ពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ជីកអណ្ដូងច្រោះយកទឹកតាមអូរដើម្បីប្រើប្រាស់ប្រចាំថ្ងៃ
ដោយ ម៉ែន សុធីរ
2016-04-30 rfa
អ្នកភូមិក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដងទឹកចេញពីរណ្ដៅតាមអូរដើម្បីប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដែលជួបគ្រោះរាំងស្ងួត បានជីកអណ្ដូងចម្រោះយកទឹកតាមអូរ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីទឹកអណ្ដូងភាគច្រើនរីងខះ ពុំមានទឹក។ អ្នកភូមិថា ការជីកអណ្ដូងតាមអូរច្រោះយកទឹក អាចប្រើប្រាស់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។
ពលរដ្ឋរស់នៅឃុំចម្ការលើ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីការខ្វះខាតទឹកប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ បន្ទាប់ពីប្រភពទឹកសំខាន់ៗនៅមូលដ្ឋានដែលធ្លាប់ទ្រទ្រង់ជីវភាពអ្នកភូមិបានរីងហួតហែងជាបណ្ដើរៗ។
អ្នកភូមិអះអាងថា ការជីករណ្ដៅចម្រោះទឹកកណ្ដាលអូរ ដើម្បីទាញយកទឹកប្រើប្រាស់បណ្ដោះអាសន្ន គឺជាជម្រើសចុងក្រោយរបស់ពួកគេ។
ពលរដ្ឋរស់នៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ លោកស្រី កើត សារ៉េន និយាយថា កង្វះទឹកប្រើប្រាស់បង្កការលំបាកធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់ បន្ទាប់ពីគាត់បានធ្វើដំណើរជិត ២គីឡូម៉ែត្ររៀងរាល់ថ្ងៃ ដើម្បីដងទឹកនៅអូរ។ លោកស្រីថា ទឹកអូរដែលពួកគាត់ច្រើនដងឆ្ងាយពីភូមិកន្លងមក ក៏កំពុងរីងខះបណ្ដើរៗដែរ៖ «២គីឡូម៉ែត្រ ទៅ ៣គីឡូម៉ែត្រពីឆ្ងាយណាស់ ប្រុសៗរែក ប្រពន្ធទូលទៅ។ លំបាកណាស់ពូ លំបាកនឹងឆ្លងកាត់ទៅដងទឹក វាព្រៃ។ កាត់ព្រៃកាត់ថ្ងៃវាល។ ជួនណាខ្ញុំម៉ោង ១០ ទៅ ១១ ទៅដងទឹកខ្លាចមិនទាន់គេ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ លោក ឈុន ប៊ុនកាន់ បារម្ភថា សព្វថ្ងៃអ្នកភូមិកំពុងដណ្ដើមគ្នាដងទឹកពីរណ្ដៅតាមអូរ ដែលពួកគេស្ដារកន្លងមកដើម្បីយកប្រើប្រាស់។ លោកថា អ្នកភូមិខ្លះបានទួលរែកធុងជញ្ជូនទឹកយកមកប្រើប្រាស់ដោយធ្វើដំណើរច្រើនគីឡូម៉ែត្រ ដើម្បីស្វែងរកទឹកតាមអូរ។ ជាងនេះទៀត មានអ្នកភូមិមួយចំនួនត្រូវបង្ខំចិត្តប្រើប្រាស់ទឹកល្អក់មិនស្អាតដែលដងពីបាតអូរ និងស្រះ៖ «ខ្វះទឹកលំបាកមួយអត់ទឹកហូប អត់ទឹកដាំបាយហូប អត់ទឹកមុជ។ ទឹកប៉ះវាលថ្លាជូនកាលក៏ល្អក់ទៅ»។
ឃុំអន្លង់ភេ មានពលរដ្ឋរស់នៅចំនួន ៨៣៣គ្រួសារ ក្នុងនោះពលរដ្ឋជាង ៨០ភាគរយកំពុងខ្វះខាតទឹកប្រើប្រាស់។ ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន ៥ ដែលប្រឈមខ្វះខាតទឹកប្រើប្រាស់ខ្លាំង គឺឃុំអន្លង់ភេ ឃុំស្រែឫស្សី ឃុំចម្ការលើ ឃុំអន្លង់ជ្រៃ និងឃុំថាឡាបរិវ៉ាត់។
អភិបាលរងស្រុកថាឡាបរិវ៉ាត់ លោក កុច ភារៈ មានប្រសាសន៍ថា អាជ្ញាធរស្រុកកំពុងដឹកជញ្ជូនទឹកចែកជូនពលរដ្ឋគ្រប់ឃុំទាំងអស់ទូទាំងស្រុកថាឡាបរិវ៉ាត់។ លោកថា វិធានការដំបូងអាជ្ញាធរបានស្រាវជ្រាវជីករកប្រភពទឹកជូនពលរដ្ឋ និងជួសជុលអណ្ដូងស្នប់ដែលខូចដើម្បីសង្គ្រោះជាបន្ទាន់៖ «រៀបចំយន្តការអន្តរាគមន៍ជាបន្ទាន់ចំពោះការខ្វះខាតទឹករបស់ពលរដ្ឋ ដែលប្រើប្រាស់ប្រចាំថ្ងៃនេះ។ ក្នុងនោះយើងស្រាវជ្រាវយកប្រភពទឹកអាចនឹងជីក»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា (ANSA) លោក សន ជ័យ ឲ្យដឹងថា គ្រោះរាំងស្ងួត និងបាតុភូតគ្រោះធម្មជាតិក្នុងឆ្នាំ២០១៦ នេះ គឺជាសញ្ញាបង្ហាញពីភាពងាយរងគ្រោះខ្លាំងសម្រាប់ពលរដ្ឋនៅមូលដ្ឋាន។ ពួកគាត់ត្រូវខាតបង់ទ្រព្យសម្បត្តិ និងសត្វពាហនៈ និងការខ្វះខាតទឹកប្រើប្រាស់ជាដើម ដែលជាឧបសគ្គចម្បងរុញច្រានឲ្យជីវភាពពួកគេធ្លាក់ចុះ៖ «ការដោះស្រាយដើម្បីដោះស្រាយរយៈពេលវែងដូចជា ជីកប្រឡាយធ្វើឲ្យសហគមន៍ស្តុកទឹកទុក»។
គ្រោះរាំងស្ងួតនៅខែត្រស្ទឹងត្រែង បានកើតឡើងស្ទើរគ្រប់ស្រុកនៃខែត្រស្ទឹងត្រែង ក្នុងនោះស្រុកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់។ ដោយឡែកស្រុកសៀមប៉ាង អាជ្ញាធរស្រុកសៀមប៉ាង ឲ្យដឹងថា នៅឃុំចំនួន ៣ គឺឃុំស្រែសំបូរ ឃុំព្រែកមាស និងឃុំសេកុង មានគោក្របីរាប់រយក្បាលងាប់ នៅពេលអ្នកភូមិលែងសត្វទាំងនោះអោយចូលព្រៃតាមទម្លាប់។
ទន្ទឹមនឹងនេះ អ្នកភូមិភាគច្រើន បានស្វែងរកចំណីឲ្យគោក្របី នៅឆ្ងាយៗជារៀងរាល់ថ្ងៃ ដោយធ្វើដំណើរតាមគោយន្ត និងម៉ូតូ ខ្លះក៏ដើរ បន្ទាប់ពីពួកគេបានចាប់គោក្របីពីព្រៃមកចងនៅផ្ទះ៕
No comments:
Post a Comment