"កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម"
ដោយ ខែ សុណង
2016-03-29
ទីប្រឹក្សាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ (MICHAEL Sullivan) ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២៩ មីនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។
RFA/Khe Sonorng
អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយកិច្ចការបោះឆ្នោត ធ្វើសន្និសីទកាសែតបង្ហាញរបាយការណ៍ និងវាយតម្លៃថា នៅឆ្នាំ២០១៥ មានការបង្ក្រាបដោយអាជ្ញាធររដ្ឋាភិបាល អំពើហិង្សាបំពានលើរាងកាយ និងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការលើកឡើងនេះ ត្រូវមន្ត្រីរដ្ឋាភិបាលច្រានចោល។
អ្នកសិក្សាកិច្ចការបរទេសនិងស្ថានការណ៍នយោបាយបានហៅប្រទេសកម្ពុជា ថាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម។
ទីប្រឹក្សាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ (MICHAEL Sullivan) បានថ្លែងថា គណបក្សប្រឆាំងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចតទល់ប្រឆាំងនឹងប្រព័ន្ធនៃការរៀបចំការបោះឆ្នោតដែលមានស្រាប់បានឡើយ។
លោកថា មានការបង្ក្រាបទៅលើគណបក្សប្រឆាំង តាំងពីដំបូងមុនការបោះឆ្នោត ស្របពេលដែលគណបក្សកាន់អំណាចគឺរដ្ឋាភិបាលសន្យាកំណែទម្រង់ និងខិតខំធ្វើអ្វីផ្សេងៗនោះ៖ «របបផ្ដាច់ការនិយមតាមបែបការបោះឆ្នោតវាតែងតែធ្វើឲ្យមានដំណើរការបោះឆ្នោតជាធម្មតា ហើយដំណើរការបោះឆ្នោតនេះ ជាចំណុចសំខាន់ដែលធ្វើឲ្យគណបក្សកាន់អំណាចមានលទ្ធភាពប្រើប្រាស់ដំណើរការបោះឆ្នោតជាមធ្យោបាយ ដើម្បីគ្រប់គ្រង និងអនុវត្តដំណើរការផ្ដាច់ការរបស់ខ្លួនតាមរយៈការបោះឆ្នោត ពោលគឺការប្រើប្រាស់ការបោះឆ្នោតគ្រាន់តែជាឧបករណ៍ដើម្បីបានអំណាច»។
លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ បញ្ជាក់ថា មានការបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិ មានការប្រើអំពើហិង្សាវាយប្រហារលើអ្នកតវ៉ា ការចាប់អ្នកតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងនៅក្នុងអំឡុងពេលមុនការប្រកួតប្រជែងការបោះឆ្នោតមកដល់។
លោកថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតស្ដីពី "របាយការណ៍ប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់ប្រចាំឆ្នាំ២០១៥" នៅថ្ងៃ២៩ ខែមីនា នាការិយាល័យគណៈកម្មាធិការខុមហ្វ្រែល។
របាយការណ៍បានវាយតម្លៃថា នៅឆ្នាំ២០១៥ មានការបង្ក្រាបដោយអាជ្ញាធររដ្ឋាភិបាល មានអំពើហិង្សាបំពានលើរាងកាយ និងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ របាយការណ៍ឲ្យដឹងទៀតថា ដោយមូលហេតុនយោបាយមានការកើនឡើងនូវអំពើហិង្សាបំពានលើរូបរាងកាយ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ក្នុងនោះរួមមាន ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាដោយសាលាដំបូងរាជធានីភ្នំពេញ។ ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ការចោទប្រកាន់ និងការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនបក្សនេះដាក់ពន្ធនាគារ ព្រមទាំងចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ផង ដែលបង្កើតជាចម្ងល់ និងសំណួរអំពីឯករាជភាព និងអព្យាក្រឹតភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបញ្ចេញរបាយការណ៍នេះគឺជាការបង្ហាញដោយគ្មានភាពស្មោះត្រង់ក្នុងការវិភាគឲ្យបានត្រឹមត្រូវ ទន្ទឹមនឹងពេលដែលរដ្ឋាភិបាលមានទិសដៅច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងពង្រឹងនីតិរដ្ឋ និងកំណែទម្រង់តាមដានមន្ត្រីរាជការយុត្តិធម៌រហូតដល់ចៅក្រមនោះ។
លោក ផៃ ស៊ីផាន៖ «ជាធម្មជាតិនៃអង្គការនោះ គឺជាអង្គការទទួលប្រាក់ពីបរទេស បម្រើផលប្រយោជន៍មួយដែលយើងសង្ស័យ គឺមិនមែនជាផលប្រយោជន៍ការពិត និងផលប្រយោជន៍របស់ពលរដ្ឋកម្ពុជាទេ។ ចំណែកទី២ ការលើកឡើងរបស់គេ តាំងពីការចាប់ផ្ដើមអង្គការហ្នឹងរហូតដល់ពេលនេះ មិនដែលឃើញសេវាកម្មរបស់រាជរដ្ឋាភិបាលមានភាពវិជ្ជមាន មានលក្ខណៈមួយដែលអាចធ្វើឲ្យមានភាពចម្រូងចម្រាសបាន គឺមិនដែលមានទេ គឺឃើញខ្មៅងងឹត»។
ទោះជាយ៉ាងណា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានស្នើឲ្យម្ចាស់ជំនួយ និងសហគមន៍អឺរ៉ុប យល់ឲ្យបានច្បាស់ កុំឲ្យគ្រាន់តែគាំទ្រដើម្បីតែស្ថិរភាពដែលអាចយល់ច្រឡំថា ការគាំទ្រនោះបានតែបង្កើតនូវរបបផ្ដាច់ការនិយមបែបបោះឆ្នោត ប៉ុន្តែគួរតែគាំទ្រឲ្យមានដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យឲ្យរីកចម្រើនពិតប្រាកដទៅមុខនៅកម្ពុជា។
អង្គការនេះបានប្រមើលមើលថា ឥរិយាបថរបស់ម្ចាស់ជំនួយ ជាពិសេសសហគមន៍អឺរ៉ុបអាចប្រែប្រួលដោយប្រើប្រាស់ការដាក់ទណ្ឌកម្ម ប្រសិនបើការបោះឆ្នោតនៅពេលខាងមុខមិនត្រឹមត្រូវ និងមានការបន្លំសន្លឹកឆ្នោត។
នៅថ្ងៃដដែលគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បានបង្ហាញរបាយការណ៍ស្ដីអំពីភាពមិនប្រក្រតីផ្នែកនយោបាយ អំពើពុករលួយនយោបាយ និងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ មានចំនួន ២៩៧ករណី។ ចំនួននេះ មានការកើនឡើង ៨០ករណីដែលបានកត់ត្រាទុកកាលពីឆ្នាំ២០១៤។
បញ្ហាទាំងនោះ ពាក់ព័ន្ធនឹងការរំលោភអំណាចធ្ងន់ធ្ងរប្រព្រឹត្តដោយថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ឬថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនយោបាយជាដើម។ ក្រៅពីនោះគេក៏បានរាយការណ៍ពីភាពមិនប្រក្រតីនៃសំណូក ការកិបកេងប្រព្រឹត្តដោយមន្ត្រីសាធារណៈក្នុងមុខតំណែងក្នុងបំណងបម្រើផលប្រយោជន៍ឲ្យបក្សនយោបាយ និងការតែងតាំងសែស្រឡាយសាច់ញាតិចូលកាន់តំណែង។
តែទោះជាយ៉ាងណា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅរបាយការណ៍នេះថា ជារបាយការណ៍ព្រៃ៕
No comments:
Post a Comment