កងទ័ពជើងគោកប្រកាសត្រៀមខ្លួនកម្ចាត់មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
បញ្ជាការដ្ឋានកងទ័ពជើងគោក ប្ដេជ្ញាអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទោះស្ថិតក្នុងតម្លៃ ពេលវេលា និងទ្រង់ទ្រាយណាក៏ដោយ។ បក្សប្រឆាំង និងអ្នកវិភាគយល់ថា មុននឹងបង្ហាញជំហរជាសាធារណៈ កងកម្លាំងប្រដាប់អាវុធគួរពិចារណាឲ្យបានម៉ត់ចត់ និងហ៊ានតស៊ូមតិជាមួយប្រមុខរដ្ឋាភិបាល ដើម្បីកុំឲ្យបាត់បង់អព្យាក្រឹត្យភាពរបស់ខ្លួនដែលមានចែងនៅក្នុងច្បាប់។
ដូចគ្នានឹងស្ថាប័នមួយចំនួនដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រកាសអនុវត្តអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមខ្លួនបង្ក្រាបមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលលោកចាត់ទុកថាជាឧទ្ទាមកម្មនៅក្នុងទីក្រុង។
ការថ្លែងបែបនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសពិសេសមួយរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា។
អង្គភាពនៃក្រសួងការពារជាតិ មួយនេះ ចាត់ទុកគម្រោងធ្វើបាតុកម្មរបស់គណបក្សប្រឆាំង ថាជាទង្វើខុសច្បាប់ បង្កអសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខក្សេមក្សាន្តរបស់ពលរដ្ឋ ហើយដែលអង្គភាពមួយនេះត្រូវកម្ទេចចោល។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្កោលទោសចំពោះការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមកគំរាមកំហែងលើគណបក្សរបស់លោក។ ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌមានជ័យ ព្រឹកថ្ងៃទី១៤ កញ្ញា លោក សុន ឆ័យ បញ្ជាក់ថា រាល់បញ្ហាទាំងអស់ត្រូវតែមានដំណោះស្រាយ ប៉ុន្តែមិនមែនជាដំណោះស្រាយបែបហិង្សានោះទេ៖ «ប្រជាពលរដ្ឋចេះដឹងច្រើនអំពីសិទ្ធិសេរីភាពរបស់លោកច្រើនណាស់ បើយើងប្រៀបធៀបនឹង (ទសវត្ស) ឆ្នាំ១៩៩០។ ហើយការភ័យខ្លាច ដូចខ្ញុំបានជម្រាបអ៊ីចឹង វាមានកម្រិត ប៉ុន្តែបើវាដល់ក ការភ័យខ្លាចហ្នឹងមិនអាចនឹងទប់ស្កាត់ពលរដ្ឋកុំឲ្យក្រោកឡើងតវ៉ា ដើម្បីអាយុជីវិត និងអនាគតរបស់គេបាននោះទេ»។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ចាន់ វិបុល វាយតម្លៃស្ថានការណ៍នយោបាយកម្ពុជា ថាកាន់តែអាក្រក់ទៅៗ ដោយសារអ្នកនយោបាយឲ្យតម្លៃហួសហេតុទៅលើផលប្រយោជន៍បក្ស ជាជាងការឯកភាពជាតិ។ លោកថា មេដឹកនាំនយោបាយគណបក្សទាំងពីរ កំពុងបង្កើតវប្បធម៌ស្អប់គ្នាកាន់តែខ្លាំងរវាងពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ៖ «កម្លាំងរបស់ប្រជាពលរដ្ឋដែលជាអ្នកដើរតាមមាគ៌ានយោបាយរបស់គណបក្សសង្គ្រោះជាតិ អ្នកដែលយល់ដឹងច្បាស់អំពីសេរីភាព និងសិទ្ធិមនុស្ស គាត់នឹងមិនបញ្ឈប់ទេ ប្រសិនបើមានការបង្ក្រាប។ ហើយការមិនបង្ក្រាបនោះហើយដែលជាថ្លុកឈាមនយោបាយមួយបង្កើតឡើងដោយអ្នកនយោបាយគិតតែផលប្រយោជន៍។ វាមិនប្រាកដថាការបង្ក្រាបរបស់គណបក្សកាន់អំណាច ឬកងកម្លាំងប្រដាប់អាវុធដែលទទួលរងអំពើអយុត្តិធម៌ពីគណបក្សកាន់អំណាច អាចទទួលបានការគាំទ្រឡើងវិញ ឬក៏អាចឈ្នះកម្លាំងពលរដ្ឋនោះទេ។ សេណារីយ៉ូនេះ ជាផលអាក្រក់ខ្លាំងណាស់»។
អ្នកវិភាគរូបនេះ មិនយល់ស្របចំពោះការប្ដេជ្ញាអនុវត្តបញ្ជាបង្ក្រាបបាតុកម្មបក្សប្រឆាំង ចេញដោយកងកម្លាំងប្រដាប់អាវុធនោះទេ។ លោកថា មុននឹងសម្រេចប្រកាសជំហររបស់ខ្លួន មេដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពិចារណាឲ្យបានម៉ត់ចត់ និងហ៊ានតស៊ូមតិជាមួយមេដឹកនាំរបស់ខ្លួន ដោយពិនិត្យលើមូលហេតុនៃបញ្ហា អំពីសារនយោបាយ អំពីទម្រង់នៃមហាបាតុកម្ម និងជាពិសេសអំពីច្បាប់កម្ពុជា ដែលចែងអំពីតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ៖ «ប្រសិនបើការបង្ក្រាបរបស់គាត់បង្កើតឲ្យមានមហន្តរាយក្នុងសង្គម នេះគឺជាការទទួលខុសត្រូវមួយចំពោះមុខប្រវត្តិសាស្ត្រ។ ខ្ញុំសង្ឃឹមថា មេដឹកនាំកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គួរពិចារណារឿងនេះឡើងវិញ ដើម្បីធ្វើការថ្លឹងថ្លែងអំពីអ្វីទៅជាសម្ពាធនយោបាយ អ្វីទៅជាសារប្រយោជន៍សម្រាប់បក្ស និងសារប្រយោជន៍សម្រាប់ពលរដ្ឋទូទៅសម្រាប់សង្គម និងជាតិ»។
ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ត្រង់មាត្រា៩ ចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី និងក្នុងសកម្មភាពការងារ ហើយត្រូវបានហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
ជុំវិញរឿងនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាបក្សទើបបង្កើតថ្មី ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៤ កញ្ញា អំពាវនាវដល់គណបក្សនយោបាយធំទាំងពីរ ឲ្យដោះស្រាយបញ្ចប់វិបត្តិនយោបាយដែលកំពុងកើតមាន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញថា គណបក្សដែលពលរដ្ឋបោះឆ្នោតជូនទាំងពីរនេះ គិតតែពីការគំរាមកំហែងគ្នាទៅវិញទៅមក ដោយមិនគិតគូរពីប្រជាកសិករដែលកំពុងជួបប្រទះបញ្ហាប្រឈមនៃការលក់ចេញកសិផលរបស់ពួកគាត់ ដោយសារតម្លៃកសិផលធ្លាក់ចុះខ្លាំង។
គណបក្សនេះ អំពាវនាវដល់មេដឹកនាំ តំណាងរាស្ត្រ និងគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ឲ្យងាកមកប្រើប្រាស់ពេលវេលា ប្រាជ្ញា និងធនធាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករ ជាជាងការឈ្លោះប្រកែកគ្នាដែលផ្តល់ផលអាក្រក់ដល់ប្រទេសជាតិ និងគំរូមិនល្អដល់យុវជនខ្មែរ៕
No comments:
Post a Comment