A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 August 2016

លោក ហ៊ុន សែន លើក​ពី​គុណ​សម្បត្តិ​រដ្ឋាភិបាល​កម្ពុជា​និង​ស្នើ​ឲ្យ​អាស៊ាន​រួបរួម​គ្នា


ដោយ សាន សែល
2016-08-07

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ឡើង​ទទួល​ពាន​រង្វាន់ «សមិទ្ធផល​អាស៊ាន​អមតៈ» លើក​ទី​១៣ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។ Photo courtesy of Prime Minister Hun Sen Facebook
 Photo courtesy of Prime Minister Hun Sen Facebook



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ពី​គុណ​សម្បត្តិ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជាង ៣០​ឆ្នាំ ដែល​ធានា​បាន​នូវ​សុខ​សន្តិភាព កំណើន​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​តំបន់ ខណៈ​លោក​ឡើង​ទទួល​ពាន​រង្វាន់ «សមិទ្ធផល​អាស៊ាន​អមតៈ» លើក​ទី​១៣ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​ជំហរ​ចង់​ឃើញ​អាស៊ាន​រួប​រួម​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ប្រាប់​វេទិកា​មេ​ដឹកនាំ​អាស៊ាន​នៅ​ថ្ងៃ​ទី​៦ សីហា ថា ក្រោម​រដ្ឋបាល​របស់​លោក​ជាង ៣០​ឆ្នាំ​ថា ប្រទេស​កម្ពុជា បាន​ផ្លាស់ប្ដូរ​មុខ​មាត់​ថ្មី។



ពី​ទីក្រុង​វៀងច័ន្ទ លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​ចំណោម​មេ​ដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​លើ​ពិភពលោក គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នយោបាយ សន្តិភាព និង​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៧​ភាគរយ​នា​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ពី​វាល​ពិឃាដ និង​ចម្ការ​មីន មក​ជា​ទីតាំង​ទេសចរណ៍ និង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម៖ «កម្ពុជា ពី​មុន​ដែល​ល្បី​ក្នុង​ការ​ប្រើ​អាវុធ​ដើម្បី​ដណ្ដើម​អំណាច​គ្នា និង​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល ឥឡូវ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​រយៈ​ការ​រៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស ជ្រើស​តាំង​តំណាង​ដឹកនាំ​ប្រទេស ជា​នីតិរដ្ឋ ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ ដែល​មាន​បូរណភាព​ទឹក​ដី​ពេញលេញ និង​គោរព​លើក​តម្កើង​យ៉ាង​ម៉ត់ចត់​នូវ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស»។

ទោះ​បី​ជា​បែប​នេះ​ក្ដី ក្នុង​រយៈពេល​ចុង​ក្រោយ ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​កត់ត្រា​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ ឬ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល គ្មាន​សិទ្ធិ​បញ្ចេញ​មតិ​ពេញលេញ ពិសេស​អ្នក​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​គេ​បាញ់​សម្លាញ់​នៅ​កណ្ដាល​ទីក្រុង អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​សង្គម សាទរ​ចំពោះ​ពាន​រង្វាន់​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន ជា​ថ្នូរ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក។ យ៉ាង​នេះ​ក្ដី លោក មាស នី សង្កេត​ឃើញ​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​មាន​ទំហំ​កាន់​តែ​ធំ ហើយ​កំណើន​សេដ្ឋកិច្ច​ហាក់​មិន​បាន​ជួយ​អ្នក​ក្រីក្រ​ឲ្យ​មាន​ជីវិត​ប្រសើរ​ឡើង​នោះ​ទេ ហើយ​សុខ​សន្តិភាព​គ្មាន​សង្គ្រាម​ក៏​ពិត​មែន តែ​កងទ័ព និង​កង​សន្តិសុខ​ត្រៀម​ខ្លួន​ជា​ស្រេច​ទប់ទល់​នឹង​ប្រជាជន​ខ្លួន​ឯង៖ «ពលរដ្ឋ​ខ្លួន​ឯង​ចំណាក​ស្រុក​ទៅ​ក្រៅ​កាន់​តែ​ច្រើន​ឡើងៗ រដ្ឋាភិបាល​ក៏​មិន​ទាន់​ឃើញ​មាន​វិធីសាស្ត្រ​មធ្យោបាយ​អី កុំ​ឲ្យ​កម្លាំង​ពលកម្ម​ប្រទេស​ខ្លួន​ឯង​ចេញ​ទៅ​ក្រៅ​អស់​ចឹង។ តែ​មាន​តែ​ជំរុញ​ឲ្យ​ទៅ​ថែម​ទៀត។ យើង​សួរ​ថា ថ្ងៃ​ក្រោយ​ទៅ ប្រទេស​មួយ​ដែល​គ្មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ចូលរួម​ពី​ពលរដ្ឋ​ខ្លួន អ្នក​ណា​នឹង​មក​រស់​នៅ​លើ​ទឹក​ដី​ហ្នឹង»។

លោក លី ក្វាន់យូ (Lee Quan Yew ) អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី និង​លោក មហា​ធៀរ មហាម៉ាត់ (Mahathir Mohamad) អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ក៏​ជា​ឥស្សរជន​ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​សមិទ្ធផល​អាស៊ាន​អមតៈ ដែល​តំណាង​ឲ្យ​មេ​ដឹកនាំ​កាន់​អំណាច​យូរ។

ក៏ប៉ុន្តែ បណ្ឌិត មាស នី កត់​សម្គាល់​ថា ម្ចាស់​ពាន​រង្វាន់​នេះ​ជា​អ្នក​កាន់​អំណាច​យូរ​ដូច​គ្នា តែ​កម្រិត​នៃ​ស្នាដៃ​របស់​មេ​ដឹកនាំ​កម្ពុជា ខុស​ឆ្ងាយ​ខ្លាំង​ពី​មេ​ដឹកនាំ​ផ្សេង​ទៀត៖ «សិង្ហបុរី នៅ​ក្នុង​រយៈកាល​ដឹកនាំ​របស់​លោក លី ក្វាន់យូ ធនធាន​មនុស្ស​របស់​គេ គឺ​អភិវឌ្ឍ​ដល់​កម្រិត​មួយ គឺ​កំពូល។ លី ក្វាន់យូ ចំណាយ ២០​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប​គ្រាន់​តែ​លើ​វិស័យ​អប់រំ។ លី ក្វាន់យូ ក៏​ដូច មហា​ធៀរ មាន​ទិសដៅ​ច្បាស់លាស់។ ប្រទេស​ទាំង​ពីរ​ឃើញ​ថា ប្រាក់​ចំណូល​ប្រជាជន​ម្នាក់ៗ​ជិត​ដល់​ម៉ឺន​ដុល្លារ​ទៅ​ហើយ។ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ប្រៀបធៀប​ទៅ​មេ​ដឹកនាំ​យូរ​ដូច​គ្នា តែ​នៅ​ពី​ក្រោយ​ពី​ឆ្ងាយ​ណាស់»។

ក្រៅ​ពី​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្នើ​ឲ្យ​អាស៊ាន​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ។ សម្រាប់​លោក បទពិសោធន៍​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប ឬ​ប្រីហ្សីត (Brexit) មិន​គួរ​កើត​ឡើង​ក្នុង​ចំណោម​សមាជិក​អាស៊ាន​នោះ​ទេ។

យ៉ាង​ណា​មិញ កាល​ពី​ចុង​ខែ​កក្កដា អាស៊ាន​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​មិន​គាំទ្រ​លើ​សេចក្តី​សម្រេច​ណា​មួយ​របស់​តុលាការ​មជ្ឈត្តកម្ម​អន្តរជាតិ លើ​ករណី​ជម្លោះ​ដែន​សមុទ្រ​រវាង​ហ្វីលីពីន និង​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សុន្ទរកថា​ទទួល​ពាន​រង្វាន់​កាល​ពី​ថ្ងៃ​ទី​៦ សីហា ក៏​ស្នើ​ឲ្យ​អាស៊ាន​ពង្រឹង​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​ការ​ពន្លឿន​សមាហរណកម្ម​តំបន់ និង​ពន្លឿន​ការ​បិទ​របាំង​ពន្ធ​គយ។ សមាហរណកម្ម​ដែល​លោក ហ៊ុន សែន ចង់​បាន គឺ​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ការ​ត​ភ្ជាប់​ស្ថាប័ន និង​ការ​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន។ លោក​ក៏​ស្នើ​ឲ្យ​អាស៊ាន ពង្រឹង​កិច្ច​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ការ​កាត់​បន្ថយ​គ្រោះ​ធម្មជាតិ ពិសេស​កាត់​បន្ថយ​ពី​ផល​ប៉ះពាល់​ការ​ប្រែប្រួល​អាកាសធាតុ៕

1 comment:

Anonymous said...

Don't waste your breath, nobody cares about your nonesense voice Ah Pleu, Ah Kwak. Reunite your own people first. The world knows you are a murder PM.