ដោយ ម៉ម មុនីរតន៍
2015-12-27 rfa
ក្រុមយុវជនចូលរួមវេទិកាយុវជន ស្ដីពីបញ្ហាប្រឈមទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។ |
ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ព្រមានធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀអង្គរ។
ក្រុមយុវជនចោទប្រកាន់ថា ក្រុមហ៊ុននេះ គឺមានជាប់ពាក់ព័ន្ធការផលិតភ្លើងដែលនាំឲ្យមនុស្ស សត្វ និងមច្ឆជាតិនៅក្រោមខ្សែទឹកនៃអាងទន្លេមេគង្គក្រោម ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បើទំនប់វារីអគ្គិសនីនេះដំណើររួចទៅ។
ក្រុមយុវជនអះអាងថា យុទ្ធនាការនេះនឹងផ្សព្វផ្សាយឲ្យសាធារណជនដឹងពីឥទ្ធិពលនៃការទាញយកភ្លើងពីទំនប់វារីអគ្គិសនី ហើយផ្ដល់ផលកាន់តែអាក្រក់ និងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស តាមរយៈភាគហ៊ុនដ៏ធំមួយរបស់រោងចក្រផលិតស្រាបៀអង្គរ។
ក្រុមហ៊ុនស្រាបៀអង្គរដែលជាក្រុមហ៊ុនផលិតស្រាបៀដ៏ធំនៅកម្ពុជា មានថៅកែជាជនជាតិម៉ាឡេស៊ី នោះ រងការចោទប្រកាន់ថា បានរួមចំណែកធ្វើឲ្យមនុស្សរាប់លាននាក់រស់នៅក្រោមខ្សែទឹកទន្លេមេគង្គ ត្រូវប្រឈមមុខគ្រប់បែបយ៉ាង ប្រសិនបើទំនប់វារីអគ្គិសនីនេះដំណើរការដូចការគ្រោងទុកមែននោះ។
ថ្លែងនៅក្នុងវេទិកាយុវជន ស្ដីពីបញ្ហាប្រឈមទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅថ្ងៃទី២៧ ធ្នូ តំណាងសកម្មជនបរិស្ថាន លោក ហេង សំណាង យល់ឃើញថា វាល្មមដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវដឹងពីស្ថានភាពដ៏អាក្រក់នឹងកើតឡើង ក្រោយពីទំនប់វារីអគ្គិសនីដនសាហុង ដំណើរការរួច។ យុវជន ហេង សំណាង ចាត់ទុកថា ផលប៉ះពាល់មួយផ្នែក គឺផ្ដើមចេញពីភាគហ៊ុនជិតពាក់កណ្ដាលដែររបស់ក្រុមហ៊ុន ខេមប្រូវ (Cambrew) ដែលជាក្រុមហ៊ុនផលិតស្រាបៀអង្គរដ៏ធំនៅកម្ពុជា របស់លោក ហ្គោ ណាគៀ (Goh Nan Kioh)។ លោក ហេង សំណាង ព្រមានថា ក្រុមយុវជននឹងចាប់ផ្ដើមធ្វើយុទ្ធនាការតាមរយៈការផ្សព្វផ្សាយ និងមានវេទិកាថ្នាក់ជាតិពីពេលនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុន ខេមប្រូវ ដែលផលិតមួយផ្នែកនូវស្រាបៀអង្គរដែរនោះ។ លោកបន្តថា «អ៊ីចឹងពេលវេលានេះដែរ យើងចាប់ផ្ដើមនូវយុទ្ធនាការថ្មី សម្រាប់ធ្វើរឿងស្រាបៀអង្គរ ដើម្បីឲ្យយុវជនយើងបានដឹងអំពីរឿងហ្នឹង»។
របាយការណ៍ដែលចេញផ្សាយដោយបណ្ដាញអង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុននៃការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង គឺជាក្រុមហ៊ុនមេហ្គាហ្វឺស (Mega First Corporation)។ ក្រុមហ៊ុននេះមានភាគហ៊ុនចំនួន ៨០ភាគរយក្នុងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ហើយនៅសល់ ២០ភាគរយទៀត គឺជាភាគហ៊ុនរបស់រដ្ឋាភិបាលឡាវ។ ក្នុងចំណោម ៨០ភាគរយនៃការវិនិយោគថាមពលនេះ គឺមានភាគហ៊ុនជិត ៣៣ភាគរយ (៣២,៨៦%) ជារបស់ក្រុមហ៊ុនស្រាបៀអង្គរដែរ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរ លោក ហ្គោ ណាគៀ (Goh Nan Kioh) និងជាម្ចាស់វិនិយោគទំនប់វារីអគ្គិសនីដនសាហុង បានភ្លាមៗទេនៅថ្ងៃទី២៧ ធ្នូ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី លោក ហែម ឧត្ដម អះអាងថា ផលប៉ះពាល់នៃវារីអគ្គិសនីដនសាហុងនេះ មិនត្រឹមតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ចំពោះជីវិតមនុស្សទេ ក៏ប៉ុន្តែថែមទាំងរាល់មច្ឆជាតិគ្រប់បែបយ៉ាង នឹងត្រូវជួបបញ្ហាដូចគ្នានេះដែរ។ លោកបន្តថា «យើងបារម្ភសំខាន់ៗពីរ ទីមួយ គឺផ្សោតដែលជិតផុតពូជនៅតំបន់នោះ។ អ៊ីចឹងបើសិនណាមានការសាងសង់ ហើយដំណើរការទំនប់ហ្នឹងទៅ ផ្សោតដែលនៅមួយគីឡូកន្លះពីទំនប់វាងាយរងគ្រោះ។ ទីពីរ គឺផួសាហុង ដែលគេចង់សាងសង់ទំនប់ដនសាហុងហ្នឹង គឺជាច្រកទឹកសំខាន់ ដែល ៨៧ភាគនៃត្រីទាំងអស់ហ្នឹង បន្លាស់ទីតាមហ្នឹងពេញមួយឆ្នាំ»។
ពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដងសាហុងនេះ ប្រទេសដែលនៅក្រោមខ្សែទឹកទន្លេមេគង្គ រួមមាន កម្ពុជា និងវៀតណាម ជាដើម ធ្លាប់បានជំទាស់ជាញឹកញយមកហើយដែរពីគម្រោងនៃការសាងសង់របស់ភាគីឡាវ នេះ។ ថ្វីបើពុំមានការពេញចិត្តចំពោះការវិនិយោគផ្នែកថាមពលនេះក៏ដោយចុះ ក៏សង្គមស៊ីវិលនៅតែចាត់ទុកថា រដ្ឋាភិបាលឡាវ ហាក់ពុំខ្វាយខ្វល់ និងអនុវត្តរាល់កិច្ចសន្យាម្ដងណាទេ។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃអង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) យល់ឃើញថា គណៈកម្មការអាស៊ានក៏មិនគួរធ្វើព្រងើយកន្តើយចំពោះការប្រឈមនេះដែរ ព្រោះវាជាកង្វល់រួមនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត រដ្ឋជាភាគីនៃសមាជិកអាស៊ាន មិនគួរឈរឱបដៃមើលប្រទេសមួយអាចយកផលចំណេញលើប្រទេសមួយទៀត ដោយមិនអន្តរាគមន៍នោះទេ។ កត្តានេះ នឹងជំរុញឲ្យស្ថានការណ៍មានភាពអាប់អួនៅក្នុងតំបន់បន្ថែមទៀត។ លោកបន្តថា «ឡាវ គាត់សង់ទៅគាត់បានផលប្រយោជន៍ ប៉ុន្តែវាប៉ះពាល់ដល់ប្រទេសផ្សេងទៀត មិនមែនជាកិច្ចសហប្រតិបត្តិការល្អក្នុងអាស៊ានទេ។ អ៊ីចឹងគណៈកម្មការអាស៊ាន ត្រូវលើកបញ្ហានេះដើម្បីពិភាក្សាបន្ថែមរកដំណោះស្រាយរួម»។
ទំនប់វារីអគ្គិសនីដនសាហុង ដែលមានថាមពល ២៦០មេហ្គាវ៉ាត់ គឺស្ថិតនៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ លោក សុខ ឡាំង តំណាងសហគមន៍ព្រះរំកិល និយាយថា ប្រសិនបើទំនប់វារីអគ្គិសនីនេះដំណើរការទៅ វានឹងកាត់ផ្ដាច់លំហូរនៃមច្ឆជាតិពីអាងទន្លេមេគង្គលើ និងធ្វើឲ្យភក់ល្បាប់ត្រូវរីងស្ងួត ជាដើម។ ការប្រឈមនេះ នៅមិនទាន់គិតដល់ចំនួនសត្វផ្សោត នឹងត្រូវផុតពូជនៅឡើយផង៕
1 comment:
You young people should stop drinking Angkor beer, boycott it . Make it clear and plain that it on notice in your facebook. Make your presence felt they will be scared out of their wit and shit.
Post a Comment