A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 10 August 2016
ទីភ្នាក់ងារទេសចរណ៍ឯកជនសុំឱ្យរដ្ឋាភិបាលពន្យារពេលដំឡើងថ្លៃសំបុត្រចូលតំបន់អង្គរ
ដោយ ហង្ស សាវយុត
2016-08-10
ទេសចរបរទេសតម្រង់ជួរទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។
RFA/Hang Savyouth
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងដំឡើងថ្លៃលក់សំបុត្រពី ២០ដុល្លារ ទៅ ៣៧ដុល្លារ ក្នុង ១ថ្ងៃ ទៅឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។
ការគ្រោងដំឡើងថ្លៃលក់សំបុត្រចូលទស្សនាអង្គរនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់អាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជន សុខា អូតែល (Sokha Hotel) ហើយទាញមកឱ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដោយមានស្ថាប័នគ្រឹះស្ថានអង្គរ ជាអ្នកទទួលខុសត្រូវលើការលក់សំបុត្រថ្មីនេះ។
ទីភ្នាក់ងារទេសចរណ៍ឯកជនមួយចំនួនដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា បានស្នើសុំរដ្ឋាភិបាលឱ្យពន្យារពេលនៃការដំឡើងថ្លៃលក់សំបុត្រទៅឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គររយៈពេល ១ឆ្នាំទៅមុខទៀត កុំឱ្យធ្វើឡើងឆាប់រហ័សពេក។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយទីភ្នាក់ងារទេសចរណ៍ផ្នែកឯកជនដែលធ្វើឡើងនៅឯសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី៩ ខែសីហា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺលោក ថោង ខុន។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលមានគម្រោងនឹងដំឡើងថ្លៃលក់សំបុត្រ ៣៧ដុល្លារអាមេរិកឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរក្នុង ១ថ្ងៃ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។ រដ្ឋាភិបាល មុននឹងសម្រេចចិត្តដំឡើងថ្លៃសំបុត្រចូលទស្សនាអង្គរនេះ គឺបានធ្វើការស្ទង់មតិពីអ្នកជំនាញបរទេសរយៈពេល ៣ឆ្នាំមកហើយ។
លោក ថោង ខុន អះអាងថា តាមការស្ទង់មតិពីអ្នកជំនាញ និងភ្ញៀវទេសចរបរទេសគឺគេបានគាំទ្រឱ្យកម្ពុជា ដំឡើងថ្លៃលក់សំបុត្រចូលទស្សនាអង្គរ។
លោក ថោង ខុន បញ្ជាក់ថា ការដំឡើងថ្លៃលក់សំបុត្រចូលទស្សនាអង្គរពី ២០ដុល្លារ ទៅ ៣៧ដុល្លារចូលមើលបានរហូត ២៧ប្រាសាទ ក្នុង១ថ្ងៃនោះ គឺមិនថ្លៃទេបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនក្នុងពិភពលោក ដូចជានៅប្រទេសប៉េរូ (Peru) មានប្រាសាទតែ១ គឺគេលក់សំបុត្រឱ្យភ្ញៀវចូលទស្សនា ៦០ដុល្លារក្នុង១ថ្ងៃ ហើយប្រទេសខ្លះទៀតលក់សំបុត្ររហូតថ្លៃ ៨០ដុល្លារនោះ៖ «អត់ថ្លៃទេ ហើយបើគេចង់នៅយូរមើល ២០ប្រាសាទ ហ្នឹងក៏ថ្លៃតែប៉ុណ្ណឹងដែរ ប៉ុន្តែយើងចំណេញបានភ្ញៀវស្នាក់នៅយូរ បានចាយលុយច្រើន។ ទី២ អ្វីដែលជាអច្ឆរិយរបស់យើងគឺគេបានវាយតម្លៃតាមរយៈការបោះឆ្នោត ពីមនុស្សរាប់លាននាក់»។
ទីភ្នាក់ងារទេសចរណ៍ឯកជនដែលកំពុងប្រកបរបរចិញ្ចឹមជីវិតពីវិស័យទេសចរណ៍មិនជំទាស់លើការដំឡើងថ្លៃលក់សំបុត្រទៅឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរនោះទេ ក៏ប៉ុន្តែគេយល់ថា រដ្ឋាភិបាលដែលទុករយៈពេលតែ ៦ខែ ឱ្យទីភ្នាក់ងារឯកជនរៀបចំខ្លួននោះគឺវាឆាប់រហ័សពេក។
នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អប្សរា លោក សុភា មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមិនជំទាស់ទេក្នុងរឿងដែលរដ្ឋាភិបាលដំឡើងថ្លៃលក់សំបុត្រចូលទស្សនាអង្គរពី ២០ដុល្លារ ទៅ ៣៧ដុល្លារនោះ បើយោងទៅលើការវិវត្តន៍ផ្នែកសេដ្ឋកិច្ច ហើយទំនិញទីផ្សារឡើងថ្លៃ។ អ្វីដែលប៉ះពាល់គឺនៅត្រង់ថា ក្រុមហ៊ុនទេសចរណ៍របស់លោកបានធ្វើកិច្ចសន្យាលក់កញ្ចប់ទេសចរណ៍ទៅឱ្យភ្នាក់ងារបរទេសក្នុង ១ឆ្នាំម្ដងរួចហើយ។ ប៉ុន្តែបើរយៈពេល ៦ខែខាងមុខទៀតនេះ រដ្ឋាភិបាលចាប់ផ្ដើមដំឡើងថ្លៃលក់សំបុត្រ គឺនឹងធ្វើឱ្យកញ្ចប់ដែលលក់ទៅឱ្យគេរួចហើយ វាខុសថ្លៃគ្នារហូតដល់ទៅកន្លះឆ្នាំ ជាហេតុធ្វើឱ្យបរទេសគេមិនទិញកញ្ចប់ទេសចរណ៍នោះទេ៖ «ទាក់ទងនឹងតម្លៃដែលគ្រោងនឹងកើនថ្មីនេះ យើងសុំឱ្យរដ្ឋាភិបាល ពន្យារពេលយើងបន្តិច ហើយបន្ថែមលើហ្នឹងសូមឱ្យរៀបចំគោលដៅទេសចរណ៍ថ្មីៗហ្នឹងឱ្យបានច្រើនទៀត»។
ការសាកសួរទៅលើភ្ញៀវទេសចរបរទេសជាច្រើននាក់ នៅឯកន្លែងលក់សំបុត្រឱ្យដឹងថា ពួកគេមិនមានបញ្ហាចំពោះការលក់សំបុត្រចូលទស្សនាអង្គរ ឡើងថ្លៃនោះទេ ពីព្រោះគេយល់ថា អង្គរគឺជាមត៌កដ៏មានតម្លៃដែលមនុស្សជាច្រើនក្នុងពិភពលោកប្រាថ្នាចង់ឃើញ។
មន្ត្រីរដ្ឋាភិបាលឱ្យដឹងថា ការដំឡើងថ្លៃលក់សំបុត្រឱ្យភ្ញៀវចូលទស្សនាអង្គរ ៣៧ដុល្លារក្នុង១ថ្ងៃ នៅឆ្នាំក្រោយនោះ គឺចំណូល ៣៥ដុល្លារត្រូវរដ្ឋយកទៅគ្រប់គ្រងជាថវិកាជាតិ ឯ ២ដុល្លារទៀត គឺសម្រាប់យកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment