A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 10 August 2016
រដ្ឋាភិបាលមិនមានគម្រោងស៊ើបអង្កេតជំនួញគ្រួសារត្រកូល ហ៊ុន តាមរបាយការណ៍ Global Witness
ដោយ យាង សុជាមេត្តា
2016-08-10
គំនូរបង្ហាញសែស្រឡាយត្រកូល «ហ៊ុន» របស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness)។
Global Witness Photo
រយៈពេលជាងមួយខែហើយដែលអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានបញ្ចេញរបាយការណ៍និយាយពីការក្តោបក្តាប់ជំនួញនៅកម្ពុជា របស់សែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មផ្លូវការណាមួយពីលោក ហ៊ុន សែន ចំពោះរបាយការណ៍នេះ ថាវាជារបាយការណ៍ពិត ឬមិនពិតយ៉ាងណាឡើយ។ ចំណែកពីខាងរដ្ឋាភិបាលវិញ ក៏មិនឃើញមានការស៊ើបអង្កេតចំពោះបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍នេះដែរ។
គេនៅចាំបានថា កន្លងមកឲ្យតែមានអ្នកណាម្នាក់និយាយប៉ះពាល់ដល់កិត្តិយសរបស់ត្រកូល ហ៊ុន ឬប៉ះពាល់ដល់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន សែន តែងចេញមុខភ្លាមៗនិយាយការពារគ្រួសាររបស់លោក និងចាត់វិធានការភ្លាមៗឲ្យអ្នកដែលនិយាយនោះ ទទួលខុសត្រូវចំពោះសម្ដីរបស់ពួកគេ បើមិនទទួលខុសត្រូវតាមផ្លូវតុលាការ ក៏ត្រូវចេញមុខសុំទោសជាសាធារណៈដែរ។
ជាក់ស្តែងនៅពេលសកម្មជនគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិកម្នាក់ឈ្មោះ យ៉ង់ ណុយ ហៅ Brady Young បានបង្ហោះនៅលើទំព័រហ្វេសប៊ុក (facebook) កាលពីខែឧសភា ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺជាកូនរបស់អ្នកស្រី ប៊ុន រ៉ានី ជាមួយអ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) នោះ លោក ហ៊ុន សែន បានចេញមុខប្រតិកម្ម និងថ្កោលទោសខ្លាំងៗចំពោះការលើកឡើងរបស់សកម្មជនបក្សប្រឆាំងរូបនេះ ដែលលោក ហ៊ុន សែន ចាត់ទុកថាជាការប្រមាថលើគ្រួសារលោកធ្ងន់ធ្ងរ និងបានចោទថា មេបក្សប្រឆាំងជាអ្នកនៅពីក្រោយ។
អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក សម រង្ស៊ី (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ។ Photo supplied
ចំណែករឿងមួយទៀតដែលបានធ្វើឲ្យលោក ហ៊ុន សែន ក្តៅស្លឹកត្រចៀក ហើយបានប្រតិកម្មភ្លាមៗទៅវិញដែរនោះ គឺពាក់ព័ន្ធនឹងការលើកឡើងរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី ដែលលោក ហ៊ុន សែន និយាយថា អ្នកទាំងពីរនេះបានចោទលោកថាជាអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជា។
ដោយមិនបង្អង់យូរ លោក ហ៊ុន សែន បានណែនាំឲ្យមេធាវីរបស់លោក គឺលោក គី តិច រៀបចំឯកសារប្ដឹងលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ទៅកាន់តុលាការ ហើយក៏ត្រូវបានតុលាការចាត់ការយ៉ាងលឿនរហ័សដែរ។ លោក ហ៊ុន សែន ចាត់ទុកការចោទប្រកាន់លើលោកដូចនេះ ថាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក និងជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលនៅក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ជាដើម។
មិនត្រឹមតែជាមួយអ្នកនយោបាយបក្សប្រឆាំងដែលជាគូប្រជែងរបស់លោកនោះទេ សូម្បីតែជាមួយអ្នកលេងហ្វេសប៊ុក ក៏លោក ហ៊ុន សែន តែងប្រតិកម្មទៅវិញភ្លាមៗដែរនៅពេលអ្នកលេងហ្វេសប៊ុកណាមួយ និយាយអ្វីមួយធ្វើឲ្យប៉ះពាល់ដល់លោក និងក្រុមគ្រួសារ។
ជាក់ស្តែង ក្នុងពេលចូលរួមពិធីតភ្ជាប់ស្ពានកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៨ សីហា លោក ហ៊ុន សែន បានលើកយករឿងរបស់អ្នកលេងហ្វេសប៊ុកម្នាក់មកថ្លែងជាសាធារណៈ ក្រោយពេលអ្នកលេងហ្វេសប៊ុករូបនោះផ្សព្វផ្សាយថា លោក ហ៊ុន សែន ដាច់សរសៃឈាមខួរក្បាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅសិង្ហបុរី។ លោក ហ៊ុន សែន ចាត់ទុកទង្វើបែបនេះ ថាជាការប្រមាថមកលើលោក។ នេះគេនៅមិនទាន់គិតទៅដល់ប្រតិកម្មច្រើនរាប់មិនអស់ផ្សេងទៀតរបស់លោក ហ៊ុន សែន នៅពេលគេរិះគន់រដ្ឋាភិបាលលោកផង។
ប្រតិកម្មលឿនរហ័សរបស់លោក ហ៊ុន សែន ចំពោះអ្នកដែលលោកចោទថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារលោក គឺវាស៊ីទៅនឹងអ្វីដែលលោក ហ៊ុន សែន តែងលើកឡើងក្នុងមួយរយៈពេលចុងក្រោយនេះ ដែលថា បើអ្នកណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនឲ្យអ្នកនោះបានសុខដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យពលរដ្ឋហាក់ចម្លែកចិត្តបន្តិចនោះ នៅត្រង់ថា លោក ហ៊ុន សែន មិនបានចេញមុខបកស្រាយ ឬប្រតិកម្មខ្លាំងៗទាល់តែសោះចំពោះរបាយការណ៍របស់អង្គការ គ្លបល វីនេស ដែលថាសែស្រឡាយរបស់ត្រកូល ហ៊ុន កំពុងក្តោបក្តាប់ជំនួញស្ទើរតែទាំងអស់នៅកម្ពុជា។ បើនិយាយពីកិត្តិយសគ្រួសារវិញ របាយការណ៍នេះបានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះគ្រួសារត្រកូល ហ៊ុន មិនតិចទេ ព្រោះថាក្រោយរបាយការណ៍នេះចេញផ្សាយភ្លាម មានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិបានចាប់ផ្តើមផ្សព្វផ្សាយព្រោងព្រាតដែរ។
របាយការណ៍រកឃើញថា បើទោះជាលោក ហ៊ុន សែន មានប្រាក់ខែសរុបមិនដល់ ២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំក្តី ប៉ុន្តែគេប៉ាន់ប្រមាណថា គ្រួសារលោក ហ៊ុន សែន មានទ្រព្យសម្បត្តិសរុបមិនតិចពី ៥០០លានទៅ ១ពាន់លានដុល្លារអាមេរិកនោះទេ។ បើនិយាយពីជំនួញវិញ សែស្រឡាយត្រកូល ហ៊ុន មានចំណែកហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកចំនួន ១១៤ក្រុមហ៊ុន និងមានទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង ១១៤ នេះ មានដល់ទៅ ១០៣ក្រុមហ៊ុនទៅហើយដែលសែស្រឡាយត្រកូល ហ៊ុន មានតួនាទីធ្វើជាប្រធាន ជានាយកក្រុមហ៊ុន ឬមានហ៊ុនលើសពី ២៥ភាគរយឡើងទៅ។
គំនូរបង្ហាញសែស្រឡាយត្រកូល "ហ៊ុន" របស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
ក្រុមហ៊ុនទាំងអស់នោះជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងការកម្សាន្ត ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ថាមពល រុករករ៉ែ ព័ត៌មាន កីឡា កសិកម្ម ទូរគមនាគមន៍ ល្បែង សន្តិសុខ តំបន់សេដ្ឋកិច្ចពិសេស វាយនភ័ណ្ឌ រុក្ខាប្រមាញ់ និងថ្នាំពេទ្យ ជាដើម។
កូនស្រីច្បងរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន២២ ដែលមានទុនវិនិយោគចំនួន ៦៦លានដុល្លារអាមេរិក ក្នុងនោះក៏មានក្រុមហ៊ុនវៀតថែល-កម្ពុជា (Viettel Cambodia) ដែលជាសាខានៃក្រុមហ៊ុនវៀតថែល គ្រុប (Viettel Group) របស់វៀតណាម ដែលផ្តល់សេវាកម្មទូរស័ព្ទ Metfone នៅកម្ពុជា។ វៀតថែល គ្រុប គឺជាក្រុមហ៊ុនរបស់រដ្ឋវៀតណាម គ្រប់គ្រងដោយក្រសួងការពារជាតិវៀតណាម។ ប្ដីរបស់អ្នកស្រី ហ៊ុន ម៉ាណា គឺលោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី ក៏មានហ៊ុនក្នុងក្រុមហ៊ុនចំនួន ៤ ដែរ។
ចំណែកកូនស្រីម្នាក់ទៀតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាលី មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន៦ ខណៈដែលប្ដីរបស់អ្នកស្រី គឺលោក សុខ ពុទ្ធិវុធ ដែលជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៧ ផ្សេងទៀត។ រីឯកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលភរិយាលោក គឺអ្នកស្រី ពេជ្រ ច័ន្ទមុនី មានហ៊ុនក្នុងក្រុមហ៊ុនចំនួន៨។ ចំណែកអ្នកស្រី យឹម ឆៃលីន កូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងត្រូវជាប្រពន្ធរបស់លោក ហ៊ុន ម៉ានី មានហ៊ុនក្នុងក្រុមហ៊ុនចំនួន៦។
កូនប្រុសកណ្ដាលរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន១ គឺក្រុមហ៊ុនអគ្គីសនីឯកជនកម្ពុជា ខណៈដែលប្រពន្ធរបស់លោក គឺអ្នកស្រី ឌី ចាន់ដាវី ប្អូនស្រីរបស់លោក ឌី វិជ្ជា មានហ៊ុនក្នុងក្រុមហ៊ុនចំនួនមួយដូចគ្នា គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឌី អែន អឹម នៅក្រុងបាវិត (D & M (Baviet) SEZ com)។ ក្នុងពេលជាមួយគ្នា ម្តាយរបស់អ្នកស្រី ឌី ចាន់ដាវី អ្នកស្រី ម៉ែន ភក្តី ដែលជាប្រពន្ធរបស់លោក ហុក ឡង់ឌី ក៏មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៤ ផងដែរ។
ចំណែកបងប្អូនប្រុសស្រី និងបងប្អូនជីដូនមួយរបស់លោក ហ៊ុន សែន ដូចជាលោក ហ៊ុន សាន អ្នកស្រី ហ៊ុន សេងនី ឬអ្នកស្រី ឌី ជូច ជាដើម សុទ្ធតែមានហ៊ុននៅក្នុងក្រុមហ៊ុនជិត ២០ នៅពេលកូនៗ និងប្រពន្ធរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោក ហ៊ុន សែន មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៣៨ ផ្សេងទៀត។ កូនប្រុសស្រីរបស់លោក ហ៊ុន ណេង ទាំងនោះមានដូចជា លោក ហ៊ុន តូ លោក ហ៊ុន សៀងហេង អ្នកស្រី ហ៊ុន គឹមឡេង ដែលជាប្រពន្ធលោក នេត សាវឿន អ្នកស្រី ហ៊ុន ចន្ធូ និងអ្នកស្រី ហ៊ុន ចន្ថា ដែលជាអតីតភរិយារបស់លោក ឌី វិជ្ជា។
គំនូរបង្ហាញអំពីការកើបលុយរបស់ត្រកូល ហ៊ុន របស់អង្គការ គ្លបល វីនេស (Global Witness)។ Global Witness Photo
របាយការណ៍របស់គ្លបល វីនេស បន្តថា ក្រៅពីមានហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុក គ្រួសារត្រកូល ហ៊ុន ក៏មានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗមួយចំនួនដែរ ដូចជា Apple, Unilever, Visa, Nestle និង Honda ជាដើម។
អង្គការឃ្លាំមើលពិភពលោកនេះកត់សម្គាល់ថា ការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនរបស់ត្រកូល ហ៊ុន បានធ្វើឲ្យសែស្រឡាយថ្នាក់ដឹកនាំលោក ហ៊ុន សែន អាចរក្សានូវប្រព័ន្ធមួយដែលគេហៅថា «អញជួយឯង ឯងជួយអញ Patronage system»។ គ្លបល វីនេស ថាភាគច្រើននៃក្រុមហ៊ុនទាំងនេះអាចទទួលបាននូវកិច្ចសន្យាវិនិយោគសាធារណៈ និងអាជ្ញាប័ណ្ណវិនិយោគ ដូចជាការផ្តល់ដីសម្បទានជាដើម ហើយនៅពេលដែលទទួលបានផលចំណេញពីការវិនិយោគ ក្រុមហ៊ុនទាំងនេះតែងជូនកាដូទៅឲ្យគ្រួសារត្រកូល ហ៊ុន ដើម្បីសម្ដែងការអរគុណដែលបានជួយគាំទ្រពួកគេនៅក្នុងការវិនិយោគ។ អង្គការ គ្លបល វីនេស អះអាងថា បើមិនទទួលបានចំណូលតាមរយៈមធ្យោបាយទាំងអស់នេះទេ ម្ល៉េះសែស្រឡាយត្រកូល ហ៊ុន ប្រាកដជាមិនអាចឈរជើងនឹងនោះទេក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។
ដោយមើលឃើញភាពមិនប្រក្រតីទាំងអស់នេះហើយ អង្គការ គ្លបល វីនេស យល់ឃើញថា រដ្ឋាភិបាលកម្ពុជា គួរបើកការស៊ើបអង្កេតដោយឯករាជ្យ និងមានតម្លាភាពទៅលើសែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតាមអ្វីដែលអង្គការនេះបានរកឃើញនៅក្នុងរបាយការណ៍នេះ ព្រមទាំងនាំមកកាត់ទោសនូវបុគ្គល និងក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថា បានរំលោភបំពានច្បាប់របស់កម្ពុជា។
អង្គការ គ្លបល វីនេស ក៏បានអំពាវនាវឲ្យសមាជិកគ្រួសារទាំងអស់របស់លោក ហ៊ុន សែន ប្រកាសជាសាធារណៈនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ ព្រមទាំងទ្រព្យសម្បត្តិនានាដែលមាននៅក្នុងក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិ ទាំងផ្លូវការក្តី មិនផ្លូវការក្តី។
គេនៅចាំបានថា ភ្លាមៗក្រោយពីអង្គការ គ្លបល វីនេស បញ្ចេញរបាយការណ៍នេះកាលពីថ្ងៃទី៧ កក្កដា កូនប្រុសស្រីរបស់លោក ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មភ្លាមៗដែរ ដោយចាត់ទុកថានេះគ្រាន់តែជាចេតនារបស់ គ្លបល វីនេស និងបក្ខពួក ក្នុងការបង្អាប់បង្ខូចកិត្តិយសគ្រួសារត្រកូល ហ៊ុន មុនពេលបោះឆ្នោតប៉ុណ្ណោះ។
ចំណែកលោក ហ៊ុន សែន វិញ លោកមិនបានចេញមុខនិយាយការពារខ្លួន ឬបកស្រាយពីភាពត្រឹមត្រូវរបស់លោក និងក្រុមគ្រួសារដូចដែលលោកតែងធ្វើក្នុងពេលកន្លងមកទេ។
ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅយប់ថ្ងៃទី៩ សីហា ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ ឬឲ្យតម្លៃចំពោះរបាយការណ៍នេះឡើយ ពីព្រោះលោកថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងពីការពិត និងជារបាយការណ៍ដែលមាននិន្នាការប្រឆាំង៖ «វាអត់មានផលប្រយោជន៍អីសម្រាប់យើងពិចារណាផង។ របាយការណ៍សរសេរអត់ចំទិសដៅ។ វាមាននិន្នាការនយោបាយច្រើនជាងរបាយការណ៍ភាពជាដៃគូ។ របាយការណ៍នេះជាការប្រឆាំង»។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ កក្កដា ពោលគឺពីរថ្ងៃមុនពេលលោកត្រូវបានឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី យល់ឃើញថា ចំពោះរបាយការណ៍នេះបើរដ្ឋាភិបាលមិនមានការឆ្លើយតប ឬបកស្រាយសមស្របនោះទេ វាអាចក្លាយជាសន្លឹកបៀសម្រាប់បក្សប្រឆាំងក្នុងការទទួលបាននូវប្រជាប្រិយភាព។ ផ្ទុយទៅវិញ លោកថា ប្រសិនបើរដ្ឋាភិបាលសិក្សាស្រាវជ្រាវ រួចកែតម្រូវកុំឲ្យមានទំនាស់ផលប្រយោជន៍ នោះវាជាសន្លឹកបៀរបស់បក្សកាន់អំណាចទៅវិញ៖ «កាលណាកែស្ថាប័នហ្នឹងឲ្យវាល្អ អត់មានអំពើពុករលួយ អត់មានទំនាស់ផលប្រយោជន៍ ហើយច្បាស់លាស់ អ្នកណារកស៊ីដឹងរកស៊ី អ្នកណាធ្វើការដឹងធ្វើការ នោះរដ្ឋាភិបាលចំណេញប្រជាប្រិយភាព។ អាហ្នឹងត្រូវតែទទួលស្គាល់ ដូចទំនាស់ដីធ្លីអ៊ីចឹង ប្រសិនបើយើងទុកឲ្យរ៉ាំរ៉ៃ វាចំណេញដល់បក្សប្រឆាំង ប៉ុន្តែបើផ្ទុយទៅវិញ បើយើងព្យាយាមដោះស្រាយ ប្រជាជនសប្បាយចិត្ត វាចំណេញដល់គណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចក៏ទទួលបានដំណោះស្រាយជូនប្រជាពលរដ្ឋ និងបានប្រជាប្រិយភាពពីប្រជាពលរដ្ឋទៀត។ ហ្នឹងហើយជាការប្រកួតប្រជែងខាងផ្នែកនយោបាយ។ អ៊ីចឹងខ្ញុំគិតថា របាយការណ៍នេះ គឺក្នុងគោលបំណងជួយរដ្ឋាភិបាលសម្បើមណាស់នៅពេលរដ្ឋាភិបាលសិក្សាហើយយកទៅធ្វើការឆ្លើយតប តាំងពីរបាយការណ៍លើកទី១ ឆ្នាំ២០០៧។ ខ្ញុំឧទាហរណ៍ម្តងទៀត ឧទាហរណ៍អាវយើងវារហែក ហើយគេប្រាប់ថាវារហែកអាវហើយ យើងមិនព្រមយកទៅដេរ យើងចេះតែពាក់ទៅ មនុស្សនៅក្នុងផ្សារឃើញអាវរហែកហ្នឹងរហូត។ ប៉ុន្តែផ្ទុយទៅវិញ បើគេប្រាប់ហើយ យើងយកមកដេរឲ្យជិតទៅ ដើរទៅគេលែងឃើញហើយ។ អ៊ីចឹងវាចំណេញ ឬខាត? វាដោយសារតែយើងមិនចង់កែប្រែតែប៉ុណ្ណឹងទេ»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment