យាយតា និងកុមារសុំទានតាមផ្លូវភ្នំតាម៉ៅ បានទានពីសិល្បៈរដូវភ្ជុំ
លោក សុះ ម៉ាច និងក្រុមសិល្បករសិល្បការិនី នាំយកម្ហូបចំណី និងថវិកាជូនយាយតា និងកុមារនៅភ្នំតាម៉ៅ។ វុទ្ធី |
ខេត្ដតាកែ: ទិដ្ឋភាពមនុស្សចាស់ក្មេងអង្គុយ និងឈរលើកដៃសំពះត្រសងតាមដងផ្លូវឆ្ពោះមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាទីកម្សាន្ដពេញនិយមសម្រាប់អ្នកចូលចិត្តគយគន់សត្វព្រៃ ហាក់កំពុងតែរង់ចាំទទួលស្វាគមន៍ភ្ញៀវជាហូរហែ។
ប៉ុន្ដែវាមិនមែនជាការហែហមអ្វីឡើយ។ ផ្លូវលំមួយខ្សែពីច្រកចូលផ្លូវជាតិលេខ ២ នេះ ត្រូវគេហទំព័រមគ្គុទ្ទេសក៍ Trip Advisor ដាក់ឈ្មោះ «វិថីអ្នកសុំទាន»។
ស្តែងពីក្តីសង្វេគនៅក្រោមរស្មីព្រះសូរិយារះចាំងឆ្លុះធរណីហុយប៉ើងទ្រលោមភាយពីដំណើររថយន្ដម៉ូតូបន្ដគ្នាគ្របលើ «វិថីអ្នកសុំទាន» នារនោច ៩ រោច ខែភទ្របទ ថ្ងៃដាក់បិណ្ឌទី ៩ នោះ ក្រុមការងារផលិតកម្ម M រួមជាមួយសមាគមសិល្បៈបានរួមគ្នាធ្វើបាយម្ហូប និងថវិកាចែកជូនយាយតា និងក្មេងៗលើ «វិថីអ្នកសុំទាន»។
រណ្តាប់ដោយបាយ និងថវិកាកាន់នៅនឹងព្រះហត្ត ព្រះគ្រូ សុវណ្ណមុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃ នន្ទ ង៉ែត គង់នៅវត្តនាគវ័ន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ មានសង្ឃដីកាថា៖ «ទោះបីជាយ៉ាងណាមិនថាជាសិល្បករ ឬជាព្រះសង្ឃនោះទេ បុណ្យគឺអាចធ្វើបានទាំងអស់គ្នា។ តាមរយៈការរួមចិត្តរួមគំនិតគ្នានេះ វាពិតជាការសម្តែងឲ្យឃើញអំពីកាយវិការចេះជួយគ្នាទៅវិញទៅមក ជាពិសេស ដល់ជនក្រីក្រ»។
ក្រុមសិល្បៈដឹកនាំដោយនាយឃ្លោកឡើងភ្នំតាម៉ៅ។ វុទ្ធី |
ព្រះអង្គមានសង្ឃដីកាថា៖ «បានជាអាត្មា និងក្រុមសិល្បករផលិតកម្ម M នាំបាយ និងថវិកាមកជូនដល់បងប្អូនថ្ងៃនេះ ជាថ្ងៃដាក់បិណ្ឌទី ៩ រដូវបុណ្យភ្ជុំ វេលានេះធ្វើបុណ្យជូនទានល្អណាស់ញោម»។
ដំបូងឡើយ អ្នកសុំទានទាំងនោះគឺជាអ្នកភូមិត្រពាំងសាបដែលតែងតែដើរជាច្រើនគីឡូម៉ែត្រពីផ្ទះពួកគេទៅបោះទីតាំងដោយការយកចប និងបង្គីកាប់ដីបន្ដិចបន្ដួចមកលុបជង្ហុកតូចៗ ឬដងទឹកស្រោចផ្លូវហុយដើម្បីងាយស្រួលអ្នកដំណើរបរឆ្លងកាត់ជាថ្នូរនឹងការបរិច្ចាគប្រាក់ពីភ្ញៀវមកវិញ។ ប៉ុន្ដែពេលនេះអ្នកភូមិឆ្ងាយៗបានធ្វើដំណើរថ្មើរជើងមានទាំងសាច់ញាតិជូនមកសុំទាននៅទីនេះ។
ក្រុមកុមារសុំទានទទួលបានទាននៅថ្ងៃកាន់បិណ្ឌទី ៩។ វុទ្ធី |
ជាមួយគ្នានោះ លោក ទុំ សារុត ដែលគេតែងនិយមហៅថា «ឧកញ៉ា ឃ្លោក» ជាអតីតតារាកំប្លែងក្រុមនាយកុយ និងជាប្រធានកិត្ដិយសនៃសមាគមសិល្បករខ្មែរ ថ្លែងថា៖ «ទាននេះមិនគ្រប់គ្រាន់សម្រាប់បងប្អូនកូនក្មួយពុកម៉ែទេ។ តែនេះកូនធ្វើជូនពុកម៉ែក្នុងរដូវបុណ្យភ្ជុំ និងសូមឲ្យជាតិក្រោយ កុំឲ្យជួបពិបាកដូចជាតិនេះ ឲ្យចៀសផុតពីរបរជាអ្នកសុំទានទៀត»។
លោក សន វិជ្ជបុត្រ ជាតារាចម្រៀងប្រចាំផលិតកម្ម និងជាអ្នកតំណាងចាងហ្វាងផលិតកម្ម M ប្រាប់ថា ខាងផលិតកម្មបានមូលគំនិតគ្នារៀបចំធ្វើកម្មវិធីមនុស្សធម៌ ដោយបានចុះមកផ្ទាល់ចែកជូនលោកតា លោកយាយ កុមារា និងកុមារីនូវចំណីអាហារ និងថវិកាមួយចំនួនដែលពួកគាត់តែងតែប្រើពេលវេលាសុំទានតាមដងផ្លូវចូលទៅកាន់រមណីយដ្ឋានភ្នំតាម៉ៅ។
លោកបញ្ជាក់ខ្លីថា៖ «ស្តាយតារាចម្រៀងផលិតកម្មយើងមិនបានមកជុំគ្នាក្នុងការចែកបាយ និងថវិកាជូនបងប្អូនតាមផ្លូវទៅភ្នំតាម៉ៅនេះ»៕
No comments:
Post a Comment