អ្នកភូមិក្នុងឃុំឫស្សីជ្រោយចូលរួមពិធីបុណ្យសព សាន រ៉េន កាលពីពេលកន្លងមក។ រូបថត Erin Handley |
ការធ្វើអត្តឃាតមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយ
Thu, 28 April 2016 ppp
គង់ មេត្ដា
កណ្តាលៈ គូដណ្តឹងមួយគូគ្រោងនឹងរៀបការនៅខែឧសភាប៉ុន្តែផ្ទុយទៅវិញកញ្ញា ផៃ កាក់ អាយុ ១៨ ឆ្នាំបែរជាទៅចូលរួមពិធីបុណ្យសពគូដណ្តឹងរបស់នាង ឈ្មោះ សាន រ៉េន ទៅវិញខណៈដែលថ្ងៃរៀបការជិតមកដល់។
អ្នកភូមិក្នុងស្រុកមុខកំពូលដែលស្លៀកពាក់សដើម្បីកាន់ទុក្ខមានទឹកមុខក្រៀមក្រំ។ រ៉េន អាយុ ២១ ឆ្នាំបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងបន្ទាប់ពីមានជំងឺផ្លូវចិត្តវង្វេងវង្វាន់ឃើញមានកម្លាំងប៉ូលិសជាច្រើនមកឡោមព័ទ្ធផ្ទះរកចាប់ខ្លួន។
បើទោះបីជាតួលេខរបស់នគរបាលជាតិនិយាយថាការធ្វើអត្តឃាតក្នុងប្រទេសកម្ពុជាកំពុងកើនឡើងហើយការធ្វើអត្តឃាតកើតមានស្ទើររាល់ថ្ងៃដែលត្រូវចុះផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុកក្តីក៏អ្នកជំនាញនិយាយថាកត្តាធ្ងន់ធ្ងរនៅពីក្រោយការធ្វើអត្តឃាតដូចជា បញ្ហាផ្លូវចិត្ត ឬជំងឺសតិអារម្មណ៍ដទៃៗទៀតនៅមិនទាន់ត្រូវបានរាយការណ៍មិនត្រូវបានព្យាបាល និងមិនត្រូវបានគេដឹងឲ្យពិតប្រាកដឡើយហើយប្រសិនបើមិនមានការទទួលស្គាល់អំពីទំហំ និងឫសគល់នៃបញ្ហានេះ នោះដំណោះស្រាយនឹងពិបាកកើតឡើងណាស់។
រ៉េន បានហៅទូរស័ព្ទទៅម្តាយរបស់ខ្លួនឈ្មោះ វ៉ាន់ កេញ អាយុ ៣៨ ឆ្នាំពីរបីនាទីមុនពេលចងកសម្លាប់ខ្លួន។
អ្នកស្រី កេញ បានថ្លែងថា៖ «គាត់និយាយថា៖ ម៉ែ មាននគរបាលជាច្រើនមកព័ទ្ធផ្ទះរបស់យើងពួកគេមកចាប់ខ្ញុំ»។ ដោយងឿងឆ្ងល់អ្នកស្រីបានសួរកូនរបស់អ្នកស្រីថាតើកូនបានធ្វើអ្វីខុស។ រ៉េន និយាយថាគ្មានទេ»។ គ្រាន់តែ ១៥ នាទីក្រោយមកគូដណ្តឹងរបស់ រ៉េន ឈ្មោះ កាក់ បានទូរស័ព្ទទៅប្រាប់អ្នកស្រី កេញថា រ៉េន បានចងកសម្លាប់ខ្លួនហើយ ហើយក៏គ្មាននគរបាលណាមកព័ទ្ធផ្ទះដែរ។
នគរបាលជាតិបានចាប់ផ្តើមកត់ត្រាការធ្វើអត្តឃាតក្នុងឆ្នាំ ២០១១ ហើយចំនួននេះបានកើនឡើងចាប់តាំងពីពេលនោះមកគឺពី ៥១៣ នាក់ដល់ ៧៤៣ នាក់កាលពីឆ្នាំមុន។
ទោះយ៉ាងណាក្តីអ្នកជំនាញខាងសេវាជួរមុខ និងវិស័យសុខភាពផ្លូវចិត្តមិនអាចបញ្ជាក់ ឬផ្តល់ហេតុផលសម្រាប់ការកើនឡើងខ្លាំងនៃចំនួនអ្នកធ្វើអត្តឃាតនេះទេ។ អ្វីដែលច្បាស់គឺថាចំនួនទាំងនេះមិនឆ្លុះបញ្ចាំងអំពីទ្រង់ទ្រាយពិតនៃបញ្ហាទេ។
បើតាមលោក Keith Harris អ្នកស្រាវជ្រាវម្នាក់នៅសាលាចិត្តវិទ្យានៃសាកលវិទ្យាល័យ Queensland បានឲ្យដឹងថាការទទួលបានទិន្នន័យសមស្របគ្រប់គ្រាន់គឺសំខាន់ណាស់ដើម្បីការពារមិនឲ្យមានការធ្វើអត្តឃាតទៀត។
នៅក្នុងរបាយការណ៍ម្នាក់មួយក្រុមអ្នកស្រាវជ្រាវរបស់លោក Keith Harris បានវិភាគទៅលើកាសែតខ្មែរដើម្បីស្វែងរកចំនួនស្លាប់ដោយសារការធ្វើអត្តឃាតហើយបន្ទាប់មកបានធ្វើការគណនាតួលេខព្យាករណ៍ដោយដាក់តួលេខ ៣,៨ ក្នុងចំនួនមនុស្ស ១០ ម៉ឺននាក់ក្នុងឆ្នាំ ២០១២ ស្មើនឹងប្រហែល ៥៦៥ នាក់ក្នុងមួយឆ្នាំ។
របាយការណ៍របស់លោកបានរកឃើញអត្រាស្លាប់ដោយសារអត្តឃាតរបស់បុរសគឺមានចំនួនពីរដងនៃស្រ្តីហើយមានចំនួនពីរដងចំពោះមនុស្សក្រោមអាយុ ៤០ ឆ្នាំ។ ស្ថិតិផ្សេងគឺគ្មានអ្វីសង្ស័យទេចំនួនមនុស្សដែលស្វែងរកការជួយសម្រាប់បញ្ហាសុខភាពផ្លូវចិត្តគឺមានការកើនឡើងក្នុងអត្រាលឿនហើយសេវាសុខភាពផ្លូវចិត្តតិចតួចរបស់កម្ពុជាត្រូវការបង្កើនឡើង។
គ្រាន់តែបន្ទាប់ពីបុណ្យសពរបស់ រ៉េន នៅលើស្ពានជ្រោយចង្វារក្នុងរាជធានីភ្នំពេញមានមនុស្សជាច្រើនបាននាំគ្នារោមមើលនៅទីនោះដោយចង្អុលទៅក្រោមថាមានបុរសម្នាក់បានលោតទឹក។ ទូកនេសាទមួយដែលឆ្លងកាត់ទីនោះបានជួយស្រង់គាត់ចេញពីទឹក។ នគរបាលសង្កាត់ស្រះចក ក្រោយមកបានបញ្ជាក់ថាបុរសអាយុ ២៨ ឆ្នាំរូបនេះគឺមកពីខេត្តត្បូងឃ្មុំបានប៉ុនប៉ងធ្វើអត្តឃាត។
បុរសរូបនេះមានជំងឺផ្លូវចិត្តហើយទើបតែមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បន្ទាប់ពីគាត់មិនអាចទទួលបានការព្យាបាលសម្រាប់ស្ថានភាពជំងឺរបស់គាត់។ ម៉ូតូឌុបបានឌុបគាត់មកស្ពាននេះ។ គាត់គ្មានលុយដូច្នេះគាត់បានឲ្យទូរស័ព្ទទៅអ្នកម៉ូតូឌុបនៅមុនពេលលោតទឹកហើយគាត់ត្រូវបានជួយដោយទូកអ្នកនេសាទ។ នេះបើតាមនគរបាល។
បុរសនេះគឺគ្រាន់តែជាអ្នកជំងឺផ្លូវចិត្តម្នាក់ក្នុងចំណោមអ្នកជំងឺប្រមាណ ៥០០ នាក់ដែលទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃនោះហើយបើតាមលោកស្រីវេជ្ជបណ្ឌិត ចក់ ធីតា ប្រធាននាយកដ្ឋានចិត្តសាស្រ្តបានឲ្យដឹងថាផ្នែកនេះគឺមានអ្នកជំងឺជាច្រើន។
លោកស្រីបានថ្លែងថា ជារៀងរាល់ថ្ងៃមន្ទីរពេទ្យទទួលអ្នកជំងឺពី ៤០០ ទៅ ៥០០ នាក់ហើយរហូតដល់ ៥០ ភាគរយក្នុងចំណោមអ្នកទាំងនោះគឺជាករណីថ្មីភាគច្រើនបំផុតគឺរោគបាក់ទឹកចិត្ត និងការថប់អារម្មណ៍។
លោកស្រីថ្លែងថា នោះគឺជាការកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងពីរបីឆ្នាំមុនដែលកាលនោះមានអ្នកជំងឺតែពី ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃៗ។ ប៉ុន្តែមន្ទីរពេទ្យដែលមានគ្រូពេទ្យចិត្តសាស្រ្តតែ ១២ នាក់នេះគឺជាការខ្វះធនធាន និងខ្វះឧបករណ៍ក្នុងការដោះស្រាយបញ្ហារបស់អ្នកជំងឺជាច្រើននេះ។
លោកស្រី ធីតា ថ្លែងថា៖ «វាជាបន្ទុកសម្រាប់យើងពីព្រោះគ្រូពេទ្យរបស់យើងម្នាក់ៗត្រូវព្យាបាលអ្នកជំងឺពី ៣០ ទៅ ៤០ នាក់ក្នុងមួយថ្ងៃសម្រាប់អ្នកជំងឺផ្លូវចិត្ត»។ «នៅក្នុងប្រទេសដទៃៗគ្រូពេទ្យដូចយើងព្យាបាលអ្នកជំងឺតែពីបួនទៅប្រាំនាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ»។ «យើងមិនមានថ្នាំគ្រប់គ្រាន់ហើយមិនមានគ្រូពេទ្យគ្រប់គ្រាន់ហើយមិនមានពេលវេលាព្យាបាលពួកគេឲ្យដិតដល់ទេ»។
មានតែរាជធានី ខេត្ត ៦ ប៉ុណ្ណោះក្នុងចំណោមខេត្តរាជធានីចំនួន ២៥ ក្នុងប្រទេសកម្ពុជាមានគ្រូពេទ្យផ្លូវចិត្តម្នាក់នៅមន្ទីរពេទ្យបង្អែករួមមានភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ។
គូដណ្តឹងរបស់លោក រ៉េន ឈ្មោះ កាក់ បាននិយាយថានេះមិនមែនជាលើកដំបូងទេដែលគាត់គិតអំពីការធ្វើអត្តឃាតនោះ។ កម្មការិនីកាត់ដេររូបនេះបាននិយាយថា រ៉េន បានព្យាយាមបញ្ចប់ជីវិតរបស់ខ្លួនពីរ ឬបីដងមកហើយចាប់តាំងពីពេលពួកគេបានចាប់ផ្តើមរស់នៅជាមួយគ្នាកាលពីខែធ្នូ។ នាងបញ្ជាក់ថា៖ «គាត់បានព្យាយាមធ្វើអត្តឃាតពីរបីដងប៉ុន្តែម្តាយខ្ញុំហើយខ្ញុំអាចបញ្ឈប់គាត់បានទាន់ពេល»។
ក្នុងភូមិរបស់ពួកគេក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នាងមិនច្បាស់ពីកន្លែងដែលនាងត្រូវទៅដើម្បីរកជំនួយដោះស្រាយគំនិតចង់ធ្វើអត្តឃាតនោះទេហើយបែរជាទៅរកវត្តក្នុងស្រុកវិញ។
នាងបានលើកឡើងថា៖ «ខ្ញុំបាននាំគាត់ទៅរកព្រះសង្ឃស្រោចទឹក។ ខ្ញុំមិនដឹងថាត្រូវទៅរកជំនួយពីកន្លែងណាទេចំពោះរោគសញ្ញាបែបនេះខ្ញុំមិនដែលបានគិតពីមន្ទីរពេទ្យណាមួយទេ»។
បើទោះបីជាកូនរបស់លោកបានប៉ុនប៉ងចង់សម្លាប់ខ្លួនជាច្រើនលើករួចមកហើយក៏ដោយក៏ឪពុករបស់លោក រ៉េន ឈ្មោះ សាន សារ៉ា អាយុ ៤៤ ឆ្នាំ បានអះអាងថាកូនរបស់លោកមិនមានបញ្ហាផ្លូវចិត្តទេ។
លោក រ៉ា បញ្ជាក់ថា៖ «កូនប្រុសរបស់ខ្ញុំមិនដែលឈឺ ឬប្រើប្រាស់ថ្នាំណាមួយទេ។ ចាប់តាំងពីកើតមកកូនខ្ញុំជាមនុស្សខ្លាំងហើយខិតខំធ្វើការណាស់»។
ចំពោះឪពុកម្តាយរបស់ រ៉េន ការរវើរវាយឃើញនគរបាលមកព័ទ្ធជុំវិញផ្ទះមិនមែនជាសញ្ញានៃជំងឺផ្លូវចិត្តនោះទេតែជាការដឹងហេតុមុនអំពីអ្វីដែលនឹងកើតឡើង។ ពួកគេបានថ្លែងថាវាជាការមើលឃើញពី «វិញ្ញាណអាក្រក់» ប្រហែលជាការមើលឃើញតែមួយដែលបានបង្ខំចិត្តគាត់ឲ្យផ្តាច់ជីវិតរបស់ខ្លួន។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺលោក រ៉ា យល់ឃើញថាក្មេងទំនងជាគំរាមធ្វើអត្តឃាតខ្លួនជាលេសដើម្បីទាមទារអ្វីមួយ។
លោកបន្តថា៖ «មានតែពួកគេចង់បានអ្វីមួយហើយពួកគេមានការភ័យខ្លាចឪពុកម្តាយរបស់ពួកគេនឹងមិនឱ្យខ្លួនដូច្នេះពួកគេបាននិយាយថាពួកគេនឹងធ្វើអត្តឃាត»។
បច្ចុប្បន្នកម្ពុជាមិនមានផែនការបង្ការការធ្វើអត្តឃាតទេហើយបើយោងតាមលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងបញ្ហាញៀនថ្នាំនៃក្រសួងសុខាភិបាលបានឲ្យដឹងថានៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍អំពីការធ្វើអត្តឃាតជារឿងមិនសូវសំខាន់លទ្ធផលនៃស្នេហាត្រីកោណ ឬបំណងប្រថ្នាដែលគេមិនបំពេញត្រូវបានគេយល់ច្រឡំថាជាមូលហេតុបណ្តាលឲ្យមានករណីធ្វើអត្តឃាត។
លោកបានថ្លែងថា៖ «ប្រជាជនកម្ពុជាមិនច្រើនទេដែលយល់ថាការធ្វើអត្តឃាតនេះគឺជាបញ្ហាសុខភាពសាធារណៈ ឬបញ្ហាសុខភាពផ្លូវចិត្ត។ ដូច្នេះការលើកកម្ពស់ការយល់ដឹងពីការធ្វើអត្តឃាតក្នុងចំណោមប្រជាជនទូទៅ និងការរៀបចំផ្តល់សេវាគាំពារមានសារៈសំខាន់ណាស់»។
លោកវេជ្ជបណ្ឌិត សុផល បានលើកឡើងថាភាពតានតឹងក្នុងចិត្តដែលធ្ងន់ធ្ងរឡើងទៅជាវិបត្តិផ្លូវចិត្ត ជម្លោះគ្រួសារបញ្ហាសង្គម និងសេពសារធាតុញៀនគឺជាមូលហេតុឫសគល់នៃការធ្វើអត្តឃាតខណៈដែលករណីមិនល្អមួយ ឬបញ្ហាមួយកើតឡើងអាចក្លាយជាកត្តាជំរុញឲ្យទៅធ្វើអត្តឃាត។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គមអន្តរវប្បធម៌បានយល់ស្របថាការធ្វើអត្តឃាតមិនតែងតែជាលទ្ធផលនៃជំងឺផ្លូវចិត្តទេពេលខ្លះវាអាចបណ្តាលមកពីភាពតានតឹងក្នុងអារម្មណ៍ដែលយកឈ្នះលើសមត្ថភាពរបស់បុគ្គលក្នុងការដោះស្រាយជាមួយនឹងការបាត់បង់។
លោកបានពន្យល់ប្រាប់អ្នកជំងឺថា ការបាក់ទឹកចិត្តរបស់អ្នកជំងឺត្រូវការពេលវេលាដើម្បីជាឡើងវិញប៉ុន្តែមនុស្សច្រើននាក់ដូចជានាងកាក់នៅតែជឿជាក់ថាគ្រូខ្មែរបុរាណនៅតែជាដំណោះស្រាយល្អបំផុត។
លោកបានលើកឡើងថាខ្សែទូរស័ព្ទ បង្ការការធ្វើអត្តឃាតអាចធ្វើការផ្លាស់ប្តូរ។
លោកថ្លែងថា៖ «ពួកគេចង់ឱ្យនរណាម្នាក់និយាយជាមួយខ្លួន។ ពេលខ្លះពួកគេមិនត្រូវការថ្នាំទេតែត្រូវការមនុស្សណាម្នាក់ដែលមានពេលវេលាសម្រាប់ជជែកជាមួយពួកគេ»។
លោកបានថ្លែងថាមានសារៈសំខាន់ណាស់ត្រូវបណ្តុះបណ្តាលសមាជិកសហគមន៍ឲ្យផ្តល់ជំនួយបឋមចំពោះជំងឺផ្លូវចិត្តដោយផ្តល់ជំនាញដល់ពួកគេក្នុងការរកឃើញនូវបញ្ហាហើយបញ្ជូនទៅអ្នកជំនាញ។
លោកបានលើកឡើងថា ជាជាងព្យាបាលមនុស្សដែលចង់ធ្វើអត្តឃាត «ដូចជនល្មើស» នគរបាលគួរតែត្រូវបានទទួលការបណ្តុះបណ្តាលឲ្យចេះនិយាយទៅកាន់អ្នកទាំងឡាយដែលឈរលើគែមស្ពាន។ «ជាជាងភ្ជង់កាំភ្លើងដាក់ពួកគេនគរបាលគួរតែនិយាយទៅកាន់ពួកគេយល់ដឹងពីចិត្តពួកគេ និងណែនាំពួកគេ»។
លោកវេជ្ជបណ្ឌិត សុផល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាការបង្ការការធ្វើអត្តឃាតនឹងត្រូវបាន «ចាត់ទុកថា» ជាចំណុចសំខាន់ក្នុងផែនការយុទ្ធសាស្រ្តដើម្បីសុខភាពផ្លូវចិត្ត និងការសេពសារធាតុគ្រឿងញៀនឆ្នាំ ២០១៧‑២០២០ ហើយខណៈដែលលោកសង្ឃឹមថាករណីអត្តឃាតនឹងត្រូវបានកត់ត្រាទុកនៅមណ្ឌលសុខភាព «នាពេលខាងមុខ» ចំណុចនេះគ្រាន់តែជាអាទិភាពមួយដែលមានធនធានតិចតួច។
លោកថ្លែងថា៖ «រដ្ឋាភិបាល (ក្រសួងសុខាភិបាល) បានទទួលស្គាល់ថាការធ្វើអត្តឃាតនេះគឺជាបញ្ហាសុខភាពសាធារណៈហើយនឹងចាត់វិធានការដើម្បីបង្ការតាមដែលអាចធ្វើទៅបានជាមួយនឹងធនធាន និងសមត្ថភាពមានកម្រិត»។
លោកបន្តទៀតថា៖ «វាគឺជាវិធីសាស្រ្តដែលផ្អែកលើធនធានមិនមែនជា [វិធីសាស្រ្ត] ដែលផ្អែកលើតម្រូវការទេ»។
ទោះយ៉ាងណាលោក រ៉ា បានឱ្យដឹងថាស្របតាមជំនឿព្រះពុទ្ធសាសនាកូនប្រុសរបស់លោកបានស្លាប់ដោយសារតែវាជាពេលដែលគាត់ត្រូវស្លាប់។
លោក រ៉ា បានថ្លែងថា៖ «នៅពេលដែលខ្ញុំបានឮពីការធ្វើអត្តឃាតខ្ញុំគ្មានអីនិយាយទេ។ នៅពេលដែលគេប្រាប់ខ្ញុំថាកូនប្រុសរបស់ខ្ញុំបានព្យាយាមធ្វើអត្តឃាតពីរបីដងពីមុនមកខ្ញុំមិនជឿពួកគេទេព្រោះគ្រប់គ្នាខំរស់គ្មានអ្នកណាចង់ស្លាប់ទេ»៕ PS/TK
Erin Handley
No comments:
Post a Comment