A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 30 April 2016
ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ការលក់ដូរដីសមូហភាព
ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ការលក់ដូរដីសមូហភាព
ដោយ រដ្ឋា វិសាល
2016-04-30
ផែនទីខេត្តមណ្ឌលគិរី
Photo: RFA
ដីភូមិចាស់របស់សហគមន៍ព្នងនៅខេត្តមណ្ឌលគិរី ត្រូវបានសមាជិកសហគមន៍ភាគច្រើនផ្ដិតមេដៃលក់ទៅឲ្យក្រុមហ៊ុនឯកជន និងមានការឯកភាពពីមន្ត្រីមូលដ្ឋានពាក់ព័ន្ធ។ ចំណែកសមាជិកសហគមន៍មួយភាគតិចបដិសេធមិនឲ្យលក់ដូរដីសហគមន៍នេះទេ ពីព្រោះសហគមន៍កំពុងអាស្រ័យផលលើដីនោះ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ៤គ្រួសារ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តបញ្ឈប់ការលក់ដូរដីសហគមន៍យកជាប្រយោជន៍បុគ្គល ហើយរក្សាដីទុកសម្រាប់សមាជិកសហគមន៍ប្រើប្រាស់ និងអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិច។
ការអំពាវនាវនេះ កើតមានឡើងបន្ទាប់ពីដីអតីតភូមិចាស់សហគមន៍ជិត ៣០ហិកតារនៅតំបន់ជើងភ្នំរឡាណោងយ៉ាល់ ឋិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមាជិកសហគមន៍ ៣៣គ្រួសារ ផ្ដិតមេដៃលក់ដី។ ចំណែកមន្ត្រីមូលដ្ឋានក៏បានគាំទ្រ និងចេញលិខិតទទួលស្គាល់ការលក់ដូរដីនោះទៅឲ្យឈ្មួញជាបុគ្គលក្រៅសហគមន៍។
សមាជិកសហគមន៍មួយគ្រួសារក្នុងចំណោមអ្នកភូមិ ៤គ្រួសារ ដែលតវ៉ាពីការលក់ដីសហគមន៍គឺលោក ណាន ដាណេ រៀបរាប់ថា ពួកគាត់ ៤គ្រួសារ បានទៅដាំដុះដំណាំហូបផ្លែ មានចេក ខ្នុរ ស្វាយចន្ទី និងធ្វើស្រែនៅលើដីអតីតភូមិចាស់សហគមន៍ជាង ១៨ហិកតារតាំងពីឆ្នាំ២០០៣ រហូតមក ដោយសំអាងថា ដីនោះជាអតីតដីភូមិចាស់របស់សហគមន៍ដែលបានបោះបង់ទីនោះចោលទៅបង្កើតភូមិកន្លែងផ្សេង។ រហូតមកទល់នឹងឆ្នាំ២០១៦ នេះ ស្រាប់តែឈ្មួញ និងមន្ត្រីមូលដ្ឋាន រួមទាំងសមាជិកសហគមន៍មួយចំនួនបានរៀបចំឯកសារផ្ទេរសិទ្ធិកាន់កាប់ដីនោះទៅឲ្យក្រុមហ៊ុនចិន ធ្វើជាកម្មសិទ្ធិបំពានទៅលើសិទ្ធិគ្រប់គ្រងដីសហគមន៍ និងបំពានទៅលើសិទ្ធិរស់នៅរបស់សមាជិកសហគមន៍ផ្សេងទៀតដែលកំពុងមានផលដំណាំលើដីនោះ។
លោកថា បានតវ៉ាទៅអាជ្ញាធរភូមិ និងសង្កាត់រួចហើយ ឲ្យបញ្ឈប់ការលក់ដូរដីនោះ ក៏ប៉ុន្តែមន្ត្រីមូលដ្ឋានទាំងនោះមិនដោះស្រាយការតវ៉ានោះទេ៖ «ផ្លែឈើគ្រប់មុខដូចជាដើមចេក ដើមម្នាស់ ស្វាយចន្ទី ធ្វើស្រែច្រើនមុខ។ ពួកហ្នឹងអត់បានកាប់ដាំដើមឈើមួយដើមទេ ដើរចង្អុលលក់រំលោភយកដីឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន»។
កាលពីដើមសប្ដាហ៍ប្រជាពលរដ្ឋតវ៉ា ៤គ្រួសារ បានដាក់ពាក្យប្ដឹងទៅការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តបញ្ឈប់ការលក់ដូរដីសហគមន៍នេះ។
ឆ្លើយតបការអះអាងនេះ សមាជិកសហគមន៍មួយរូបទៀតដែលគាំទ្រការលក់ដី គឺលោក វឿន ណារ៉ូ ឲ្យដឹងដែរថា កាលពីឆ្នាំ២០០៨ ដីភូមិចាស់របស់សហគមន៍ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិ និងសង្កាត់ចុះបញ្ជីរក្សាទុកជាដីសហគមន៍ ក្នុងនោះមានជនជាតិដើមភាគតិចព្នង ៩គ្រួសារជាអ្នកគ្រប់គ្រង។ រហូតមកទល់នឹងឆ្នាំ២០១៦ នេះ ដោយសារសមាជិកសហគមន៍ខ្លះបំបែកក្រុមគ្រួសារមានប្ដីប្រពន្ធកើនរហូតដល់ទៅ ៣៣គ្រួសារ ក្នុងនោះគ្រួសារមួយចំនួនបានទៅរានយកដីភូមិចាស់នោះដាំដំណាំ ខណៈដែលចាស់ទុំក្នុងភូមិគ្រោងលក់ដីនោះជាច្រើនលើក ប៉ុន្តែមិនទាន់ត្រូវថ្លែងជាមួយអ្នកទិញដី។
លោកបន្តថា អាជ្ញាធរភូមិបានឆ្វៀលដីនោះចុះបញ្ជីរក្សាទុកជាដីសមូហភាពរបស់អ្នកភូមិ និងបានហាមប្រាមមិនឲ្យសមាជិកសហគមន៍ផ្សេងទៀតចូលទៅដាំដុះលើដីនោះទេ ពីព្រោះចាស់ទុំក្នុងភូមិបានព្រមព្រៀងរក្សាដីនោះសម្រាប់លក់ ហើយចែកផលកម្រៃដល់សមាជិកសហគមន៍គ្រប់ក្រុមគ្រួសារ៖ «គាត់ហ្នឹងថា អត់ឲ្យលក់ទេ គាត់ថា ចង់បានចំណែកគាត់ដប់ម្ភៃហិកតារតែឯង គេម៉េចឯកភាព ខ្ញុំប្រាប់ឲ្យត្រង់ណា! មេឃុំគេឯកភាពស៊ីញ៉េទាំងអស់ហើយ ប្លង់ដែលគេចង់លក់នៅខាងរដ្ឋបាលក្រុង»។
ទាក់ទិនករណីលក់ដូរដីសហគមន៍នេះ ចៅសង្កាត់រមនា លោក ភី ងូត ទទួលស្គាល់ថា ដីភូមិចាស់សហគមន៍ដែលកំពុងមានជម្លោះត្រូវបានអាជ្ញាធររៀបចំឯកសារផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកទិញដីរួចហើយ ដោយសារតែសមាជិកសហគមន៍ភាគច្រើនបានផ្ដិតមេដៃយល់ព្រមលក់ដីនោះ។ លោកពន្យល់ថា ការលក់ដូរដីនេះចាស់ទុំក្នុងសហគមន៍គ្រោងចែកចំណែកស្មើគ្នា ក៏ប៉ុន្តែកូនចៅក្នុងសហគមន៍ខ្លះមិនយល់ព្រមទើបអាជ្ញាធរសម្របសម្រួលឲ្យភាគីជម្លោះដោះស្រាយគ្នាដោយចែកចំណែកស្មើគ្នា៖ «ក្រុមប្រឹក្សាឃុំសង្កាត់មេភូមិ ហើយមន្ត្រីច្រកចេញចូលសាលាក្រុងចុះទៅពិនិត្យវាយតម្លៃពិតជាដីប្រជាពលរដ្ឋមែន មិនមែនដីព្រៃឈើ ឬដីឯកជនណាមួយទេ។ គេឯកភាពទទួលស្គាក់ដីប្រជាពលរដ្ឋ ៩គ្រួសារស្មើនឹង ៣៣គ្រួសារដែលបែកកូនចៅហ្នឹង វាមិនព្រម វាចង់បានដីលើស ៩គ្រួសារវាចង់បាន ១៣ហិកតារក្នុងដី ២៩ហិកតារប្រជាពលរដ្ឋមួយចំនួនគេមិនពេញចិត្ត»។
ច្បាប់ភូមិបាលចាប់ពីមាត្រា ២៣ រហូតមាត្រា ២៨ ចែងថា កម្មសិទ្ធិនៃអចលនទ្រព្យសហគមន៍ជនជាតិដើមភាគតិចត្រូវបានផ្ដល់ដោយរដ្ឋជាកម្មសិទ្ធិសមូហភាព។ កម្មសិទ្ធិសមូហភាពសហគមន៍មានសិទ្ធិថែរក្សា និងអាស្រ័យផល ប៉ុន្តែគ្មានសិទ្ធិចាត់ចែងចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពដែលជាទ្រព្យសម្បត្តិសាធារណៈទៅឲ្យបុគ្គលក្រៅសហគមន៍បានឡើយ។ លើសពីនេះទៀត ក៏គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍អាចទទួលបានសិទ្ធិលើអចលនទ្រព្យសហគមន៍បានឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការលក់ដូរដីធ្លីសមូហភាពសហគមន៍ជាទ្រព្យសម្បត្តិរដ្ឋថា ជាអំពើរំលោភច្បាប់ និងធ្វើឲ្យប៉ះពាល់សិទ្ធិរស់នៅរបស់សហគមន៍។ លោកអះអាងថា នឹងធ្វើរបាយការណ៍អន្តរាគមន៍ទៅអាជ្ញាធរខេត្តឲ្យស៊ើបអង្កេតពីគម្រោងលក់ដូរដីភូមិចាស់សហគមន៍ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ៖ «គឺវាផ្ទុយទៅនឹងច្បាប់ភូមិបាល ហើយវារំលោភទៅលើច្បាប់ផ្សេងៗទៀតដែលមានចែងស្រាប់។ ខាងអាដហុក មិនគាំទ្រការយកដីសមូហភាព និងជាដីសាធារណៈរបស់រដ្ឋទៅលក់ចែកគ្នាហើយ។ ប្រយោជន៍ធំបានទៅលើឈ្មួញ ឆ្លៀតឱកាសយកស្នាមមេដៃគាំទ្រពីពលរដ្ឋដែលគាត់មិនបានយល់ដឹងពីអត្ថប្រយោជន៍នៃដីហ្នឹងទៅថ្ងៃអនាគត»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តមណ្ឌលគិរី រកឃើញថា ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តដាច់ស្រយាលមួយនេះត្រូវបានគេលក់ដូរផ្ទុយច្បាប់អស់ច្រើនពាន់ហិកតារ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន។ លើសពីនេះទៀត សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តនេះកំពុងប្រឈមទៅនឹងកង្វះដីធ្លីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីធ្លីផ្លូវការជាកម្មសិទ្ធិសមូហភាពនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ៤គ្រួសារ អះអាងថា នឹងធ្វើការតវ៉ាសុំឲ្យអាជ្ញាធរខេត្តបញ្ឈប់ការលក់ដូរដីសហគមន៍នេះ ពីព្រោះដីនោះឋិតក្រោមការអាស្រ័យផលជាក់ស្ដែងលើផលដំណាំដែលពួកគាត់បានដាំដុះច្រើនឆ្នាំមកហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment