ក្រសួងកិច្ចការនារីជំរុញឲ្យស្ត្រីនិងយុវជនចាត់ទុកអំពើហិង្សាជារឿងមិនអាចទទួលយកបាន
ដោយ យ៉ង ចាន់តារា
2016-07-05
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារទប់ស្កាត់អំពើហិង្សាទាក់ទងយេនឌ័រ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Yang Chandara
ក្រសួងកិច្ចការនារី ចង់ឃើញស្ត្រីកម្ពុជា កុំចាត់ទុកអំពើហិង្សាជារឿងសាមញ្ញ ពីព្រោះវានឹងជះឥទ្ធិពលអាក្រក់ដល់ស្ត្រីខ្លួនឯង។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារទប់ស្កាត់អំពើហិង្សាទាក់ទងយេនឌ័រ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដែលរៀបចំដោយក្រសួងកិច្ចការនារី នៅថ្ងៃទី៤ កក្កដា នៅសណ្ឋាគារសាន់វ៉េ (Sunway) ក្រុងភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ៦០នាក់មកពីអង្គការជាតិ អន្តរជាតិ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា អំពើហិង្សាលើស្ត្រី គឺជាបញ្ហាដែលមិនអាចមើលរំលងបាន និងទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើការប្រយុទ្ធប្រឆាំងតាមរយៈការអប់រំ និងផ្សព្វផ្សាយ។ អ្នកស្រីបន្តថា ស្ត្រីខ្លួនឯងក៏មិនត្រូវចាត់ទុកអំពើហិង្សាជារឿងសាមញ្ញនោះដែរ ទោះជាក្នុងរូបភាពណាក៏ដោយ៖ «ស្ត្រីខ្លួនឯងហ្នឹងទទួលស្គាល់ថា ឲ្យប្ដីវាយបានដែរ គឺ ៥០ភាគរយ ប៉ុន្តែបុរសមានតែ ២៧ភាគរយទេ។ អ៊ីចឹងស្ត្រីត្រូវពង្រឹងខ្លួនឯងដែរ។ នេះជាបញ្ហាមួយដែលយើងត្រូវយកមកគិតគូរ ហើយត្រូវតែអប់រំបន្តទៅសង្គម ទៅសហគមន៍របស់យើង។ អ៊ីចឹងខ្ញុំសុំនិយាយថា កម្រិតនៃការអនុវត្តច្បាប់កុំអាលដាក់កំហុសតែទៅលើនគរបាល គឺមកពីសង្គមយើង សហគមន៍របស់យើងដែរ»។
អ្នកស្រី អ៊ឹង កន្ថាផាវី ឲ្យអាទិភាពខ្ពស់ចំពោះការអប់រំពលរដ្ឋឲ្យយល់ដឹងពីផលវិបាកនៃអំពើហិង្សាលើស្ត្រី។ អ្នកស្រីជំរុញឲ្យសាធារណជន ជាពិសេសយុវជន ស្អប់ខ្ពើមអំពើហិង្សាលើស្ត្រី និងត្រូវចាត់ទុកវាជាបញ្ហារួម៖ «យើងតែងតែចោទទៅលើដៃគូនេះមិនធ្វើការងារឲ្យម៉ត់ចត់។ វាមិនមែននោះទេ។ នេះវាជាបញ្ហានៅក្នុងសង្គម នៅក្នុងសហគមន៍យើងត្រូវតែអប់រំ មិនមែនតែបង្ក្រាបទេ។ ពេលខ្លះបង្ក្រាបអត់បានប្រសិទ្ធភាពយូរអង្វែងនោះទេ។ ប្រសិទ្ធភាពយូរអង្វែង យើងត្រូវផ្លាស់ប្ដូរអត្តចរិតផ្លាស់ប្ដូរឥរិយាបថរបស់សង្គមយើង របស់សហគមន៍យើង»។
ស្ថានភាពនៃអំពើហិង្សាលើស្ត្រីនៅកម្ពុជា កើតមានក្នុងទម្រង់ជាច្រើនដូចជា អំពើហិង្សាក្នុងគ្រួសារ អំពើឈ្លានពានខាងផ្លូវភេទ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពានលើស្ត្រីដែលមានហានិភ័យខ្ពស់។
ការសិក្សាអំពីស្ថានភាពអំពើហិង្សាលើស្ត្រីនៅកម្ពុជា បង្ហាញថា ស្ត្រី និងកុមារីនៅតែបន្តជាកម្មវត្ថុនៃអំពើហិង្សា។ អំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ជារូបភាពនៃអំពើហិង្សាលើស្ត្រី ដែលកើតមានជាយូរមកហើយនៅក្នុងសង្គមកម្ពុជា។ ប៉ុន្តែអ្វីជាការកត់សម្គាល់ គឺការលេចចេញរូបភាពថ្មីៗនៃអំពើហិង្សាលើស្ត្រី ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ដូចជាការរំលោភសេពសន្ថវៈលើកុមារីដោយបុរសវ័យចំណាស់ ការរំលោភសេពសន្ថវៈក្នុងសមាជិកញាតិលោហិត និងការរំលោភសេពសន្ថវៈក្នុងស្ថានភាពចៃដន្យជាដើម។
នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព មើលឃើញថា មូលហេតុសំខាន់ដែលអំពើហិង្សាលើស្ត្រីនៅតែបន្ត គឺដោយសារភាពធូររលុងនៃការអនុវត្តច្បាប់។ អ្នកស្រីបញ្ជាក់ថា ជនបង្កហិង្សាលើស្ត្រីមួយចំនួននៅតែអាចរួចខ្លួន តាមរយៈយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ៖ «ការផ្សព្វផ្សាយបានត្រឹមតែផ្សព្វផ្សាយនៅក្នុងពេលដែលមានហេតុការណ៍ហ្នឹងកើតឡើង ហើយនិងបង្ហាញថានគរបាល ឬក៏អាជ្ញាធរមូលដ្ឋានកំពុងតែរៀបចំឯកសារដើម្បីចោទប្រកាន់ជនល្មើសហ្នឹង រួចក៏ចប់ទៅ។ អ៊ីចឹងវាអត់មានរឿងអ្វីបន្តទៀត ដែលធ្វើឲ្យយើងមើលឃើញថា តើជននោះជាប់ពិតប្រាកដដែរឬអត់?»។
អ្នកស្រីចង់ឃើញសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនបង្កហិង្សាលើស្ត្រី ហើយលើសពីនេះ អ្នកស្រីក៏ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយជួយតាមដាន និងបន្តផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាអំពើហិង្សាលើស្ត្រីនេះឲ្យបានកាន់តែទូលំទូលាយ។
អំពើហិង្សាលើស្ត្រី សំដៅដល់សកម្មភាពទាំងឡាយនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបណ្ដាលឲ្យ ឬដែលអាចនឹងបណ្ដាលឲ្យមានការគ្រោះថ្នាក់ដល់រូបរាងកាយ ផ្លូវភេទ ផ្លូវចិត្ត ឬការឈឺចាប់ដល់ស្ត្រី រួមទាំងការគំរាមកំហែងប្រព្រឹត្តអំពើទាំងនេះ ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាពតាមទំនើងចិត្ត ទោះបីជាកើតឡើងជាសាធារណៈ ឬនៅក្នុងជីវិតឯកជនក៏ដោយ៕
No comments:
Post a Comment