ដោយ ហង្ស សាវយុត
2015-12-27 rfa
ដើមឈើធំៗនៅតំបន់ក្បាលប្រទាល នៃព្រៃព្រះរកា នាខេត្តព្រះវិហារ ត្រូវក្រុមឈ្មួញលួចអាររំលំ និងច្រៀកយកទៅលក់ដូរ។ រូបថតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ |
ក្រុមបណ្ដាញសកម្មភាពដើម្បីសហគមន៍ ដែលហៅកាត់ថា ស៊ី.អិន.អេ (CNA) នៅខេត្តព្រះវិហារ សម្ដែងការខកចិត្ត នៅពេលរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចកាន់តែច្រើនឡើងៗទៅឲ្យក្រុមហ៊ុនឯកជន ធ្វើឲ្យការកាប់បំផ្លាញព្រៃឈើ និងការរុករករ៉ែធម្មជាតិនៅក្រោមដីបែបអនាធិបតេយ្យ កាន់តែកើតមាន ហើយអាជ្ញាធរហាក់បង្ក្រាបយឺតយ៉ាវនោះ។
ក្រុមបណ្ដាញសកម្មភាពដើម្បីសហគមន៍ទាំងនោះនិយាយថា ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តព្រះវិហារ បានទទួលរងគ្រោះ ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅហើយ ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋដែលពឹងផ្អែកទៅលើមុខរបរចូលព្រៃដើម្បីបោចវល្លិ ឬក៏ដងជ័រទឹក ដើម្បីយកមកលក់ដូរ ក៏កំពុងរងគ្រោះជាបន្តបន្ទាប់ថែមទៀត ដោយសារតែក្រុមឈ្មួញលួចកាប់ឈើយកទៅជួញដូរខុសច្បាប់។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីជនបទជុំវិញតំបន់ព្រៃព្រះរកា រួមទាំងអង្គការក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភដូចគ្នា ចំពោះបញ្ហាដែលក្រុមឈ្មួញតែងកាប់ឈើធំៗនៅក្នុងតំបន់ព្រៃការពារយកទៅជួញដូរខុសច្បាប់។
ពួកគេនិយាយថា ព្រៃព្រះរកាដែលមានទំហំផ្ទៃដីជាង ៩៦.០០០ហិកតារ លាតសន្ធឹងលើភូមិសាស្ត្រ ៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប ហើយមានដើមឈើធំៗសម្រាប់ឲ្យប្រជាពលរដ្ឋពឹងផ្អែកលើអនុផលព្រៃឈើ និងដងជ័រទឹក ជាដើម គឺកំពុងរងគ្រោះដោយការកាប់ឈើយកទៅជួញដូរខុសច្បាប់ជារៀងរាល់ថ្ងៃ ដោយមិនសូវមានសមត្ថកិច្ចណាបង្ក្រាបទេ។
មន្ត្រីបណ្ដាញសកម្មភាពដើម្បីសហគមន៍ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ គឺលោក ពេជ្រ ពាន់។ លោកមានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមឈ្មួញដែលរកស៊ីកាប់ឈើយកទៅជួញដូរខុសច្បាប់ កំពុងកាប់បំផ្លាញដើមឈើធំៗនៅក្នុងតំបន់ព្រៃព្រះរកា ជិតតំបន់ដែលពួកគាត់រស់នៅ។ លោក ពេជ្រ ពាន់ បញ្ជាក់ថា បើទោះបីជារៀងរាល់ថ្ងៃមានបទល្មើសព្រៃឈើកំពុងកើតឡើងក៏ដោយ ក៏លោកមិនសូវឃើញសមត្ថកិច្ច និងមន្ត្រីជំនាញព្រៃឈើចុះបង្ក្រាបទេ។ មន្ត្រីបណ្ដាញសហគមន៍ការពារព្រៃឈើដដែល ព្រួយបារម្ភថា ប្រសិនបើអាជ្ញាធររដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឲ្យបទល្មើសព្រៃឈើនៅតែកើតមានដូច្នេះ គឺដើមឈើធំៗនៅក្នុងព្រៃព្រះរកា នឹងវិនាសហិនហោចនៅពេលឆាប់ៗ៖ «ដូចជាកន្លែងនៅអូរអន្សែ គឺជាកន្លែងដែលកាប់ដើមច្បោះជ័ររបស់ប្រជាពលរដ្ឋអស់រាប់រយដើម ហើយនៅតំបន់មួយចំនួនទៀត ដូចជាអូរស្កាច ក៏រងការកាប់បំផ្លាញដែរ»។
បច្ចុប្បន្ន សហគមន៍ប្រជាពលរដ្ឋជាច្រើនដែលរស់នៅជុំវិញព្រៃព្រះរកា តែងលើកគ្នាដើរល្បាតការពារឈើដោយខ្លួនឯង ដោយមធ្យោបាយជិះគោយន្តចូលទៅក្នុងព្រៃ។
«សំឡេងគោយន្ត»
ការដើរល្បាតរបស់អ្នកភូមិទាំងនេះ មិនសូវមានប្រសិទ្ធភាពលើការបង្ក្រាបបទល្មើសព្រៃឈើទេ ដោយសារតែអ្នកភូមិមិនអាចដើរល្បាតបានជាប្រចាំ ហើយគ្មានអំណាចណាមួយដើម្បីចាប់ចងអ្នកប្រព្រឹត្តិខុសច្បាប់ទាំងនោះផង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក អ៊ិត ភូមិរ៉ា និងអាជ្ញាធរខេត្តព្រះវិហារ ដើម្បីសុំការអធិប្បាយជុំវិញវិធានការបង្ក្រាបបទល្មើសព្រៃឈើទាំងនោះបានថាយ៉ាងណានៅឡើយ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីចុះពិនិត្យមើលស្ថានភាពព្រៃឈើនៅតំបន់ព្រៃព្រះរកា កាលពីដើមខែធ្នូ កន្លងទៅ។ លោក ឡោ ចាន់ សម្ដែងការខកចិត្តយ៉ាងខ្លាំង នៅពេលដែលលោកបានឃើញទិដ្ឋភាពព្រៃឈើទីនោះ បាត់បង់យ៉ាងឆាប់រហ័ស ដោយគ្រាន់តែលោកខានទៅកាន់ទីនោះរយៈពេលប្រហែលមិនដល់មួយឆ្នាំផងនោះ។ លោក ឡោ ចាន់ អំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចរដ្ឋាភិបាល ត្រូវពង្រឹងច្បាប់ដើម្បីបង្ក្រាបបទល្មើសទីនោះឡើងវិញ មិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់ មានឱកាសយ៉ាងសុខស្រួលដូច្នេះទេ៖ «មិនគួរណាអស់ព្រៃឡើងវាលបែបនេះទេ ហើយណាមួយ យើងឃើញថា គួរឲ្យស្រងេះស្រងោច។ កាលពីមុនខ្ញុំធ្លាប់ចុះមក គឺព្រៃក្រាស់ស្អេកស្កះ ជាពិសេសពណ៌បៃតងយ៉ាងខៀវងងឹត»។
ចំណែកមន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា លោកកំពុងព្រួយបារម្ភទៅលើព្រៃព្រះរកា ដែលកំពុងតែកើតមានបទល្មើសធ្ងន់ធ្ងរនេះ។ លោក ប៉ិក សោភ័ណ បញ្ជាក់ថា គេមិនគួរបន្ទោសតែលើប្រជាពលរដ្ឋចំណាកស្រុក និងប្រជាពលរដ្ឋមូលដ្ឋាន ដែលជាអ្នកពាក់ព័ន្ធនឹងការកាប់ឈើដោយខុសច្បាប់ទាំងនោះទេ។ បញ្ហានេះ ក៏ជាកំហុសរបស់អាជ្ញាធរ និងសមត្ថកិច្ចរដ្ឋាភិបាល ដែលមិនសូវយកចិត្តទុកដាក់ការពារដែរ៖ «បទល្មើសជាច្រើនកើតចេញពីឈ្មួញ អ្នកមានអំណាចខាងក្រៅខេត្ត និងក្នុងខេត្ត។ ពួកគេទាំងអស់នោះមានសិទ្ធិមានការអនុញ្ញាតពីថ្នាក់ណាមួយ ហើយប្រព្រឹត្តបទល្មើស»។
បច្ចុប្បន្ន ក្រុមអ្នកប្រព្រឹត្តិបទល្មើសកាប់ឈើយកទៅជួញដូរខុសច្បាប់ក្នុងខេត្តព្រះវិហារ មិនបានខ្លាចញញើតសហគមន៍ការពារព្រៃឈើ និងក្រុមអង្គការក្រៅរដ្ឋាភិបាលដែលចុះបង្ក្រាបទេ។ ពេលខ្លះ ពួកគេបានទាំងគំរាមសហគមន៍ដែលទៅដកហូតយកឧបករណ៍កាប់ឈើខុសច្បាប់របស់ពួកគេទៀតផង។
កាលពីរំលងអាធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ ក្រុមអ្នកកាប់ឈើដោយខុសច្បាប់ទាំងនោះ បានបាញ់រះសម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងប៉ូលិសម្នាក់ ព្រមទាំងបណ្ដាលឲ្យប៉ូលិសម្នាក់ផ្សេងទៀតរងរបួស ក្នុងពេលដែលមន្ត្រីទាំងនោះបានចុះល្បាតការពារព្រៃព្រះរកា ដែលជាតំបន់គ្រប់គ្រងដោយអង្គការ ដាប់បែលយូ.ស៊ី.អេស (WCS)។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដែរ ក្រុមបណ្ដាញសកម្មភាពដើម្បីសហគមន៍ បណ្ដាញព្រៃព្រះរកា បណ្ដាញជនជាតិដើមភាគតិច បណ្ដាញប្រជាពលរដ្ឋដែលពឹងផ្អែកលើមុខរបរដងជ័រទឹក និងទឹកឃ្មុំព្រៃនៅខេត្តព្រះវិហារ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសមត្ថកិច្ច និងអាជ្ញាធរខេត្តព្រះវិហារ ដែលមិនសូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរកា និងសហគមន៍ជាច្រើនទៀតនោះ។ សេចក្តីថ្លែងការណ៍របស់សហគមន៍ជាច្រើននោះ បានទាមទារឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវដោះស្រាយឲ្យឆាប់រហ័សទៅលើបញ្ហាជម្លោះដីធ្លីជាច្រើន ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងសកម្មភាពរុករករ៉ែធម្មជាតិនៅក្រោមដីជាច្រើនប្រភេទ ដែលកើតមានតាំងតែពីអំឡុងឆ្នាំ២០១១ រហូតមកដល់ពេលនេះ៕
No comments:
Post a Comment