A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 April 2016

ក្លិន​អសោច​កេរ្តិ៍



សំរាម​ដែល​រាយប៉ាយ​នៅ​ក្នុង​បរិវេណ​អង្គរ​ក្រោយ​ពេល​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ដ។ រូបថត ហ្វេសប៊ុក


ក្លិន​អសោច​កេរ្តិ៍
Thu, 28 April 2016 ppp



«​រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» ជា​ពាក្យ​ស្លោក​សម្រាប់​ដាស់​អារម្មណ៍​មនុស្ស​ខ្មែរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​សម្អាត​លំនៅឋាន​ទីសាធារណៈ និង​រមណីយដ្ឋាន​ឱ្យ​មាន​សោភណភាព​ល្អ និង​ខិតខំ​បម្រើ​សេវា​គ្រប់​ប្រភេទ​ប្រកប​ដោយ​ចរិយាធម៌ និង​អំណរ​រីករាយ​ដល់​ភ្ញៀវ​ទាំង​ជាតិ​ទាំង​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​។ តាមរយៈ​ពាក្យ​ស្លោក​នេះ​វា​ពិតជា​បាន​ជួយ​ជំរុញ​ឱ្យ​មាន​ការ​កែលម្អ​ខ្លះៗ​ដែរ​ទាំង​ផ្នែក​សេវាកម្ម​ និង​បរិស្ថាន​។

តែ​ហាក់​មិន​ទាន់​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ​នៅ​ឡើយ ទាំង​ពលរដ្ឋ​សាមញ្ញ អាជ្ញាធរ និង​ថ្នាក់​ដឹកនាំ​។ ពេល​មាន​កម្មវិធី​ធំ​ម្តងៗ​គេ​សង្កេត​ឃើញ​មាន​កាក​សំណល់​រាយប៉ាយ​ពាសវាល​ពាសកាល និង​ក្លិន​គ្រប់​រសជាតិ​មាន​ទាំង​ស្អុយ ឆ្អេះ ជូរ​ផ្អូម​ និង​ក្លិន​ផ្អួរ​។ ជាក់​ស្តែង​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​នៅឯ​ខេត្ត​សៀមរាប​នា​បរិវេណ​អង្គរវត្ត​ និង​អង្គរធំ​នៅ​ឆ្នាំ​នេះ​គឺ​មាន​ករណី​ដូច​ខាង​លើ​កើត​ឡើង​។

តាមរយៈ​ការ​ចូលរួម​ផ្ទាល់​ និង​ការ​សង្កេត​តាមដាន​កម្មវិធី​អង្គរ​សង្ក្រាន្ត​បី​ឆ្នាំ​ជាប់ៗ​គ្នា​ឃើញ​ថា​ការ​រៀបចំ​កម្មវិធី​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផ្នែក​ទស្សនីយភាព​ និង​សណ្តាប់ធ្នាប់​ទាំង​មុន​ពេល​ និង​អំឡុង​ពេល​ដំណើរការ​កម្មវិធី​។ តែ​ផ្នែក​អនាម័យ​ និង​បរិស្ថាន​វិញ​ទាំង​ក្នុង​ពេល​ដំណើរការ និង​ក្រោយ​ពេល​ចប់​កម្មវិធី​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ស្ទើរ​ពុំ​គួរ​ឲ្យ​ជឿ​។ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ទាំង​ជាតិ​ទាំង​អន្តរជាតិ​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ច្រើន​កកកុញ​។



អ្នក​ខ្លះ​បាន​ចម្អិន​ម្ហូប​យក​មក​ពី​ផ្ទះ អ្នក​ខ្លះ​បាន​ទិញ​នៅ​តាម​ស្តង់ ឬ​តូប​លក់​ម្ហូប​អាហារ​ហើយ​យក​ទៅ​ញ៉ាំ​នៅ​តាម​កន្លែង​ផ្សេងៗ​ក្បែរ​បរិវេណ​ប្រាសាទ​បុរាណ​ដែល​គេ​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​។ ធម្មជាតិ​មនុស្ស សត្វ​គឺ​ផឹក​ស៊ី ជុះ​នោម​។

អាការ​ធម្មជាតិ​នេះ​មាន​ឥទ្ធិពល​ជាង​បញ្ជា​ស្តេច​ទៅ​ទៀត​ពេល​វា​បញ្ចេញ​អាការ​នេះ​ហើយ​ទាំង​មនុស្ស ទាំង​សត្វ ទាំង​រាស្ត្រ ទាំង​មន្ត្រី ទាំង​ស្តេច ត្រូវ​តែ​រក​កន្លែង​បន្ទោបង់​ចេញ​។

តែ​ជា​អកុសល​សម្រាប់​អ្នក​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​មិន​អាច​រក​បង្គន់​សម្រាប់​បន្ទោបង់​បាន​ទាន់​ពេល​ឡើយ​ព្រោះ​មិន​មាន​ចំនួន​គ្រប់គ្រាន់​ដោយ​អ្នក​រៀបចំ​កម្មវិធី​មិន​បាន​ចាត់ចែង​ឲ្យ​មាន​បង្គន់​ចល័ត​បន្ថែម​លើ​បង្គន់​ដែល​មាន​ស្រាប់​ដ៏តិចតួច និង​ខ្លះ​មាន​តែ​បង្គន់​តែ​មិន​មាន​ទឹក​ក្នុង​បង្គន់​ទេ​។ ដូច្នេះ​គេ​មាន​តែ​បង្ខំ​ចិត្ត​រក​គុម្ពោត​ព្រៃ ឬ​កន្លៀត​ណា​មួយ​ដោះ​ទាល់​មួយ​គ្រា​ដើម្បី​កុំ​ឲ្យ​ពិបាក​ត្បៀត​ និង​ក្តៅ​ខ្លួន​យូរ​។

ចំណែកឯ​កាក​សំណល់​សំរាម​វិញ​ក៏​មិន​ណយ​ដែរ​បន្ទាប់​ពី​ហូប​ចុក​ឆ្អែត​អ្នក​ខ្លះ​ក៏​បាន​ប្រមែប្រមូល​ទុក​ដាក់​ដល់​ធុង​សំរាម និង​ខ្លះ​ទៀត​បាន​ប្រមូល​យក​ទៅ​ទុក​ដែរ​តែ​ធុង​សំរាម​ពេញ​ហៀរ​អស់​ទៅ​ហើយ​រីឯ​អ្នក​ខ្លះ​ទៀត​ក៏​បាន​បន្សល់​ទុក​កាកសំណល់​រាយ​ប៉ាយ​ត្រង់​នេះ​មួយ​ដុប​ត្រង់​នោះ​មួយ​ដុប​នៅ​តាម​កន្លែង​ដែល​ពួកគេ​បាន​អង្គុយ​ស៊ី​រៀងៗ​ខ្លួន។

ពេលវេលា​កន្លង​ផុត​ទៅ​ទាំង​កាក​សំណល់​ដែល​បាន​បញ្ចេញ​តាម​ទ្វារ​មុខ​ និង​ទ្វារ​ក្រោយ​របស់​មនុស្ស​និង​កាក​សំណល់​ម្ហូប​អាហារ​ដែល​នៅ​សល់​សន្ធឹកសន្ធាប់​បាន​សាយ​ភាយ​នូវ​ក្លិន​អសោច​គ្រប់​រសជាតិ​នៅ​ជុំវិញ​ប្រាសាទ​បុរាណ​ដែល​ជា​ទីសក្ការៈ​​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​នៅ​ទូទាំង​ពិភពលោក​។

សរុប​មក​វិញ​ល្មម​ដល់​ពេល​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន និង​ថែរក្សា​អនាម័យ​ទាំង​នៅ​ផ្ទះ​ខ្លួន​ឯង និង​នៅ​ទី​សាធារណៈ​ផ្សេង​ហើយ​ក៏​ល្មម​ដល់​ពេល​ដែរ​សម្រាប់​អាជ្ញាធរ និង​ថ្នាក់​ដឹកនាំ​ក្នុង​ការ​ចាត់ចែង​ផែនការ​ការងារ​ប្រកប​ដោយ​ចំណេះដឹង សតិសម្បជញ្ញៈនិង​មនសិការ​ក្នុង​ការ​សម្អាត​បរិស្ថាន និង​អនាម័យ​សាធារណៈ​។

រាល់​កម្មវិធី​ត្រូវ​រៀបចំ​គ្រប់​ជ្រុង​ឲ្យ​បាន​ល្អ​ទាំង​មុន​ពេល​អំឡុង​ពេល​ដំណើរការ​ និង​ក្រោយ​​បញ្ចប់​កម្មវិធី​។ ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ទាំង​មុខ​ និង​ក្រោយ​ឆាក​។ សម្ដី​បញ្ជ្រាប​នយោបាយ​ប៉ុន្មាន​ម៉ាត់​របស់​ពួក​ពិធីករ និង​ពិធីការិនី​មិន​មាន​ឥទ្ធិពល​ទេ​ដោយសារ​តែ​ភាព​ស្មោកគ្រោក​នេះ​ឯង​៕

ខេមរា, អ៊ីមែលៈ khemraangkor@hotmail.com

No comments: