A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 10 August 2016
បក្សប្រឆាំងគ្រោងបញ្ចូលគំនិតបណ្ឌិត កែម ឡី មួយចំនួនទៅក្នុងគោលនយោបាយបក្ស
ដោយ សុ ជីវី
2016-08-10
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។
RFA/Sorn Chanratha
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំខ្លួនក្នុងទីស្នាក់ការគណបក្សអះអាងថា នឹងជ្រើសរើសយកអនុសាសន៍មួយរបស់លោកបណ្ឌិត កែម ឡី ធ្វើជាគោលនយោបាយរបស់បក្ស។ គោលនយោបាយនោះគឺជាការធ្វើវិមជ្ឈការថវិកាសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់។
គោលនយោបាយវិមជ្ឈការថវិកា ដែលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា ជាការចង់បានរបស់លោកបណ្ឌិត កែម ឡី នោះ គឺការផ្ដល់ថវិកា ១លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍ ឃុំ សង្កាត់។
លោក កឹម សុខា ថ្លែងបែបនេះនៅក្នុងទីស្នាក់ការបក្សនៅព្រឹកថ្ងៃទី១០ ខែសីហា នៅចំពោះមុខក្រុមស្ត្រីជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសមាជិករបស់បក្សប្រឆាំងមកពីឃុំ សង្កាត់ ចំនួន២១។
លោក កឹម សុខា បញ្ជាក់ថា នេះជាការត្រៀមរៀបចំគោលនយោបាយផ្ទៃក្នុងសម្រាប់គណបក្សរបស់លោក ដែលមិនមែនជាការឃោសនានោះឡើយ៖ «ដើម្បីវិមជ្ឈការអំណាចដល់មូលដ្ឋាន គណបក្សសង្រ្គោះជាតិ គឺឆ្លងកាត់វិមជ្ឈការ ៣ដំណាក់កាល។ ទី១ វិមជ្ឈការថវិកា ទី២ វិមជ្ឈការធនធានមនុស្ស និងទី៣ វិមជ្ឈការសេវាសាធារណៈ។ វិមជ្ឈការថវិកាហ្នឹង ខ្ញុំសូមឧទាហរណ៍ ថវិកាជាតិរបស់ប្រទេសកម្ពុជា យើងមួយឆ្នាំ ៤ពាន់លានដុល្លារជាង។ បើយើងទម្លាក់ថវិកាអោយមួយឃុំ ១លានដុល្លារ វាអស់ ១.៦៣៣លាន នៅសល់ជាង ២ពាន់លានទៀត ហើយបើ ១លានដុល្លារមួយឃុំ គឺឃុំហ្នឹងទៅជាទីក្រុង ហើយវាសប្បាយហើយ»។
លោក កឹម សុខា រំលឹកថា គឺលោកបណ្ឌិត កែម ឡី បានជួយសរសេរយុទ្ធសាស្ត្រនេះអោយរូបលោក៖ «តាមរយៈវិមជ្ឈការថវិកានេះ គឺជាគំនិត កែម ឡី គាត់អោយខ្ញុំ។ គាត់សរសេរពន្យល់ខ្ញុំ គាត់ស្រាវជ្រាវអោយខ្ញុំ»។
នៅក្នុងរបាយការណ៍ដែលសរសេរដោយលោកបណ្ឌិត កែម ឡី ស្ដីពីមធ្យោបាយទប់ស្កាត់ចំណាកស្រុកបង្ហាញថា យុទ្ធសាស្ត្រកាត់បន្ថយចំណាកស្រុកជនបទ និងយុវជន អាចស្ថិតនៅក្នុងរបៀបវារៈនៃការអភិវឌ្ឍភូមិ និងឃុំ។ ធនធានយុវជនអាចធ្វើដំណើរត្រឡប់មកជនបទ និងភូមិកំណើតវិញ ករណីរដ្ឋាភិបាលមើលឃើញការអភិវឌ្ឍឃុំ ជនបទ និងតំបន់ដាច់ស្រយាលជាការសំខាន់ និងវិភាជ ឬផ្ដល់ថវិកាយ៉ាងហោចណាស់ ១លានដុល្លារសម្រាប់មួយឃុំ ឬសង្កាត់ក្នុងមួយឆ្នាំៗ។
ក្នុងករណីនេះឃុំ-សង្កាត់ អាចទាញយកធនធានមនុស្ស អ្នកជំនាញពីអង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកជំនាញក្រៅប្រទេសមកធ្វើការជាជំនាញការ និងអ្នកបច្ចេកទេសក្នុងកិច្ចអភិវឌ្ឍន៍ទាំង ៥វិស័យរួមមាន សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងកិច្ចការពារធនធានធម្មជាតិ រដ្ឋបាល និងសន្តិសុខ និងកិច្ចការយេនឌ័រ។
បើទោះជាយ៉ាងណា លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីនៅកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តារម៉ាត (Star Mart) ស្តុបបូកគោ កណ្ដាលទីក្រុងភ្នំពេញ ដែលគិតមកទល់ពេលនេះមានរយៈពេល ១ខែហើយ។
មកដល់ពេលនេះមានគណបក្សនយោបាយមួយចំនួនបានប្រកាសយកអនុសាសន៍របស់លោក កែម ឡី ទៅអនុវត្តមានដូចជា គណបក្សយុវជនកម្ពុជា ប្រកាសថា នឹងបន្តយុទ្ធនាការ ១០០រាត្រី ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសថា នឹងធ្វើអោយអនុសាសន៍របស់លោក កែម ឡី ក្លាយជាការពិត ព្រមទាំងដាក់ថ្ងៃដែលឃាតកបាញ់សម្លាប់លោក កែម ឡី នោះជាទិវាសេរីភាពបញ្ចេញមតិ។
ចំណែកគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ជាតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សនេះ ធ្លាប់មានប្រសាសន៍ថា គណបក្សលោកសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាបញ្ញវន្តឆ្នើមមួយរូប ហើយដែលគណបក្សរបស់លោកធ្លាប់ទទួលយកអនុសាសន៍មួយចំនួនទៅបញ្ចូលក្នុងកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន។
ទាក់ទិននឹងការបែងចែក និងផ្ដល់ថវិកាវិញក្នុងមួយឆ្នាំៗ ជាពិសេសឆ្នាំ២០១៦ ថវិការដ្ឋមានប្រមាណជាង ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះសម្រាប់ឃុំ និងសង្កាត់ដែលសរុបមានចំនួន ១.៦៣៣ឃុំ សង្កាត់នីមួយៗ ទទួលបានថវិកាវិនិយោគចន្លោះតែ ១ម៉ឺនដុល្លារដល់ ៥ម៉ឺនដុល្លារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment