ភស្តុតាងថ្មីបញ្ជាក់ថាបណ្ឌិត កែម ឡី ស្លាប់នៅលើកៅអី
ដោយ អាស៊ីសេរី
2016-08-10
ពលរដ្ឋថតរូបអនុស្សាវរីយ៍ជាមួយកម្រងផ្កា និងរូបថតលោកបណ្ឌិត កែម ឡី នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth
មានមនុស្សមិនច្រើនប៉ុន្មានទេដែលបានឃើញសភាពសពរបស់លោកបណ្ឌិត កែម ឡី ភ្លាមៗ ក្រោយឃាតកបាញ់ចំនួន ២គ្រាប់ទៅលើរូបលោកនោះ។ ភស្តុតាងថ្មីមួយដែលអាស៊ីសេរី ទើបទទួលបានបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម តាមពិតស្លាប់នៅលើកៅអី ពោលគឺពុំមែនដេកដួលនៅលើឥដ្ឋការ៉ូនោះឡើយ។
សាកសពក្នុងរូបថតដែលអាស៊ីសេរី ទទួលបានដែលមានសភាពអង្គុយលើកៅអីផ្អែកទៅក្រោយ ដៃទាំងពីរធ្លាក់សំយ៉ុងចុះក្រោម និងក្បាលផ្ងារហាក់សម្លឹងមើលទៅពិតាននោះ គឺជាលោកបណ្ឌិត កែម ឡី។ ផ្ទុយទៅវិញ សាកសពរបស់លោកបណ្ឌិត កែម ឡី ក្រោយអំពើឃាតកម្មដែលគេឃើញតាមបណ្ដាញព័ត៌មាននោះ គឺដេកផ្ងារនៅលើឥដ្ឋការ៉ូក្នុងថ្លុកឈាម។
ស្របពេលសាធារណជនមានចម្ងល់ថា តើឃាតកពិតដែលបាញ់លោកបណ្ឌិត កែម ឡី ជានរណាឲ្យប្រាកដ? ស្រាប់តែកាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា មានវីដេអូថ្មីស្រឡាងមួយត្រូវគេផុសឡើងនៅក្នុងបណ្ដាញសង្គម ហើយវីដេអូឃ្លិបនោះបានបង្ហាញពីចំណុចមន្ទិលសង្ស័យមួយចំនួនក្នុងអំពើបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា កន្លងទៅនេះ។
វីដេអូដែលមានរយៈពេលជាង ២នាទីដែលត្រូវបានគេដាក់បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) គឺឃើញសកម្មភាពជនសង្ស័យព្យាយាមរត់តាមដងផ្លូវសុធារសឆ្ពោះទៅត្រង់ផ្សារអ៊ីអន (Aeon) ក្រុងភ្នំពេញ។
ឃ្លិបវីដេអូ បង្ហាញនូវសកម្មភាពរត់ក្នុងល្បឿនមធ្យមរបស់ជនសង្ស័យដែលមានភិនភាគដូចឈ្មោះ អឿត អាង។ ខណៈជនសង្ស័យកំពុងរត់ ស្រាប់តែមានម៉ូតូធំមួយគ្រឿងពណ៌ខៀវមានពាក់ស្លាកអក្សរថា ប៉ូលិស (Police) ជាភាសាអង់គ្លេសនៅចំហៀង ដែលមានអ្នកបើកពាក់អាវពណ៌ស និងពាក់មួកសុវត្ថិភាពផង។ ក្នុងរូបវីដេអូនោះ គេឃើញម៉ូតូបង្អង់ល្បឿនក្បែរជនសង្ស័យ ហើយហាក់ដូចជាបាននិយាយសាសងគ្នាជាមួយជនសង្ស័យបានមួយភ្លែត។
បន្ទាប់មកគេឃើញជនសង្ស័យព្យាយាមឡើងជិះលើម៉ូតូ ប៉ុន្តែគេមិនដឹងមូលហេតុអ្វីទើបជនសង្ស័យនេះឡើងជិះហើយចុះរត់វិញ ហើយរត់បន្តទៅមុខទៀត។ រត់បានបន្តិច ក៏បង្អង់ល្បឿនឈប់ ហើយទម្លាក់កាំភ្លើងខ្លីពីដៃចុះនៅកណ្ដាលយប់ថ្នល់ បន្ទាប់ពីនគរបាលដែលយាមស្ថានទូតរុស្សី ប្រើកាំភ្លើងអាកា (AK) ភ្ជង់ទៅលើខ្លួន។ ប៉ុន្តែទីបំផុត ម៉ូតូដែលគេសង្កេតឃើញព្យាយាមឌុបជនសង្ស័យដំបូងនោះ បានបើកមកស្ទាក់ដឹកយកជនសង្ស័យទៅបាត់។
ជនសង្ស័យសម្លាប់បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែលត្រូវគេស្គាល់ឈ្មោះថា អឿត អាង ព្យាយាមឡើងជិះលើម៉ូតូពាក់ស្លាកលេខប៉ូលិស ត្រូវបានបង្ហាញក្នុងវីដេអូឃ្លីបនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។ Screenshot
ជុំវិញសំណុំរឿងដ៏រស៊ើបមួយនេះ សមត្ថកិច្ចតែងអះអាងថា ពុំមានតម្រុយណាមួយថ្មី ក្រៅពីជនត្រូវចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះឡើយ។
ទាក់ទិនករណីនេះ លោក ខៀវ សុភ័គ អះអាងថា វាជារឿងល្អដែលមានតម្រុយថ្មី និងជាការបើកផ្លូវបន្ថែមទៀតដល់សមត្ថកិច្ចក្នុងស្វែងរកភស្តុតាងក្នុងសំណុំរឿងឧក្រិដ្ឋកម្មមួយនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានរបាយការណ៍ណាមួយរបស់សមត្ថកិច្ចបង្ហាញថា តើសាកសពលោកបណ្ឌិត កែម ឡី ស្លាប់ក្នុងស្ថានភាពបែបណានៅឡើយទេ ហើយថា តើមានអ្វីបានកើតឡើងខ្លះនៅចន្លោះពេលរវាងការបាញ់សម្លាប់លោក កែម ឡី និងការរត់គេចរបស់ជនសង្ស័យឈ្មោះ ជួប សម្លាប់ រហូតដល់ត្រូវគេចាប់ខ្លួនបាននោះ។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺពីស្នងការក្រុងភ្នំពេញ លោក ជួន សុវណ្ណ ជាច្រើនដងតាមទូរស័ព្ទ ប៉ុន្តែពុំមានអ្នកទទួល។ ដោយឡែកជំនួយការរបស់លោក ជួន សុវណ្ណ បដិសេធក្នុងការអត្ថាធិប្បាយជុំវិញសំណុំរឿងដ៏រសើបមួយនេះ។ ដូចគ្នានេះដែរ នៅថ្ងៃទី៤ ខែសីហា ទាំងស្នងការក្រុងភ្នំពេញ លោក ជួន សុវណ្ណ និងមន្រ្តីនាំពាក្យអគ្គស្នងការរាជធានីភ្នំពេញ មិនអាចស្នើសុំការបញ្ជាក់បានទេ ដោយទូរស័ព្ទមិនអាចហៅចូលបាន។
ជុំវិញមន្ទិលសង្ស័យថា មន្ត្រីនគរបាលអាចមានជាប់ពាក់ព័ន្ធក្នុងការជួយជនសង្ស័យនោះ លោក ជួន សុវណ្ណ ស្នងការក្រុងភ្នំពេញ បានថ្លែងការពារដោយប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី២ ខែសីហា ថា អ្វីដែលមន្ត្រីនគរបាលរបស់លោកមើលឃើញក្នុងឃ្លិបវីដេអូ ហាក់មានរឿងចម្លែកមួយជនត្រូវចោទនោះ គឺមិនដូចអ្វីដែលសាធារណជនបានឃើញឡើយ។
លោកបន្ថែមថា ពេលនោះមន្ត្រីនគរបាលបានដេញតាមចាប់ខ្លួន ហើយស្រែកឲ្យជនត្រូវចោទឈប់។ ប៉ុន្តែតែពេលកម្លាំងនគរបាលឃាត់ឲ្យឈប់នោះ ជនសង្ស័យបានប្រះខ្លួនមកលើនគរបាលបន្តិច រួចក៏រតបន្តទៅមុខទៀត។
រីឯមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនទៅតុលាការអស់ហើយ។ ចំណែកមន្រ្តីនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា វិញ បានត្រឹមតែអោយដឹងថា តុលាការកំពុងបន្តនីតិវិធីស៊ើបសួរជនត្រូវចោទ ជួប សម្លាប់។ លោកបន្តអះអាងថា ជនត្រូវចោទឈ្មោះ ជួប សម្លាប់ មិនបានទាមទារអោយមានមេធាវី។
មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងនៅថ្ងៃទី៣០ ខែកក្កដា ថា លោកពុំបានដឹងថា តើសពលោកបណ្ឌិត កែម ឡី ស្លាប់ក្នុងសភាពអង្គុយលើកៅអីផ្អែកទៅក្រោយដៃទាំងពីរធ្លាក់សំយ៉ុងចុះក្រោម និងក្បាលផ្ងារហាក់សម្លឹងមើលទៅពិតានបែបណានោះទេ។ លោកបន្តថា អ្វីដែលលោកបានដឹងគឺត្រឹមតែឃើញសាកសពលោកបណ្ឌិត កែម ឡី ដេកដួលរួចទៅហើយ៖ «អូ! មិនបានសួរគេទេ ឃើញតែរូបថតដែលគេថតមកដែរ ឃើញសពដួលនៅការ៉ូតែម្តង ដួលផ្កាប់ដូចយើងឃើញនេះ។ ឃើញផ្កាប់មុខសពហ្នឹង»។
សាក្សីជាច្រើនដែលស្ថិតនៅក្នុងហេតុការណ៍ដែលមានចម្ងាយប្រហែល ២០០ម៉ែត្រ ពីទីតាំងបាញ់ប្រហារលោកបណ្ឌិត កែម ឡី សុទ្ធតែអះអាងដូចៗគ្នាថា មនុស្សដែលសមត្ថកិច្ចចាប់បាន គឺមានភិនភាគដូចនឹងជនត្រូវចោទដែលបានចាប់ខ្លួននេះមែន។ ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេនៅមានមន្ទិលសង្ស័យថា តើហេតុអ្វីបានជាឃាតកសម្លាប់ហើយរត់ឲ្យគេចាប់បានដោយស្រួល។ ពលរដ្ឋដាក់មន្ទិលសង្ស័យថា នេះអាចជារូបភាពលេងល្ខោនស្ពិនភ្នែកដែរ ឬទេ។
មានអ្នកផ្ដល់បទសម្ភាសន៍ភាគច្រើនដែលមានចម្ងាយប្រហែលពី ២ ទៅ ៣០០ម៉ែត្រពីតាំងកើតហេតុវិញ សុទ្ធតែអះអាងថា បានឃើញឈ្មោះ ជួប សម្លាប់។ ប៉ុន្តែពីតាំងកើតហេតុ និងទីតាំងម្ដុំបរិវេណកើតហេតុពុំមានអ្នកផ្ដល់សម្ភាសន៍ថា ឃើញ ឬបានជួបឈ្មោះជនត្រូវចោទនេះឡើយ។
ទាំងសន្តិសុខយាមហាងលក់ទំនិញ ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅកាច់ជ្រុងស្តុបម៉ៅសេទុង និងផ្លូវលេខ ៦៣ និងសន្តិសុខយាមនៅហាងលក់គ្រឿងអេឡិចត្រូនិច I One Service Center ខាងកើត ហ្វែរ ម៉ាត ដែលនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតហាងលក់ទំនិញឈ្មោះ ហ្វែរ ម៉ាត នោះដែរ អះអាងថា បានឃើញឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះមែន ប៉ុន្តែពួកគេនៅតែមានការសង្ស័យថា នេះជាឃាតកពិត ឬអាចជាឃាតកសិប្បនិមិត្ត។
កាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្តារម៉ាត
ចំណែកអ្នកបម្រើការម្នាក់នៅក្នុងហាងស្តារម៉ាត ហាងសាំងកាល់តិច នៅស្តុបបូកគោ ទីដែលលោកបណ្ឌិត កែម ឡី ត្រូវគេធ្វើឃាតនោះ អះអាងថា រូបភាពដែលចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាព គឺមានគុណភាពកម្រិតខ្ពស់បំផុតដែលអាចមើលឃើញរោមមនុស្សថែមទៀតផង។
មានការសង្ស័យលើរថយន្តដែលពាក់ស្លាកលេខ ន.ប ដែលចតក្បែររថយន្តលោកបណ្ឌិត កែម ឡី
បុគ្គលិកបម្រើការផ្នែកសន្តិសុខក្រុមហ៊ុនកាល់តិចម្នាក់ ដែលថ្លែងក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះ បានអះអាងថា នៅមុនព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី គេសង្កេតឃើញរថយន្តមួយគ្រឿងដែលមានពាក់ស្លាកលេខ ន.ប ចតក្បែររថយន្តលោកបណ្ឌិត កែម ឡី។ បន្ទាប់ពីកើតហេតុភ្លាម រថយន្តដែលចតក្បែរនោះ ក៏បានបាត់ស្រមោលមួយរំពេចដែរ។
យ៉ាងណាក៏ដោយ បុគ្គលិករូបនេះមិនជឿថា ជនត្រូវចោទដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ គឺជាជនដៃដល់ក្នុងអំពើឃាតកម្មនេះទេ។ លោកអះអាងបន្តថា ឃាតកដែលបាញ់ប្រហារលោកបណ្ឌិត កែម ឡី គឺអាចជាមនុស្សផ្សេង។
ចំណែកសាក្សីដែលជាអ្នករត់រ៉ឺម៉កកង់បី នៅមុខផ្សារអ៊ីអន ក្បែរទីតាំងចុងក្រោយដែលជនត្រូវចោទត្រូវចាប់ខ្លួន គឺលោក ហេង ម៉ាប់ អះអាងថា លោកបានឃើញជនត្រូវចោទនេះរត់កាត់ទីនោះដែរ។ លោករៀបរាប់ពីហេតុការណ៍ដោយចម្ងល់ទៀតថា ហេតុអ្វីបានជាការរត់គេចខ្លួនរបស់ជនសង្ស័យ ជួប សម្លាប់ មានសភាពធម្មតាខុសពីជនសង្ស័យដទៃទៀត៖ «ណាមួយចោរហ្នឹង ឮគេនិយាយនៅមុខ ហ្សូល (SEOL) នៅមុខហ្សូលឡើងជិះម៉ូតូឌុបគេទៀត ពេលប៉ូលិសកំពុងដេញហ្នឹង។ ប៉ុន្តែម៉ូតូឌុបអត់ទៅ ដល់អត់ទៅវាចុះដើរមករហូត។ ខ្ញុំគិតថា បើចោរធម្មតាដូចរាល់ដងឲ្យតែមានកន្លែងគឺវាចូលហើយ តែហេតុអីចោរហ្នឹងវាតាមសម្រួលម្ល៉េះ»។
ទោះជាយ៉ាងណាក៏ដោយចុះ នៅចំណុចទីតាំងកើតហេតុ និងបរិវេណនៅជុំវិញនោះ ពុំមានអ្នកណាម្នាក់ហ៊ានផ្ដល់បទសម្ភាសន៍ឡើយ។ សាក្សីដែលបានឃើញឈ្មោះ ជួប សម្លាប់ នេះរត់គឺមានចម្ងាយឆ្ងាយពីតាំងកើតហេតុ ហើយនិងផ្អើលតៗគ្នាថា ដំបូងឡើយបានត្រឹមដឹងថា ជាចោរប៉ុណ្ណោះ។ ដោយឡែក សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ វិញអះអាងថា ឈ្មោះ ជួប សម្លាប់ នេះហើយគឺឃាតកពិតក្នុងអំពើឧក្រិដ្ឋនេះ។ រហូតមកដល់ពេលនេះ លោកអោយដឹងថា ខាងសមត្ថកិច្ចពុំទាន់មានតម្រុយថ្មីទៀតនៅឡើយទេ។
ថ្លែងប្រាប់អាស៊ីសេរី លោក ខៀវ សុភ័គ បញ្ជាក់ថា អ្នកដែលមានសិទ្ធិក្នុងការមើលមេមម៉ូរី (Memory) ឬអង្គចងចាំដែលយកចេញពីស្តារម៉ាតនោះបាន គឺមានតែក្រុមគ្រួសារ និងមេធាវីលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ៖ «អ្វីដែលជានីតិវិធីគេមិនលាក់ទុកថេបហ្នឹងទេ។ គេមិនលាក់ទុកទេ គឺត្រូវតែផ្សាយហើយ ប៉ុន្តែនៅចំពោះមុខកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ អ្នកដែលមើលថេបហ្នឹងបានមុនដំបូងបំផុតមានតែក្រុមគ្រួសារ និងមេធាវីសពលោកបណ្ឌិត កែម ឡី នោះទេ ទើបអាចមើលថេបហ្នឹងជុំតុលាការបាន»។
ឆ្លើយតបរឿងនេះ លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី ឲ្យដឹងថា លោកស្រីនៅមិនទាន់មានគម្រោងស្នើសុំតុលាការដើម្បីពិនិត្យរូបភាពតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចយកចេញពីស្តារម៉ាតកាល់តិច នៅឡើយទេ។ លោកស្រីថ្លែងថា នៅពេលនេះលោកស្រីកំពុងគិតគូររៀបចំបុណ្យ ១០០ថ្ងៃសម្រាប់លោកបណ្ឌិត កែម ឡី និងកិច្ចការដទៃទៀតសិន។
ដោយឡែក លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បញ្ជាក់ថា រហូតមកដល់ពេលនេះខាងស្ថាប័នរបស់លោកនៅមិនទាន់ទទួលបានការពឹងពាក់ពីក្រុមគ្រួសារដើម្បីស្នើសុំមេធាវីនៅឡើយទេ។ លោកបន្តថា ប្រសិនបើមានការស្នើសុំពីក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពេលណា អង្គភាពរបស់លោកនឹងបញ្ជូនមេធាវីឡើងការពារក្តីនេះភ្លាមដែរ។
រយៈពេលមួយខែហើយបន្ទាប់ពីលោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ នៅខណៈលោកកំពុងទទួលទានកាហ្វេ អានសៀវភៅ។ មានតែជនត្រូវចោទឈ្មោះ ជួប សម្លាប់ ដែលតុលាការអះអាងថា គាត់មិនត្រូវការមេធាវី កំពុងជាប់ឃុំ ហើយស្ថិតក្នុងភាពអាថ៌កំបាំងថែមទៀត ដោយសារតែទាំងសមត្ថកិច្ចនគរបាល និងតុលាការ នៅមិនទាន់បង្ហាញប្រាប់សាធារណជននូវព័ត៌មានលម្អិតអំពីជននេះ។ ជនត្រូវចោទឈ្មោះ ជួប សម្លាប់ ដែលប្រពន្ធគាត់អះអាងថា ឈ្មោះ អឿត អាង នោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពីព្រោះតែអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ ជំពាក់លុយខ្លួន ៣ពាន់ដុល្លារ។ ប៉ុន្តែការអះអាងជំពាក់លុយរបស់ជនត្រូវចោទ ជួប សម្លាប់ មិនមានអ្នកណាជឿសោះឡើយ។
សាធារណៈមតិជាតិ និងអន្តរជាតិ ទាមទារអោយមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនបង្អង់ ដើម្បីវែកមុខឃាតក និងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោស ដើម្បីយកឱកាសនេះបញ្ចប់និទណ្ឌភាពនៅកម្ពុជា៕
No comments:
Post a Comment