រដ្ឋសភាត្រៀមថវិកា ៧២០ លានរៀលឲ្យតំណាងរាស្ត្រប្រើ
Fri, 26 February 2016 ppp
មាស សុខជា and វង្ស សុខេង
ភ្នំពេញៈ កញ្ចប់ថវិកាចំនួន ៧២០ លានរៀលត្រូវបានរៀបចំរួចហើយសម្រាប់តំណាងរាស្រ្តសំឡេងភាគច្រើន និងតំណាងរាស្រ្តសំឡេងភាគតិចប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំដើម្បីបំពេញការងាររបស់ខ្លួន។
អ្នកនាំពាក្យរបស់រដ្ឋសភាលោក ឡេង ប៉េងឡុង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថាគណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភានឹងពិភាក្សាសម្រេចជាផ្លូវការនៅខែក្រោយលើកញ្ចប់ថវិកាចំនួន ៧២០ លានរៀល និងរថយន្តទំនើបចំនួនពីរគ្រឿងដើម្បីអនុញ្ញាតឲ្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រើប្រាស់ចាប់ពីខែក្រោយ។
លោក ប៉េងឡុង បានបញ្ជាក់ថាកញ្ចប់ថវិកាចំនួន ៧២០ លានរៀលនឹងបែងចែកសម្រាប់តំណាងរាស្រ្តគណបក្សទាំងពីរប្រើប្រាស់សម្រាប់រយៈពេលមួយឆ្នាំទៅតាមចំនួនសមាមាត្រនៃចំនួនតំណាងរាស្រ្តមានន័យថាគណបក្សប្រជាជនឈ្នះ ៦៨ អាសនៈត្រូវទទួលបានកញ្ចប់ថវិកាច្រើនជាងគណបក្សសង្គ្រោះជាតិដែលទទួលបានអាសនៈចំនួន ៥៥ នៅក្នុងរដ្ឋសភា។
លោកបន្តថា៖ «លុយយើងមាននៅក្នុងកញ្ចប់រួចហើយ។ គណៈកម្មាធិការអចិន្រៃ្តយ៍សម្រេចជាគោលការណ៍សិនបន្ទាប់មកយើងអាចចំណាយបាន»។
ចំពោះរថយន្តទំនើប ២ គ្រឿងដែលទិញសម្រាប់តំណាងរាស្រ្តសំឡេងភាគច្រើន និងតំណាងរាស្រ្តសំឡេងភាគតិចលោក ប៉េងឡុង បានបញ្ជាក់ថារថយន្តមួយគ្រឿងគឺសម្រាប់មេដឹកនាំតំណាងរាស្រ្តគណបក្សប្រជាជនលោក ស ខេង និងមួយទៀតសម្រាប់មេដឹកនាំតំណាងរាស្រ្តសំឡេងភាគតិចដែលអាចសម្រាប់ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
អ្នកនាំពាក្យតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថាចំនួនកញ្ចប់ថវិកានេះគឺតិចតួចណាស់សម្រាប់ការចំណាយប្រចាំខែក្នុងការបំពេញការងារ។
លោកបន្តថា៖ «យើងគិតថាវាផ្អែកទៅលើគម្រោងដែលសភាស្នើហើយដោយសារមានការអនុម័តរួចហើយដូច្នេះយើងគិតថាយើងនឹងជជែកពិភាក្សាលើគម្រោងពេលក្រោយ»។
ប៉ុន្តែអ្នកនាំពាក្យតំណាងរាស្រ្តគណបក្សប្រជាជនលោក ឈាង វុន ថ្លែងថាចំនួនកញ្ចប់ថវិកានេះគឺគ្រប់គ្រាន់ពីព្រោះមានរថយន្ត និងសាំងសម្រាប់ពួកគេធ្វើការហើយតំណាងរាស្រ្តទាំងនោះក៏មានប្រាក់ខែរបស់ខ្លួនជាតំណាងរាស្រ្តផងដែរ។ «ប្រសិនបើដំណើរការទៅខ្វះសម្រាប់ឆ្នាំនេះឆ្នាំក្រោយយើងនឹងដំឡើងបន្តិចទៀត»។
ដោយឡែក អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល កាលពីថ្ងៃព្រហស្បតិ៍ បានចេញផ្សាយរបាយការណ៍មួយ ដែលរិះគន់លោក ហេង សំរិន ប្រធានរដ្ឋសភាថា ខ្វះការប្តេជ្ញាចិត្តដើម្បីធានាអនុវត្តនូវគោលនយោបាយរបស់ខ្លួន ក្នុងការបង្កើតកូតាសមាជិករដ្ឋសភាជាស្ត្រីពី ២០ ទៅ ៣០ ភាគរយ។
ក្រុមស្រ្តីប្រហែល ៣០ នាក់ មកពីអង្គការផ្សេងៗ បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាក្រុម នៅសណ្ឋាគារ Imperial Garden Villa ហើយបានគូសបញ្ជាក់ពីការអង្កេតឃើញរបស់ខ្លួន ការឃ្លាំមើល និង ការវាយតម្លៃលើស្ថានភាព និងលទ្ធផលការងាររបស់តំណាងរាស្រ្តជាស្រ្តីដែលជាប់ឆ្នោត នៅថ្នាក់ជាតិ បានធ្លាក់ចុះចំនួនសមាជិករដ្ឋសភាជាស្ត្រី ដោយសារតែរដ្ឋសភាមិនមានគោលនយោបាយច្បាស់លាស់ ក្នុងការលើកកម្ពស់ស្ត្រី ហើយការអនុវត្តតាមតែមេដឹកនាំគណបក្ស។
អ្នកស្រី សនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលស្តីពីការអប់រំ និងយេនឌ័ររបស់អង្គការខុមហ្វ្រែល បានថ្លែងទៅកាន់ក្រុមយេនឌ័ររបស់អង្គការក្រៅរដ្ឋាភិបាលថា៖ «នៅក្នុងឆ្នាំ ២០១៥5 ចំនួនសមាជិករដ្ឋសភាជាស្ត្រីបានថយចុះមកចំនួន ២៤ រូប ស្មើនឹង ១៩.៥១ ភាគរយនៃចំនួនសមាជិករដ្ឋសភាសរុប១២៣ រូប»។
អ្នកស្រីបានចង្អុលបង្ហាញថា ជាឧទាហរណ៍ ក្នុងគណបក្សប្រជាជន តំណាងរាស្រ្តជាប់ឆ្នោត លោកស្រី ជាម សាវ៉ាយ ដែលបានលាលែងពីតំណែង ដោយសារតែស្ថានភាពសុខភាព នៅថ្ងៃទី ៣ ខែកក្កដា កន្លងទៅនោះ ត្រូវបានជំនួសដោយសមាជិករដ្ឋសភា ដែលជាប្រុស៕
1 comment:
ពួកព្រែតចង្រៃដូចមានរូបភាពខាងលើ សូមជៀសអោយឆ្ងាយពេលបោះឆ្នោតខាងមុខ ?
Post a Comment