A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 26 February 2016

រដ្ឋសភា​ត្រៀម​ថវិកា​ ៧២០ ​លាន​រៀល​ឲ្យ​តំណាងរាស្ត្រ​ប្រើ

រដ្ឋសភា​ត្រៀម​ថវិកា​ ៧២០ ​លាន​រៀល​ឲ្យ​តំណាងរាស្ត្រ​ប្រើ
Fri, 26 February 2016 ppp
មាស សុខជា and វង្ស សុខេង


ភ្នំពេញៈ កញ្ចប់​ថវិកា​​ចំនួន​ ៧២០ លាន​រៀល​ត្រូវ​បាន​រៀបចំ​រួច​ហើយ​សម្រាប់​​តំណាងរាស្រ្ត​សំឡេង​ភាគច្រើន​ និង​តំណាង​រាស្រ្ត​សំឡេង​​ភាគតិច​​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​​បំពេញ​ការងារ​របស់​ខ្លួន​។

អ្នក​នាំពាក្យ​របស់​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គណៈកម្មាធិការ​អចិន្រៃ្តយ៍​​របស់​រដ្ឋសភា​នឹង​​ពិភាក្សា​សម្រេច​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​លើ​កញ្ចប់​ថវិកា​​ចំនួន ៧២០ លាន​រៀល​​​ និង​រថយន្ត​ទំនើប​ចំនួន​ពីរ​គ្រឿង​ដើម្បី​​អនុញ្ញាត​ឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​​តំណាង​រាស្រ្ត​​គណបក្ស​សង្គ្រោះ​ជាតិ​​​ប្រើប្រាស់​ចាប់ពី​ខែ​ក្រោយ​។

លោក ប៉េងឡុង បាន​បញ្ជាក់​ថា​កញ្ចប់​ថវិកា​​ចំនួន ៧២០ លាន​រៀល​នឹង​បែង​ចែក​សម្រាប់​​តំណាង​រាស្រ្ត​គណបក្ស​ទាំង​ពីរ​​ប្រើប្រាស់​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៅ​តាម​ចំនួន​សមាមាត្រ​នៃ​ចំនួន​តំណាងរាស្រ្ត​មាន​ន័យ​ថា​គណបក្ស​ប្រជាជន​ឈ្នះ ៦៨ អាសនៈ​ត្រូវ​ទទួល​បាន​កញ្ចប់​ថវិកា​ច្រើន​ជាង​​គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​​ទទួល​បាន​អាសនៈ​ចំនួន​​ ៥៥ ​​នៅក្នុង​រដ្ឋសភា​។

លោក​បន្ត​ថា​៖ «​លុយ​យើង​មាន​នៅ​ក្នុង​កញ្ចប់​រួច​ហើយ​​។ គណៈកម្មាធិការ​អចិន្រៃ្តយ៍​សម្រេច​ជា​គោលការណ៍​សិន​បន្ទាប់​មក​​យើង​​អាច​ចំណាយ​បាន​»​។

ចំពោះ​រថយន្ត​ទំនើប​ ២ គ្រឿង​ដែល​ទិញ​សម្រាប់​​​តំណាងរាស្រ្ត​សំឡេង​ភាគច្រើន និង​តំណាង​រាស្រ្ត​សំឡេង​ភាគតិច​លោក ប៉េងឡុង ​បាន​បញ្ជាក់​ថា​រថយន្ត​មួយ​គ្រឿង​គឺ​សម្រាប់​មេដឹកនាំ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​លោក ស ខេង និង​មួយ​ទៀត​សម្រាប់​​មេដឹកនាំ​​តំណាងរាស្រ្ត​សំឡេង​ភាគតិច​ដែល​អាច​សម្រាប់​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​។

អ្នក​នាំពាក្យ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ថា​ចំនួន​កញ្ចប់​ថវិកា​នេះ​គឺ​តិចតួច​ណាស់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ខែ​ក្នុង​ការ​បំពេញ​ការងារ​។

លោក​បន្ត​ថា​៖ «​យើង​គិត​ថា​វា​ផ្អែក​ទៅ​លើ​គម្រោង​​ដែល​​សភា​ស្នើ​ហើយ​ដោយសារ​​មាន​​ការ​អនុម័ត​រួច​ហើយ​ដូច្នេះ​​យើង​គិត​ថា​យើង​នឹង​ជជែក​ពិភាក្សា​លើ​គម្រោង​ពេល​ក្រោយ​​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​តំណាង​រាស្រ្ត​គណបក្ស​​​ប្រជាជន​លោក ឈាង វុន ថ្លែង​ថា​ចំនួន​កញ្ចប់​ថវិកា​នេះ​គឺ​គ្រប់​គ្រាន់​ពីព្រោះ​មាន​រថយន្ត​ និង​សាំង​សម្រាប់​ពួកគេ​ធ្វើការ​ហើយ​តំណាង​រាស្រ្ត​ទាំង​នោះ​ក៏​មាន​ប្រាក់​ខែ​របស់​ខ្លួន​ជា​តំណាង​រាស្រ្ត​ផង​ដែរ​។ «​ប្រសិន​បើ​ដំណើរការ​ទៅ​ខ្វះ​សម្រាប់​ឆ្នាំ​នេះ​ឆ្នាំ​ក្រោយ​​យើង​នឹង​ដំឡើង​បន្តិច​ទៀត​»​។

ដោយឡែក អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ដែល​រិះគន់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​​ថា​ ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធានា​​អនុវត្ត​នូវ​​គោល​នយោ​បាយ​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​​កូតា​សមា​ជិក​រដ្ឋ​សភា​ជា​ស្ត្រីពី​ ២០ ទៅ ៣០ ភាគ​រយ។

ក្រុម​ស្រ្តី​ប្រហែល ៣០ នាក់​ មក​ពី​អង្គការ​ផ្សេង​ៗ បាន​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាក្រុម​ នៅ​​​សណ្ឋា​គារ​ Imperial Garden Villa ​​​​ហើយ​បាន​គូស​បញ្ជាក់​ពី​ការ​អង្កេត​ឃើញ​របស់​​ខ្លួន ការ​ឃ្លាំ​មើល ​និង​ ការ​វាយ​តម្លៃ​​លើ​​ស្ថាន​ភាព​ និង​​លទ្ធផល​ការ​ងារ​របស់​​តំណាង​រាស្រ្ត​​ជា​ស្រ្តី​ដែល​ជាប់​ឆ្នោត​ នៅ​ថ្នាក់​ជាតិ បាន​​ធ្លាក់​ចុះ​​ចំនួន​​​សមា​ជិក​​រដ្ឋ​សភាជា​ស្ត្រី ដោយ​សារ​តែ​រដ្ឋ​សភា​មិន​មាន​គោល​នយោ​បាយ​ច្បាស់​លាស់​ ក្នុង​ការ​​លើក​កម្ព​ស់​ស្ត្រី ហើយ​ការ​អនុ​វត្ត​តាម​​តែ​មេ​ដឹក​នាំគ​ណប​ក្ស។

​អ្នក​ស្រី សនកេត សិរី​លក្ខណ៍ ​អ្នក​សម្រប​សម្រួល​​ស្តី​ពី​ការ​អប់​រំ​ និង​យេន​ឌ័រ​របស់​​អង្គការ​ខុមហ្វ្រែល​ ​បាន​ថ្លែង​ទៅ​កា​​ន់ក្រុ​មយេន​ឌ័រ​​របស់​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាល​ថា៖ «​នៅក្នុ​ង​ឆ្នាំ ២០១៥​5 ចំនួន​សមា​ជិក​រដ្ឋ​សភា​ជា​ស្ត្រី​បាន​ថយ​ចុះមក​ចំនួន ២៤ រូប ស្មើ​នឹង​ ១៩.៥១ ភាគ​រយ​​នៃ​​​ចំនួន​សមា​ជិក​​រដ្ឋ​សភា​សរុប​១២៣ រូប​»។

​អ្នកស្រី​បាន​ចង្អុ​ល​បង្ហាញ​ថា​ ជា​ឧទា​ហរណ៍​ ក្នុង​គណ​បក្ស​ប្រ​ជា​ជន​ ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត លោក​ស្រី ជាម សាវ៉ាយ​ ដែល​បាន​លាលែ​ង​ពីតំណែ​ង​ ដោយ​សារ​តែ​ស្ថាន​ភាព​សុខ​ភាព នៅ​ថ្ងៃទី​ ៣ ខែ​កក្កដា​ កន្លង​ទៅ​នោះ ត្រូវ​បាន​​ជំនួស​ដោយ​សមាជិក​​រដ្ឋ​សភា ដែល​ជា​ប្រុស៕

1 comment:

Anonymous said...

ពួកព្រែតចង្រៃដូចមានរូបភាពខាងលើ សូមជៀសអោយឆ្ងាយពេលបោះឆ្នោតខាងមុខ ?