A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 26 February 2016

អ្នក​ជំនាញ​សេដ្ឋកិច្ច ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ធនធាន​ធម្មជាតិ​​ដោយ​ប្រុងប្រយ័ត្ន


Fri, 26 February 2016 ppp
កៃ គឹមសុង and តាំង រីនិត្យ

លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​ឆ្លើយ​សំណួរ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​។ គាំ ច័ន្ទរស្មី



លោក ងួន ម៉េងតិច ជា​អាណិកជន​​ខ្មែរ​អាមេរិក​បច្ចុប្បន្ន​ជា​អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​​​ឧកញ៉ា គិត ម៉េង ​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប។ លោក ម៉េងតិច មាន​​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល។

លោក​កើត​នៅ​ឆ្នាំ ១៩៥៣ នៅ​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​​ពី​អាណានិគម​និយម​​​បារាំង​ហើយ​​បាន​សិក្សា​រៀន​សូត្រ​ក្នុង​សង្គម​រាស្ដ្រនិយម​របស់​ព្រះករុណ​ព្រះបាទ នរោត្តម សីហនុ។ លោក​បាន​​ឆ្លង​កាត់​របប​វាល​ពិឃាត​ខ្មែរ​ក្រហម (១៩៧៥-១៩៧៩) ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​។

លោក ងួន ម៉េងតិច បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ៤ ខែ​សីហា ឆ្នាំ ១៩៨០​។ លោក​បាន​​រំឭក​ឲ្យ​ដឹង​ថា «ដំបូង​ខ្ញុំ​ទៅ​​នៅ​រដ្ឋ Illinois ដោយ​រស់​នៅ​ហ្នឹង​បាន​​ជិត​បួន​ឆ្នាំ។ នៅ​ទី​នោះ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​ខ្ញុំ​ក៏​បាន​ចូល​ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​អាមេរិក​បាន​​ចំនួន​ជាង​បួន​ឆ្នាំ​ហើយ​បាន​​ប្ដូរ​ទៅ​នៅ​​រដ្ឋ​កាលីហ្វ័រនីញ៉ា និង​​​រៀន​​នៅ​ទី​នោះ​បាន​បួន​ឆ្នាំ​ទៀត។ ក្រោយ​ពី​រៀន​ចប់​ខ្ញុំ​ក៏​បាន​ត្រលប់​ទៅ​​រស់នៅ​រដ្ឋ​Massachusetts នៅ​មិន​ដល់​មួយ​ឆ្នាំ​ទេ​ក៏​បាន​ចូល​​ធ្វើការ​នៅ​ក្រសួង​សង្គមកិច្ច​អាមេរិក (Welfare Department) ហ្នឹង​តែ​ម្តង»។


ឈើ​ប្រណីត​ដែល​គេ​លួច​ដុត​បំផ្លាញ​ពេល​កន្លង​មក​។ រូបថត សហការី


ជីវិត​របស់​លោក ម៉េងតិច ហាក់​មិន​សូវ​ជួប​ការ​លំបាក​ដូច​អាណិកជន​ខ្មែរ​មួយ​ចំនួន​ឡើយ​។ នៅ​សហរដ្ឋ​អាមេរិក​លោក​បាន​រៀន​ជំនាញ​ផ្នែក​អេឡិចត្រូនិក​ប៉ុន្ដែ​ដោយ​មិន​សូវ​មាន​ចំណូល​ចិត្ត​លោក​ ម៉េងតិច បាន​ចូល​បម្រើ​ការងារ​ខាង​សង្គម​កិច្ច​វិញ​។

លោក​ថ្លែង​ថា៖ «កាល​រៀន​ហ្នឹង​គឺ​ខ្ញុំ​នឹក​ថា​ចង់​យក​​​ជំនាញ​​មួយ​ដែល​​អាច​រក​​ការងារ​ធ្វើ​ឲ្យ​បាន​ភ្លាមៗ​ព្រោះ​កាល​សម័យ​ឆ្នាំ ១៩៨០ ហ្នឹង​គឺ​ខាង​អេឡិច​ត្រូនិក​មាន​​ប្រជាប្រិយភាព​​ខ្លាំង​ណាស់​ក៏​ប៉ុន្ដែ​ខ្ញុំ​បែរ​ជា​ស្រឡាញ់​​កិច្ចការ​សង្គមកិច្ច​ខ្លាំង​​ទៅវិញ​ហើយ​​​ក៏​​ធ្វើ​ការងារ​ផ្នែក​សង្គមកិច្ច​រហូត​ទៅ​ដល់​ឆ្នាំ ២០០៥ ជា​ពេល​ដែល​លោក​ឧកញ៉ា គិត ម៉េង បាន​ដឹកនាំ​ក្រុម​ការងារ​ទូរទស្សន៍ CTN ទៅ​សហរដ្ឋ​អាមេរិក។

លោក ម៉េងតិច បាន​មាន​ប្រសាសន៍​ថា «នៅ​ពេល​ហ្នឹង​ខ្ញុំ​ក៏​បាន​ជួយ​ខាង​​ផ្នែក​ហ្នឹង​ដែរ​ដើម្បី​រៀបចំ​ព្រោះ​យើង​សប្បាយ​ចិត្ត​ណាស់​ឃើញ​ទូរទស្សន៍​ខ្មែរ​យើង​អាច​បើក​ដំណើរការ​​នៅ​ស្រុក​អាមេរិក​បាន»។

លោក ម៉េងតិច មាន​ប្រសាសន៍​ថា​នៅពេល​នោះ​ហើយ​ដែល​អ្នកឧកញ៉ា គិត ម៉េង បាន​​អញ្ជើញ​លោក ឲ្យ​ធ្វើ​ជា​​​អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ «ខ្ញុំ​សូម​អរគុណ​ដល់​ឧកញ៉ា ម៉េង ដែល​គាត់​បាន​យក​ខ្ញុំ​មក​ជួយ​​កិច្ចការ​​សេដ្ឋកិច្ច​នៅ​សភា​ពាណិជ្ជកម្ម​នេះ»។

លោក ងួន ម៉េងតិច បាន​រៀប​អាពាណ៍​ពិពាហ៍​ភរិយា​ទី ១ នៅ​សហរដ្ឋ​អាមេរិក​ដោយ​មាន​កូន ៤ ​នាក់​។​ ភរិយា​ និង​កូនៗ​របស់​លោក​រស់នៅ​សហរដ្ឋ​អាមេរិក​តែ​បាន​​បែកបាក់​​គ្នា​ហើយ​។ បច្ចុប្បន្ន​លោក​រស់នៅ​ជាមួយ​ភរិយា​ក្រោយ​ និង​មាន​កូនស្រី​ម្នាក់។

ជា​អ្នក​ជំនាញ​ខាង​​សង្គមកិច្ច និង​សេដ្ឋកិច្ច​លោក ម៉េងតិច បាន​ផ្ដល់​ជា​ទស្សនៈ​ថា​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​​​ក្នុង​ការ​ស្ថាបនា​ប្រទេស​ក្នុង​បរិយាកាស​សន្ដិភាព។​

លោក​បាន​​និយាយ​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​វា​អាស្រ័យ​ដោយ​​កត្តា​ស្ថិរភាព​នយោបាយ​ដែល​ចាំបាច់​ត្រូវ​​រក្សា​ឲ្យ​ខាង​តែ​បាន​​ជា​រៀងរហូត​ប្រសិន​បើក​ម្ពុជា​ចង់​រត់​តាម​​សេដ្ឋកិច្ច​របស់​ប្រទេស​ជិត​ខាង​ក្នុង​រង្វង់ ២០ ឆ្នាំ​ខាង​មុខ​ទៀត​។

លោក​ ម៉េង តិច ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា​ទាំង​រដ្ឋ​ និង​ឯកជន​ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់​ដើម្បី​ទាក់ទាញ​វិនិយោគិន​​បរទេស។ ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ដើរ​តួ​មួយ​ផ្នែក​ក្នុង​ការ​កៀរគរ​វិនិយោគិន​បរទេស។

ចំពោះ​អ្នក​វិនិយោគ​​ក្រៅ​ប្រទេស​អ្នក​មិន​​ដែល​មក​ឃើញ​កម្ពុជា​ផ្ទាល់​តែង​មើល​មក​កម្ពុជា​​​ក្នុង​ក្រសែ​ភ្នែក​ខ្មៅ​ងងឹត​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​មក​ដល់​​ហើយ​គេ​យល់​ថា​កម្ពុជា​មាន​​​សក្ដានុពល​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ទោះ​ជា​កម្ពុជា​ទើប​តែ​​​ចេញ​ពី​សង្គ្រាម​ក៏ដោយ។ លោក​ថ្លែង​ថា៖ ​«អ្នក​ឧកញ៉ា​ គិត ម៉េង ​បាន​​ខិតខំ​កៀរគរ​ក្រុម​វិនិយោគិន​​បរទេស​ជាច្រើន​ក្រុម និង​ជាច្រើន​ប្រទេស​ផ្សេងៗ​គ្នា​ដាក់​ទុន​វិនិយោគ​បង្កើត​​ក្រុមហ៊ុន​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​​ជាច្រើន​ពាន់​នាក់»។ «ប៉ុន្តែ​ការ​​នាំ​វិនិយោគិន​ចូល​​ស្រុក​ហ្នឹង​អ្នក​ខ្លះ​​មើល​អត់​បាន​ឃើញ​ទេ។ បើ​​​យើង​​សង្កេត​មើល​​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន វិស័យ​ឯកជនបាន​ និង​កំពុង​​​ដើរតួ​សំខាន់​​ក្នុង​ការ​ជំរុញ​​កំណើន​សេដ្ឋកិច្ច»។

ទាក់ទិន​នឹង​​គោល​នយោបាយ​សេដ្ឋកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​​​សសរស្តម្ភ​យ៉ាង​ហោច​ណាស់​ចំនួន​​បួន​ជា​សសរស្តម្ភ​​សម្រាប់​​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​រួម​មាន​វិស័យ​កសិកម្ម ទេសចរណ៍ ការ​នាំ​ចេញ​សម្លៀកបំពាក់​ និង​​វិស័យ​សំណង់។ ប៉ុន្ដែ​វិស័យ​ទាំង​នេះ​នៅ​មិន​ទាន់​រឹងមាំ​ខ្លាំង​ដូច​ការ​រំពឹង​ទុក​ទេ​វិស័យ​ទាំង​ ៤ នឹង​ជួប​ការ​ប្រឈម​ខ្លះ​នៅ​ពេល​អនាគត។

លោក ម៉េងតិច បាន​​មាន​ប្រសាសន៍​ថា​វិស័យ​កសិកម្ម​របស់​កម្ពុជា​​កំពុង​ស្ថិត​នៅ​ជា​កសិកម្ម​ខ្នាត​តូច​នៅ​ឡើយ។ កសិករ​​ត្រូវការ​​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ផ្នែក​ធារាសាស្ដ្រ ទឹក​ស្រោចស្រព​ស្រូវ​ស្រែ​ និង​​ធានា​​លើ​តម្លៃ​ស្រូវ​​ ឬុ​អង្ករ​សមរម្យ​សម្រាប់​កសិករ​។

លោក​បាន​និយាយ​ថា​៖ «​ស្រូវ​គួរ​​ត្រូវ​បាន​ធានា​តម្លៃ​ណា​មួយ​ពិតប្រាកដ​ដោយ​រដ្ឋាភិបាល។ រីឯ​វិស័យ​​ទេ​សចរណ៍​វិញ​គួរ​គ្រប់គ្រង​ និង​រក្សា​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​​ទស្សនា​​ប្រាសាទ​អង្គរវត្ត​​​ខេត្ត​សៀមរាប​ឲ្យ​បាន​ត្រឹមត្រូវ​​»។

ដោយ​ឡែក​ឧស្សាហកម្ម​នាំ​ចេញ​​សម្លៀក​បំពាក់​វិញ​ក៏​អាច​នឹង​​ប្រឈម​ដែរ​នៅ​ពេល​អនាគត​នោះ​គឺ​ពេល​ដែល​កូតា​សម្លៀក​បំពាក់​ត្រូវ​បញ្ចប់។ លោក ម៉េងតិច បញ្ជាក់​ថា៖ «បើ​និយាយ​ទៅ​វិស័យ​កាត់​ដេរ​ហ្នឹង​ពុំ​មាន​លំនឹង​ឲ្យ​ច្បាស់លាស់​ទេ​តែ​បើ​យើង​​ចេះ​ការពារ វា​នឹង​បាន​យូរ​ដែរ។ យើង​​សង្កេត​ឃើញ​ថា​ប្រទេស​ដទៃៗ​ទៀត​ដែល​គេ​ធ្វើ​បាន​មាន​លំនឹង​ល្អ​កាលណា​យើង​ធ្វើ​ច្បាប់​ទម្លាប់​ឲ្យ​បាន​ច្បាស់លាស់​ខ្ញុំ​ជឿ​ថា​រោងចក្រ​អស់​ហ្នឹង​វា​អត់​ទៅ​ណា​​ទេ​ត្រូវ​នៅ​ជាមួយ​យើង​រហូត​ប៉ុន្ដែ​បើ​យើង​​ធ្វើ​មិន​សូវ​ស្រួល​វិញ​អាហ្នឹង​វា​ធ្វើ​ឲ្យ​រំខាន​ការ​រកស៊ី»។

មាន​វិវាទ​ជាច្រើន​បាន​កើត​ឡើង​ក្នុង​វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់​​នេះ។ ម្ចាស់​រោងចក្រ​ជួប​ការ​លំបាក​​ក្នុង​​ការ​រក​ប្រាក់​ចំណេញ​រីឯ​​កម្មករ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ច្រើន​ដែរ។

លោក ម៉េងតិច បាន​​បញ្ជាក់​ថា ​បញ្ហា​នេះ​កន្លងមក​មាន​ការ​ចោទ​ដាក់​គ្នា​រវាង​ម្ចាស់​​រោងចក្រ និង​កម្មករ​ដែល​ជា​ទូទៅ​​ឈាន​ដល់​ធ្វើ​បាតុកម្ម​ប្រឆាំង​គ្នា​ដែល​​នាំ​ឲ្យ​ខូច​ប្រយោជន៍​ទាំង​សង​ខាង​ក៏​ប៉ុន្តែ​បញ្ហា​ដែល​ធំ​បំផុត​គឺ“អ្នក​កណ្តាល​”​បង្ក​ឲ្យ​មាន​បញ្ហា​ទាំង​នោះ​​។ «ខ្ញុំ​គិត​ថា​បើ​អ៊ីចឹង​មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​អាច​ដោះស្រាយ​កន្លែង​ហ្នឹង​បាន។ ខ្ញុំ​តែង​សង្កេត​ឃើញ​ថា​កម្មករ​តវ៉ា​​ទារ​ប្រាក់​ខែ​សមរម្យ​ចំពោះ​ខ្ញុំ​គិត​ថា​ប្រាក់​ខែ​ត្រឹម ១៦០ ​ដុល្លារ​អត់​គ្រាន់​ទេ។ លោក​ថ្លែង​ថា​ប្រាក់​ខែ​​កម្មករ​គួរតែ​បាន​ ៣០០ ឬ ៤០០ ​ដុល្លារ​​ទើប​​សមរម្យ​បើ​យើង​​ធ្វើ​ត្រឹមត្រូវ​ទាំងអស់​គ្នា។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​​ផ្តន្ទាទោស ឬ​ត្រូវ​​ដក​ឧបសគ្គ​ដែល​​បាន​​បង្ក​ឡើង​​ដោយ​​អ្នក​​កណ្ដាល​ ​[មន្ដ្រី​ពុកលួយ] ​​ចាំ​​តែ​​​ទាញ​​យក​​ប្រយោជន៍​ពី​ម្ចាស់​រោងចក្រ​ និង​កម្មករ​»​។

ដោយឡែក​វិស័យ​​សំណង់​វិញ​លោក​ ងួន ម៉េងតិច បាន​ហៅ​វិស័យ​នេះ​ថា​ជ‌ា «ពពុះ​សាប៊ូ»​។​ ចំពោះ​ខ្ញុំ​សង្កេត​មើល​ជាទូទៅ​យើង​ពុំ​បាច់​មើល​អី​ឆ្ងាយ​ទេ​មើល​​តែ​ដីធ្លី​យើង​នៅ​ទី​នេះ​បើ​និយាយ​ពី​តម្លៃ​គឺ​វា​ហួស​ការ​ស្មាន​វា​ហួស​តម្លៃ​ទីផ្សារ។ នៅ​ប្រទេស​ដទៃ​ទៀត​ដូច​នៅ​អាមេរិក​ជាដើម​ផ្ទះ​វីឡា​មួយ​តម្លៃ​ត្រឹម ៣០ ម៉ឺន ឬ ៤០ ម៉ឺន​ដុល្លារ​ទេ​តែ​នៅ​ស្រុក​​យើង​មាន​តម្លៃ​ពី ៧០ ម៉ឺន​ដុល្លារ​ទៅ​ ១ ​លាន​ដុល្លារ​វា​ធ្ងន់​ណាស់។

តាម​ទស្សនៈ​​របស់​លោក ម៉េងតិច កម្ពុជា​មិនមែន​មាន​ត្រឹម​តែ​សសរស្ដម្ភ​ទាំង ៤ ខាង​លើ​នោះ​ទេ​​ដែល​ជា​សសរស្ដម្ភ​​សេដ្ឋកិច្ច​នោះ​ការពិត​មាន​ព្រៃ​សម្បទាន​វិស័យ​​រ៉ែ​ប្រេង​កាត​ រ៉ែមាស ​និង​​​​កោះ​ជាច្រើន​ដ៏​មាន​សក្ដានុពល​ថែម​ទៀត​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ប៉ុន្ដែ​​គួរ​ឲ្យ​ស្ដាយ​​ដែល​ធនធាន​ទាំង​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​បាន​សមស្រប​ដោយសារ​មាន​អំពើ​ពុករលួយ​។

នៅ​ពេល​សួរ​ពី​ទស្សនៈ​របស់​លោក​​ទាក់ទង​នឹង​​ដីសម្បទាន​សេដ្ឋកិច្ច និង​ព្រៃសម្បទាន​សេដ្ឋកិច្ច​លោក ងួន ម៉េងតិច បាន​សម្ដែង​ក្តីបារម្ភ​​ចំពោះ​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​​ផ្តល់​ឲ្យ​ក្រុមហ៊ុន​បរទេស។ លោក​ថ្លែង​ថា​រដ្ឋ​គួរ​ដក​ចេញ​ពី​ដៃ​ក្រុមហ៊ុន​បរទេស​​ហើយ​ផ្ដល់​ជូន​វិនិយោគិន​ក្នុង​ស្រុក​វិញ​ជា​ជាង​ផ្ដល់​ក្រុមហ៊ុន​បរទេស​ដែល​អាច​​នាំ​មក​នូវ​បញ្ហា​សម្រាប់​ថ្ងៃ​ក្រោយ​។

លោក​ ម៉េងតិច ថ្លែង​ថា​៖ «ខ្ញុំ​ជឿ​ថា​ដី​​សម្បទាន​​កន្លង​មក​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន​បរទេស​អាហ្នឹង​វា​ជា​រឿង​មួយ​លំបាក​ណាស់។ ខ្ញុំ​គិត​ថា​បើ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​សប្បាយ​ចិត្ត​មាន​តែ​ផ្តល់​ដីសម្បទាន​នោះ​ឲ្យ​​ប្រជាជន​ខ្មែរ​ទើប​ជា​ការ​ល្អ។ គាត់​អាច​មាន​ដីធ្លី អាច​ប្រកប​អាជីវកម្ម​បង្កើត​ការងារ​បន្ថយ​ចំណាក​ស្រុក។ បើ​សិន​ជា​យើង​​​បណ្តោយ​ឲ្យ​ពលករ​ចេញ​ទៅ​​ក្រៅ​ប្រទេស​អស់​សេដ្ឋកិច្ច​យើង​នឹង​ចុះ​ខ្សោយ​ហើយ​ការ​អភិវឌ្ឍ​នានា​ក៏​មាន​ការ​យឺតយ៉ាវ​ដែរ​។

លោក​ ម៉េងតិច បាន​ថ្លែង​​ថា​ចំពោះ​​កោះ​​របស់​​កម្ពុជា​វិញ​បើ​វិនិយោគ​ឲ្យ​បាន​ត្រឹមត្រូវ​វា​នឹង​មាន​ផលប្រយោជន៍​ទាំងអស់​គ្នា​ទាំង​អ្នក​វិនិយោគ​រដ្ឋាភិបាល​​ និង​​ប្រជាពលរដ្ឋ។ លោក​ ម៉េងតិច ថ្លែង​ថា​អ្នក​ដែល​ចេញ​លុយ​​វិនិយោគ​​​ត្រូវ​តែ​មាន​ចំណេញ​​ប្រាក់​អ៊ីចឹង​ហើយ​ក៏​ប៉ុន្តែ​វា​ក៏​ចាំបាច់​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ហ្នឹង​ ឬ​នៅ​ឆ្ងាយ​ទៅ​ធ្វើការ​នៅ​ហ្នឹង​ដែរ។

លោក​បាន​ស្នើ​ថា៖ «​រាល់​កោះ​ទាំងអស់​របស់​កម្ពុជា​គួរ​ត្រូវ​​បាន​សម្បទាន​​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដើម្បី​វិនិយោគ​ព្រោះ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នៅ​ក្នុង​ស្រុក​ត្រូវ​តែ​ចេះ​​ថ្លឹងថ្លែង​ហើយ​មិន​អាច​​ធ្វើ​អ្វី​ដែល​បំពាន​ច្បាប់​បាន​ទេ​ខ្ញុំ​មាន​ជំនឿ​អ៊ីចឹង»។

ខណៈ​ពេល​ដែល​​កម្ពុជា​​កំពុង​មាន​កំណើត​សេដ្ឋកិច្ច​ល្អ​វិវាទ​ក្នុង​វិស័យ​ជំនួញ​ក៏​សម្បូរ​ដែរ។

លោក ម៉េងតិច ជំរុញ​ឲ្យ​មាន​តុលាការ​ពាណិជ្ជកម្ម​ឲ្យ​បាន​ឆាប់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ផ្នែក​ជំនួញ។ លោក​បញ្ជាក់​ថា​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​មិន​​គួរ​ត្រូវ​​វិនិច្ឆ័យ​ដោយ​តុលាការ​ស៊ីវិល​ឡើយ។ បច្ចុប្បន្ន​តុលាការ​ស៊ីវិល​គ្មាន​ជំនាញ​ក្នុង​ការ​​កាត់​ក្ដី​រឿង​វិវាទ​ពាណិជ្ជកម្ម​ទេ​។ លោក​ថ្លែង​ថា៖ «នៅ​ស្រុក​គេ​គេ​អត់​មាន​យក​តុលាការ​បែប​បាយឡុក​បាយឡ​ដូច​យើង​​​ទេ។ គេ​​ត្រូវ​តែ​​មាន​​តុលាការ​​ជំនាញ​ខាង​​ពាណិជ្ជកម្ម»។

ដំណើរ​វិវត្តន៍​សេដ្ឋកិច្ច និង​សភាពការណ៍​នយោបាយ​គួរ​ត្រូវ​បាន​រក្សា​ឲ្យ​បាន​ល្អ​ពិសេស​ស្ថានការណ៍​នយោបាយ​នៅ​មុន​ និង​ក្រោយ​​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

ដោយ​មើល​ឃើញ​ថា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប បាន​ទទួល​ស្គាល់​ដោយ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ CPP និង CNRP លោក ម៉េងតិច យល់​ថា​ស្ថានការ​នយោបាយ​ក្រោយ​បោះឆ្នោត​​នឹង​មិន​មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ទេ។ នៅពេល​សួរ​ថា​តើ​សមត្ថភាព​របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឬ​ទេ?

លោក ងួន ម៉េងតិច ថា“មិន​អាច​ទេ” ពីព្រោះ​​គាត់​មិន​​​មាន​ជំហរ​​ច្បាស់លាស់ ខ្វះ​ចិត្ត​អំណត់៕

No comments: