Thu, 8 October 2015 ppp
ប៉ិច សុធារី
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍រាប់រយ ដែលកើតមាននៅប្រទេសកម្ពុជា។ រូបថត សហការី |
(((
School of Vice: This "Killing Fields" chapter on the roads of Cambodia certainly lasts longer than the one in 1970s.
)))
ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រេចតែងតាំងសមាសភាពអនុគណៈកម្មការចំនួន២ និងអគ្គលេខាធិការដ្ឋានដើម្បីជាជំនួយសម្រាប់ពង្រឹងគោលនយោបាយនិងការអនុវត្តច្បាប់ចរាចរណ៍ថ្មីឲ្យកាន់តែមានប្រសិទ្ធភាព ខណៈអ្នកស្លាប់ និងរបួសនៅមានអត្រាខ្ពស់នៅឡើយ។
យោងតាមសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអង្គារ បានសម្រេចតែងតាំងសមាសភាពអនុគណៈកម្មការ ២ ក្នុងនោះមានអនុគណៈកម្មការទី១ ផ្នែកគោលនយោបាយនិងផែនការយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាប្រធាន។
ចំណែកអនុគណៈកម្មការទី២ផ្នែកត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាននិងមន្ត្រីពីស្ថាប័នពាក់ព័ន្ធមួយចំនួនជាអនុប្រធាន និងសមាជិក។ ក្រៅពីនោះក៏មានមន្ត្រី១៥រូបផ្សេងទៀតទទួលខុសត្រូវក្នុងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការនេះផងដែរ។
សេចក្តីសម្រេចបានបញ្ជាក់ថា៖«ប្រធានអនុគណៈកម្មការទី១ ប្រធានអនុគណៈកម្មការទី ២ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធនឹងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន»។
អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន ដែលជាសមាជិកក្នុងអនុគណៈកម្មការទាំង២នេះបានថ្លែងថាការបង្កើតអនុគណៈកម្មការនិងអគ្គលេខាធិការដ្ឋាននេះគឺជាជំនួយសម្រាប់គណៈកម្មាធិការក្នុងការពង្រឹង និងអនុវត្តនូវគោលនយោបាយជាតិ ផែនការសកម្មភាពនិងពង្រឹងការអនុវត្តច្បាប់ធ្វើយ៉ាងណាទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់នៅកម្រិតទាប។
លោកថា៖«បញ្ហាចរាចរណ៍ផ្លូវគោកជាបញ្ហាធំដែលពាក់ព័ន្ធដល់ច្រើនវិស័យក្នុងសង្គម អ៊ីចឹងវាទាមទារឲ្យមានការដោះស្រាយរួមមួយដែលមានស្ថាប័នជាច្រើនត្រូវចូលរួម ក្នុងនោះមានក្រសួងនិងស្ថាប័នចំនួន១៧ រួមនឹងកាកបាទក្រហមកម្ពុជា»។
ចំណែក លោករដ្ឋមន្ត្រី ត្រាំ អីុវតឹក ប្រធានអនុគណៈកម្មការទី ១ បានថ្លែងកាលពីពេលថ្មីៗនេះថា ការរៀបចំរចនាសម័្ពន្ធគណៈកម្មាធិការថ្មីនេះ ក៏ដើម្បីអប់រំ ផ្សព្វផ្សាយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងចាប់ផ្តើមរឹតបន្តឹងចាប់ពីដើមឆ្នាំ២០១៦ទៅនិងស្របតាមផែនការសកម្មភាព ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបានប្រមាណ ៥០ ភាគរយ នៅឆ្នាំ ២០២០។
លោកបានថ្លែងថា៖«យើងរៀបចំគណៈកម្មាធិការនេះ គឺដើម្បីអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីចូលរួម មុននឹងយើងចាត់វិធានការទៅតាមច្បាប់ ព្រោះច្បាប់ថ្មីនេះ គឺថាការផាកពិន័យតឹងតែងជាងមុន»។
នាយិកាអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក កញ្ញា លឹម សុខជា បានគាំទ្រចំពោះការរៀបចំអនុគណៈកម្មការថ្មី ដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធចូលរួម និងមានការបែងចែកតួនាទីច្បាស់លាស់។
កញ្ញាថា៖ «ប្រសិនបើគណៈកម្មការនោះ មានដំណើរការទៅមុខដោយរលូន ខ្ញុំជឿថា ការអនុវត្តច្បាប់នឹងកាន់តែប្រសើរ ហើយចំនួនអ្នកស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះ»។
របាយការណ៍ឆ្នាំ ២០១៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍មានចំនួន៤៦៤៥ករណី និងជនរងគ្រោះ ១៥ ៣១៥ នាក់ ក្នុងនោះមានអ្នកស្លាប់ ២ ២២៦ នាក់ និងរបួសធ្ងន់ ៦ ០០៥ នាក់ ខណៈតួលេខជាបឋមរយៈពេល៩ខែ ឆ្នាំ ២០១៥ មានចំនួន ៣ ៥០៥ លើក ក្នុងនោះ មានអ្នកស្លាប់ ១ ៧៣៤ នាក់ របួសធ្ងន់ ៣ ៣០៩ នាក់។
ចំនួននេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលបង្ហាញនូវក្តីបារម្ភថា អាចនឹងមានការកើនឡើងបន្ថែមទៀត ដែលត្រូវទាមទារឲ្យមានយន្តការនិងវិធានការទប់ស្កាត់៕
No comments:
Post a Comment