លៃថា ការយល់ឃើញនេះ គឺមិនបានផ្សារភ្ជាប់ទៅនឹងសភាពការណ៍ពិតរបស់កម្ពុជា នោះឡើយ៖ «ចំពោះខ្លឹមសារពីការព្រួយបារម្ភស្ថានភាពសិទ្ធិមនុស្សកម្ពុជា នេះ ខ្ញុំយល់ថា បើយើងប្រៀបធៀបរវាងកម្ពុជា និងបណ្ដាប្រទេសមួយចំនួនក្នុងចំណោមបណ្ដាប្រទេសដែលព្រួយបារម្ភ គឺស្ថានភាពសិទ្ធិមនុស្សកម្ពុជា ប្រសើរឡើង ហើយការកិច្ចការវាយតម្លៃនេះ គឺមិនទាន់ត្រូវនឹងសភាពការណ៍ជាក់ស្តែង និងគ្មានសត្យានុម័តត្រឹមត្រូវនោះឡើយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានស្នើទៅក្រុមបណ្ដាប្រទេសទាំងនោះ ត្រូវចុះមកសិក្សាពីកម្ពុជា ផ្ទាល់ មិនមែនវាយតម្លៃដោយមិនបានស្គាល់ពីកម្ពុជា ច្បាស់នោះទេ ព្រោះរាល់បញ្ហាទាំងអស់ដែលកើតឡើង ត្រូវតែអនុវត្តទៅតាមច្បាប់កម្ពុជា។
ទោះបីជាយ៉ាងណា សេចក្តីប្រកាសរបស់បណ្ដាប្រទេសទាំង៣៦ នេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ត្រូវធានាឲ្យមានបរិយាកាសដោយមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសម្រាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សកម្ពុជា។ ជាងនេះទៀត ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តឡើងវិញនូវការសន្ទនានយោបាយ ដើម្បីបន្ថយការកើនឡើងនៃភាពតានតឹង ហើយបង្កើនការទុកចិត្តគ្នា ដែលធានាដល់ការគោរពយ៉ាងពេញលេញចំពោះសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចងក្រងគ្នាជាក្រុម ជាសមាគម និងសេរីភាពក្នុងការប្រមូលផ្តុំគ្នា។
នៅក្នុងសេចក្តីប្រកាសដដែល ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ និងដោយតម្លាភាព ចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី ឲ្យបានឆាប់រហ័សផងដែរ។ បន្ថែមពីនេះ ក៏អំពាវនាវឲ្យប្រទេសកម្ពុជា គោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ ធានាលើការបោះឆ្នោតដោយសេរី យុត្តិធម៌ និងស្របច្បាប់។ បណ្ដាប្រទេសទាំងនេះ ក៏បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេស និងប្រជាជនកម្ពុជា ក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សផងដែរ៕
No comments:
Post a Comment