A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 30 March 2016

អាជ្ញាធរ​ថា​កំពុង​សិក្សា​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ករណី​គម្រោង​សង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ


ដោយ សាន សែល
2016-03-29

ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ៨៥៥
២២-មីនា-២០១៦៖ ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឋិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ RFA/Morm Moniroth
 RFA/Morm Moniroth


អភិបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បញ្ជាក់​ថា អាជ្ញាធរ​កំពុង​សិក្សា​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​ចោទ​ថា ការ​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ជិត​ភូមិ​ឋាន​របស់​ពួក​គាត់ នឹង​ប៉ះពាល់​ដល់​សុខភាព។ អាជ្ញាធរ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ទិល​ពី​ល្បឿន និង​ការ​ធ្វើ​សេចក្តី​សម្រេច ថា​តើ​គួរ​ផ្តល់​សិទ្ធិ​សាងសង់​អង់តែន​ទូរទស្សន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា?

អភិបាល​ក្រុង​តាខ្មៅ លោក ហេង ធាម មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​អនុញ្ញាត​តាម​សំណើ​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ត្រូវ​ប្រើ​ពេលវេលា​វែង បន្ទាប់​ពី​ប្រជាពលរដ្ឋ ២១​រូប​ដាក់​ពាក្យ​តវ៉ា ស្នើ​ឲ្យ​ប្ដូរ​ទីតាំង​ដំឡើង​អង់តែន​ទូរទស្សន៍​នេះ។

លោក​គូស​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក កំពុង​ពិនិត្យ​ស្រាវជ្រាវ​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ សិក្សា​ពី​ផល​ប៉ះពាល់​សុខភាព​បណ្ដាល​មក​ពី​អង់តែន​ទូរទស្សន៍៖ «សាលា​ក្រុង​កំពុង​ពិនិត្យ​កិច្ចការ​នេះ និង​សម្រប​សម្រួល ហើយ​ដាក់​ជូន​ឯកឧត្តម​អភិបាល​ខេត្ត​សុំ​គោលការណ៍​ដឹក​នាំ»។



ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាង​ថា កន្លង​មក គណបក្ស​សង្រ្គោះ​ជាតិ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ​ដែល​ប្ដឹង​ពី​ផល​ប៉ះពាល់​ដូច​ដែល​លោក​អភិបាល​ក្រុង​លើក​ឡើង​នេះ តែ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​ជួប​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង និយាយ​ពី​ការ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ដំឡើង​អង់តែន​នេះ​ទេ។ លោក យឹម សុវណ្ណ សង្កត់​ធ្ងន់​ថា ការ​ពន្យារ​ពេល​របស់​អាជ្ញាធរ​ខេត្ត​នេះ អាច​ជា​ហេតុផល​នយោបាយ៖ «ត្រូវ​ស្មោះត្រង់​ជាមួយ​គ្នា បើ​ឲ្យ​គេ​សង់​ហើយ​កុំ​បន្ទច់បង្អាក់។ ថ្ងៃ​មុន​ឲ្យ​គេ​មក​ទារ​លុយ ហើយ​ខ្ញុំ​ថា​ឲ្យ​គេ​មក​ចុះ ខ្ញុំ​បើក​ឲ្យ តែ​មិន​ឃើញ​មក។ ដល់​ស្រាវជ្រាវ​មែន​ទែន ដឹង​ឈ្មោះ​នៅ​ណា? យ៉ាប់​មែន​ទែន»។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ដើម​ឆ្នាំ​២០១៦ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ក៏ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​ពន្យារ​ពេល ខណៈ​ដំណើរ​ការ​ស្នើ​សុំ​សាងសង់​អង់តែន​ទូរទស្សន៍​កំពុង​ជាប់​គាំង។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កណ្ដាល លោក ភូ សុខា ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក បាន​ដាក់​ពាក្យ​ស្នើ​សុំ​សាងសង់​អង់តែន ទៅ​សាលា​ក្រុង​តាខ្មៅ អស់​រយៈពេល ២​សប្ដាហ៍​មក​ហើយ។ លោក​បញ្ជាក់​ថា ក្រុម​ការងារ​លោក និង​អាជ្ញាធរ កំពុង​ពិភាក្សា​គ្នា​លើ​នីតិវិធី​ពាក់ព័ន្ធ​សំណើ​នេះ ហើយ​ថា ប្រសិន​បើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ពិត​ជា​ប៉ះពាល់​សុខភាព​ដោយសារ​ការ​សាងសង់​អង់តែន​ទូរទស្សន៍ ក្រុម​ការងារ​លោក​នឹង​ពិចារណា​ប្ដូរ​ទីតាំង។ ទោះ​បី​ជា​យ៉ាង​ណា លោក​សង្ស័យ​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ កើត​ឡើង​ដោយសារ​ការ​ញុះញង់៖ «កន្លែង​ដែល​យើង​រៀបចំ​សាងសង់​អង់តែន​ទូរទស្សន៍​នេះ ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំ (ដី) គ្នា​ហ្នឹង គាត់​ថា មាន​អនុ​ភូមិ​ម្នាក់​គាត់​មាន​ដី​នៅ​ចំ​ពី​មុខ​ដី​យើង គាត់​ថា​បើ​កាល​ណា​សាងសង់​អង់តែន​ហ្នឹង​ទៅ ប៉ះពាល់​ដល់​សុខភាព ហើយ​ប្រជាពលរដ្ឋ​ក្មេងៗ​ដែល​គ្រប់​ការ​បាន​ប្ដី​ប្រពន្ធ​ទៅ ថ្ងៃ​ក្រោយ​អត់​មាន​កូន​ចៅ​អី​ទេ។ គាត់​នាំ​គេ​ផ្ដិត​មេដៃ​ជំទាស់ ដើម្បី​កុំ​ឲ្យ​សាងសង់។ គ្រួសារ​ខ្លះ​មាន​អង់តែន​ណា​នៅ​ជិត តែ​គ្មាន​កូន។ បើ​នៅ​ភ្នំពេញ​ដាក់​អង់តែន​នៅ​លើ​ផ្ទះ តែ​មាន​កូន​បួន​ប្រាំ។ គាត់​មិន​ជឿ​ទេ រឿង​បញ្ហា​ហ្នឹង»។

គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រើ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ មក​ទល់​ពេល​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សាធារណជន មាន​ចំនួន ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា នៅ​ពេល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សាងសង់​អង់តែន​ទូរទស្សន៍ ក្រុម​ការងារ​លោក នឹង​បន្ត​ការ​រៃអង្គាស​ថវិកា​បន្ថែម​ដើម្បី​យក​មក​ទ្រទ្រង់​ដំណើរ​ការ​ផ្សាយ​ទូរទស្សន៍។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ប្លង់​ដី​ទំហំ​ជាង ១​ពាន់​ម៉ែត្រ​ការ៉េ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដើម្បី​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ៕

No comments: